កម្មវិធីបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រដោយមិនគិតថ្លៃដែលផ្តល់ដោយអង្គការក្រៅរដ្ឋាភិបាលនៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យជាង៥៥០សាលា ចាប់ផ្តើមបិទទ្វារកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការបញ្ជាពីក្រសួងអប់រំ។
សាលារៀនដែលត្រូវបានសាងសង់ក្រោមអង្គការដែលជាដៃគូសហការនឹងគ្នាជាមួយ Japan Relief for Cambodia and World Assistance for Cambodia (JRfC-WAfC) គឺជា សាលារៀនមិនមែនស្វែងរកប្រាក់ចំណេញ។ អង្គការនេះបានលើកឡើងនៅលើវេបសាយពីចំនួនសាលារៀនដែលខ្លួនមាន ដោយបកស្រាយថា សាលារៀនទាំងនោះផ្តល់ការបង្រៀនភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ទៅកាន់សិស្សក្រីក្រនៅតំបន់ជនបទ។
លិខិតមួយពីរដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន ចេញកាលពីថ្ងៃទី២ ខែកុម្ភៈ ដែលខេមបូចា បានឃើញកាលពីថ្ងៃចន្ទ បានបញ្ចប់កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលជាមួយអង្គការ JRfC-WAfC ដោយតម្រូវឲ្យអង្គការនេះបញ្ឈប់រាល់សកម្មភាពនានាពាក់ព័ន្ធវិស័យអប់រំរបស់ខ្លួននៅកម្ពុជា។ លិខិត ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយគ្រូបង្រៀន ដែលធ្វើការនៅសាលារៀនរបស់អង្គការនេះ មិនមានបញ្ជាក់ហេតុផលច្បាស់លាស់ណាមួយនៅក្នុងការបញ្ចប់កិច្ចព្រមព្រៀងនោះទេ។
កាលពីថ្ងៃចន្ទ គ្រូបង្រៀនមួយចំនួនខាងលើក៏បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកដោយបង្ហាញនូវរូបថតបុគ្គលិក សិស្ស និងអគារសាលា ដោយបង្ហាញការសោកស្តាយចំពោះការបិទថ្នាក់បង្រៀន។
សារបង្ហោះមួយរបស់លោក ប៊ុន សុខា ដែលជាគ្រូបង្រៀនម្នាក់នៅសាលារៀនមួយរបស់អង្គការខាងលើនៅខេត្តប៉ៃលិនសរសេរថា៖ «បែកទាំងអាល័យ [ហើយ]បន្ទប់រៀននេះលែងមានគ្រូនឹងសិស្សទៀតហើយ។ ១៩ឆ្នាំដើរលើវិថីនេះត្រូវបានបញ្ចប់ដោយគ្មានន័យ»។
លោក Bernard Krisher ដែលជាអ្នកលើកស្ទួយវិស័យព័ត៌មានជាយូរមកហើយ បានបង្កើតអង្គការ JRfC កាលពីឆ្នាំ១៩៩៣ ដើម្បីគៀងគរជំនួយស្តារវិស័យអប់រំនៅកម្ពុជា ដែលកាលពីគ្រានោះបានរងការបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិលរយៈពេល២០ឆ្នាំ។ លោក Krisher គឺត្រូវបានគេស្គាល់ជាស្ថាបនិកកាសែត Cambodia Daily ដែលត្រូវបានបង្ខំឲ្យបិទទ្វារ បន្ទាប់ពីបដិសេធមិនបង់ពន្ធ អំឡុងពេលការបង្រ្កាបដោយរដ្ឋាភិបាល កាលពីឆ្នាំ ២០១៧ មកលើស្ថាប័នសារព័ត៌មាន ស្ថាប័នពាក់ព័ន្ធនឹងនយោបាយ និងសង្គមស៊ីវិល។ លោក Krisher បានទទួលមរណភាពកាលពីឆ្នាំ ២០១៩ ហើយនាពេលបច្ចុប្បន្នកូនស្រីរបស់លោក អ្នកស្រី Deborah Krisher-Steele ជាអ្នកមើលការខុសត្រូវលើអង្គការក្រៅរដ្ឋាភិបាលខាងលើនេះ។
នៅពេលទាក់ទងតាមសារអេឡិចត្រូនិច អ្នកស្រី Krisher-Steele មិនបានធ្វើអត្ថាធិប្បាយអំពីបញ្ហាបិទសាលារៀនទាំងអស់នេះទេ។
លោក ខៀវ តុលា អាយុ ៤០ឆ្នាំ ដែលជាគ្រូបង្រៀនម្នាក់នៅសាលារៀនមួយរបស់អង្គការ JRfC ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយថា លោកអស់សង្ឃឹម នៅពេលដែលថ្នាក់រៀនត្រូវបានបិទទ្វារដោយមិនមានហេតុផលច្បាស់លាស់។ លោកបានបន្តថា សិស្សបានមករៀននៅសាលានេះដោយឥតគិតថ្លៃ នៅក្រៅម៉ោងសិក្សាសាលារដ្ឋ។
លោកបានថ្លែងថា៖ «បន្ទាប់ពីសាលារៀនបានបិទទ្វារ ខ្ញុំឃើញផលប៉ះពាល់មកលើអារម្មណ៍របស់សិស្សដែលរៀនជាមួយ [យើង]» ដោយបន្ថែមថា សាលារៀនអង្គការមួយនេះបានផ្តល់ការបង្រៀនភាសាអង់គ្លេសដល់សិស្ស ដែលប្រហែលមិនមានលទ្ធភាពអាចរៀនបាន។ លោកបានបន្តថា៖ «ខ្ញុំបានបង្រៀននៅទីនេះ ២៣ឆ្នាំហើយមកទល់ពេលនេះ ហើយខ្ញុំសោកស្តាយយ៉ាងខ្លាំង ពីព្រោះខ្ញុំបានប្រឹងអស់ពីកម្លាំងកាយចិត្តដើម្បីជួយសិស្សក្រីក្រ»។
លោកតុលាបានបន្ថែមថា លោកបានបង្រៀននៅសាលារៀនថ្នាក់អនុវិទ្យាល័យរបស់អង្គការ JRfC នៅឃុំតាសាល ដែលមានអគារប្រាំបន្ទប់ ផ្ទុកដោយកុំព្យូទ័រ ម៉ាស៊ីនព្រីន និងបណ្ណាល័យ។
លោក ព្រំ គីមថុន ប្រធានការិយាល័យអប់រំស្រុកឱរ៉ាល់ និយាយថា លោកមិនបានទទួលព័ត៌មានណាមួយពីការបិទទ្វារសាលារៀននោះទេ។ លោកសុំបង្វែរសំណួរទៅកាន់មន្រ្តីមន្ទីរអប់រំខេត្ត តែមន្រ្តីនោះមិនអាចទាក់ទងបាននោះទេ។
គ្រូបង្រៀនដទៃទៀត ដែលធ្លាប់ធ្វើការនៅសាលារៀនគ្រប់គ្រងដោយអង្គការ JRfC បានបង្ហាញការសោកស្តាយស្រដៀងគ្នានេះដូចលោកតុលាផងដែរ។ អ្នកស្រី ទេស សុវណ្ណរេន ដែលធ្វើការរវាងឆ្នាំ ២០០៨ និង ២០២១ នៅសាលាបឋមសិក្សាមួយគាំទ្រដោយអង្គការខាងលើនៅស្រុករវៀង ខេត្តព្រះវិហារ បាននិយាយថា អ្នកស្រីមានភាពសោកសៅ នៅពេលដែលអ្នកស្រីបានឮថា សាលារៀនបានបិទទ្វារ។
អ្នកស្រីបានថ្លែងថា៖ «សាលារៀនបានជួយកុមារជាច្រើន ជាមួយនឹងការបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ ដោយមិនចាំបាច់បង់ប្រាក់»។
នាយកសាលាបឋមសិក្សាលោក ទូច គឹមស្រួន មកពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ឲ្យដឹងថា ក្រសួងអប់រំបានសម្រចបិទកម្មវិធីសាលារៀនរបស់អង្គការក្រៅរដ្ឋាភិបាលមួយនេះ ប៉ុន្តែលោកមិនដឹងពីហេតុផលនៅពីក្រោយនោះទេ។
លោកបានថ្លែងថា៖ «ខ្ញុំទើបតែដឹងកាលពីម្សិលមិញ [ថ្ងៃចន្ទ] បន្ទាប់ពីឃើញសេចក្តីប្រកាសរបស់ក្រសួង ប៉ុន្តែខ្ញុំមិនទាន់ទទួលបានព័ត៌មានណែនាំបន្ថែមទៀតនៅឡើយទេ»។
អ្នកនាំពាក្យក្រសួងអប់រំលោក ឌី ខាំបូលី បានប្រាប់ ខេំបូចា ថា លោកមិនទាន់បានទទួលបានព័ត៌មានអំពីការបិទសាលារៀនរបស់អង្គការ JRfC ប៉ុន្តែនិយាយថា «មិនមានរឿងត្រូវខ្វាយខ្វល់នោះទេ»។
លោកបានថ្លែងថា៖ «ខ្ញុំសូមស្នើថា ប្រសិនបើមិនសំខាន់ មិនចាំបាច់បំផុសបំផុលលើរឿងនោះទេ មានរឿងច្រើនដែលត្រូវផ្សាយ។ ហេតុអីបានចាំបាច់ផ្សព្វផ្សាយរឿងធម្មតាដូចនេះ?»។
រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន មិនអាចទាក់ទងសុំការអធិប្បាយបាននោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Non-governmental network of some 550 rural schools to shut down this week