សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វិទ្យាល័យព្រះស៊ីសុវត្ថិ បានក្លាយជាសាលារដ្ឋដំបូងគេដែលដាក់ឱ្យសិស្សហាត់គុនខ្មែរ តែក្រសួងអប់រំបារម្ភខ្លាចធ្វើខុសទិសដៅ

យុវតី សុវណ្ណ មាលា និងសិស្សផេ្សងទៀតនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ហាត់ដាល់ និងទាត់បាវសាក់ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)
យុវតី សុវណ្ណ មាលា និងសិស្សផេ្សងទៀតនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ហាត់ដាល់ និងទាត់បាវសាក់ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

ការដណ្តើម​បានមេដាយមាស​១៤ ប្រាក់៣ និងមេដាយសំរឹទ្ធ​២ ពី​​ការ​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នេះជា​លទ្ធផល​ដ៏​ត្រចះ​ត្រចង់ជា​ប្រវត្តិសាស្រ្ត ដែល​​ក្រុម​កីឡាករ កីឡាការិនី​ប្រដាល់​គុនខ្មែរ បានរួមគ្នា​បង្កើត​​ឱ្យ​មាន​ឡើង សម្រាប់​ការ​ដាក់«គុនខ្មែរ» ទៅ​ក្នុង​ស៊ីហ្គេម ជា​លើក​ដំបូង។​

បន្ថែម​ទៅលើ​ការ​​ទទួល​បានជោគ​ជ័យ​យ៉ាង​ធំធេង ក្នុងពេល​កម្ពុជាធ្វើជាម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ​២០២៣ (Sea Games 2023) ជាប្រវត្តិសាស្រ្ត​លើកដំបូង កាលពី​ខែឧសភា​នោះ កីឡាអត្តសញ្ញាណ​ជាតិ «គុនខ្មែរ» បាន​ឈានដល់​ការ​បង្កើត​នូវសករាជថ្មី​មួយ​ទៀត គឺ​ការ​​ពង្រីក​ខ្លួន​នៅ​ក្នុង​សាលា​រដ្ឋ​ជា​លើកដំបូងនៅ​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បន្ទាប់មានការឯកភាពពីនាយកសាលា​​​​ និងមានកិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយ​​ក្លិប​ប្រដាល់​​គុនខ្មែរ​អន្តរជាតិ (Kun Khmer International Fight-KKIF)នោះ។

ការពិភាក្សា​ក្នុងការដាក់​កម្មវិធីហ្វឹក​ហាត់ប្រដាល់គុនខ្មែរ នៅក្នុង​សាលា​រដ្ឋ​នេះ ត្រូវបាន​ធ្វើ​ឡើង​ក្រោមគំនិត​ផ្តួច​ផ្តើម​របស់លោក ស្រី ចាន់ថន ម្ចាស់​ក្លិប​ប្រដាល់​គុនខ្មែរ​អន្តរជាតិ និង​លោក មូល ស៊ុយហេង នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បន្ទាប់ពី​ភាគី​ទាំង​២ បានជួបពិភាក្សា​គ្នា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៣។

ជាលទ្ធផល​នៃ​ការពិភាក្សា​នោះ សាលាវិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ក្លិប​ប្រដាល់​គុនខ្មែរ​អន្តរជាតិ បានឈាន​ដល់​ការ​​រៀបចំពិធីចុះឈ្មោះ និង​ប្រកាស​ដាក់ «គុនខ្មែរ» ឱ្យ​មានការ​ហ្វឹកហាត់​នៅ​ក្នុងសាលា​រដ្ឋ​មួយនេះ កាលពី​ថ្ងៃទី​១ ខែកក្កដា  ដោយមាន​សិស្សានុសិស្ស​​បានចុះ​ឈ្មោះ​ចូល​ហ្វឹក​ហាត់ជា​ច្រើន។

ជាសិស្ស​ស្រី​ម្នាក់ ដែល​បាន​ចុះ​ឈ្មោះ​មុនគេ ដើម្បី​ចូល​រួម​​ហាត់​ប្រដាល់​គុនខ្មែរ នៅ​ក្នុង​សាលា​​រដ្ឋ​នេះ សុវណ្ណ មាលា បាន​បង្ហាញ​ភាព​សស្រាក​សស្រាំ​ខ្លាំង ក្នុង​ការ​ហ្វឹក​ហាត់​សាក​ល្បង ជាមួយ​ក្រុម​គ្រូបង្វឹក​មកពី​ក្លិប​ KKIF កាល​ពី​ព្រឹក​ថ្ងៃចន្ទ​ ទី​១ កក្កដា​នោះ ព្រោះ​នាង​គិត​ថា នេះជាការ​ចាប់​ផ្តើម​ដ៏​មាន​សារៈសំខាន់​របស់​សិស្សានុសិស្ស​ក្នុងការ​ចូលរួម​អភិរក្ស និងអភិវឌ្ឍ​​គុនខ្មែរ ដែលជា​ក្បាច់​គុន​បន្សល់​ទុកពី​ដូនតា​ខ្មែរ​ឱ្យ​កាន់តែ​មាន​ភាព​ផុសផុល​ថែម​ទៀត។

សិស្សថ្នាក់ទី​១១​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​រូប​នេះ បាន​និយាយ​ថា៖ «សព្វ​ថ្ងៃ​ខ្ញុំ​​ហាត់​កីឡាតេក្វាន់ដូ ហើយពេលនេះ​ខ្ញុំនឹង​ចូល​ហាត់ប្រដាល់​គុនខ្មែរ​មួយ​ទៀត។ ខ្ញុំ​នឹងលលៃពេល​វេលា​ហាត់​ទាំង​២តែម្តង ព្រោះ​ខ្ញុំចូល​ចិត្ត​ហាត់​ក្បាច់គុន ​​ប៉ុន្តែ​ខ្ញុំ​ហ្វឹក​ហាត់​​ត្រឹមសុខភាព ព្រោះម៉ាក់​របស់​ខ្ញុំ មិន​ចូល​ចិត្ត​រឿង​វ៉ៃ​គ្នា​នេះ​ទេ គឺគាត់​ឱ្យ​ចូល​ហាត់​បាន តែ​មិនឱ្យ​ចូល​ប្រកួត​ឡើយ»

យ៉ាងណា​ក៏​ដោយ សុវណ្ណ មាលា បាន​គាំ​ទ្រ​ចំពោះ​ការ​ដាក់គុនខ្មែរ ឱ្យមានការ​ហ្វឹកហាត់នៅ​ក្នុងសាលារដ្ឋ ដោយនាង​បញ្ជាក់ថា៖ «វាជារឿង​ល្អ ដែល​មានការ​​ហាត់គុនខ្មែរ នៅ​ក្នុងសាលា ព្រោះធ្វើ​ឱ្យ​សិស្សានុសិស្ស​​បានហាត់ និង​បានស្គាល់ក្បាច់គុនរបស់ដូនតា ព្រមទាំង​បានរួមចំណែក​ពង្រីក​កីឡា​ខ្មែរយើង​ឱ្យ​បានកាន់​តែ​ធំ ដើម្បី​ឱ្យ​មាន​អ្នក​ស្គាល់​ និងមានអ្នកចូល​ហាត់កាន់​តែ​ច្រើនជាង​មុន។ បន្ថែម​លើ​នេះ ការ​ហាត់ប្រដាល់​វា​ល្អ​សម្រាប់​ការពារខ្លួន ហេតុនេះសូមសិស្ស​នារីគ្នា​យើង ចូល​ហាត់​ប្រដាល់​ឱ្យបានច្រើន»

ចំណែកយុវសិស្ស ចាន់ ណារ៉ា បាន​និយាយ​ថា៖ «គុនខ្មែរ ជាក្បាច់គុនដូនតា​បន្សល់​ទុក​ឱ្យ ហេតុ​នេះ​ខ្ញុំពិតជា​មាន​អារម្មណ៍រំភើប ដែល​​ប្រភេទ​កីឡា​នេះ ត្រូវបានដាក់​ឱ្យ​មានការ​ហ្វឹក​ហាត់ នៅ​ក្នុងសាលា​របស់​ខ្ញុំ ព្រោះ​​ខ្ញុំ​មានបំណង​ចង់​ហាត់ប្រដាល់​តាំងពី​នៅ​តូច។ ខ្ញុំ​នឹងចូល​ហ្វឹកហាត់​ប្រដាល់​គុនខ្មែរ ហើយខ្ញុំមិនគិត​ថា ការ​ហាត់ប្រដាល់​ធ្វើឱ្យ​ក្មេងៗ​ក្លាយជាជនពាល​នោះ​ទេ ព្រោះ​ក្បាច់​គុន​ធ្វើ​ឱ្យ​យើង​មាន​ភាព​រឹងមាំ​ និង​អាច​ការពារ​ខ្លួន​បាន»

សិស្សានុសិស្ស​ជាច្រើន​ទៀត ដែលកំពុង​សិក្សា នៅវិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក៏បាន​បង្ហាញការចាប់អារម្មណ៍ និងចង់ចូល​ហាត់ប្រដាល់គុនខ្មែរ ខណៈកម្មវិធី​ហ្វឹក​ហាត់ប្រដាល់នៅ​ក្នុងសាលា​នេះ គឺ​ខាងក្លិបប្រដាល់គុនខ្មែរ​អន្តរជាតិ ជាអ្នក​រាប់​រង់​ទៅលើ​ការ​ផ្តល់​សម្លៀកបំពាក់ និងសម្ភារហ្វឹក​ហាត់ ព្រមទាំង​បញ្ជូន​គ្រូ​ប្រដាល់​ឱ្យ​មកបង្វឹក​ដល់​សិស្ស នៅ​ក្នុង​សាលាវិទ្យាល័យ​ព្រះស៊ីសុវត្ថិតែម្តង។

លោក មូល ស៊ុយហេង នាយកវិទ្យាល័យព្រះស៊ីសុវត្ថិ បាន​ប្រាប់​ខេមបូចា​ កាលពី​​ថ្ងៃទី​១ ខែកក្កដា​​ថា៖ «​យើង​បាន​ធ្វើការ​ចុះ​ឈ្មោះជាបណ្តើរៗ​បាន​ប្រមាណ​៧០​នាក់​ហើយ ហើយយើង​នឹង​ចាប់​ផ្តើមហ្វឹកហាត់​ នៅពេល​យើង​រៀបចំ​សិស្ស​ចូលរួម​បានស្រួល​បួល។ ​សាលា​បានផ្តល់​ទី​កន្លែង និងឱកាស​ឱ្យ​ក្មួយៗជា​សិស្សានុសិស្សបាន​ចូលរួម​ហាត់​ប្រដាល់​គុនខ្មែរ គឺ​​យើងអនុញ្ញាតិ​ឱ្យ​សិស្ស​គ្រប់​ថ្នាក់ បាន​​ចូលហ្វឹក​ហាត់ឱ្យ​តែគាត់​ចូល​ចិត្ត»

ចំពោះ​ការដាក់​ឱ្យ​មានការ​ហ្វឹក​ហាត់ប្រដាល់​គុនខ្មែរ នៅ​ក្នុង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ លោក មូល ស៊ុយហេង ​បានអះអាង​ថា វា​ជាការ​ហ្វឹកហាត់នៅ​ក្រៅម៉ោងសិក្សា ហើយ​ដោយសារ​គុនខ្មែរ ជា​ក្បាច់គុនដូន​តា​របស់​យើង លោក​​យល់​​ថា ការ​ដាក់​ឱ្យ​សិស្សសាលា​ហ្វឹកហាត់ប្រដាល់​គុនខ្មែរ​នេះ វាជា​សកម្ម​ភាព​ដ៏ល្អមួយ​ ដោយ​បានផ្តល់​ទាំង​សុខភាពដល់​សិស្ស ជាពិសេស​ជួយ​ឱ្យ​ពួកគេ​បានរួមចំណែក​លើកស្ទួយ​ ក៏​ដូចជាថែ​រក្សា​​កីឡាក្បាច់គុន​​របស់​ដូន​តា​​យើង​​បន្ត​ទៅមុខ​ទៀត។

ជាមួយគ្នា​នេះ លោក ស៊ុយហេង ក៏គ្រោង​នឹង​ដាក់សំណើស្នើសុំ​ទៅក្រសួងអប់រំ យុវជន និង​កីឡា ដើម្បី​ដាក់​ឱ្យ​មានកម្មវិធី​ហ្វឹក​ហាត់​គុនខ្មែរ នៅក្នុងម៉ោងសិក្សា​ផងដែរ បើសិនជា​ការ​ហ្វឹក​ហាត់នៅក្រៅម៉ោងសិក្សានេះ ទទួល​បាន​លទ្ធផល​ល្អ។ លោក​បញ្ជាក់​ថា៖ «កម្មវិធីហ្វឹក​ហាត់​គុនខ្មែរ ដែល​យើង​បានរៀបចំ​នៅពេលនេះ វាគ្រាន់តែជាកម្មវិធី​ក្រៅម៉ោងសិក្សា​ទេ ហើយ​យើ​ងកំពុង​រៀបចំ​​សំណើ​​ស្នើសុំ ដើម្បី​​ដាក់​គុនខ្មែរ​ឱ្យមានការ​ហ្វឹកហាត់ក្នុង​ម៉ោង​សិក្សា»

លោកគ្រូ ឡោ សំណាង (ស្តាំ) និងកីឡាករ ហ៊ុន កង បានបង្ហាញពីរបៀបការហាត់ប្រដាល់គុនខ្មែរ ដល់សិស្សានុសិស្សនៅសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

ចំពោះកម្មវិធី​ហ្វឹកហាត់ប្រដាល់គុនខ្មែរ នៅ​ក្នុង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ ត្រូវ​បានគ្រូធំ​ប្រចាំ​ក្លិប KKIF លោក ស្វាយ សុខុន ប្រាប់​ថា អាច​នឹងធ្វើ​ឡើងពេល​ល្ងាចក្នុង​រយៈពេល​១ម៉ោង​ទៅ២ម៉ោង នៅរៀង​រាល់​ចុង​សប្តាហ៍ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ម៉ោង​សិក្សា​របស់​សិស្សានុសិស្ស ហើយការ​ហ្វឹក​ហាត់នេះ នឹង​ត្រូវ​បែង​ចែកជា​ក្រុមទៅ​តាម​ចំនួន​អ្នកចូលរួមហាត់។

ជាមួយគ្នានេះ អតីត​កីឡាករ​​ធ្លាប់​មានឈ្មោះ​បោះសំឡេង ដូចជា​​លោក ឡោ សំណាង, កែវ រំចង់, ភុំ សារ៉ាយ, ផាវ ភឿត និង ផាន់ សុវណ្ណ ជាដើម គឺ​ជា​គ្រូបង្វឹក ដែល​ត្រូវ​បង្ហាត់​គុនខ្មែរ​ដល់​សិស្សានុសិស្ស ក្រោមការ​រៀបចំ​របស់​លោក ស្រី ចាន់ថន ដែលជា​ប្រធាន​ក្លិប KKIF ហើយ​អ្នក​ទាំង​អស់នេះ បាន​ចូលរួមជួយ​ជា​លក្ខណៈស្ម័គ្រ​ចិត្ត មិន​យក​ប្រាក់ ដើម្បី​រួមគ្នាជួយ​លើក​ស្ទួយ​គុនខ្មែរ នៅ​ក្នុងស្រទាប់យុវជនខ្មែរ។

លោក ស្វាយ សុខុន បានប្រាប់​ខេមបូចា​ថា៖ «គោលដៅ​របស់​យើង គឺ​ចង់​ឱ្យ​គុន​ខ្មែរ ក្លាយជា​​វិញ្ញាសា​នៅ​​ក្នុង​ក្រសួងអប់រំ សម្រាប់​កម្មវិធី​សិក្សា​ក្នុងវិទ្យាល័យ​នៅទូទាំង​ប្រទេស​ ប៉ុន្តែ​ឥឡូវ​នេះ​គ្រាន់តែ​ជា​ការចាប់​ផ្តើម​ជំហាន​ដំបូង ព្រោះ​យើង​ចង់​ដឹង​ថា នៅ​តាម​សាលាមួយៗ នឹង​មានសិស្សានុសិស្ស​ស្ម័គ្រ​ចិត្ត​ចូលរួម​ហ្វឹក​ហាត់​គុនខ្មែរ​បាន​ប៉ុន្មាន​នាក់ ដោយសារ​យើង​ឱ្យ​ពួក​គាត់​ហ្វឹក​ហាត់​ដោយ​មិនគិត​ថ្លៃ​ទេ ដើម្បី​ផ្សព្វ​ផ្សាយ​គុនខ្មែរ»

បើទោះបីជា «គុនខ្មែរ» ត្រូវបាន​ដាក់​ឱ្យមានការប្រកួត​ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ​២០២៣ ជា​លើកដំបូង ប៉ុន្តែ​ចំពោះ​លោក ស្វាយ សុខុន យល់​ឃើញ​ថា បច្ចុប្បន្ន​វិញ្ញាសា​គុនខ្មែរ មាន​អ្នក​ស្គាល់​តែ​នៅ​ក្នុង​ស្រុក​ ចំណែក​​ក្រៅ​ស្រុក​ នៅមិនទាន់​មានភាព​ទូលំ​ទូលាយ​នៅឡើយ​ទេ ហេតុ​នេះ​​ដើម្បី​ឱ្យគេ​ស្គាល់គុនខ្មែរ​បានច្រើន វាលុះ​ត្រា​តែ​កម្ពុជា​ជា​ម្ចាស់ក្បាច់​គុន​​ ស្គាល់​ពី​ក្បាច់​គុន​ខ្លួនឯង​ឱ្យ​បាន​ច្បាស់។

គ្រូបង្វឹក​រូបនេះ​បានបញ្ជាក់​ថា៖ «​ដោយសារ​លោកឧកញ៉ា ស្រី ចាន់ថន មាន​ការ​ខ្នះខ្នែង​រួមគ្នា​ជាមួយ​លោក​នាយក​សាលា និង​លោក​គ្រូ អ្នក​គ្រូ​ ដែល​ពួកគាត់​មាន​ទឹក​ចិត្ត​ចូលរួមជាមួយ​យើង​ដែរនោះ ទើប​ធ្វើ​ឱ្យ​យើង​អាច​ដំណើរ​ការ​កម្មវិធីហ្វឹក​ហាត់គុនខ្មែរ​ជា​ជំហានដំបូង​នេះ​បាន ប៉ុន្តែ​យើង​នៅមិនទាន់​ដឹង​ថា នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​ទេ!»

លោក​ សុខុន បាន​បន្ថែម​ថា៖ «ទាល់​តែ​យើង​មានការ​ចូលរួម​ពី​សាលានីមួយៗ​រហូត​ទទួល​បាន​នូវចំនួនណា​មួយ​សមរម្យ​ ទើប​យើង​អាច​ធ្វើលិខិត​ស្នើ​សុំ​ទៅ​ក្រសួងអប់រំ ដើម្បី​ឱ្យ​ក្រសួង​អប់រំលោក​ធ្វើ​លិខិត​ភ្ជាប់​ទៅថ្នាក់លើ​ទៀត គឺ​យើង​ធ្វើម៉េចឱ្យ​​មាន​វិញ្ញាសា​គុនខ្មែរ​ នៅ​កម្មវិធី​កីឡា​របស់​សាលា ព្រោះនៅ​ក្នុងសាលា​ក៏មាន​កម្មវិធី​កីឡា​ដែរ អ៊ីចឹង​យើង​អាច​បញ្រ្ជាបនៅ​ក្នុងម៉ោង​ណា​មួយ​ ដើម្បី​ឱ្យ​បាន​ទៅជា​កម្មវិធីផ្លូវ​ការ»

យ៉ាង​ណាក៏ដោយ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា ដែលទទួល​បន្ទុក​ផ្នែក​កីឡា លោក វ៉ាត់ ចំរើន បាន​អះអាង​ថា ការចង់ដាក់ «គុនខ្មែរ» ឱ្យ​មាន​ការ​ហ្វឹក​ហាត់ នៅ​ម៉ោង​សិក្សា​របស់សាលារដ្ឋ មិនមែន​ចេះតែ​ធ្វើទៅ​បាន​នោះ​ទេ គឺ​ទាមទារ​ឱ្យមានការ​រៀបចំឱ្យ​បាន​ល្អ ចៀស​វាង​បង្ក​នូវរូបភាព​មិនល្អ​ចំពោះ​សិស្សានុសិស្ស ដូចជា​យក​ក្បាច់គុន​នេះ​ទៅ​វ៉ៃ​គ្នា បង្កជាបញ្ហា ដែលប៉ះពាល់​ដល់​វិស័យ​អប់រំ។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ «​បើ​តាម​យន្តការ គឺ​មុន​នឹងដាក់​កម្មវិធី​អ្វី​មួយ​ទៅ​ក្នុង​សាលា​រដ្ឋ​ជា​ផ្លូវ​ការ វា​ទាល់​តែ​មានការ​រៀបចំ​ឱ្យ​បាន​ល្អ​តាំង​ពី​សៀវភៅគរុកោសល្យ, ការ​បណ្តុះបណ្តាល​ទៅ​ដល់​គ្រូ​អប់រំ​កាយ​នៅ​​សាលា​កីឡា ដើម្បី​ឱ្យគាត់ចេះ​មុខ​វិជ្ជាហ្នឹង និង​អាច​ចេញ​ទៅ​បង្ហាត់​សិស្សបាន អ៊ីចឹង​គុន​ខ្មែរ​យើង ដែល​អាចដាក់​ចូល​ទៅ​ក្នុង​សាលា​បាន ទាល់​តែ​យើង​បំលែង​វាឱ្យ​ទៅជាគុនខ្មែរ​នៅ​ក្នុង​វិស័យ​អប់រំ»

លោក​បាន​បន្ថែមថា៖ «បើ​យើង​រៀបចំ​មិន​បានល្អ វាមិនមែនជាការអប់រំ តែ​បែរជា​មាន​រឿង​រ៉ាវ​ទៅវិញ អ៊ីចឹង​បើ​ចង់​​ដាក់​គុនខ្មែរ​ចូល​សាលា វាទាល់​តែ​យើង​តាក់​តែង​វា​ឱ្យ​ទៅ​ជាកម្មវិធី​អប់រំ​របស់​គុនខ្មែរ ដូចជាអប់រំ​ចលនា​ជា​ក្បាច់ជាក្បួន អប់រំ​ស្មារតី សីលធម៌ និង​គុណធម៌​របស់ក្បាច់​គុន​នេះ តែ​បើ​យក​ជំនាញ​អាជីព​នេះ​ទៅ​ដាក់ក្នុងសាលា​ មហាជន​ម៉េចគាំ​ទ្រ​ គឺ​ត្រូវតែ​មាន​ការ​រៀបចំ​ឱ្យ​បាន​ច្បាស់​លាស់»

ចំណែក​លោក ស្រី ចាន់ថន ម្ចាស់​ក្លិប​ប្រដាល់​គុនខ្មែរ​អន្តរជាតិ បានចាត់​ទុកការរៀបចំ​ពិធីចុះ​ឈ្មោះ និង​ប្រកាស​ដាក់គុនខ្មែរ​​ឱ្យ​មានការ​ហ្វឹក​ហាត់​​នៅ​ក្នុង​សាលាវិទ្យាល័យ​ព្រះស៊ីសុវត្ថិ កាលពី​ថ្ងៃទី​១ ខែកក្កដា កន្លងមកនេះថា  ជាការចាប់ផ្ដើមដំបូងបំផុត ក្នុង​ការរៀបចំដាក់បញ្ជ្រាបក្បាច់គុនបុរាណខ្មែរ​ នៅតាមសាលារៀន​ ហើយ​លោក​មានគម្រោងពង្រីក​កម្មវិធី​ហ្វឹក​ហាត់​នេះ​នៅតាម​សាលា​ផ្សេងៗទៀត។

លោក​បានបញ្ជាក់តាមការបង្ហោះសារ​ នៅថ្ងៃទី​១ ខែកក្កដា ថា៖ «ជាជំហានដំបូងនោះ គឺធ្វើឡើងនៅ​​វិទ្យាល័យព្រះស៊ីសុវត្ថិ​ ហើយនឹងបន្តបញ្ជ្រាបតាមសាលារៀនផ្សេងៗទៀតជាបន្តបន្ទាប់។ គោលបំណងនៃការបញ្ជ្រាប​ក្បាច់គុនបុរាណខ្មែរ នៅតាមសាលារៀន គឺចង់ឱ្យទំពាំងស្នង​ឫស្សីរបស់កម្ពុជា​យើង​រួមគ្នា​ជាធ្លុង​មួយ​ក្នុងការ​ថែរក្សាការពារ អភិរក្ស លើកស្ទួយ ផ្សព្វផ្សាយ នូវក្បាច់គុនបុរាណ​ខ្មែរ​ដែល​បុព្វបុរស​របស់យើងបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ»

តែ​យ៉ាង​ណាក៏ដោយ លោក វ៉ាត់ ចំរើន នៅតែ​ទទូច​ឱ្យថ្នាក់ដឹកនាំ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជាពិសេស​​​ក្លិប​ប្រដាល់គុនខ្មែរ​អន្តរជាតិ ដែល​​ជា​ក្លិបប្រដាល់​អាជីព​នៅកម្ពុជា ​​ត្រូវ​កំណត់​គោលដៅ​ឱ្យបានច្បាស់​លាស់​ថា ​ការ​ដាក់គុនខ្មែរ​ឱ្យ​មានការ​ហ្វឹក​ហាត់នៅក្រៅម៉ោងសិក្សានេះ វា​ផ្តោត​ទៅលើ​អ្វី​ឱ្យ​ពិត​ប្រាកដ? គឺ​មិនមែន​ជំរុញ​ឱ្យ​សិស្សានុសិស្ស ​ហាត់​ប្រដាល់​ដើម្បី​ឡើង​ប្រកួត​ជា​លក្ខណៈ​អាជីព​នោះ​ទេ។

អ្នកជំនាញកីឡា​រូបនេះ បាន​បញ្ជាក់​ថា៖​ «បើ​ការហ្វឹក​ហាត់​គុនខ្មែរ​នេះ នៅ​ក្រៅម៉ោងសិក្សា វាមិនជាអ្វី​ទេ ក៏ប៉ុន្តែ​នៅក្នុងសាលា​ត្រូវ​​មានការ​ប្រយ័ត្ន​ប្រយែងដែរ​។ យើង​មិន​អាច​យក​កីឡាជាអាជីព​ទៅ​បង្ហាត់ក្រៅ​ម៉ោង​សិក្សា​នៅ​ក្នុង​សាលា​បាន​ទេ។ បើ​ការ​បង្ហាត់​ត្រឹមជា​ការ​អប់រំ​សុខភាព​ និង​ការអប់រំ​ស្មារតីដល់​សិស្ស អាហ្នឹង​បាន តែមិន​មែន​ហាត់​តម្រង់​ទិស​ឱ្យ​ប្រកួត​ឡើយ»

ចំពោះមូលដ្ឋានចម្បង​ក្នុងការ​នាំ​យក​ក្បាច់គុនបុរាណ​ខ្មែរ​ទៅបង្វឹកដល់​សិស្សានុសិស្ស​នៅក្រៅម៉ោង​សិក្សា​​ក្នុង​សាលា​រដ្ឋ ជាលើក​ដំបូង​នេះ លោក ស្វាយ សុខុន បានអះអាង​ថា ជា​ការ​ហ្វឹក​ហាត់​​ក្នុងកម្រិត​ស្រាល ជា​លក្ខណៈគ្រឹះបឋមនៃជំហានដើរ​​​មេគុន​នីមួយៗ ដែលមិនមាន​លក្ខណៈ​​ធ្ងន់​ធ្ងរ​ដូច​ពួកអាជីព​ទេ ព្រោះ​បើ​សិនជា​​បង្វឹក​​ដូច​អាជីព​ សិស្សានុសិស្សមិន​អាច​ចូល​រួមហ្វឹក​ហាត់ប្រដាល់​គុនខ្មែ​រ​បាន​យូរ​អង្វែងឡើយ។

លោក​បានបញ្ជាក់​ថា៖ «​យើង​មាន​វិធី​បង្វឹក​ដល់​ពួក​គាត់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ក្បាច់​គុនខ្មែរ​​។ យើង​មិនអាច​​បញ្រ្ជាប​​​ពួកគាត់​ដូចពួក​អាជីព​បាន​ទេ អ៊ីចឹង​យើង​មាន​កម្រិត​នៃការ​ចាប់​ផ្តើម ​គឺ​យើង​ធ្វើម៉េច​ឱ្យ​មាន​ភាព​ទាក់​ទាញ និង​មានការ​ចូលរួមច្រើនពី​យុវជន​ ហើយ​​នេះជា​គន្លឹះ​សំខាន់ ព្រោះ​ពួកគាត់​ជាអ្នក​​បន្ត​វេន​ផ្សព្វផ្សាយ​គុនខ្មែរ​។ យើង​ត្រូវចាប់​ផ្តើម​ពីឥឡូវ​ទៅ ហើយដើម្បី​ឱ្យ​ការងារ​នេះ​ដំណើរ​ការ​ទៅបាន លុះ​ត្រា​តែ​មានការ​សាមគ្គី និង​មានការ​​ចូលរួមទាំង​អស់​គ្នា»

សិស្សានុសិស្ស ដែលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ បាននាំគ្នាហាត់ទាត់បាវសាក់ ក្នុងអំឡុងម៉ោងចេញលេង កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

ជុំវិញ​ប្រធាន​បទ​​ដដែល​នេះ លោក វ៉ាត់ ចំរើន ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា​​ផងដែរ បានបង្ហើប​ថា សំណើស្នើ​សុំ​ដាក់​ «គុនខ្មែរ» ​ឱ្យ​មានការ​ហ្វឹក​ហាត់នៅ​ក្នុងសាលា​រដ្ឋ ត្រូវចាប់​ផ្តើម​​ពី​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ រួមជាមួយ​ភាគីពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ធ្វើ​ការ​បំលែង​ឱ្យ​ប្រដាល់​គុនខ្មែរ ដែលជាប្រភេទ​កីឡា​ប្រយុទ្ធ​ដ៏​មានគ្រោះ​ថ្នាក់ ក្លាយជា​មុខវិជ្ជា អាច​ដាក់​ឱ្យ​សិស្សសិក្សា ឬហ្វឹក​ហាត់នៅ​ក្នុងម៉ោង​សិក្សា​របស់​សាលា​រដ្ឋ​បាន។

លោក ចំរើន បានបញ្ជាក់​ថា៖ «វាអាស្រ័យ​ទៅលើសហព័ន្ធ បើសហព័ន្ធ​គាត់មានគោលការណ៍រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ និង​ផែនការ​អនុវត្តច្បាស់លាស់​ ក្នុង​ការ​ត្រៀម​ដាក់​គុនខ្មែរ​ទៅ​ក្នុង​សាលា អាហ្នឹង​គាត់​ត្រូវ​រៀបចំ​ចាប់ពីឥឡូវ​ទៅ​ ហើយ​ពេល​រៀបចំ​ហើយ ត្រូវ​ធ្វើ​ការ​ងារជាមួយ​នាយកដ្ឋាន​ទទួល​បន្ទុក​កីឡា​សិស្ស​និស្សិត ដែលជា​នាយក​ដ្ឋាន​ទទួល​បន្ទុក​ក្នុងការ​គ្រប់​គ្រង​ក្រុមគ្រូ​អប់រំ​កាយ និង​កីឡា នៅតាម​សាលា»

ទាក់ទង​នឹង​ការងារ​នេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ដែល​កំពុងបំពេញ​បេសកកម្ម​នៅ​​ប្រទេសបារាំង​​ បាន​ប្រាប់ ខេមបូចា តាម​តេឡេក្រាម កាលពី​រសៀល​ថ្ងៃទី​៣ ខែកក្កដា ​ថា លោក​នឹង​ជួបពិភាក្សាជាមួយ​លោក ស្រី ចាន់ថន បន្ថែម​ទៀត​ទៅលើ​បញ្ហា​ការ​ដាក់​គុនខ្មែរ​ឱ្យ​មានការ​ហ្វឹកហាត់ នៅ​ក្នុងសាលា​រៀន​រដ្ឋ​នេះ ព្រោះ​លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​​គ្រប់​ជ្រុង​ជ្រោយ​ពីបញ្ហា​នេះ​នៅឡើយ​ទេ។

លោក​បាន​ថ្លែង​ថា៖​ «នៅពេល​ខ្ញុំ​ត្រឡប់​ទៅដល់​កម្ពុជា​វិញ ខ្ញុំ​​នឹង​អញ្ជើញ​លោក​ឧកញ៉ា ស្រី ចាន់ថន មក​​ពិភាក្សា​ការងារ​នេះ ដោយសារ​កន្លង​មក​យើង​អត់​ទាន់​បាន​ទទួលព័ត៌មាន(ការដាក់​កម្មវិធី​​ហ្វឹក​ហាត់គុនខ្មែរ​នៅ​ក្រៅម៉ោងសិក្សា) ​នេះ​ទេ ហើយ​លោក​ឧកញ៉ា ក៏មិនទាន់​បានពិភាក្សា​ការងារ​នេះជាមួយ​ខាង​សហព័ន្ធនោះ​ដែរ គឺ​​លោក​បាន​ធ្វើ​ក្នុង​នាមជា​ក្លិប KKIF ​របស់​លោកទេ»

ជាមួយគ្នា​នេះ លោក ខូវ ឆាយ បាន​យល់​ឃើញ​​ថា គម្រោង​​ដាក់​កម្មវិធី​គុនខ្មែរ ចូល​ទៅ​ក្នុង​សាលារៀន​រដ្ឋ គឺ​ត្រូវមានការ​​ពិភាក្សាជាមួយខាង​​ក្រសួង​អប់រំ យុវជន​ និងកីឡា និង​ស្ថាប័ន​ជាសាមី​ ដែលជា​អាណាព្យាបាល​របស់​សាលារៀន​​ទាំង​អស់​ ដើម្បី​ពិភាក្សាពី​​ផល​វិជ្ជមាន និង​ផល​អវិជ្ជមាន​នៃការ​ដាក់​កម្មវិធី​គុន​ខ្មែរ​ចូល​ទៅ​ក្នុងកម្មវិធី​សិក្សា ឬ​កម្មវិធី​ហ្វឹក​ហាត់​​ក្រៅ​ម៉ោង​នៅ​​តាម​សាលា​វិទ្យាល័យ​។

លោក​បានបញ្ជាក់​ថា៖ «សហព័ន្ធ ​ត្រូវតែ​ធ្វើ​ការ​ងារនេះ​ជាមួយ​ក្រសួង​អប់រំ តែ​កន្លង​មក​យើង​មិនទាន់​ឈាន​ដល់​ចំណុច​នេះ​ទេ ព្រោះ​យល់​ថា ​ត្រូវ​ពិភាក្សា​គ្នាបន្ត​ទៀត​សិន ដូច្នេះចំពោះ​កិច្ចការ​​នេះ ចាំ​ខ្ញុំចប់​ភារកិច្ច​នៅ​ក្រៅ​ប្រទេស ហើយ​ត្រឡប់​ទៅដល់​កម្ពុជា​​វិញ​ ​យើង​នឹង​ពិភាក្សាជាមួយលោកឧកញ៉ា ស្រី ចាន់​ថន ក៏​ដូចជា​សុំ​គោល​ការណ៍​ទៅ​ក្រសួងអ​ប់រំ និង​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ចំពោះករណី (ស្នើសុំដាក់គុនខ្មែរ​ឱ្យ​មានការ​ហ្វឹក​ហាត់នៅ​ក្នុងសាលា​រៀន)​នេះ»

ចំពោះ​កម្មវិធី​ហ្វឹក​ហាត់​ប្រដាល់​គុនខ្មែរ​​ក្រៅ​ម៉ោងសិក្សា នៅ​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ បានចាប់​ដំណើរហាត់​​ជា​ផ្លូវ​ការ កាលពីព្រឹក​ថ្ងៃទី​៦ ខែកក្កដា ហើយ​លោក ឡោ សំណាង ដែលជា​គ្រូ​បង្វឹក​ម្នាក់​ក្នុង​កម្មវិធីនេះ បានបញ្ជាក់​ថា មានសិស្សប្រមាណ​១០០​នាក់ បានចុះ​ឈ្មោះ​ចូល​រួម​ហាត់ ដោយ​បែង​ចែក​ការ​ហាត់​ជា២ពេល។

លោក ឡោ សំណាង បាន​បន្ថែម​ថា៖ ​«​លោក​នាយក​សាលា (លោក មូល ស៊ុយហេង) ​បានរៀបចំ​កាលវិភាគ​ហ្វឹក​ហាត់​រួច​ហើយ គឺ​យើង​ហាត់​រៀង​រាល់​ថ្ងៃសៅរ៍ ដោយពេលព្រឹក​ហាត់ពី​ម៉ោង​៨ ដល់​ម៉ោង​៩ រីឯ​ពេល​រសៀល​ហាត់ពីម៉ោង ៣ដល់​ម៉ោង​៥ ហើយគ្រប់ថ្នាក់ទាំង​អស់ នឹង​ដាក់​ឱ្យ​ហ្វឹក​ហាត់​បញ្ចូលគ្នាតែម្តង»៕

264 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម