សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលារៀនខ្លះបានបើកទ្វារឡើងវិញ ប៉ុន្តែភាគច្រើនកំពុងរង់ចាំការអនុញ្ញាត

វិទ្យាល័យគ្រញូងសែនជ័យក្នុងខេត្តក្រចេះបានបើកទ្វារឡើងវិញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។ ណោ សុខនាង
វិទ្យាល័យគ្រញូងសែនជ័យក្នុងខេត្តក្រចេះបានបើកទ្វារឡើងវិញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។ ណោ សុខនាង

មួយ​សប្តាហ៍​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ស្នើ​ឲ្យ​មាន​ការ​បើកសាលារៀន​ដោយ​ផ្នែក ឥឡូវនេះសាលារៀនខ្លះ​បាន​បើកទ្វារ​ឡើង​វិញ ខណៈ​​មួយ​ចំនួន​ទៀត​​គ្រោង​នឹង​ធ្វើ​ដូចគ្នា។

យ៉ាងណាក្តី អ្នកនាំពាក្យ​ក្រសួង​អប់រំ​ បាន​ថ្លែង​ប្រាប់​ ខេមបូចា ថាលោក​មិនមាន​ព័ត៌មាន​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ​នៅ​តាមបណ្ដាខេត្តនៅ​ឡើយ​ទេ ប៉ុន្តែអាជ្ញាធរ​មូលដ្ឋាន​និង​ខេត្ត​មួយ​ចំនួន​បាន​លើកឡើងអំពីផែនការ​​រៀប​ចំ​បើក​សាលារៀន​ឡើង​វិញ​នៅ​ខែ​កញ្ញា​នេះ។ ទោះ​បី​ជា​មន្រ្តី​ជំនាញបាន​ជ្រើស​យក​​កាល​កំណត់​បើក​ដំណើរការ​សាលារៀន​ខុសៗ​គ្នា​ក៏​ដោយ សាលារៀន​ទាំង​នោះ​ត្រូវ​ប្រកាន់​ខ្ជាប់​វិធានការ​សុខាភិបាល​ និង​មាន​ការ​កំណត់​ជាទីតាំង​​​ផ្សេង​ៗ ដែល​មិនមាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដូច​សេចក្តីថ្លែង​របស់​លោក​​នាយករដ្ឋមន្រ្តី។

លោក​ ឡាយ បូរ៉ា ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ក្រចេះ​ បាន​និយាយ​ថាស្ថាប័ន​អប់រំ​មួយ​ចំនួន​​ចាប់​ពី​សាកលវិទ្យាល័យរហូត​ដល់​បឋម​សិក្សាអាច​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​កំពុង​រង់ចាំ​សេចក្តីសម្រេច​ចុង​ក្រោយ​ពី​ក្រសួង​អប់រំ។

សាលារៀន​​នានានៅ​ក្នុង​ខេត្ត​នេះដែល​ត្រូវ​បាន​កំណត់​យក​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​មន្ទីរ​និង​រដ្ឋបាល​ខេត្ត​កាល​ពី​ថ្ងៃ​ទី៤ ខែ​កញ្ញា រួម​មាន​ សាកលវិទ្យាល័យ​ខេត្ត​ក្រចេះ អនុវិទ្យាល័យ​ចំនួន​១២ និងវិទ្យាល័យមួយចំនួនទៀត និង​សាលាបឋម​សិក្សា​ចំនួន ២៥២ សរុប​ទាំងអស់​ចំនួន ២៨៦។ ​

លោក​បូរ៉ា ​បាន​​បន្ថែម​ថា ខណៈ​​គ្រឹះស្ថាន​អប់រំ​ភាគច្រើន​​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ សាលារៀន​ខ្លះ​នៅ​តំបន់​ក្រីក្រ ដែល​មិនមាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​ត្រូវ​គោរព​តាម​វិធានការ​សុខាភិបាល​និង​សុវត្ថិភាព រួម​មាន​ ការ​បន្ថយ​ចំនួន​សិស្ស​​តាម​ថ្នាក់រៀន​ជា​ដើម។

លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ​យើង​កំពុង​ផ្តោត​លើ​ការ​សម្អាត​បរិស្ថាន​សាលារៀនជាបណ្ដើរៗ ដើម្បី​យើង​អាចត្រៀមខ្លួន​រួចរាល់​ នៅ​ពេល​ក្រសួង​អនុញ្ញាត​ឲ្យ​បើក​ថ្នាក់​រៀន​ឡើង​វិញ»។

អាជ្ញាធរ​​ខេត្ត​ព្រះ​សីហនុ​កំពុង​ចាត់​ចំណាត់ការ​ដូច​គ្នា​នេះ​ដែរ ដើម្បី​បើក​សាលារៀន​ឡើង​វិញ។

លោក​ ឃាង ភារម្យ​ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ប្រាប់​ ខេមបូចា ថានៅថ្ងៃទី៦ ខែកញ្ញា មន្ត្រីខេត្តបានបើកកិច្ចប្រជុំពិភាក្សា ស្ដីពីការរៀន និងបង្រៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រដែលមានហានិភ័យទាប។ ​នៅ​ដំណាក់កាល​ដំបូង​នេះ​សាលារៀន​រដ្ឋ​ចំនួន​៥ នៅ​តាម​ក្រុង​និង​ស្រុក​ចំនួន​៥ នឹងត្រូវអនុញ្ញាតឱ្យដំណើរការសាកល្បងចាប់ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា​ខាងមុខនេះ។

លោក​បាន​មានប្រសាសន៍​ថា៖ «សាលារៀន​ជា​ច្រើន​ទៀត​នឹង​អាច​បើក​ដំណើរ​ការវិញ ប្រសិន​បើ​មិនមាន​ករណី​ធ្ងន់ធ្ងរ​ណា​មួយ​កើត​ឡើង។ គោលដៅ​ចម្បង​នៅ​ក្នុង​ការ​បើក​សាលារៀន​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន​គឺ​ដើម្បី​ជួយ​សម្រួល​សិស្ស​ថ្នាក់​ទី​៩ និងថ្នាក់​ទី​១២ ដែល​នឹង​ប្រឡង​ថ្នាក់​ជាតិ​នា​ពេល​ឆាប់ៗ​នេះ»។

លោក​ភារម្យ​បាន​បន្ត​ថា សាលារៀន​ដែល​ត្រូវ​កំណត់​ជ្រើស​យក​ឲ្យ​ដំណើរការ​ឡើង​ ​ត្រូវ​គោរព​តាម​វិធានការ​សុខាភិបាល​តឹងរ៉ឹង ដែល​រួម​មាន​ការ​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ជា​ប្រចាំ។ ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ពេញលេញ​នឹង​ជា​តម្រូវការ​​ចាំបាច់​សម្រាប់​ទាំង​គ្រូបង្រៀន​និង​សិស្ស ដើម្បី​អាច​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សាលារៀន​បាន។

កម្ពុជា​បាន​ផ្អាក​ដំណើរការ​​គ្រប់​គ្រឹះស្ថាន​អប់រំ​ទាំង​រដ្ឋ​ និង​ឯកជន​ទូទាំង​ប្រទេស​​លើក​ដំបូង​នៅ​ខែ​មីនា​ ឆ្នាំ​២០២០ បន្ទាប់​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ រហូត​ដល់​ខែ​វិច្ឆិកាក្នុង​​ឆ្នាំ​ដដែល។ បន្ទាប់​មក​សាលារៀន​បាន​បើកទ្វារ​ឡើង​វិញ​បាន​ពីរ​ទៅ​បី​ខែ​ ប៉ុន្តែ​បាន​បិទ​ទ្វារ​សាជាថ្មី​ បន្ទាប់​ពី​មាន​​ការ​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែល​បាន​បង្ក​​ការ​រាតត្បាត​ជា​បន្តបន្ទាប់​មក​ទល់​ពេល​នេះ។

ការ​ជំរុញ​ឲ្យ​បើកសាលារៀន​ឡើង​វិញ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​សារសំឡេង​ពី​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី៣១ ខែ​សីហា ដោយ​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ លោក ហង់​ ជួនណារ៉ុន សហការ​ជាមួយ​នឹង​អាជ្ញាធរ​ក្រុង​និង​ខេត្ត​ ពិនិត្យ​វាយតម្លៃ​លើ​លទ្ធភាព​ក្នុង​ការ​បើក​សាលារៀន​ឡើង​វិញ​នៅ​តាម​តំបន់​ដែល​មិនមាន​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ១៩។

គ្រូ​បង្រៀន និង​សិស្ស​ដែល​ឆ្លើយតប​មក​កាន់​ ខេមបូចា និយាយ​ថា ពួកគេ​សម្លឹង​ទៅ​ការ​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ។

លោក ងៀម ស៊ីដារ៉ា នាយក​វិទ្យាល័យ​វាលរេញនៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ បាន​រៀបរាប់ថា ការ​បើក​សាលារៀន​ឡើង​វិញ​នឹង​មាន​ផលវិជ្ជមាន​យ៉ាង​ខ្លាំង​ចំពោះ​ការ​សិក្សា​របស់​សិស្ស។ លោក​មិន​បាន​បង្ហាញ​មន្ទិល​ថា ការ​រៀន​តាម​ប្រព័ន្ធ​អនឡាញ​មិន​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ជួយជ្រោមជ្រែង​វិស័យ​អប់រំ​អំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩នោះ​ទេ ប៉ុន្តែ​លោក​បាន​លើកឡើង​ថា សិស្ស​មិន​អាច​ផ្តោត​បាន​ពេញលេញ​លើ​ការ​រៀន​ពី​ចម្ងាយ​នៅ​ក្នុង​រយៈពេល​យូរ។ លោក​បាន​បន្ថែម​ថា ការ​មិន​អាច​វិលត្រឡប់​មក​សិក្សា​នៅ​ក្នុង​ថ្នាក់រៀន​បាន​ធ្វើ​ឲ្យ​សិស្ស​​ស្មុគស្មាញ​អារម្មណ៍។

លោក​បាន​ថ្លែង​ថា៖ «ការ​បើកសាលារៀន​ឡើង​វិញ​ គឺ​ជា​ពេលវេលា​ល្អ​សម្រាប់​ទាំង​សិស្ស​និង​គ្រូ ដើម្បី​ពង្រឹង​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​មុន​មក ដោយសារ​តែ​សិស្ស​មិន​អាច​ចាប់​បាន ១០០ភាគរយពី​អ្វី​ដែល​ត្រូវ​បាន​យក​មក​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​នោះ​ទេ»។

វិទ្យាល័យ​បឹងកេងកង​ស្ថិត​នៅ​ក្នុង​ចំណោម​សាលារៀន​រង់ចាំ​ការ​អនុញ្ញាត​ឲ្យ​បើកទ្វារ​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​សម្អាត​បរិស្ថាន​សាលា​នា​សប្តាហ៍​នេះ។ រូបថត​កាល​ពី​ថ្ងៃ​ទី០៧ ខែ​កញ្ញា ឆ្នាំ​២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
វិទ្យាល័យ​បឹងកេងកង​ស្ថិត​នៅ​ក្នុង​ចំណោម​សាលារៀន​រង់ចាំ​ការ​អនុញ្ញាត​ឲ្យ​បើកទ្វារ​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​សម្អាត​បរិស្ថាន​សាលា​នា​សប្តាហ៍​នេះ។ រូបថត​កាល​ពី​ថ្ងៃ​ទី០៧ ខែ​កញ្ញា ឆ្នាំ​២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

​យុវតី ង៉ោ ពេជ្រមរកត​ សិស្ស​ថ្នាក់​ទី​១២បាន​និយាយ​ថា នាងមាន​ក្តីសប្បាយរីករាយ​ដែល​សាលារៀន​អាច​បើកទ្វារ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​លើកឡើង​ថា កញ្ញា​បាន​ជួប​ការ​លំបាក​ទាំង​ផ្លូវ​កាយ​និង​អារម្មណ៍​អំឡុងពេល​រៀន​តាម​ប្រព័ន្ធ​អនឡាញ។

យុវតី​ ពេជ្រមរកត បាន​និយាយថា៖ «ចំពោះ​ខ្ញុំ ការ​រៀន​តាម​ប្រព័ន្ធ​អនឡាញ​ពិតជា​ធុញទ្រាន់​ខ្លាំង​ណាស់ ដោយសារ​មិនអាច​និយាយទាក់ទង​​គ្នា​ដោយ​ផ្ទាល់​ដូច​ក្នុង​ថ្នាក់​រៀន។ ហើយ​នៅ​ពេល​មាន​ចម្ងល់​ណា​មួយ​ពាក់ព័ន្ធ​នឹង​មេរៀន​ ខ្ញុំមិន​អាច​សុំ​ការ​បំភ្លឺ​បាន​នោះ​ទេ។ នេះ​ជា​បញ្ហា​ទូទៅ​សម្រាប់​យើង​ទាំងអស់​គ្នា»។ ដោយបន្ថែមថា៖ «ហើយ​ការ​ចំណាយ​ពេល​ច្រើន​រៀន​តាម​អនឡាញ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រ្តេស ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​គេង​មិន​លក់ ឬឈឺ​ក្បាល»។ ​

​ប៉ុន្តែ មិនមែន​គ្រប់គ្នា​ពេញ​ចិត្ត​នឹង​ដំណឹង​ពី​ការ​បើកសាលារៀន​ឡើង​វិញ​ក្នុង​ពេល​ខាង​មុខ​នោះ​ទេ លោកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគម​គ្រូបង្រៀនឯករាជ្យ បាន​និយាយ​ថា លោកស្រី​មិន​សូវ​គាំទ្រ​ផែនការ​បើកសាលារៀន​ឡើង​វិញ​នា​ពេល​នេះ​ទេ ដោយសារ​តែ​មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ពី​ក្រសួង​សុខាភិបាល​ថា នេះ​ជា​ពេលវេលាត្រឹមត្រូវ​អាច​បើក​ដំណើរការ​សាលារៀន​វិញ​បាន។ លោកស្រី​បាន​និយាយ​ថា នា​ពេល​នេះ​ មិន​ទាន់​មាន​ការ​ធានា​ថា ទីតាំង​ណា​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ទាប ដែលអាច​ធ្វើ​ដំណើរ​ឆ្លង​កាត់ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ ដោយ​ស្រួល​នៅ​ក្នុង​ប្រទេសនៅឡើយ។ ​

លោកស្រី​បាន​ថ្លែង​ថា៖ «ការ​រៀន​តាម​ប្រព័ន្ធ​អនឡាញ​មិនអាច​ផ្តល់​លទ្ធផល​ដូច​ការ​រៀន​នៅ​ក្នុង​ថ្នាក់​ក៏​ពិតមែន ប៉ុន្តែ​សម្រាប់​ពេល​នេះ​ សុខភាព​សាធារណៈ​គួរ​តែ​ត្រូវ​ចាត់​ទុក​ជា​អាទិភាព»។

កាល​ពី​ថ្ងៃ​អង្ការ ក្រសួង​សុខាភិបាល​​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន ៥១១ និង​ការ​ស្លាប់​ចំនួន ១១ ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​កើន​ដល់ ៩៦.៣៣៩ ដែល​ក្នុង​នោះ​ ១៥.៩៨១​ករណី​ជា​ករណី​នាំ​ចូល ចាប់តាំង​ពី​​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ កន្លង​មក៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Some schools resume class, but most wait for approval

611 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម