សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាកាសធាតុក្តៅខ្លាំងនា​រដូវប្រាំងនឹង​​មកដល់ឆាប់ៗនេះ ខណៈក្រសួងកសិកម្មអំពាវ​នាវឱ្យមានការដាំដុះដំណាំដែលធន់នឹងអាកាសធាតុ

ទិដ្ឋភាពវាលស្រែនៅខេត្តកណ្តាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)
ទិដ្ឋភាពវាលស្រែនៅខេត្តកណ្តាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈដល់ដើមខែឧសភា សីតុណ្ហភាព​រំពឹងថា នឹងកើនឡើងដល់ ៤១អង្សាសេ ដោយបានអំ​ពាវ​នាវដល់សា​ធារណជន ជាពិសេសប្រជាពលរដ្ឋនៅតាមជនបទ ប្រើប្រាស់ទឹកដោយសន្សំសំចៃ​។ 

ក្រសួង​ក៏បានឱ្យដឹងផងដែរថា រដូវប្រាំងនឹងចាប់ផ្តើម​ពីខែធ្នូ ឆ្នាំ២០២៣ ដល់​ដើមខែឧសភាឆ្នាំក្រោយ ដោយកត់សំគាល់ថា នឹងមានភ្លៀងធ្លាក់តិចជាងមុន​ ប៉ុន្តែមានផ្គរនិងរន្ទះកើន​ឡើង​ ជាមួយនឹងខ្យល់បក់ខ្លាំងនៅ​ក្នុង​ខែមេសា និងខែ​ឧសភា បើធៀបនឹងឆ្នាំ២០២៣។

ឆ្លើយតបនឹងសំណួរស្តីពីអាកាសធាតុ លោក ឃឹម ហ្វីណង់​ អ្នកនាំពាក្យក្រសួងកសិកម្ម មានប្រសាសន៍ថា អាជ្ញាធរនឹងអន្តរាគមន៍ក្នុងករណីមានគ្រោះធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនអាចឆ្លើយតបបានពេញលេញចំពោះហានិភ័យអាកាសធាតុទេ ដូច្នេះហើយបានជា​ក្រសួង​អំ​ពាវ​នាវ​ឱ្យកសិករចាប់ផ្តើមដាំដំណាំណា​ ដែលធន់នឹងអាកាសធាតុ។

លោក​មាន​ប្រសាសន៍​​ថា៖​ «ប្រសិន​បើ​យើង​ខ្វះ​ទឹក វា​ប្រហែល​ជា​គ្មាន​​ជម្រើស​ច្រើន​​​​ទេ។ យើងតែងតែលើកទឹកចិត្តកសិករឱ្យប្តូរទៅដាំដំណាំ ដែលអាចធន់​នឹងស្ថានភាពទឹក [ខ្វះខាត] ប្រើប្រាស់ពូជ ដែលអាចសម្របទៅនឹងបម្រែបម្រួល និងប្តូរពីការធ្វើ​ស្រែ​ទៅធ្វើចម្ការ ឬដាំ​ដំណាំណា ដែលប្រមូលផលមុនពេល​មាន​ការខ្វះខាតទឹក ឬទឹកជំនន់ [កើតឡើង]»  

លោកបន្តថា ក្រសួងតែងតែត្រៀម​ខ្លួន​ជាមុន ជាពិសេសនៅដើមរដូវប្រាំងនី​មួយ​ៗ​ ទៅ​តាមបរិមាណទឹកដែលគួរ​ត្រូវ​បាន​ស្តុកទុក អំឡុង​ពេល​ដាំដុះ​នៅ​រដូវប្រាំង​។

ដើម្បីទប់ស្កាត់ការខូចខាតដំណាំ ក្រសួងតាមដានកម្រិតទឹកជារៀងរាល់ឆ្នាំ ជូនដំណឹងដល់កសិករ និងផ្តល់ការណែនាំបច្ចេកទេស ប៉ុន្តែកសិករអាចជួបប្រទះបញ្ហាប្រឈម ប្រសិនបើពួកគាត់​បន្តដាំដំណាំដែលមិនធន់នឹងអាកាសធាតុ។

លោក​មាន​ប្រសាសន៍​ថា៖ «ជារឿយៗ យើង​មិន​​លើក​ទឹក​ចិត្ត [កសិករ] ឲ្យ​ដាំដុះ [ដំណាំ] លើស​ពី​បរិមាណ​ទឹក ​ដែល​យើង​អាច​ផ្គត់​ផ្គង់​បាន​នោះ​ទេ។ ប្រសិន​បើ​យើង​នៅ​តែ​ធ្វើ​បែប​នេះ យើង​នឹង​មាន​បញ្ហា​នៅ​ពេល​ស្រូវ​ឈាន​ដល់​ដំណាក់កាល​ចេញ​ផ្កា ព្រោះ​យើង​នឹង​មិន​មាន​ទឹក​ [គ្រប់គ្រាន់​] សម្រាប់​ផ្គត់ផ្គង់។ យើង​នឹង​​​ជួប​ការ​លំបាក»។ 

ក្រៅ​ពី​ការ​ព្រួយ​បារម្ភ​ក្នុង​វិស័យ​កសិកម្ម បញ្ហា​សុខភាព​ក៏​ជា​កង្វល់​ធំ​ដែរ។ 

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ឆ្លើយតបមកខេមបូចា​ដោយចែករំលែកឯកសារមួយចំនួន ដែលលើកឡើងពីបញ្ហាសុខភាពមួយចំនួន ដែលកើតមានក្នុងរដូវប្រាំង ដូចជា ខ្យល់គរ ការអស់កម្លាំងល្ហិតល្ហៃ និងវិលមុខជាដើម​។

យោងតាមឯកសារទាំងនេះ​ អ្នកដែលងាយរងគ្រោះជាងគេ គឺកុមារអាយុក្រោម ៥ឆ្នាំ មនុស្សអាយុលើសពី ៦៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។

ដើម្បីការពារសុខភាពរបស់ពួកគាត់​ អំឡុ​ង​ពេលមានសីតុណ្ហភាពខ្ពស់​ ក្រ​សួង​​សុខាភិបាលបានស្នើឱ្យប្រជាពលរដ្ឋស្នាក់នៅកន្លែងត្រជាក់ និងជៀសវាងការប្រើកង្ហារ រក្សាជាតិទឹក​ក្នុងខ្លួន​ និងតាមដានព័ត៌មានអំពីអាកាសធាតុ និងសុខភាព​​។

លោក សឿង សារឿន នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលបានប្រាប់ខេមបូចា​ថា សីតុណ្ហភាពខ្ពស់នៅឆ្នាំ២០២៤ នឹងប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ និងវិស័យកសិកម្ម។

លោក សារឿន មាន​ប្រសាសន៍ថា៖ «យើងមានការព្រួយបារម្ភអំពីការកើនឡើងនៃសីតុណ្ហភាពនៅឆ្នាំ២០២៤ ដែលបណ្តាលមកពីបាតុភូតអ៊ែលនីណូ និងអែនសូ»

បាតុភូតអ៊ែលនីណូ​នឹងបន្តរហូតដល់ខែមករា ជាមួយនឹងឱកាស៩០ភាគរយ នៃការ​​​អូសបន្លាយដល់ខែកុម្ភៈ និង១០ភាគរយ នៃបាតុភូតអែនសូ ដោយផ្អែកលើការព្យាករណ៍សីតុណ្ហភាពដែលកំពុងវិវត្តនៅមហាសមុទ្រប៉ាស៊ីហ្វិក។

យោងតាមក្រសួងធនធានទឹកដែលបានចេញផ្សាយការព្យាករណ៍នេះបាន​ឲ្យដឹងថា ប្រហែល៧០ភាគរយ នៃបាតុភូតអ៊ែលនីណូ និង៣០ភាគរយនៃបាតុភូតអែនសូអាចនឹងកើតឡើងនៅក្នុងខែមីនា ខណៈនៅខែមេសា នឹងមានបាតុភូត​អ៊ែលនីណូ​ ៥០ភាគរយនិងបាតុភូតអែនសូ ៥០ភាគរយ។

លោក សារឿន មានប្រសាសន៍ថា រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធត្រូវបង្កើតការយល់ដឹងអំពីផលប៉ះពាល់ នៃអាកាសធាតុក្តៅជាងមុន ដើម្បីត្រៀម​ និងការពារខ្លួន ហើយជូនដំណឹងដល់សាធារណជនឲ្យ​មានសម្ភារចាំបាច់​​បន្ទាន់​នៅនឹងដៃជានិច្ច​ ដូចជាធុងទឹកជាដើម៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hot Weather, Dry Season Looms As Agriculture Ministry Calls For More Climate-resilient Crops 

231 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម