ក្រសួងអប់រំបានដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសថ្ងៃនេះបន្ទាប់ពីស្ថានភាពកូវីដនៅក្នុងប្រទេសកម្ពុជាបានធូរស្រាល។ ការប្រឡងនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ ២០២១។
យុវសិស្ស ហោ ឃុយគីម អាយុ ១៧ ឆ្នាំ ជាសិស្សមកប្រឡងបាក់ឌុបនៅសាលាបឋមសិក្សាចតុមុខ បានប្រាប់ថា ដំណើរការប្រឡងនាព្រឹកថ្ងៃទី១ មានភាពរលូនជាធម្មតា ហើយការរិតបន្ទឹងនៅតែមានដូចឆ្នាំមុនដូច្នេះដែរ ក្នុងនោះវិធានការការពារកូវីដ១៩ក៏ត្រូវបានអនុវត្តយ៉ាងតឹងរឹងផងដែរ។
យុវសិស្ស ឃុយគីម បានបន្តថា រូបគេសប្បាយចិត្តជាធម្មតា ព្រោះរូបគេបានត្រៀមខ្លួនហើយសម្រាប់ការប្រឡងនេះ ហើយប្រសិនបើក្រសួងឱ្យជាប់ដោយស្វ័យប្រវត្តិដូចកាលឆ្នាំមុនក៏រូបគេមិនចាត់ទុកថាជាបញ្ហាដែរ។
បេក្ខជនរូបនេះនិយាយថា៖ «ខ្ញុំធម្មតា យ៉ាងម៉េចក៏បាន! ព្រោះបើប្រឡងក៏គ្មានបញ្ហា ព្រោះខ្ញុំរៀនចេះមេរៀន និងមានសមត្ថភាពទៅប្រឡងមិនសូវភ័យទេ»។
យុវសិស្សរូបនេះ រំពឹងថា ក្រសួងអប់រំនឹងធ្វើការកែវិញ្ញាសាប្រកបដោយតម្លាភាព ត្បិតបេក្ខជនប្រឡងឆ្នាំនេះពិតជាបានខិតខំប្រឡងចេញពីសមត្ថភាព ទោះបីឆ្លងកាត់បញ្ហាកូវីដ១៩ក្ដី។
ចំណែកយុវតី សួន យីចាន់ អាយុ១៨ឆ្នាំ ជាសិស្សរៀននៅសាលាប៊ែលធីអន្តរជាតិ បាននិយាយថា រូបគេមកប្រឡងព្រឹកនេះហាក់ភ័យបន្តិចដែរ ដោយសារតែជាលើកទី១ ពិសេសគឺការរៀនអនឡាញមិនបានដិតដល់ តែគេនៅតែអះអាងថា អាចធ្វើបានល្អសម្រាប់ការប្រឡងនេះ។
យុវតី យីចាន់ ឱ្យដឹងថា៖ «ប្រឡងព្រឹកនេះរាងភ័យបន្តិច ដោយសារតែរៀនអនឡាញ ខ្លាចធ្វើមិនបានល្អ តែវិញ្ញាសាចេញមកអត់អីដែរ ខ្ញុំអាចធ្វើបាន»។
យុវតីរូបនេះបន្តថា ការប្រឡងផ្ទាល់នេះគឺបានឱ្យសិស្សានុសិស្សបញ្ចេញសមត្ថភាពពិត និងបានដឹងនិទ្ទេសពិតប្រាកដ ប៉ុន្តែបើក្រសួងឱ្យសិស្សជាប់អូតូក៏មិនជាបញ្ហាសម្រាប់រូបគេដែរ។
យុវតីមួយរូបទៀត គឺសំអឿន សុខស្រីណែត អាយុ១៨ឆ្នាំ រៀននៅវិទ្យាល័យចាក់អង្រែ ក៏បានអះអាងស្រដៀងសិស្សានុសិស្សផ្សេងទៀតដែរ ថាការប្រឡងថ្ងៃទី១នេះ រូបគេមានការភ័យខ្លះដែរ តែគេសប្បាយចិត្តដែលបានប្រឡងផ្ទាល់ដើម្បីបញ្ចេញសមត្ថភាពពិតក្រោមការរៀនសូត្ររយៈពេល១២ឆ្នាំកន្លងមក។
ស្រីណែតបន្តថា៖ «បើក្រសួងឱ្យជាប់អូតូ គឺមិនបានបញ្ចេញសមត្ថភាពពិតប្រាកដទេ និយាយរួមគឺថាជាប់អូតូគឺជាប់ដោយឥតមាននិទ្ទេស ហើយមិនមានអ្នកជឿលើសមត្ថភាពយើងទេ»។
ស្រីណែតបន្ថែមថា ស្ថានភាពក្នុងបន្ទប់ប្រឡងវិញ គឺមានភាពប្រក្រតី មានទាំងអ្នកសង្កេតការ អនុរក្ស យកចិត្តទុកដាក់ចំពោះបេក្ខជនប្រឡងដូចឆ្នាំសព្វមួយដងដែរ។
រដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តម ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ ខណៈគាត់បានទៅចូលរួមបើកវិញ្ញាសាប្រឡងនៅសាលាវិទ្យាល័យព្រះស៊ីសុវត្ថិថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំសិក្សា២០២១-២០២២ មានចំនួន ១១៤ ០០០នាក់ ក្នុងនោះមាន២០៤មណ្ឌល សិស្សថ្នាក់វិទ្យាសាស្រ្តមានប្រមាណ៣៥% និងសិស្សថ្នាក់សង្គមចំនួន៦៥%។
លោកបានឱ្យដឹងទៀតថា អ្វីដែលជាការព្រួយបារម្ភរបស់ក្រសួងគឺ ជំងឺកូវីដ១៩ ក៏ប៉ុន្តែបច្ចុប្បន្នរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការណ៍បាន ដូច្នេះដំណើរការនៃការប្រឡងបាក់ឌុប គឺមានភាពប្រក្រតី សឹងតែដូចពេលមិនទាន់មានជំងឺកូវីដ។
លោកមានប្រសាសន៍ថា៖ «ក្រសួងនៅតែតម្រូវឱ្យបុគ្គលិកអប់រំ ពិសេសសិស្សានុសិស្ស ត្រូវគោរពតាមបទបញ្ញាត្តិរបស់ក្រសួងសុខាភិបាល និងបទដ្ឋានក្រសួងអប់រំ។ ចឹង ដំណើរការឃើញថាដូចប្រក្រតី មិនមានសញ្ញាអ្វីគួរឱ្យព្រួយបារម្ភឡើយ»។
លោកថា ការបើកសាលាឡើងវិញគឺជា លក្ខខណ្ឌចំាបាច់ដែលមិនអាចខ្វះបាន នៃការបើកដំណើរការជីវភាពឡើងវិញ ប្រសិនបើក្រសួងមិនអាចបើកសាលាឡើងវិញទេ ប្រជាជនមិនអាចធ្វើការប្រកបការងារបានទេ។
លោកណារ៉ុន បន្ថែមថា ក្នុងចំណោមបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជន២នាក់វិជ្ជមានកូវីដ១៩ ក្នុងនោះមានម្នាក់វិជ្ជមានអូមីក្រុង ក៏ទទួលបានសិទ្ធប្រឡងសញ្ញាបត្របាក់ឌុបនៅមណ្ឌលព្យាបាលជំងឺរបេង និងហង់សិន ហើយវិញ្ញាសារបស់ពួកគេនឹងកែពិសេសផងដែរ។
លោក ណារ៉ុន ក៏បានបញ្ជាក់ដែរថា ការធ្លាក់ចុះនៃបេក្ខជនប្រឡងបាក់ឌុបនាឆ្នាំនេះគឺដោយសារតែឆ្នាំមុនក្រសួងឱ្យសិស្សជាប់ដោយស្វ័យប្រវត្តិ ដូច្នេះមិនមានសិស្សស្វ័យរិន្ទមកប្រឡងនៅឆ្នាំនេះទេ។
លោកឱ្យដឹងថា៖ «ចំនួនសិស្សវាមិនបាត់ទៅណាទេ ប្រហាក់ប្រហែលគ្នាទេ តែចំនួនបេក្ខជនស្វ័យរិន្ទធ្លាក់ចុះដោយសារតែជាប់ទាំងអស់គ្នា»។
ចំណែកកម្រិតនៃវិញ្ញាសាឆ្នាំនេះ គឺមានស្ដង់ដារដូចគ្នានឹងឆ្នាំកន្លងទៅដែរ ហើយការប្រឡងផ្ទាល់នាឆ្នាំនេះ គឺដោយសារក្រសួងមិនចង់ឱ្យសិស្សានុសិស្សអាក់អន់ចិត្តខណៈពួកគេប្រឹងប្រែងរៀន តែបែរជាជាប់ដោយស្វ័យប្រវត្តិមិនមាននិទ្ទេសបញ្ជាក់ពីសមត្ថភាព។
អង្គុយរង់ចាំកូនក្បែរចំណតឡានក្រុងមុខសាលាបឋមសិក្សាចតុមុខ ស្រ្តីម្នាក់ជាម្ដាយរបស់សិស្សប្រឡងថ្នាក់ទី១២ គឺលោកស្រី អ៊ុំ សុផល អាយុ៥៥ឆ្នាំ រស់នៅខណ្ឌដង្កោ បានរៀបរាប់ទាំងទឹកមុខសង្ឃឹមថា កូនខ្លួននឹងប្រឡងជាប់បាននិទ្ទេសល្អ ត្បិតការប្រឡងឆ្នាំនេះមិនមែនជាការជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុនៗ ដូច្នេះកូនរបស់លោកស្រីបានបញ្ចេញសមត្ថភាពពិត។
ក្នុងនាមជាម្ដាយម្នាក់ អ្នកស្រី សុផល បានឱ្យដឹងទៀតថា ត្បិតតែមានបញ្ហាកូវីដ សាលាបានផ្អាក តែកូនស្រីរបស់លោកស្រីប្រឹងប្រែងរៀនស្ទើតែគ្មានពេលសម្រាក តស៊ូជំនះរៀនតាមប្រព័ន្ធអនឡាញ ដើម្បីត្រៀមសម្រាប់ការប្រឡងនាឆ្នាំនេះ។
លោកស្រីបានថ្លែងឱ្យដឹងថា៖ «ខ្ញុំសប្បាយចិត្តណាស់ កូនខ្ញុំបានមកប្រឡងផ្ទាល់ ហើយសង្ឃឺមថាកូនខ្ញុំនឹងប្រឡងបានជោគជ័យ ដោយសារកូវីដហ្នឹងមិនបានរៀនដិតដល់ជួនកាលរៀនៗដាច់សេវាចឹងទៅ ចឹងសង្ឃឹមថាក្រសួងនឹងបន្ធូរបន្ថយឱ្យក្មេងជាប់បានច្រើន»។
ទន្ទឹមនឹងការសប្បាយចិត្ត អ្នកស្រីសុផល ក៏មានការបារម្ភនឹងបញ្ហាកូវីដ១៩ខ្លះដែរ តែកូនរបស់លោកស្រីបានការពារខ្លួនដោយមានការពាក់មាស់និងអាល់កុលផងដែរ ចំណែកក្រសួងក៏បានដាក់វិធានការការពារបានត្រឹមត្រូវផងដែរ។
ដោយឡែកលោក ហឹម សុវណ្ណារ៉ា អាយុ៥៥ឆ្នាំ រស់នៅខណ្ឌដង្កោ ក៏បានរង់ចាំកូនចេញពីប្រឡងបានឱ្យដឹងដែរថា សម្រាប់រូបលោកពិតជារំភើបដែលកូនខ្លួនបានមកប្រឡងសញ្ញាបត្រទី១២ផ្ទាល់ដើម្បីសាកល្បងសមត្ថភាព ដែលខំរៀនតស៊ូយ៉ាងលំបាកក្នុងកំឡុងកូវីដ១៩។
លោកថ្លែងថា៖ «រំភើបខ្លាំងណាស់! រំភើបម៉េច គឺថាបានប្រឡង ទោះធ្លាក់អន់ខ្សោយអី គឺបានដឹងសមត្ថភាពពិតៗហ្មង!»។
លោកឲ្យដឹងថា ប្រសិនបើក្រសួងឱ្យសិស្សានុសិស្សថ្នាក់ទី១២ជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុន រូបលោកជាអាណាព្យាបាលមួយរូប ពិតជាខកចិត្តត្រង់ថា កូនខ្លួនប្រឹងរៀនណាស់ បើជាប់ស្រាប់មែនកូនខ្លួនប្រាកដជាតូចចិត្តមិនខាន។
លោកសុវណ្ណារ៉ា បន្តថា៖ «កូនខ្ញុំប្រឹងរៀនទល់យប់ ថ្ងៃខ្លះរៀនៗគ្មានសេវាក៏មាន បើឱ្យជាប់អូតូដូចឆ្នាំមុន ក្មេងវាមានអារម្មណ៍មិនរំភើបក្នុងការសិក្សាទេ»។
លោកបន្ថែមទៀតថា បើក្រសួងឱ្យសិស្សជាប់អូតូទាំងអស់ សិស្សដែលខំរៀនគឺតូចចិត្ត ហើយ មិនចង់ជាប់បែបហ្នឹងទៀតទេ ព្រោះគេចង់ដឹងលទ្ធផលប្រឡងចេញពីសមត្ថភាពពិត។ យ៉ាងណាមិញ ក្នុងនាមជាឪពុកមួយរូប លោករំពឹងថា ការកែវិញ្ញាសា ដាក់ពិន្ទុសិស្សក្នុងការប្រឡងឆ្នាំនេះនឹងដំណើរការដោយភាពត្រឹមត្រូវ និងសុក្រឹត។
មិនខុសពីឪពុកម្ដាយឯទៀត អ្នកស្រី ទឹម សុផល ដែលមានអាយុ៦៨ឆ្នាំ បានជូនចៅស្រីមកប្រឡងនៅម៉ោង៥ព្រឹក នៅសាលាបឋមសិក្សាចតុមុខ ដោយបានវេចខ្ចប់បាយម្ហូបនំចំណីសម្រាប់ចៅ។
អ្នកស្រី សុផល បានរៀបរាប់ទាំងទឹកមុខញញឹមពព្រាយថា សប្បាយចិត្តដែលចៅស្រីខ្លួនមកប្រឡងផ្ទាល់បញ្ចេញសមត្ថភាព បើទោះបីជាស្ថិតក្នុងបរិបទកូវីដ១៩ក្ដី ហើយអ្នកស្រីមិនសប្បាយចិត្តឡើយប្រសិនបើក្រសួងឱ្យជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុន។
អ្នកស្រីនិយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់! ព្រោះអីតាមសមត្ថភាពរបស់ចៅ យើងដឹងថា គាត់រៀនបានល្អ មិនល្អ។ ហើយមិនសប្បាយចិត្តទេបើឱ្យជាប់អូតូ ព្រោះអីអត់បានដឹងតំរិះចៅវាពូកែឬមិនពូកែ»។
អ្នកស្រីរូបនេះ បានបន្តទៀតថា ចៅរបស់អ្នកស្រីនឹងទទួលបាននិទ្ទេសល្អ ហើយក៏រំពឹងទៀតថា ក្រសួងនឹងកែវិញ្ញាសាដោយភាពសុក្រឹតផងដែរ។
ចំណែក អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា ក៏បានលើកឡើងដែរថា ក្រសួងអប់រំ បានរំកិលកាលបរិច្ឆេទប្រឡងបាក់ឌុបមកថ្ងៃ២៧-២៨ ធ្នូ ២០២១ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង។
លោកមានប្រសាសន៍ថា៖ «ទោះមានវត្តមានកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការរៀន និងបង្រៀននៅតែមានដំណើរការនៅទូទាំង២៥ខេត្ត-រាជធានី តាមបែបចម្រុះគឺសិស្សរៀនតាមបណ្តុំតូចៗនៅទីតាំងសមស្រប តាមអនឡាញ តាមទូរទស្សន៍-វិទ្យុ អមដោយក្រដាសកិច្ចការជំនួយ និងសៀវភៅសិក្សាគោល ដោយអនុវត្តវិធានការសុខាភិបាល»។
លោកបន្តថា ការចេញវិញ្ញសាអនុវត្តតាមយន្តការកន្លងមកដោយក្រុមការងារជំនាញចេញវិញ្ញាសាអំពីមេរៀនដើមឆ្នាំ កណ្តាលឆ្នាំ និងចុងឆ្នាំនៃកម្មវិធីសិក្សា។ ដូចនេះ ក្រសួងរំពឹងទុកថា បេក្ខជនប្រឡងអនុវត្តផែនការបុគ្គលត្រៀមប្រឡងបាក់ឌុបរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលសមតាមការខិតខំប្រឹងប្រែងរបស់បេក្ខជន។
ក្នុងនោះដែរ គេសង្កេតឃើញថា បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពនៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរនាព្រឹកនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ មើលឃើញថា ការប្រឡងបាក់ឌុបនាឆ្នាំនេះ ក្រសួងអប់រំបានធ្វើល្អហើយ តែលោកស្រីនៅតែបារម្ភនឹងបញ្ហាកូវីដ១៩ ចំពោះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល។
លោកស្រីថ្លែងថា៖ «ខ្ញុំនៅតែបារម្ភ! បារម្ភពីសុវត្ថិភាពរបស់សិស្សានុសិស្ស ដែលមុនពេលប្រឡង និងពេលសម្រាកក្រោយប្រឡង មានការហូបចុកពពាក់ពពួន ហ្នឹងហើយដែលយើងមានការបារម្ភ»។
លោកស្រីឆាយ៉ាវី សង្ឃឹមថា ក្រសួងនឹងយកចិត្តទុកដាក់ខ្លាំងជាងនេះ ត្បិតអីថ្មីៗនេះមានមេរោគកូវីដប្រភេទថ្មីឆ្លងសាហាវជាងមុន បើទោះបីជាមានប្រជាជនភាគច្រើនបានចាក់វ៉ាក់សាំងហើយក្ដី។
យ៉ាងណាមិញ លោកស្រី ឆាយ៉ាវី ក៏បានឱ្យដឹងទៀតថា កន្លងមកក៏មានការបែកធ្លាយវិញ្ញាសា ផងដែរ តែឆ្នាំនេះមិនទាន់ឃើញមានភាពមិនប្រក្រតីណាមួយកើតឡើងទេ។
ទោះបីជាយ៉ាងណាក្ដី ក្នុងថ្ងៃទី១នៃការប្រឡងបាក់ឌុបឆ្នាំនេះ ក្រៅតែពីវត្តមានកងកម្លាំងសមត្ថកិច្ច ក្រុមរក្សាសណ្ដាប់ធ្នាប់ អ្នកសង្កេតការ លោកគ្រូអ្នកគ្រូអនុរក្ស គេសង្កេតឃើញថា មានវត្តមានដ៏ច្រើនពីសំណាក់ក្រុមសហភាពសហព័ន្ធយុជនកម្ពុជាផងដែរ ជួយសម្រួលក្នុងដំណើរការនៃការប្រឡង។
កាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលឲ្យដឹងថា អ្នកឆ្លងកូវីដ-១៩ មាន១៥ករណីថ្មីដែលជាករណីនាំចូលទាំងអស់។ ចំនួននេះធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ១២០ ៤៦៤ករណី គិតចាប់ពីមានការឆ្លងរាលដាលកូវីដ-១៩ ដើមឆ្នាំ២០២០ មក។ ករណីឆ្លងភាគច្រើន កើតមានក្រោយពីព្រឹត្តិការណ៍២០ កុម្ភៈ ពេលដែលកម្ពុជាមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងនោះមានចំនួនអ្នកនាំចូលសរុប ១៩៨៨៨ករណី។ ក្រសួងឲ្យដឹងដែរថា អ្នកជាសះស្បើយមានចំនួន ១១៦ ៨៧៤នាក់ និងអ្នកស្លាប់មានចំនួន៣ ០០៩នាក់។