ប្រទេសកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន៥៧៦ករណីនៅថ្ងៃសុក្រនេះ ជាចំនួនឆ្លងច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃដែលជាចំនួនមិនធ្លាប់មានតាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ១៩។
មន្ត្រីក្រសួងសុខាភិបាលឲ្យដឹងថាអ្នកឆ្លងប្រមាណជា៥០០ករណីមានទាក់ទងនឹងការឆ្លងជាចង្កោមនៅផ្សារអូរឫស្សី និងសហគ្រាស ឌីន ហាន ក្នុងសង្កាត់ស្ទឹងមានជ័យ ដែលនាំឲ្យចំនួនអ្នកឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ ឡើងដល់ ៣០៧២ករណី។
ក្រសួងសុខាភិបាល តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃសុក្រនេះ បានឲ្យដឹងថាមានអ្នកឆ្លងចំនួន៥៤៤ករណីនៅទីក្រុងភ្នំពេញ។ ចំណែក ៣២ករណីទៀត ក្រសួងថាមាននៅខេត្តកំពង់ចាម កណ្ដាល សៀមរាប ស្វាយរៀង និងព្រះសីហនុ។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង មានប្រសាសន៍ថាសាលារៀនចំនួនពីរនៅរាជធានីភ្នំបេញ មានវិទ្យាល័យជា ស៊ីម សាមគ្គី និងវិទ្យាល័យជម្ពូវ័ន្ត ត្រូវបានរៀបចំសម្រាប់ទទួលអ្នកជំងឺកូវីដ១៩ ដែលមិនមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។
លោកបន្ថែមថា៖ «យើងបានអញ្ជើញពួកគាត់មកស្នាក់នៅទីនោះ និងបានផ្ដល់សេវាព្យាបាលដល់ពួកគាត់»។ លោកបន្ថែមថា សម្រាប់អ្នកមានស្ថានភាពជំងឺធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាល ក៏បានអនុញ្ញាតឲ្យមានការសម្រាកព្យាបាលតាមផ្ទះផងដែរសម្រាប់អ្នកជំងឺដែលមិនមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។ លោក ងី មានហេង ឲ្យដឹងថា អ្នកជំងឺដែលមិនមានចេញរោគសញ្ញាធ្ងន់ធ្ងរអាចស្ម័គ្រចិត្តនៅព្យាបាលតាមផ្ទះស្របតាមគោលនការណ៍ដែលបានដាក់ចេញកាលពីថ្ងៃអង្គារ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍យ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មានថា លោក កំពុងរវល់រៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។
លោក មានប្រសាន៍ថា៖ «យើងកំពុងរៀបចំធ្វើការងារនេះ ហើយយើងនឹងហាមឃាត់កន្លែងខ្លះដើម្បីកាត់បន្ថយការរាលដាល[កូវីដ១៩]»។
អភិបាលខណ្ឌ៧មករា លោក លឹម សុភា បានបដិសេធធ្វើអត្ថាធិប្បាយពេលអ្នកសារព័ត៌មានខេមបូចា បានទាក់ទងទៅលោក។
លោក ហួត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី ក៏បានបដិសេធធ្វើអត្ថាធិប្បាយដូចគ្នា ដោយប្រាប់ថាលោកកំពុងជាប់ធ្វើចត្តាឡីស័ក។
អ្នកលក់ដូរនៅផ្សារអូរឫស្សីប្រមាណជា ៥ ០០០ តម្រូវឲ្យទៅធ្វើតរស្តកូវីដ១៩ បន្ទាប់ពីមានអ្នកលក់ និងសន្ដិសុខផ្សារត្រូវរកឃើញថាមានវិជ្ជមានកូវីដ១៩។ ជាមួយគ្នានោះដែរ កម្មរនៅសហគ្រាស ឌីន ហាន ប្រហែល ៣ ០០០នាក់ក៏ត្រូវបានធ្វើតេស្តតរកវីរុសកូវីដ១៩ ដែរកាលពីថ្ងៃទី៧ និងទី៨ ខែមេសា បន្ទាប់ពីមានកម្មករវ័យក្មេងម្នាក់ត្រូវបានបញ្ជាក់ថាមានផ្ទុកវីរុសកូវីដ១៩ កាលពីសប្ដាហ៍មុន។

លោក ណៅ ហួត តំណាងសហព័ន្ធសហជីពកម្ពុជា ប្រចាំសហគ្រាស ឌីន ហាន បាននិយាយថាលោកមិនបានដឹងពីចំនួនពិតប្រាកដរបស់កម្មករមានវិជ្ជមានកូវីដ១៩ នោះទេ។
លោក ឲ្យដឹងថា៖ «ខ្ញុំបានតេទៅកាន់កម្មករ១០នាក់ ដែលត្រូវបានយកសំណាក[ទៅពិនិត្យ]ហើយអ្នកទាំងនោះវិជ្ជមានទាំងអស់…នេះជាកង្វល់ធំមួយសម្រាប់ពួកយើង និងអ្នកដែលបានពាក់ព័ន្ធជាមួយអ្នកជំងឺទាំងនោះ»។
រដ្ឋបាលសហគ្រាស ឌីន ហាន មិនបានឆ្លើយតបពេលទាក់ទងសុំអត្ថាធិប្បាយលើរឿងនេះទេ ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា លោកបារម្ភពីសុវត្ថិភាពក្នុងវិស័យកាត់ដេរ ដោយកម្មករបានធ្វើដំណើររួមគ្នាច្រើនក្នុងរថយន្តតែមួយ និងបានធ្វើការជិតៗគ្នា។
លោកថា៖ «រដ្ឋាភិបាលគួរដាក់ចេញនូវវិធានការណ៍តឹងរឹងលើរោងចក្រកាត់ដេរ»។
លោកលើកជាយោបល់ថានិយោជក គួរជួលរថយន្តច្រើនសម្រាប់ដឹកកម្មករទៅវិញទៅមក ដើម្បីអាចឲ្យកម្មករបានរក្សាគម្លាតសង្គម។
ស្របពេលគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានសង្កត់ធ្ងន់នៅថ្ងៃសុក្រនេះថាអភិបាលខេត្តនីមួយៗ គួរតែខិតខំជួយជំរុញដល់កិច្ចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានចាក់ពីរដូសតាមកាលកំណត់។ លោកស្រីថា អ្នកខ្លះបានចាក់វ៉ាក់សាំងដូសទី១ រួចហើយ តែថាអាចនឹងពិបាកបានទទួលដូសទី២ ដោយសារតែការរឹតបន្តឹងលើការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។
លោកស្រីឲ្យដឹងថា៖ «បើសិនជាពួកគាត់មិនបានចាក់ដូសទី២ទេ វ៉ាក់សាំងដូសទី១ របស់ពួកគាត់នឹងក្លាយជាអត់បានការ»។
លោកស្រីបញ្ជាក់ថា គ្រូពេទ្យបានផ្ដល់បណ្ណបញ្ជាក់អត្តសញ្ញាណដល់អ្នកបានចាក់វ៉ាក់សាំងដូសទី១។ ដូច្នេះ អាជ្ញាធរអាចពិនិត្យមើលបណ្ណសម្គាល់ចាក់វ៉ាក់សាំង ហើយគួរអនុញ្ញាតឲ្យអ្នកទាំងនោះធ្វើដំណើរឆ្លងខេត្ត ក្នុងរយៈពេលនៃការហាមឃាត់ការធ្វើដំណើរឆ្លងខេត្តនេះ និងបានទៅចាក់វ៉ាក់សាំងដូសទី២។
លោកស្រីបន្ថែមថា៖ «ខ្ញុំស្នើដល់អភិបាលខេត្ត ក្រុងទាំងអស់សូមជួយដោះស្រាយបញ្ហានេះ…សូមជួយសម្រួលឲ្យអ្នកដែលត្រូវចាក់វ៉ាក់សាំង បានធ្វើដំណើរឆ្លងកាត់ពេលកំពុងមានបំរាមនេះ»។
គិតត្រឹមរសៀលថ្ងៃសុក្រនេះ ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសមានចំនួន ៣ ៦០៤ករណី ក្នុងនោះមាន ៣០៧២ ករណីជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ និងមានអ្នកស្លាប់ចំនួន២៥នាក់។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ More than 500 cases of COVID-19 confirmed in Phnom Penh in highest day yet