បើគ្មានការការពារសង្គម ទោះបីតែរយៈពេលខ្លីនៃភាពអត់ការងារធ្វើនឹងធ្វើឱ្យជីវភាពគ្រួសារពលករចំណាកស្រុកកាន់តែអាក្រក់ទៅៗ ដោយការស្រាវជ្រាវបានរកឃើញថា ៣០ភាគរយ នៃចំនួនពលករដែលវិលត្រឡប់មានស្ថានភាពក្រីក្រ និងជំពាក់បំណុលគេរួចទៅហើយ។
ក្នុងកំណត់ត្រាគោលនយោបាយរហ័សរបស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ប្រជាជនកម្ពុជាប្រមាណ ៩១០ ០០០ នាក់បានត្រឡប់មកផ្ទះវិញ។ ក្នុងនោះមានប្រមាណ ៣០ភាគរយ នៃគ្រួសារចំណាកស្រុកត្រូវបានចាត់ថ្នាក់ថាជាជនក្រីក្រ ហើយប្រសិនបើជនចំណាកស្រុកត្រឡប់មកវិញត្រូវបានគេសន្មត់ថាគ្មានការងារធ្វើ ខណៈពេលដែលតម្រូវការក្នុងគ្រួសារកើនឡើង នោះអត្រានៃភាពក្រីក្រក្នុងចំណោមគ្រួសារទាំងនេះអាចកើនឡើងដល់ ៥០ ភាគរយ។
របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលកំណត់ និងគាំទ្រជាអាទិភាពសម្រាប់គ្រួសារទាំងនេះ តាមរយៈយន្តការគាំពារសង្គមដែលមានស្រាប់ ដូចជាកម្មវិធី IDPoor ជាដើម។ ប្រភពដដែល បានស្នើបន្ថែមទៀតថា កម្មវិធីការងារសាធារណៈនៅជនបទបណ្តោះអាសន្នអាចបម្រើជាជម្រើស ឬបំពេញបន្ថែមដល់ការផ្ទេរសាច់ប្រាក់។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលសួរថា តើរដ្ឋាភិបាលនឹងពិចារណាវិធានការគាំពារសង្គមសម្រាប់ការវិលត្រលប់របស់ពលករចំណាកស្រុកទេ ដោយលោកបង្វែរសំណួរទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) ជំនួសវិញ។
អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ក៏ដូចជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយកត់សម្គាល់ថា កិច្ចការនេះមិនស្ថិតនៅក្រោមយុត្តាធិការរបស់ពួកគេ។
ថ្លែងក្នុងកម្មវិធីទស្សនៈវិស័យការងារ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងសម្លឹងមើលវិស័យសហគ្រាសធុនតូចនិងមធ្យម និងក្រៅផ្លូវការ ដើម្បីជួយស្រូបទាញពលករត្រឡប់មកវិញ ជាពិសេសពលរដ្ឋដែលមានអាយុលើសពី ៤០ ឆ្នាំ។
ទាំងអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មិនបានឆ្លើយតបមុនការចេញផ្សាយនោះទេ។
យោងតាមក្រសួងការងារ ពលរដ្ឋខ្មែរប្រមាណ ៩២០ ០០០នាក់ បានវិលត្រឡប់ពីប្រទេសថៃវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាតាមព្រំដែនកាលពីថ្ងៃទី២៤ ខែកក្កដា។ ក្នុងនោះគេបានប៉ាន់ស្មានថាមានពលករចំណាកស្រុកប្រមាណ ៧២០ ០០០នាក់ គិតត្រឹមថ្ងៃទី២៩ ខែសីហា។
នៅចន្លោះខែកក្កដា ដល់ខែសីហា មានតែប្រមាណ ២១% នៃពលករចំណាកស្រុកចំនួន ៧២០ ០០០ នាក់ប៉ុណ្ណោះដែលទទួលបានការងារធ្វើ ខណៈដែលមនុស្សជិត ៥០ ម៉ឺននាក់គ្មានការងារធ្វើ។
នេះមានន័យថា ជនចំណាកស្រុកប្រមាណ ៤០៥ ០០០ នាក់ បានត្រឡប់មកវិញដោយគ្មានការងារធ្វើ។
អតីតកម្មករសំណង់នៅប្រទេសថៃមានដើមកំណើតនៅខេត្តបន្ទាយមានជ័យ អ្នកស្រី ហួត ស៊ីណាល់ អាយុ ៣៦ ឆ្នាំ បានឱ្យដឹងថា អ្នកស្រីអាចរកចំណូលបានប្រមាណ៣៤០ដុល្លារជារៀងរាល់ខែកំឡុងពេលធ្វើការនៅទីនោះរយៈពេល៣ឆ្នាំ។ ជនចំណាកស្រុករូបនេះ បានត្រឡប់មកប្រទេសកំណើតវិញកាលពីមួយខែមុន ដោយសារអ្នកស្រីមានភាពភ័យខ្លាចពីជម្លោះព្រំដែន។
អ្នកស្រីឱ្យដឹងទៀតថា ក្រោយពេលត្រឡប់មកកម្ពុជាវិញ គាត់បានស្វែងរកការងារធ្វើ ប៉ុន្តែមកទល់ពេលនេះពុំទាន់អាចរកបាននៅឡើយទេ។ អ្នកស្រីបន្តថា ទោះបីគាត់បានឃើញសេចក្ដីប្រកាសពីឱកាសការងាររបស់រដ្ឋាភិបាល ប៉ុន្តែគាត់មិនដឹងថាត្រូវដាក់ពាក្យដោយរបៀបណាដែរ។
អ្នកស្រីនិយាយថា៖ «ខ្ញុំមិនអាចរកការងារដែលគួរឱ្យទុកចិត្តបាន ហើយកន្លែងខ្លះមិនបើកប្រាក់ខែឱ្យយើងក៏មាន»។
ទោះបីជាមិនមានការងារធ្វើក៏ដោយ អ្នកស្រី ស៊ីណាល់ ថានៅតែត្រូវបង់សងបំណុលជាធម្មតា ដោយមន្ត្រីឥណទានមកទារជារៀងរាល់ខែ។ អ្នកស្រីធ្លាប់គិតថាចង់បើករបរចិញ្ចឹមសត្វផ្ទាល់ខ្លួនមួយ ប៉ុន្តែគ្មានដើមទុន។
អ្នកស្រីបានបញ្ជាក់ថា៖ «[ខ្ញុំ] សង្ឃឹមថារដ្ឋាភិបាលនឹងផ្តល់ជំនួយ ដើម្បីមានដើមទុនខ្លួនឯងសម្រាប់ ចិញ្ចឹមសត្វជ្រូក មាន់ ទា ធ្វើកសិកម្មនៅក្នុងស្រុកយើង»។ អ្នកស្រីបន្តថា៖ «យើងនៅខ្មែរ យើង[ខ្ញុំ]អត់មានស្គាល់ខ្សែរយៈ ទៅធ្វើការច្រើនតែគេបោក។ បើនៅប្រទេសគេ[ថៃ]ខ្ញុំរកបានការងារធ្វើ។ តែដូចតែគ្នាទេមានអ្នកបោកទាំងពីរហ្នឹង»។
កម្មករចំណាកស្រុកម្នាក់ទៀតគឺ លោក ផៃ រិទ្ធី អាយុ ២៣ឆ្នាំ ដែលបានត្រឡប់មកកម្ពុជាកាលពីមួយខែមុន បន្ទាប់ពីធ្វើការនៅរោងចក្រថៃដែលអាចទទួលបានកម្រៃ ៣០០ ដុល្លារក្នុងមួយខែ បាននិយាយថា លោករស់នៅទីនោះអស់រយៈពេល ៩ ឆ្នាំមកហើយ។ ពលរដ្ឋមានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះថា លោកប្រហែលជាមានការងារធ្វើនៅខេត្តព្រៃវែង ដោយសារលោកត្រូវបានគេទាក់ទងទៅសម្ភាសនៅសប្ដាហ៍ទី៣ នៃខែកញ្ញា។
លោកឱ្យដឹងថា ក្រុមហ៊ុនមួយហៅសម្ភាសកាងារ ក្រោយពេលលោកទូរសព្ទទៅលេខ ១២៩៧ របស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាការងារស្រដៀងនឹងអ្វីដែលគាត់ធ្លាប់ធ្វើនៅប្រទេសថៃ។
ទោះជាយ៉ាងនេះក្តី ប្រពន្ធរបស់លោករិទ្ធី គឺអ្នកស្រី សេង ស្រីនុត អាយុ២៣ឆ្នាំ ជាកម្មករចំណាកស្រុក ដែលត្រឡប់មកកម្ពុជាវិញតំណាលគ្នា ឱ្យដឹងថា អ្នកស្រីមិនទាន់មានលទ្ធភាពរកការងារធ្វើបាននៅឡើយទេ ខណៈគាត់មានបំណុលដែលត្រូវបង់សង។ អ្នកស្រីធ្លាប់ធ្វើការនៅរោងចក្រកែច្នៃខ្ទឹមក្នុងប្រទេសថៃ។
អ្នកស្រី ស្រីនុត រស់នៅប្រទេសថៃបានប្រមាណមួយឆ្នាំដែលរកបានចំណូល ២៤៧ ដុល្លារក្នុងមួយខែ បាននិយាយថា៖ «[ខ្ញុំ] សំណូមពរឱ្យមានការងារច្រើននៅក្នុងស្រុក។ ព្រោះអីការងារមានតិចតួច ហើយអ្នកចំណាកស្រុកមិនមានការងារធ្វើទេ»។ ដោយបន្ថែមថា បើនៅតែរកការងារមិនបាននោះ «ប្រសិនបើជម្លោះចប់ហើយខ្ញុំនឹងទៅវិញ»។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បានសង្កត់ធ្ងន់ថា ពលករចំណាកស្រុកចូលរួមចំណែកមួយដ៏សំខាន់ដល់ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារពួកគេមានចំនួនជិតមួយលាននាក់ ហើយជារឿយៗផ្ញើប្រាក់មកវិញដើម្បីទ្រទ្រង់គ្រួសាររបស់ពួកគេ។
លោកបានជំរុញឱ្យរដ្ឋាភិបាលពិចារណាលើការអនុវត្តថវិកាដើម្បីជួយផ្នែកហិរញ្ញវត្ថុ ពង្រីកវិសាលភាពនៃកម្មវិធីគាំពារសង្គម ដោយកំណត់អត្តសញ្ញាណ និងចុះឈ្មោះពលករចំណាកស្រុកនៅក្នុងប្រព័ន្ធ វាជួយកាត់បន្ថយចំណាយមូលដ្ឋាន និងថ្លៃពិនិត្យនិងព្យាបាលសុខភាព។
រដ្ឋាភិបាលក៏គួរពិនិត្យមើលពលករចំណាកស្រុកដែលមានជំនាញ និងគ្មានជំនាញ ហើយសម្រេចចិត្តថាតើគួរផ្តល់វិញ្ញាបនបត្រទទួលស្គាល់សម្រាប់ជំនាញរបស់ពួកគេ ដោយមិនចាំបាច់ទទួលការបណ្តុះបណ្តាលជំនាញទន់ ឬវិជ្ជាជីវៈក៏ដោយ។ ការណ៍នេះនឹងជួយដល់ការផ្គូផ្គងការងារ មិនតែសម្រាប់អ្នកនៅក្នុងវិស័យសំណង់ កសិកម្ម និងផ្នែកកែច្នៃម្ហូបអាហារនោះទេ។
លោក ថារ៉ូ បានបន្តថា អាទិភាពទីមួយ គឺអាហារ និងទីពីរគឺការងារ ដោយសារពលករភាគច្រើនមិនទាន់ អាចទទួលបានការងារធ្វើ ទោះបីដាក់ពាក្យហើយក្តី។ អាទិភាពទីបីគឺការសងបំណុលរបស់ពួកគេ។ លោកនិយាយដោយផ្អែកលើការស្រាវជ្រាវដើម្បីវាយតម្លៃតម្រូវការជាមូលដ្ឋានរបស់ពលករមកពីប្រទេសថៃ ថា៖ «នៅពេលពួកគាត់បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល គឺគាត់អត់មានលទ្ធភាពសងទៅធនាគារ»។
លោក ថារ៉ូ បានកត់សម្គាល់ឃើញថា ពលករចំណាកស្រុកមួយចំនួនមានបំណងចង់បង្កើនជំនាញវិជ្ជាជីវៈផងដែរ។
លោក ថារ៉ូ បានថ្លែងថា៖ «យើងសង្គេតឃើញថាមានពលករមួយចំនួននៅពេលដែលគាត់ត្រឡប់មក ហើយឱកាសការងារនៅក្នុងស្រុកមានតិចតួច ហើយវាពិបាកសម្រាប់ពួកគាត់ស្វែងការងារដែលត្រឹមត្រូវទៅតាមជំនាញ និងសមត្ថភាពពួកគាត់»។ លោកបានបន្ថែមថា៖ «ប្រសិនបើបញ្ហាព្រំដែននៅតែអូសបន្លាយ ហើយទីផ្សារការងារនៅតែមិនគ្រប់គ្រាន់ បញ្ហានៃការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើដោយប្រថុយប្រថាននេះ វាគឺជានិន្នាការដែលយើងគិតថានឹងមានកាន់តែច្រើនទៅៗទៅថ្ងៃអនាគត ព្រោះការប្រថុយប្រថាននេះពួកគាត់អាចនឹងងាយរកការងារធ្វើបានឆាប់ បើទោះជាពួកគាត់ដឹងពីឱសគ្គនិងហានិភ័យប្រឈមនឹងការចាញ់បោកមេខ្យល់ ការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការចាប់ខ្លួន»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Lack of Social Protection Could Deepen Poverty Among Returning Migrants










