សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ផ្លូវលំមួយខ្សែទៅកាន់សាលារៀនមួយក្នុងស្រុកភ្នំស្រុក បង្កការលំបាក​ក្នុងការធ្វើដំណើរដល់សិស្ស និងគ្រូ

សិស្សប្រុសម្នាក់ និងអ្នកដំណើរម្នាក់កំពុងបណ្ដើរម៉ូតូ ស្របពេលដែលផ្លូវមានស្ថានភាពរអិលបើកបរ​មិនកើត។ រូបភាពផ្ដល់ឱ្យ
សិស្សប្រុសម្នាក់ និងអ្នកដំណើរម្នាក់កំពុងបណ្ដើរម៉ូតូ ស្របពេលដែលផ្លូវមានស្ថានភាពរអិលបើកបរមិនកើត។ រូបភាពផ្ដល់ឱ្យ

ផ្លូវលំមួយខ្សែដែលជាមធ្យោបាយតែមួយគត់សម្រាប់សិស្សានុសិស្ស និងគ្រូ ធ្វើ​ដំណើរ​ទៅ​វិទ្យាល័យ ណាំតៅ ស្ថិតឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កំពុង​បង្ក​ការ​លំបាក​ដល់ការធ្វើដំណើរ ដោយសារតែស្ថានភាពដីរអិល ខណៈ​ក្រុមហ៊ុន​ដែលដេញ​ថ្លៃគម្រោង​សាងសង់ផ្លូវនេះ មិនទាន់បញ្ចប់ការសាងសង់។

យោងតាមវីដេអូមួយដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់គ្រូបង្រៀនមួយរូប​ដែលមាន​រយៈពេលជាង៤នាទី កាលពីថ្ងៃទី២៨ ខែកក្កដា បានឱ្យដឹងថា សិស្សានុសិស្ស​ដែល​ធ្វើ​ដំណើរ​តាមគោយន្តដើម្បីមករៀន បានរអិលគោយន្ត​ហើយបង្ក​ឱ្យមានរបួសដល់​សិស្ស​៣នាក់​។​ គ្រូបង្រៀនរូបនេះ បានលើកឡើងទៀតថា អ្វីដែលលោកបារម្ភនោះ គឺសុវត្ថិភាពសិស្ស ដែលធ្វើដំណើរមកសាលា ខណៈរអិលខ្លាំង ភ្លៀងធ្លាក់រាល់ថ្ងៃ បង្កការលំបាកដល់​អ្នកធ្វើ​ដំណើរ​ទាំងឡាយ។

លោក មឿន កម្សត់ លើកឡើងថា៖ «ឥឡូវសូមឱ្យអាជ្ញាធរមើលនេះ មើលអ្វីដែលជាភាព​ជាក់​ស្ដែង អ្វីដែលខ្ញុំបារម្ភ គឺរឿងហ្នឹងឯង ខ្ញុំបារម្ភប៉ុន្មានថ្ងៃហើយរឿងខ្លាចធ្លាក់គោយន្តដោយសារ​តែផ្លូវរអិល»

លោក កម្សត់ បន្តថា ក្រុមហ៊ុនដែលទទួលម៉ៅការសាង់សង់ផ្លូវ និងអាជ្ញាធរពាក់ព័ន្ធ គប្បី​ពន្លឿនការសាង់សង់ ដើម្បីបញ្ចៀសនូវបញ្ហាដល់អ្នកធ្វើដំណើរ ពិសេស សិស្សដែលទៅ​រៀន​នៅវិទ្យាល័យ ណាំតៅ។

លោក កម្សត់ បញ្ជាក់ថា៖ «ក្មេងៗគាត់បើកគោយន្តមករៀន ដោយហេតុតែចង់មករៀន ឥឡូវ​គ្រោះថា្នក់។ ចឹងលោកអ្នកម៉ៅការ និងអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះ​ឱ្យបាន​លឿន​បំផុត»

លោក កម្សត់ ឱ្យដឹងថា ជានិច្ចជាកាលសិស្សដែលធ្វើដំណើរមករៀនតែងតែដួលរបួសតិច ឬ​ច្រើន​តែងតែមានរាល់ថ្ងៃ ដែលបញ្ហានេះជាអ្វីដែលោកបារម្ភចំពោះកូនសិស្សតូចៗ ហើយ​ខាត​បង់ទាំងពេលវេលាបង្រៀនសិស្ស ហើយសិស្សក៏រៀនមិនបានទៀងទាត់ និងគ្រប់ម៉ោង។

លោកបានបន្តទៀតថា៖ «គ្រោះថ្នាក់កើតរាល់ថ្ងៃរបកដៃរបកជើង ហើយវាខាតពេលវេលា​ទាំង​គ្រូ​ទាំងសិស្ស ប៉ះពាល់ដល់ការសិក្សាខ្លាំង អស់អារម្មណ៍រៀន និងបង្រៀន ខូចខាតម៉ូតូ​ជា​ដើម»

លោកក៏បានសាទរដែលអាជ្ញាធរស្ថាបនាផ្លូវថ្មីជូនពលរដ្ឋ ប៉ុន្តែគប្បីពន្លឿនការសាង់សង់ ពុំគួរធ្វើពាក់កណ្ដាលទីហើយទុកចោលដូច្នេះទេ។

លោក កម្សត់ បានបន្ថែមថា៖ «អាជ្ញាធរជួយសម្រួលធ្វើផ្លូវឱ្យលឿនជាងហ្នឹង។ បញ្ហា​ទាំង​អស់​ហ្នឹង គឺដោយសារផ្លូវហ្នឹងហើយ បើពីមុនផ្លូវហ្នឹងជាគ្រួសក្រហម អត់ដែលមានបញ្ហាអី អត់​មាន​គ្រោះថ្នាក់កើតឡើងទេ»។

សិស្សានុសិស្ស ដោះស្បែកជើងដើរឆ្លងកាត់ផ្លូវដែលរអិល ដើម្បីទៅរៀននៅវិទ្យាល័យ ណាំតៅ ខណៈផ្លូវកំពុងសាងសង់មិនទាន់រួចរាល់។ រូបភាពផ្ដល់ឱ្យ

គ្រូបង្រៀនមួយរូបទៀត សុំមិនបញ្ចេញឈ្មោះដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បាន​ថ្លែង​ប្រាប់ ខេមបូចា ថា ផ្លូវលំមួយខ្សែ​នោះ​ត្រូវបានប្រគល់សិទ្ធិឱ្យក្រុមហ៊ុន​មួយមក​សាងសង់មួយ​ឆ្នាំ​មកហើយ មកទល់ពេលនេះ​មិន​ទាន់​បញ្ចប់ការសាងសង់នៅឡើយទេ។ គ្រូបង្រៀនរូបនោះ​បន្ថែមថា នៅរដូវវស្សាភ្លៀងធ្លាក់​ជាប់ៗ​គ្នា​ធ្វើឱ្យការធ្វើដំណើររបស់សិស្សមានឧបសគ្គ ត្បិតផ្លូវ​មានស្ថានភាពរអិលខ្លាំង សូម្បី​តែរូបលោកជាគ្រូបង្រៀនក៏ជិះគោយន្តមកបង្រៀនសិស្សដែរ។ លោកស្នើសុំឱ្យអាជ្ញាធរ​ពន្លឿន​ការសាង់សង់ផ្លូវនេះឱ្យបានឆាប់រហ័ស ដើម្បីជា​ប្រយោជន៍​ដល់​សិស្សានុសិស្សអាច​ធ្វើដំណើរទៅរៀនដោយសុវត្ថិភាព។

គ្រូបង្រៀនរូបនោះថ្លែងថា៖ «ពេលមេឃភ្លៀងមិនអាចជិះកង់ ឬម៉ូតូមករៀនបានទេ សិស្សត្រូវ​បង្ខំចិត្តបើកគោយន្តតាមភូមិមករៀនប្រមាណ៨គីឡូ។ ខ្ញុំចង់ឱ្យគាត់ពន្លឿនការសាង់ងសង់ ពីមុនបោះឆ្នោតរហូតដល់ឥឡូវអត់ឃើញមានដំណើរការសាងសង់ទេ»

លោកបន្តថា ដើម្បីសម្រួលការធ្វើដំណើរ អាជ្ញាធរអាចចាក់គ្រួសក្រហមបណ្ដោះអាសន្ន ដើម្បី​ឱ្យសិស្សអាចធ្វើដំណើរទៅដោយមិនចាំបាច់ប្រើគោយន្តដែលអាចរអិលបណ្ដាលឱ្យគ្រោះ​ថ្នាក់​​ដល់ជីវិតបាន។

លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថាបានជាគ្រោះក្រហមបណ្ដោះអាសន្នសិនល្អ ម្យ៉ាងក្រុមហ៊ុន​ហ្នឹង​អត់ធ្វើអីទេ មុនបោះឆ្នោតចាក់ដីម្ដងហើយ ក្រោយបោះឆ្នោតហើយមិនដឹងក្រុមហ៊ុននៅ​ឯណា​ឯណីទេ»។

បច្ចុប្បន្ននេះ វិទ្យាល័យ ណាំតៅ មានសិស្សកំពុងសិក្សាប្រមាណ៤០០នាក់ ដោយសារតែ​សាលា​នេះមានការខ្វះខាត និងស្ថិតក្នុងតំបន់ដាច់ស្រយាលផងដែរ។ ប៉ុន្តែអ្វី​ដែល​គ្រូបង្រៀន​នៅទីនោះចង់បាន គឺផ្លូវធ្វើដំណើរស្អាត និងមានគុណភាពសម្រាប់ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស។

នាយកវិទ្យាល័យ ណាំតៅ លោក ហេង​ សុឡា ប្រាប់ឱ្យដឹងថា ផ្លូវលំមួយខ្សែនេះមាន​ប្រវែង​ប្រមាណ៣គីឡូម៉ែត្រ បច្ចុប្បន្នបាននឹងកំពុងសាងសង់ហើយ ប៉ុន្តែលោកស្នើ​សុំឱ្យ​ក្រុមហ៊ុន​ដែលម៉ៅការការសាងសង់នោះ បញ្ចប់ឱ្យបានលឿន ដើម្បីឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ​បានធ្វើដំណើរ ដោយសុវត្ថិភាព។

លោក សុឡា លើកឡើងថា៖ «រឿងផ្លូវហ្នឹងត្រូវការចាំបាច់ ដល់ខែនេះរដូវភ្លៀង ក្រុមហ៊ុន​គាត់ចាក់ដីឥដ្ឋចោល ភ្លៀងមកបែកវល់ បើដើរៗមិនរួចផង ដួលពេញហ្នឹង»។

យ៉ាងណាមិញបញ្ហាលំបាកក្នុងការធ្វើដំណើរនេះ លោក សុឡា បានជម្រាបទៅ​កាន់អាជ្ញាធរ​ពាក់ព័ន្ធផងដែរ ហើយរំពឹងថានឹងមានចំណាត់ការបន្ទាន់។

សិស្សប្រុសម្នាក់ និងអ្នកដំណើរបណ្ដើរម៉ូតូទាំងត្រដាបត្រដួស ដោយសារតែផ្លូវស្អិត ផងរអិលផង មិនអាចបើកបរបាន។ រូបភាពផ្ដល់ឱ្យ

អភិបាលស្រុកភ្នំស្រុក លោក ជូ បុត្រ  ស្នើឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់ ខណៈក្រុមហ៊ុន​ដែល​ម៉ៅការ​កំពុងសាងសង់ជាដំណាក់កាល ហើយនៅអាទិត្យក្រោយក្រុមការងារនឹងមក​ចាក់គ្រួស​នៅលើផ្លូវដែលបានចាក់គ្រឹះរួច។

លោក ជូ បុត្រ បន្ថែមថា៖ «ផ្លូវហ្នឹងគេកំពុងតែធ្វើ អាទិត្យក្រោយគេនឹងចាក់គ្រួស ការធ្វើគេមានបែបបទ​ត្រឹមត្រូវពីមួយជំហានទៅមួយជំហាន»

មន្រ្តីសម្របសម្រួលនៃអង្គការលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក ផុន  ឈិន លើក​ឡើង​ថា នៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិតែងទទួលបានថវិកាអភិវឌ្ឍន៍​ឃុំសង្កាត់​នៅតាម​គម្រោង និងកញ្ចប់ថវិកាប្រចាំឆ្នាំ ដូច្នេះ​ អាជ្ញាធរគប្បីប្រើប្រាស់​លុយទាំងនោះឱ្យមាន​ប្រសិទ្ធភាព ហើយបើខ្វះខាតគួរកៀរគរឱ្យមានការចូលរួមពីប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន​ខ្លះ។

លោកបានបញ្ជាក់ថា៖ «មួយឆ្នាំៗយើងតែងឃើញក្រសួងមហាផ្ទៃ ឬថ្នាក់ជាតិទម្លាក់ថវិកា​ឱ្យ​ថ្នាក់ក្រោមជាតិ ពិសេស រដ្ឋបាលឃុំសង្កាត់គាត់មានកញ្ចប់ថវិកា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។ ក្នុងករណីការប្រើប្រាស់ថវិកាមិនគ្រប់គ្រាន់ អាជ្ញាធរគួរកៀរគរពីសំណាក់​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន»

243 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម