ធនាគារពិភពលោកបានប៉ាន់ប្រមាណថាកំណើនសេដ្ឋកិច្ច ឬផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជានឹងកើនដល់ ៤,៨ភាគរយនៅឆ្នាំនេះ ហើយនឹងបន្តកើនឡើងទៀតនៅពីរឆ្នាំបន្ទាប់ ប៉ុន្តែថាកំណើននេះនៅតែទាបជាងកាលពីមុនមានវិបត្តិកូវីដ-១៩។ ជាមួយគ្នានេះដែរ ធនគារពិភពលោកក៏លើកឡើងដែរថាអតិផរណាកម្ពុជាក៏នឹងកើនឡើងដល់ទៅ ៦ភាគរយ គឺកើនទ្វេដងបើធៀបនឹងពីរឆ្នាំកន្លងទៅ។
«ការកើនឡើងអតិផរណានេះនឹងធ្វើឲ្យសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែអាក្រក់» នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃអង្គារ។
របាយការណ៍នេះបានលើកឡើងថា៖ «អតិផរណានឹងធ្វើឲ្យតម្លៃម្ហូបអាហារ ប្រេងឥន្ធនៈ និងតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើង»។ អតិផរណាកើនដល់ ៧,៨ភាគរយ កាលពីខែមិថុនា មុនពេលធ្លាក់ចុះមកនៅ៥,៤ភាគរយនៅខែកក្កដា។
បើតាមរបាយការណ៍ដដែល សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៥,២ភាគរយនៅឆ្នាំក្រោយ និងកើនដល់៦,៣ភាគរយនៅឆ្នាំ២០២៤។
ទិន្នន័យធនាគារពិភពលោកឲ្យដឹងថា ការព្យាករពីកំណើននេះ បានបង្ហាញពីសញ្ញានៃការស្ទុះងើបឡើងវិញតាំងពីឆ្នាំ២០២០ ជាឆ្នាំដំបូងនៃវិបត្តិកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលផងដែរ។ វាក៏ជាឆ្នាំដំបូងគិតតាំងពីឆ្នាំ១៩៩៤ មកដែលកម្ពុជាមានកំណើនអវិជ្ជមានបែបនេះ។ កម្ពុជាមានកំណើនសេដ្ឋកិច្ចថេរជិត ៧ភាគរយតាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩។
ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB វិញ បានប៉ាន់ប្រមាណដែរថា GDP កម្ពុជាក្នុងឆ្នាំនេះមានកំណើន៥,៣ភាគរយ និង៦,២ភាគរយនៅឆ្នាំក្រោយ ហើយថាអតិផរណានៅឆ្នាំនេះមាន៥ភាគរយ និង២,២ភាគរយនៅឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ខណៈអតិផរណាមានការកើនឡើងតាមការពិនិត្យរបស់ក្រសួងផ្ទាល់តម្លៃទំនិញលក់រាយនៅមានតម្លៃទាប។
លោកបន្តថា៖ «វានៅមិនទាន់ជាក្តីបារម្ភនៅឡើយទេ ខណៈ អត្រា[អតិផរណា] ស្ថិតនៅក្រោម អត្រា៥ភាគរយ និងអាចគ្រប់គ្រងបាន ស្របពេលដែលការកើនឡើងនេះកើតមានតាមរដូវកាល ហើយវាកើនឡើងជាធម្មតា»។
បើតាមលោក សុវិជាតិ កម្ពុជានាំទំនិញប្រើប្រាស់ភាគច្រើនពីប្រទេសចិន ថៃ វៀតណាម និងនាំចេញភាគច្រើនទៅកាន់ប្រទេសនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកបន្ថែមថា ក្រសួងបានជួយលើកកម្ពស់ផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលទំនិញមួយចំនួន។
លោកបញ្ជាក់ថា៖ «ដូចនេះយើងនឹងមិនពឹងផ្អែកទាំងស្រុងលើទំនិញនាំចូល ដែលនេះធ្វើឲ្យតម្លៃទំនិញលក់រាយមានតម្លៃទាប»។ លោកបន្តថា៖ «សម្រាប់បញ្ហាពីខាងក្រៅវិញ ក្រសួងបានសម្រួលដល់ការធ្វើពាណិជ្ជកម្មដោយបានកាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន»។
លោកឲ្យដឹងទៀតថា៖ «សម្រាប់បញ្ហាខ្លះយើងមិនអាចគ្រប់គ្រងបានទេ ដោយសារវាជាវិបត្តិអន្តរជាតិ ដូចជាវិបត្តិកូវីដ–១៩ និងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលធ្វើឲ្យតម្លៃទំនិញកើនឡើង»។
យ៉ាងណាលោកឲ្យដឹងដែរថា ក្រសួងក៏បានធ្វើបច្ចុប្បន្នភាពតម្លៃប្រេងឥន្ធនៈរៀងរាល់ ១០ថ្ងៃម្ដង ដោយផ្អែកលើតម្លៃទីផ្សារអន្តរជាតិ ហើយរដ្ឋាភិបាលក៏បានបង្កើនការជួយឧបត្ថម្ភពី ៤សេនទៅ ៦,៥សេនមួយលីត្រ តាំងពីតម្លៃប្រេងឥន្ធនៈបានហក់ឡើងក្នុងអំឡុងវិបត្តិនៅអ៊ុយក្រែន។
បើតាមរបាយការណ៍របស់ធនាគារពិភពលោកដដែល រដ្ឋាភិបាលក៏បានបន្តកម្មវិធីផ្ដល់សាច់ប្រាក់ដល់អ្នករងផលប៉ះពាល់ពីតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ រហូតដល់ដាច់ឆ្នាំនេះផងដែរ។ គម្រោងនេះបានជួយប្រជាពលរដ្ឋក្រីក្រប្រហែល ២,៧លាននាក់ ឬប្រហែល ១៧ភាគរយនៃប្រជាជនសរុប ខណៈកម្ពុជាមានអ្នករស់នៅក្រោមបន្ទាត់នៃភាពក្រីក្រដែលកំណត់ដោយរដ្ឋាភិបាលមានចំនួន ១៧,៨ភាគរយ។ គិតត្រឹមខែកក្កដា កន្លងទៅ កម្មវិធីផ្ដល់សាច់ប្រាក់នេះបានចំណាយប្រាក់អស់ ៧១៤លានដុល្លារ គិតតាំងពីពេលអនុវត្តគម្រោងតាំងពីខែមិថុនា ឆ្នាំ២០២០ មក។
កាលពីខែមុនថ្លៃចំណាយលើម្ហូបអាហារចាំបាច់របស់មនុស្សម្នាក់បានកើនឡើងខ្ពស់ ពោលគឺខ្ពស់បំផុតក្នុងឆ្នាំ២០២២ សូម្បីតែត្រកួនក៏ឡើងថ្លៃខ្លាំង ដែលតម្លៃនេះកើនដល់ទៅ ២៥ភាគរយ បើធៀបទៅនឹងខែមុនមួយទៀត។ នេះបើតាមរបាយការណ៍តម្លៃម្ហូបអាហារសម្រាប់ខែសីហា របស់កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងកសិកម្មកម្ពុជា។ ថ្លៃចំណាយលើម្ហូបអាហារចាំបាច់របស់មនុស្សម្នាក់ គឺសំដៅដល់ការចំណាយប្រចាំខែលើម្ហូបអាហារដែលអាចទទួលបានសារជាតិចិញ្ចឹមកម្រិតអប្បបរមា និងក៏ជាសូចនាករសម្រាប់វាស់វែងកម្រិតសេដ្ឋកិច្ចផងដែរ។
ថ្លៃចំណាយលើម្ហូបអាហារចាំបាច់របស់មនុស្សម្នាក់កាលពីខែសីហា គឺ ១១១ ១៦៧រៀល ក្នុងមួយខែ គឺច្រើនជាង ៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាហារចាំបាច់ទាំងនោះមានដូចជា អង្ករ ត្រី សាច់ជ្រូក ពងទា ប្រេងឆា ដំឡូងជ្វា និងត្រកួនជាដើម។
ខណៈតម្លៃម្ហូបអាហារចាំបាច់ផ្សេងទៀតក្រៅពីត្រកួនមានការប្រែប្រួលតិចតួច របាយការណ៍បញ្ជាក់ថាទំនិញប្រើប្រាស់ខ្លះទៀតបានកើនឡើង រួមមានប្រេងឆា ដែលភាគច្រើននាំចូល កើន២៣ភាគរយបន្ថែមទៀត ស៊ុតក៏ឡើងថ្លៃ១៩ភាគរយដែរ ហើយតម្លៃត្រកួនវិញខ្ពស់ជាងឆ្នាំ២០២១ ដល់ទៅ៤០ភាគរយ។
របាយការណ៍បន្តថា៖ «ចំណូលពលរដ្ឋបានធ្លាក់ចុះដោយសារវិបត្តិកូវីដ–១៩ ព្រមជាមួយនឹងការឡើងខ្ពស់តម្លៃទំនិញ ម្ហូបអាហារ ប្រេងឥន្ធនៈ និងជីកសិកម្ម រឹតតែធ្វើឲ្យប្រជាពលរដ្ឋក្រីក្រ និងគ្រួសារងាយរងគ្រោះកាន់តែពិបាកខ្លាំង»។ បើតាមរបាយការណ៍ដដែល៖ «តម្លៃទំនិញឡើងខ្ពស់ធ្វើឲ្យការរស់នៅត្រូវការចំណាយកាន់តែច្រើនទៅហើយ តែក៏ទំនងជាប៉ះពាល់អវិជ្ជមានដល់ផលិតកម្មម្ហូបអាហារក្នុងស្រុកដែរ ខណៈវត្ថុធាតុដើមសម្រាប់វិស័យកសិកម្មថ្លៃមិនអាចឲ្យកសិករទប់ទល់បាន»។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា បើទោះបីជារដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរនាប៉ុន្មានខែកន្លងមកក៏ដោយ ក៏តម្លៃទំនិញឡើងថ្លៃបានធ្វើឲ្យអ្នកមានចំណូលទាបកាន់តែជួបការលំបាក។
លោកឲ្យដឹងថា៖ «ចំណូលពួកគាត់នៅតែទាប ដែលមិនសមាមាត្រទៅនឹងតម្លៃទំនិញដែលឡើងខ្ពស់ ហើយពួកកាត់ក៏ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៀតផង»។ លោកបន្ថែមថា៖ «ដូចនេះ បញ្ហាទាំងនេះវាប៉ះពាល់ដល់ការទទួលបានអាហារហូបដែលមានគុណភាព និងធ្វើឲ្យប៉ះពាល់សុខភាពផងដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s GDP and Inflation to Rise This Year, World Bank Says