ខួបលើកទី៤៦នៃថ្ងៃ «៧ មករា» ឬ «ទិវាជ័យជម្នះ» ដើម្បីរំលឹកដល់ការបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានមោទនភាពចំពោះរដ្ឋាភិបាលថ្មីដែលដឹកនាំដោយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត បង្ហាញស្នាដៃដ៏អស្ចារ្យជាមួយនឹងការអភិវឌ្ឍ ជាពិសេសទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ។ លោកថ្លែងថា ដំបូងឡើយ លោកយល់ចិត្តសាធារណជនជុំវិញការព្រួយបារម្ភអំពីការផ្ទេរអំណាច។
លោក ហ៊ុន សែន ថ្លែងក្នុងសុន្ទរកថា ជាមួយនិស្សិត និងសមាជិក គណបក្សប្រជាជនកម្ពុជាប្រមាណ២ម៉ឺននាក់ដែលបានចូលរួមក្នុងពិធីខួបកាលពីថ្ងៃអង្គារនៅភ្នំពេញថា៖ «មកដល់ពេលនេះល្មមគ្រប់គ្រាន់ដើម្បីយល់ដឹងថាអ្វីដែលអ្នកដឹកនាំបន្តវេនបានធ្វើក្នុងរយៈពេល១៦ខែកន្លងមក គឺគ្រប់គ្រាន់ដើម្បីវាយតម្លៃថា រាជរដ្ឋាភិបាលនៃអ្នកបន្តវេនបានបំពេញការងារដ៏ល្អលើសពីការរំពឹងទុករបស់យើង»។
លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៅខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅឆ្នាំនោះ។
ទិវាជ័យជម្នះ គឺជាថ្ងៃបញ្ចប់នៃអំពើប្រល័យពូជសាសន៍ និងដើម្បីរំលឹកដល់ប្រជាពលរដ្ឋខ្មែរថា គណបក្សសេរីនៅក្នុងប្រទេសកម្ពុជាបាន «ពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ» តាំងពីពេលនោះមក។
លោកបានថ្លែងថា៖ «ខ្ញុំបានយល់ដឹងនូវពីអារម្មណ៍ និងបទពិសោធន៍ទាក់ទងនឹងប្រសិទ្ធភាពការងារ បើប្រៀបធៀបទៅនឹងរដ្ឋាភិបាលពេលមុន និងរដ្ឋាភិបាលបន្ទាប់។ យើងអាចនិយាយបានថាពួកគេមានប្រសិទ្ធភាពលឿនជាងជំនាន់មុនទៅទៀត»។
លោកបន្តថា រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានសម្រេចនូវស្នាដៃធំៗដូចជា ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកំណើនសេដ្ឋកិច្ច ព្រមទាំងអតិផរណាស្ថិរភាព។
លោកក៏បានលើកឡើងផងដែរអំពីការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោតម្លៃ១,៧ពាន់លានដុល្លារ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាពនយោបាយតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក។ ការសាងសង់ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៨។
លើសពីនេះ លោកបានបន្តទៀតថា រដ្ឋាភិបាលថ្មីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក៏ដូចជាបង្កើតមូលនិធិសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។ លោកបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងដោយ «ក្រុមជ្រុលនិយម» មិនបានជោគជ័យក្នុងការបង្កអសន្តិសុខក្នុងប្រទេសឡើយ។
លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់មន្ត្រីជាន់ខ្ពស់ ដែលបានលាលែងពីដំណែង ដូចជា ហេង សំរិន ដែលបានលះបង់តំណែងពីប្រធានរដ្ឋសភា លោក សាយ ឈុំ លាលែងតំណែងពីប្រធានព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រីជាច្រើនរូប ដែលបានប្រគល់តួនាទីឱ្យស្នងតំណែងដើម្បីបន្តការងារបន្តទៀត។
មុននេះ លោកលើកឡើងថា ៧ មករា ១៩៧៩ គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារដឹកនាំដោយលោក លន់ នល់ បានធ្វើឱ្យប្រទេសមួយដែលពោរពេញដោយសន្តិភាពបានក្លាយជាមានសង្គ្រាម ដែលបានសម្លាប់មនុស្សជាងកន្លះលាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ លោក ហ៊ុន សែន រំលឹកថា វាបណ្តាឱ្យកើតមានរបបប្រល័យពូជសាសន៍ដ៏ធំនៅក្រោមការដឹកនាំរបស់លោក ប៉ុល ពត កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
លោកបានរំលឹកឡើងវិញថា រដ្ឋាភិបាលប្តេជ្ញាពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយនឹងចក្ខុវិស័យប្រកបដោយមហិច្ឆតា ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចំពេលជិតចាកចេញការពីប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់អង្គការសហប្រជាជាតិ (LDC) ហើយសមិទ្ធិផលសំខាន់ៗកំពុងដំណើរការ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំសូមគូសបញ្ជាក់ថា គ្មានអ្វីស្រពេចស្រពិលទេ គឺ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ»។ លោកបន្តថា៖ «ប្រជាជន» សំដៅលើគណបក្សប្រឆាំង មិនចាំបាច់និយាយពាក្យថា «ដូរ ឬមិនដូរ» ទៀតទេ។
លោក ហ៊ុន សែន ថ្លែងទៀតថា៖ «សូមជឿទុកចិត្តនៃការផ្លាស់ប្តូររបស់យើង»។
សហគមន៍ជាតិ និងអន្តរជាតិបានអំពាវនាវឱ្យកម្ពុជាស្តារឡើងវិញនូវលំហនយោបាយ ធ្វើឱ្យសិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺន និងលទ្ធិប្រជាធិបតេយ្យដែលដើរថយក្រោយ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅឆ្នាំ២០១៧ ហើយមេដឹកនាំរបស់ខ្លួន កឹម សុខា ត្រូវបានកាត់ទោសពីបទក្បត់ជាតិពីបទឃុបឃិតជាមួយបរទេស។
លោក ហ៊ុន សែន ស្នើឱ្យស្ថាប័ននានាពង្រឹងការអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលនៅតែប្រឆាំងនឹងថ្ងៃជ័យជម្នះ ៧ មករា និងចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមនៅកម្ពុជាវិលត្រឡប់មកវិញ។
លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន បានថ្លែងថា មិនមានការផ្លាស់ប្តូរអ្វីគួរឲ្យកត់សម្គាល់ទេ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដោយលោកកត់សម្គាល់ថា លំហនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅរួមតូចនៅឡើយ។
លោកបាននិយាយថា៖ « ថ្វីត្បិតតែមានការទាមទារយ៉ាងទទូចឲ្យដោះលែងអ្នកទោសមនសិការរួមមានមន្រ្តី និងសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថាន ដែលបានជាប់ពន្ធនាគារយូរខែ និងយូរឆ្នាំឲ្យមានសេរីភាពវិញ ក៏នៅតែមិនទាន់ដោះលែងនៅឡើយ »។
លោក សុធារ៉ាយុទ្ធ បានកត់សម្គាល់ថា លទ្ធិប្រជាធិបតេយ្យរួមបញ្ចូលនូវទស្សនៈចម្រុះលើការគ្រប់គ្រង ការដឹកនាំ និងការអភិវឌ្ឍប្រទេស។ លោកបានបន្តថា ទស្សនៈប្រឆាំងមិនគួរត្រូវបានគេចាត់ទុកថាជាអំពើភេរវកម្ម ឬចាត់ទុកជាសត្រូវទេ ព្រោះវិធីបែបនេះមិនផ្តល់ប្រយោជន៍ដល់សង្គមទាំងមូលឡើយ។
លោកបានលើកជាសំណូរថា៖ «ប្រសិនបើរដ្ឋាភិបាលអះអាងថាមានស្ថិរភាពនយោបាយ តើចាំបាច់អ្វីត្រូវបង្កើតច្បាប់ដើម្បីដាក់អ្នកប្រឆាំងក្នុងក្រុមភេរវករ?»។ ផ្ទុយទៅវិញ ច្បាប់នេះធ្វើឡើងកាន់តែមាន«ការបែកបាក់គ្នាកាន់តែខ្លាំងទៅៗ»ក្នុងសង្គមខ្មែរ ដែលមិនអំណោយផលដល់ស្មារតីនៃការបង្រួបបង្រួមជាតិ និងការផ្សះផ្សាអភិវឌ្ឍន៍ជាតិ។
លោកបានជំរុញឲ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពង្រីកលំហពលរដ្ឋ និងសេរីភាពនយោបាយ ដើម្បីអនុញ្ញាតឲ្យមានការប្រកួតប្រជែងឈរលើគោលការណ៍ប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិរួម។
លោកបានថ្លែងថា៖ «យើងក៏អំពាវនាវឱ្យមានការដោះលែងអ្នកទោសមនសិការ ឬអ្នកទោសនយោបាយដើម្បីឱ្យពួកគេមានសិទ្ធិចូលរួមក្នុងសកម្មភាពសង្គម និងនយោបាយស្របតាមគោលការណ៍ និងមនសិការរបស់ពួកគេ»។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការរៀបចំរបស់កម្ពុជាដើម្បីបញ្ចប់ឋានៈ LDC គឺជាព្រឹត្តិការណ៍វិជ្ជមាន ហើយត្រូវតែអបអរសាទរ ជាពិសេសបន្ទាប់ពីការអនុម័តរបស់អង្គការសហប្រជាជាតិកាលពីខែធ្នូ។ ខណៈពេលដែលរយៈពេលអន្តរកាលរយៈពេលប្រាំឆ្នាំផ្តល់ពេលវេលារៀបចំគ្រប់គ្រាន់ លោកបានព្រមានថា កម្ពុជានឹងជួបប្រទះការបាត់បង់អត្ថប្រយោជន៍ដែលទាក់ទងនឹងស្ថានភាព LDC បច្ចុប្បន្នរបស់ខ្លួន។
លោកបានថ្លែងថា៖ «ប្រសិនបើយើងក្រឡេកមើលអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីសហភាពអឺរ៉ុប [EU] ប្រទេសនេះមិនគួរប្រញាប់ប្រញាល់ដើម្បីចាកចេញពីស្ថានភាពដែលមានការអភិវឌ្ឍតិចតួចនោះទេ»។
លោកបន្តថា៖ «នេះជាការអនុញ្ញាតឱ្យយើងបន្តទទួលបានអត្ថប្រយោជន៍ពន្ធពីអឺរ៉ុប ឬខ្ចីប្រាក់ពីប្រទេសផ្សេងទៀតក្នុងអត្រាការប្រាក់អំណោយផលជាមួយនឹងការយោគយល់គ្នាទៅវិញទៅមក»។
លោក សុវណ្ណារ៉ា បានលើកឡើងថា រដ្ឋាភិបាលគួរតែប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យតាមការស្នើសុំរបស់សហភាពអឺរ៉ុប តាមរយៈការលើកកម្ពស់សេរីភាព និងពង្រីកលំហប្រជាធិបតេយ្យ ដើម្បីការពារ៨០ភាគរយនៃចំណូលចិត្តពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ដែលបាត់បង់២០ភាគរយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកបានបញ្ជាក់ថា៖ «យើងមានរឿងរ៉ាវជាច្រើននៃការចាប់ខ្លួនសកម្មជន អ្នកទោសមនសិការ និងអ្នកកាសែត»។ លោកបន្តថា៖ «យើងមានច្បាប់សារព័ត៌មាន។ បើមានកំហុសត្រូវកែតម្រូវតាមច្បាប់សារព័ត៌មាន មិនមែនជាបទល្មើសញុះញង់ [តាមក្រមព្រហ្មទណ្ឌ]។ នេះជាការរំលោភច្បាប់ដែលមានស្រាប់»។
លោក សុវណ្ណារ៉ា បានថ្លែងថា ខណៈខួបសន្តិភាព ៧ មករា លើកឡើងពីអវត្តមាននៃសង្រ្គាម «សន្តិភាពនៅកម្ពុជានៅតែមិនទាន់ពេញលេញ»។
លោកបានចែករំលែកថា៖ «ប្រព័ន្ធយុត្តិធម៌ក្នុងសង្គមយើងមិនទាន់ត្រូវបានបង្កើតឡើងពេញលេញទេ ហើយក៏មិនបានបង្ហាញថាមាននីតិរដ្ឋពិតប្រាកដដែរ»។ លោកបន្តថា៖ «វាបានបរាជ័យក្នុងការបំពេញតាមការរំពឹងទុករបស់ប្រជាជនក្នុងការស្វែងរកយុត្តិធម៌របស់ពួកគេ»។
លោកបានបញ្ជាក់ទៀតថា មិនមានមនុស្សច្រើននាក់បានទទួលផលប្រយោជន៍ពីដំណើរការសន្តិភាព ឬការខិតខំរបស់អ្នកបង្កើតសន្តិភាពនោះទេ។ បុគ្គលមួយចំនួន រួមទាំងឥស្សរជនដែលមានឋានៈជាលោកឧកញ៉ា និងអ្នកឧកញ៉ា បានកេងប្រវ័ញ្ចអំណាចដោយរឹបអូសយកដីធ្លី និងផ្ទះសម្បែង ធ្វើឱ្យប្រជាពលរដ្ឋមិនទុកចិត្តអាជ្ញាធរ។

ទាវ បាវ អាយុ ៧២ ឆ្នាំ មកពីខេត្តតាកែវ ដែលរស់នៅឆ្លងកាត់របបខ្មែរក្រហម បាននិយាយថា គាត់ត្រូវធ្វើការលំបាក និងមានអាហារហូបចុកតិចតួចណាស់។
លោកបានឱ្យដឹងថា៖ «ខ្ញុំត្រូវធ្វើការដោយគ្មានពេលឈប់។ ខ្ញុំបានឡើងត្នោត និងឃ្វាលគោ ហើយបានត្រឹមតែហូបបបរប៉ុណ្ណោះ [ក្នុងអំឡុងពេលនោះ]»។ លោកបន្តថា៖ «ខ្ញុំតស៊ូដើម្បីរស់ទាំងថ្ងៃទាំងយប់»។
លោក បាវ ក៏បានបន្ថែមថា នៅក្រោយរបបប្រល័យពូជសាសន៍ គាត់មានអារម្មណ៍ថាគាត់បានកើតឡើងវិញ ហើយមិនចង់ឃើញសង្គ្រាមកើតឡើងម្តងទៀតទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CPP President Proud of Hun Manet as Prime Minister, Made Right Decision to Transfer Power to Him