ក្រសួងសុខាភិបាលបានរកឃើញករណីដំបូងវិជ្ជមានកូវីដ-១៩ បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ម្នាក់ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស័្ទរកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុងនេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ ស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះ មានផ្ទៃពោះចំនួន ១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបានបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ (ដោយរងចាំជើងហោះហើរចំនួន ១៤ម៉ោង) ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបន្តថា នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៍បានបញ្ជូនវត្ថុសំណាក ទៅកាន់វិទ្យាស្ថានប៉ាស័្ទរកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ»។
ដោយឡែក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៍បានបញ្ជាក់ពីករណី អូមីក្រុងនេះ ហើយគាត់ក៍បានអំពាវនាវដល់សារណជនកុំស្លន់ស្លោខណៈដែលកម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ដែលជាករណីដំបូង។
លោក នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «យប់មិញនេះ យើងបានរកឃើញករណីវិជ្ជមានថ្មី អូមីក្រុង»។ ដោយលោកបន្តទៀតថា៖ «សូមកុំស្លន់ស្លោ ការប្រុងប្រយ័ត្នត្រូវតែមាន។ ខ្ញុំសូមបង្ហាញការមិនសប្បាយចិត្តរបស់ខ្ញុំចំពោះការប្រកាសអាសន្នផ្នែកណាមួយនោះរឺអ្នកនាំពាក្យផ្នែកណានោះរបស់អង្គការសុខភាពពិភពលោក និងរបស់ប្រទេសខ្លះ»។
ការអំពាវនាវរបស់លោក ហ៊ុន សែន ធ្វើទ្បើងក្នុងការអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
លោកបន្តថា ករណីអូមីក្រុងសម្លាប់មនុស្សតែម្នាក់គត់នៅប្រទេសអង់គ្លេស ខណៈពេលដែល ដែលតា (Delta) និង អាល់ហ្វា (Alpha) សម្លាប់មនុស្សជាច្រើន ហើយចុះហេតុអី បានជាមិនភ័យស្លន់ស្លោជាមួនឹងដែលតា និងអាល់ហ្វាផង។
កាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាលឲ្យដឹងថា អ្នកឆ្លងកូវីដ-១៩ មាន១២ករណីថ្មី ក្នុងនោះមិនមានករណីនាំចូលទេ។ ចំនួននេះធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ១២០ ៣៨២ករណី គិតចាប់ពីមានការឆ្លងរាលដាលកូវីដ-១៩ ដើមឆ្នាំ២០២០ មក។ ករណីឆ្លងភាគច្រើន កើតមានក្រោយពីព្រឹត្តិការណ៍២០ កុម្ភៈ ពេលដែលកម្ពុជាមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក្រសួងឲ្យដឹងដែរថា អ្នកជាសះស្បើយមានចំនួន ១១៦ ៧៣៤នាក់ និងអ្នកស្លាប់មានចំនួន២ ៩៩២នាក់។