សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

ADB ថា ​កម្ពុជាពេល​នេះមាន​​សុវត្ថិភាព​ចំពោះ​ពន្ធគយអាមេរិក​

រថយន្តកុងតឺន័រចេញពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
រថយន្តកុងតឺន័រចេញពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់ថា​ ADB បាន​លើកឡើង​ក្នុង​របាយកាណ៍​ចេញ​ផ្សាយ​នៅ​សប្ដាហ៍​​នេះ​ថា ការគំរាម​កំហែងខាង​ពន្ធ​គយ​របស់​អាមេរិក​លើ​​​សេដ្ឋកិច្ចកម្ពុជា​នៅ​ពេលនេះ​​​មាន​កម្រិត​តិច​តួច ប៉ុន្តែ​បានព្រមានថា គោលនយោបាយពាណិជ្ជកម្មប្រែប្រួល​របស់ទីក្រុងវ៉ាស៊ីនតោននៅតែអាចប៉ះពាល់ដល់ការងារ និងការកាត់បន្ថយភាពក្រីក្ររបស់​កម្ពុជា​ ប្រសិនបើអត្រាពន្ធគយ​វិល​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ។

ចាប់​តាំង​ពី​លោក ដូណាល់ ត្រាំ ចាប់​អនុវត្ត​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ជាថ្មី ក្រោយ​ចូល​កាន់​អំណាច​នៅ​សេតវិមាននៅ​ឆ្នាំនេះ ពាណិជ្ជកម្ម​​ជាមួយ​សហរដ្ឋអាមេរិក​ គឺជា​បញ្ហា​សំខាន់​មួយ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី រួម​ទាំង​កម្ពុជា​ផង​ដែរ។​

ក្នុង​ខែវិច្ឆិកានេះ កម្ពុជា​ប្រឈម​នឹង​​ពន្ធ​នាំចូល​ទៅ​អាមេរិក​ចំនួន​១៩ភាគរយ ដែល​ធ្លាក់​ចុះ​ពី​៤៩ភាគរយ​ដែលអាមេរិក​បាន​ដាក់​ដំបូង​។ អត្រាពន្ធ​ចុង​ក្រោយ​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍​​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​បណ្ដោះ​អាសន្ន​មួយ​ដែរបើ​ធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត​។​

ទំនិញ​កម្ពុជ​នាំ​ចូលទៅ​អាមេរិក​ស្មើ​នឹង​មួយ​ភាគបី​នៃទំនិញ​កម្ពុជា​នាំចេញ​សរុប និង​មាន​តម្លៃ​ប្រហែល​ជា​មួយ​ភាគ​បួន​នៃ​ផលិត​ផល​ជាតិ​សរុប(GDP)​របស់​កម្ពុជា​ក្នុង​មួយ​ឆ្នាំ។​​

ធនាគារអភិវឌ្ឍន៍​អាស៊ី​បាន​លើក​ឡើង​ថា កម្ពុជា​បាន​ទទួល​អត្រាពន្ធ​ទាប​​បើ​ធៀប​ទៅ​នឹង​ប្រទេស​ប្រកួត​ប្រជែង​ផ្សេង​ទៀត​ក្នុង​តំបន់​ ដូចជា​ចិន បង់ក្លាដែស ឥណ្ឌា និង​វៀតណាម ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​ដល់​ GDP របស់​កម្ពុជា​ស្ទើរ​តែ​គ្មាន​។​

ក្រុមអ្នកស្រាវជ្រាវបានថ្លែងថា សេដ្ឋកិច្ចកម្ពុជា​បានបង្ហាញពីភាពធន់ ដោយអ្នកនាំចេញបានប្តូរ​ទិសដៅទំនិញទៅកាន់ទីផ្សារផ្សេងៗ និងកាត់​បន្ថយ​ផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួន។ ប៉ុន្តែក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​​ក៏​បានព្រមានដែរ​ថា កម្ពុជានៅតែងាយរងគ្រោះចំពោះការផ្លាស់ប្តូរភ្លាមៗ​នៅក្នុងគោលនយោបាយពាណិជ្ជកម្មពិភពលោក និង​អំពាវនាវឲ្យ​មានការគាំទ្រពីរដ្ឋាភិបាលឲ្យ​កាន់តែខ្លាំងដល់​កម្មករដែលរងផលប៉ះពាល់ និងបន្ត​ខិតខំប្រឹងប្រែងឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ដើម្បីធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម។

បើ​តាម​ ADB អត្រាពន្ធ​១៩ភាគរយ​នាពេល​បច្ចុប្បន្ន​នេះ​ គឺ​មិន​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា​នោះទេ ហើយ​សេដ្ឋកិច្ច​កម្ពុជា​អាច​មាន​កំណើត​១%​ ថែម​ទៀត​ផង​។​

ADB ​បានឱ្យដឹង​ទៀត​ថា ​​ពន្ធ៣៦ភាគរយ ដែល​បាន​ពិភាក្សា​មុន​ចុះ​មកនៅ​​១៩ភាគរយ អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​​​ធ្លាក់ចុះ​១ភាគរយ និង​អាច​ធ្វើ​ឲ្យ​បាត់​បង់​ការងារ​ជាង​១៣០ ០០០​កន្លែង​ ហើយ​ស្ថានភាព​នេះ​នៅ​តែ​អាច​ប្រឈម​បើ​សិន​ជា​អត្រាពន្ធ​​​មាន​កា​រកើន​ឡើង​វិញ​។​

ធនាគារ ADB បាន​ធ្វើ​តេស្ត​សាក​ល្បង​លើ​អត្រាពន្ធផ្សេងៗ​គ្នា​របស់​កម្ពុជា មាន​១០ភាគរយ ១៩ភាគរយ និង​៣៦ភាគរយ ខណៈ​បន្តរ​ក្សា​អត្រាពន្ធ​ដដែល​សម្រាប់​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​គិត​ត្រឹម​ថ្ងៃទី​១ ខែសីហា​។

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បាន​ប៉ាន់​ប្រមាណ​ថា ​បើ​នៅ​​អត្រាពន្ធ​៣៦ភាគរយ​ នឹង​កាត់​បន្ថយ​បរិមាណ​នាំចេញ​របស់​សមាជិក​ខ្លួន​ទៅអាមេរិក​ចន្លោះពី​១៥-៣០ភាគរយ​។ ​សមាគម​ឲ្យ​ដឹង​ដែរថា​ កម្ពុជា​គួរ​តែ​បង្វែរ​ការនាំចេញ​របស់​ខ្លួន​ចេញពី​ទី​ផ្សារ​អាមេរិក​ឲ្យ​បាន​​យ៉ាង​ហោច​ណាស់​ពាក់​កណ្ដាល ដើម្បី​គេ​ចពី​ពន្ធ​នាំចូល​ដ៏​ខ្ពស់មួយ​​នេះ​។​

វិស័យ​កាត់​ដេរសម្លៀក​បំពាក់ ដេរស្បែងជើង និង​ផលិត​ផល​ធ្វើ​ដំណើរ គឺ​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​សំខាន់​របស់​កម្ពុជា និង​បាន​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជា​ពល​រដ្ឋ​ប្រហែល​១​លាន​នាក់​។ វិស័យ​​មួយ​នេះ​បាន​ប្រឈមនឹង​ភាព​មិនច្បាស់​លាស់​ជា​យូរ​មក​ហើយ ដោយសារតែ​ការ​ប្រែប្រួល​គោលនយបាយពាណិជ្ជកម្មពិភព​លោក​។ អ្នក​ដឹក​នាំ​ក្នុង​វិស័យ​នេះព្រមាន​ថា ​ភាព​មាន​កម្រិត​​លើ​តម្លៃបន្ថែម​​នៅ​ក្នុង​ច្រវ៉ាក់​ផ្គត់​ផ្គង់របស់​កម្ពុជា​នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​រង​គ្រោះ​ពី​ស្ថានភាព​ខាង​ក្រៅ​។​

ខណៈ​ដែល​មិន​ទាន់​​មាន​ការ​វាយ​តម្លៃ​ឲ្យ​ស៊ីជម្រៅ​​អំពី​តម្លៃ​បន្ថែម​លើ​ផលិត​ផល​សំខាន់ៗរបស់​កម្ពុជា​ ADB បាន​ដក​ស្រង់ករណីសិក្សា​ពី​វិស័យ​កាត់​ដេរ ដែល​​ជា​វិស័យ​មានផលិត​ផល​​នាំចេញ​ច្រើន​​ស្ទើ​តែ​ពាក់កណ្ដាល​នៃ​ទំនិញ​នាំទៅ​អាមេរិក​ទាំង​អស់​ ដោយថា​ប្រហែល​ជា​២៥​%​នៃ​ផលិត​ផល​នាំ​ចេញ​របស់​ខ្លួន​របស់​វិស័យ​នេះ គឺមាន​​តម្លៃ​បន្ថែម​ក្នុង​ស្រុក ដែលភាគ​ច្រើ​ន​គឺ​លើ​កម្លាំង​ពល​កម្ម​។​

ដោយ​សារតែ​ខ្សែច្រវ៉ាក់​ផលិតកម្ម​ក្នុង​វិស័យ​នេះ​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រទេស​ចិន ទើប​វា​ប្រឈម​នឹង​ពន្ធនាំចូល​​ទៅ​អាមេរិក​៤០​% លើ​មុខ​ទំនិញ​ដែល​គេ​គិត​ថា​ជា​ «ទំនិញ​ឆ្លង​កាត់»។​

កម្មករកាត់ដេរចេញពីរោងចក្រ មកទទួលទានអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតមួយរបស់កម្ពុជា។ (ខេមបូចា/ ព្រីង សំរាំង)
កម្មករកាត់ដេរចេញពីរោងចក្រ មកទទួលទានអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតមួយរបស់កម្ពុជា។ (ខេមបូចា/ ព្រីង សំរាំង)

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​បាន​និយាយថា ​ខ្លួនកំពុង​​ធ្វើ​គោល​នយោបាយ​អភិវឌ្ឍ​ចំនាញ​របស់កម្មករ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ដែល​មាន​កម្រិត​តម្លៃ​បន្ថែម​ខ្ពស់​។​

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ​​មាន​ប្រសាសន៍​ថា ​ក្រ​សួងកំពុង​បន្ត​ផ្ដល់​វគ្គបណ្ដុះបណ្ដាល​ជំនាញ​ដល់​ប្រជាពល​រដ្ឋ ជាពិសេស​​​ក្រុម​ជន​ងាយ​រងគ្រោះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​មាន​ជំនាញ​ច្បាស់​លាស់ និង​មានឱកាស​ការងារ​សមរម្យ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​។​

លោក​ឲ្យ​ដឹង​ទៀងថា ​​ក្រ​សួង​«បាន​រក​ការងារ»​សម្រាប់​​កម្មករ​ដែល​ទើប​មក​ពី​ប្រទេសថៃ​បាន​ចំនួន​៣៤០ ០០០​កន្លែង ដោយ​រួម​ទាំង​ការងារ​ក្នុង​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​តែមិនបាន​បញ្ជាក់​ថា​មាន​ប៉ុន្មាន​នាក់​ក្នុង​វិស័យ​នេះ។​​

​បើ​តាម​លោក ស៊ុន មេសា ក្រសួង​មាន​ផែនការ​ពង្រីកការ​បណ្ដុះ​បណ្ដាល​៤៥​កម្មវិធី ក្នុង​វិស័យ​ចំនួន​១០ រួម​ទាំង​ផ្នែក​ឌីជីថល និង​​ AI ផង​ដែរ។​

លោក​បន្ត​ថា៖ «ការ​បណ្ដុះ​បណ្ដាល​របស់​ក្រ​សួង​គឺ​មិនមែន​ផ្ដោត​តែ​លើ​វិស័យ​កាត់ដេរទេ ប៉ុន្តែ​គ្រប់​វិស័យ​»។​

ស្រប​ពេល​ដែល​ក្រសួង​ការងារ​កំពុងបន្ត​​ស្វែង​រក​ការងារ​សម្រាប់​ពល​ករ​ខ្មែរ​ជាង​៩០​ម៉ឺន​នាក់​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ​ក្រោយ​មាន​ជម្លោះព្រំដែន​នៅ​ដើម​ឆ្នាំនេះ ភាព​មិន​ច្បាស់​លាស់​ក៏​នៅ​តែកើត​មាន​ក្នុង​វិស័យ​សេដ្ឋកិច្ច ដោយ​ថា​ជាង​៨៨%​នៃ​កម្មករទាំង​នោះ​គឺធ្វើ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

ថ្វី​បើ ADB ​ប៉ាន់​ប្រមាណ​ថា ​សេដ្ឋកិច្ច​កម្ពុជា​មាន​សុវត្ថិភាព​ពី​ការ​យក​ពន្ធ​របស់​អាមេរិក​សម្រាប់​ពេល​នេះ ក៏ធនាគារពិភព​លោក​​បាន​​ការព្យាករណ៍​ជា​ថ្មី​ថា​​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​​​ទាប អាច​កើន​ឡើង​តែ​ក្នុង​កម្រិត​៤% បើ​ធៀប​ទៅ​នឹងកាល​ពី​ខែ​មិថុនា ថា​មាន ​៥,៥ភាគរយ។​​​

​ធៀប​ទៅ​នឹង​ឆ្នាំ២០២៤ សេដ្ឋកិច្ច​កម្ពុជាមានអត្រាកំណើនប្រចាំឆ្នាំ​​៥,៤% និង​​បាន​ធ្លាក់ចុះ​ទាប​ជាង​អត្រា​​៧% ដែល​អង្គការ​សហប្រជាជាតិ​ថា ​ប្រទេស​អភិវឌ្ឍន៍តិចតួច​ត្រូវ​ទទួល​បាន​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Safe From US Tariffs for Now, ADB Says

157 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម