មន្រ្តីសុខាភិបាលបាននិយាយថា វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា (Delta) ដែលអាចឆ្លងយ៉ាង ឆាប់រហ័ស បានចាប់ផ្តើមរាតត្បាតក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដទៃទៀត បន្ទាប់ពីមាន ការរាតត្បាតជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តនានាជាប់ព្រំប្រទល់នឹងប្រទេសថៃ។
របាយការណ៍មួយរបស់ក្រសួងសុខាភិបាលបង្ហាញថា គិតមកត្រឹមថ្ងៃទី០២ ខែសីហា កម្ពុជាបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីដែលតាចំនួនសរុប ២២៣ករណី។ ហើយនៅក្នុងរយៈពេលត្រឹមតែពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែសីហា ករណីឆ្លងវីរុសបំប្លែងថ្មីនេះចំនួន ១០៩ករណីត្រូវបានរកឃើញនៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗ។
មកទល់ពេលនេះ មានករណីឆ្លងវីរុសបំប្លែងថ្មីដែលតានៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបិទខ្ទប់តំបន់ជុំវិញភូមិផ្សារតូចក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌ ឬស្សីកែវរយៈពេលប្រាំពីរថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ខែសីហាតទៅ ដើម្បីស្រាវជ្រាវរក ប្រភពចម្លង វីរុសបំប្លែងថ្មីនេះ និងការពារការរាតត្បាត។ កាលពីថ្ងៃចន្ទ មន្រ្តីសុខាភិបាលបាន ចាប់ផ្តើមធ្វើតេស្ត ពលរដ្ឋគ្រប់គ្នានៅក្នុងសហគមន៍នោះ។
សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញក៏បានព្រមានថា ចំណាត់ការផ្លូវច្បាប់ រួមមានការផាកពិន័យ និងការឃុំខ្លួន នឹងត្រូវធ្វើឡើងចំពោះជនបំពានបម្រាម ស្របទៅតាម ច្បាប់ស្តីពីវិធានការការពារការរាតត្បាតជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងៗ។
អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ បាននិយាយថា អាជ្ញាធរកំពុង ធ្វើការស្រាវ ជ្រាវ រក ប្រភព ចម្លងនៅក្នុងសហគមន៍ទាំងពីរ ដែលគេបានរកឃើញមានវីរុសបំប្លែងថ្មីដែលតា។
លោកបានថ្លែងថា៖ «យើងកំពុងចាត់វិធានការបន្ថែមដើម្បីការពារការឆ្លងវីរុសបំប្លែងថ្មីដែលតា ហើយយើងអំពាវនាវឲ្យមនុស្សគ្រប់គ្នាមានការប្រុងប្រយ័ត្ន។ ទោះបីជាមានកិច្ចប្រឹងប្រែង ពីរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក៏ដោយ យើងជំរុញឲ្យប្រជាពលរដ្ឋរួមគ្នាដើម្បីបញ្ឈប់វីរុសបំប្លែងថ្មីដែលតានេះ»។
អភិបាលខណ្ឌទួលគោកលោក ឯក ឃុនឌឿន បាននិយាយថា មនុស្សជាង ៣០០នាក់ក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានធ្វើតេស្តកាលពីយប់ថ្ងៃអាទិត្យ។
លោកនិយាយថា៖ «មនុស្សប្រាំនាក់ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន ប៉ុន្តែខ្ញុំមិនដឹងថាតើជាវីរុស ប្រភេទថ្មីឬទេ ហើយ [យើង] កំពុងរង់ចាំការបញ្ជាក់ពីក្រុមអ្នកជំនាញ។ ឥឡូវនេះ ភូមិទាំងមូលត្រូវបានបិទខ្ទប់ ហើយអាជ្ញាធរបានជូនព័ត៌មានដល់ប្រជាពលរដ្ឋ»។
លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានសរសេរសារបង្ហោះតាមបណ្តាញសង្គម Twitter ថា រដ្ឋាភិបាលកំពុងតែចាប់ផ្តើមយុទ្ធនាការអប់រំផ្នែកសុខាភិបាល «យ៉ាងលឿនបំផុតតាមតែអាចធ្វើបាន» ខណៈពេលមានការរាតត្បាតវីរុសបំប្លែងថ្មីដែលតា។
លោកស្រីបានសរសេរថា៖ «យើងត្រូវធ្វើសកម្មភាពដោយមានការទទួលខុសត្រូវរួមគ្នា ប្រសិនបើយើង មិនចង់ឆ្លងកាត់គ្រោះមហន្តរាយផ្នែកសុខាភិបាលនាពេលខាងមុខនោះទេ»។
ភាគច្រើននៃករណីឆ្លងវីរុសបំប្លែងថ្មីដែលតា ដែលអាចឆ្លងបានលឿនជាងវីរុសកូវីដ១៩ ប្រភេទដើម ត្រូវបានរកឃើញនៅក្នុងចំណោមពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ។
រដ្ឋាភិបាលកម្ពុជាបានបិទខ្ទប់ខេត្តចំនួនប្រាំបីតាមបណ្តោយព្រំដែនជាប់ប្រទេសថៃដើម្បីទប់ទល់នឹងការឆ្លងវីរុសបំប្លែងប្រភេទថ្មីនេះ និងបានដាក់ចេញជាការរឹតត្បិតផ្សេងៗទូទាំងប្រទេស រួមមានបម្រាមគោចរផងដែរ។
លោក លី សំរិទ្ធ អភិបាលរង និងអ្នកនាំពាក្យខេត្តសៀមរាប បានថ្លែងប្រាប់ ខេមបូចា ថាខេត្តសៀមរាបបានរកឃើញករណីឆ្លងថ្មីនៃវីរុសបំប្លែងថ្មីដែលតា ភាគច្រើននៅក្នុងចំណោមពលករពីប្រទេសថៃ ប៉ុន្តែករណីមួយចំនួនត្រូវបានរកឃើញនៅក្នុងសហគមន៍។
លោកបានថ្លែងថា៖ «មូលហេតុនៃការឆ្លងក្នុងសហគមន៍គឺថា ពលករមួយចំនួនដែលបានដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្ទាប់ពីវិលត្រឡប់ពីប្រទេសថៃ មិនបានបង្ហាញរោគសញ្ញានោះទេ ដូច្នេះអាជ្ញាធរបានអនុញ្ញាតឲ្យពួកគេទៅសហគមន៍ពួកគេ ប៉ុន្តែមួយសប្តាហ៍បន្ទាប់មក ពួកគេត្រូវបានរកឃើញថា មានផ្ទុកវីរុសបំប្លែងថ្មីដែលតា»។
ប៉ុន្តែលោកបានបន្តថា នាពេលបច្ចុប្បន្ន មានពលករចំណាកស្រុកវិលត្រឡប់ពីថៃតិចតួចប៉ុណ្ណោះ ដោយសារតែព្រំប្រទល់រវាងខេត្តសៀមរាប និងឧត្តរមានជ័យ ត្រូវបានបិទ។
លោកសំរិទ្ធបានបន្ថែមថា ខេត្តសៀមរាបបានរឹតត្បិតការធ្វើដំណើរដោយផ្នែក និងបានដាក់មណ្ឌលចត្តាឡីស័កដោយឡែកសម្រាប់ពលករមកពីថៃ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងកាលពីថ្ងៃចន្ទថា ករណីឆ្លងវីរុសបំប្លែងថ្មីដែលតាចំនួនពីរករណីត្រូវបានរកឃើញនៅស្រុកល្វាឯម និងស្រុកកោះធំកាលពីថ្ងៃអាទិត្យ។
លោកបានថ្លែងថា បុគ្គលដែលបានឆ្លងវីរុសនេះនៅស្រុកល្វាឯម «តែងតែធ្វើដំណើរទៅ មកដើម្បី ប្រកបរបរនៅក្រុងភ្នំពេញ ហើយយើងកំពុងស្វែងរកបុគ្គលដទៃទៀតដែលបានប៉ះពាល់ជាមួយគាត់។ ប៉ុន្តែគ្រួសាររបស់គាត់ធ្វើតេស្តឃើញអវិជ្ជមាន ហើយយើងបានធ្វើតេស្តមនុស្សជាង ៦០នាក់នៅក្នុងភូមិ»។
មកទល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ចំនួនមួយដូសលើពលរដ្ឋជាង ៧,៤លាននាក់។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុរវាង ១២ដល់១៧ឆ្នាំ ដោយផ្តើមពីរាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលគ្រោងផ្តល់ដូសទីបី ជាវ៉ាក់សាំងប្រភេទ AstraZeneca ដល់អ្នកដែលបានចាក់វ៉ាក់សាំង Sinopharm ឬ Sinovac បានពេញលេញរួចហើយ។ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥៦០ករណី ដែលក្នុងនោះករណីនាំចូលមានចំនួន១៦៩ និងករណីស្លាប់ចំនួន២២ ដោយធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៧៨.៤៧៤ និងការស្លាប់ចំនួន ១.៤៤២។ ក្រសួងក៏បានបង្ហាញថា ករណីជាសះស្បើយមានចំនួន ៧១.៥១៧ផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Two communities in Phnom Penh locked down as Delta variant spreads across Cambodia