សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន សែន ថាលោក ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្រ្តីនៅអាណត្តិក្រោយ

លោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងផ្លូវការកាលពីសប្តាហ៍មុន ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីឪពុករបស់លោក។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងផ្លូវការកាលពីសប្តាហ៍មុន ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីឪពុករបស់លោក។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃពុធថាកូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត អាចកាន់តំណែងខ្ពស់បំផុតក្នុងជួររដ្ឋាភិបាលនៅឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិនាថ្ងៃទី២៩ ខែធ្នូ លោក ហ៊ុន សែន បានលើកឡើងថាលោកមានគម្រោងដើម្បីបង្កើតច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្តីនៅអាយុ៧២ឆ្នាំ។

លោកមានប្រសាសន៍ថា៖ «នៅឆ្នាំ​២០២៣ ឧទារណ៍​បើ​ខ្ញុំចាក​ចេញពីនាយករដ្ឋមន្ត្រី ខ្ញុំទើប​តែអាយុ៧១…ខ្ញុំសូម​បញ្ជាក់ណា ពេលនេះខ្ញុំជានាយករដ្ឋមន្ត្រី ក្រោយឆ្នាំ​២០២៣ ខ្ញុំនឹងក្លាយជា​ឪនាយករដ្ឋមន្ត្រី»។

លោកបន្តថា៖ «ពីមុន​ខ្ញុំថាខ្ញុំធ្វើ​នាយករដ្ឋមន្ត្រី​ទាល់តែខ្ញុំឈប់ចង់ធ្វើ អាពាក្យហ្នឹងមានន័យថាម៉េច? ពីមុន​ខ្ញុំថា ខ្ញុំធ្វើ​១០ឆ្នាំទៀត ក្រោយមក​ខ្ញុំប្រើពាក្យថា ធ្វើ​ទាល់តែខ្ញុំឈប់ចង់ធ្វើ មានន័យថាជួនកាល​មួយឆ្នាំ​ទៀតឈប់ចង់ធ្វើ ពីឆ្នាំទៀត​ចង់ឈប់ធ្វើ​…..ឬ ២០ឆ្នាំទៀត​ឈប់ចង់ធ្វើ ស្រេចតែខ្ញុំតើ! យល់ន័យអាហ្នឹង​ឲ្យ​ច្បាស់​»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាននិយាយថាគ្រួសាររបស់លោកក៏នឹងបន្តកាន់អំណាចក្នុងប៉ុន្មានទសវត្សរ៍ខាងមុនទៀតផងដែរ។ លោក បានថ្លែងថា៖«ហើយ​ដល់ឆ្នាំ ២០៤០ ខ្ញុំនឹងក្លាយជាជីតា​នាយករដ្ឋមន្ត្រី» ។

កាលពីសប្តាហ៍មុន គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានគាំទ្រ លោក ម៉ាណែត ជាបេក្ខភាពតែមួយគត់របស់ពួកគេ ដើម្បីស្នងតំណែងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលឈ្មោះ លោក ម៉ាណែត ប្រហែលនឹងមាននៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនាឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងផ្លូវការកាលពីសប្តាហ៍មុន ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីឪពុករបស់លោក។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងផ្លូវការកាលពីសប្តាហ៍មុន ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីឪពុករបស់លោក។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ថាគណបក្សប្រជាជនត្រូវការពេលវេលាសមស្របមួយរហូតទាល់តែគណបក្សនេះមើលឃើញថាខ្លួនមានសុវត្ថិភាពពេញលេញចេញពីការគំរាមកំហែងដែលប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ខ្លួន។

លោក បានលើកឡើងថា៖«សម្រាប់ខ្ញុំ ខ្ញុំមិនប្រាកដ១០០ភាគរយថាគាត់(លោក ម៉ាណែត) នឹងជំនួសឪពុករបស់គាត់ ដែលក្លាយជាអ្នកបន្តវេននៅឆ្នាំ២០២៣នោះទេ ប្រសិនបើគណបក្សប្រជាជននៅតែប្រឈមមុខនឹងការគំរាមកំហែងទាក់ទងនឹងប្រជាប្រិយភាពរបស់ខ្លួននោះ»។ លោក បានបន្តថា៖«បើមានគណបក្សប្រឆាំងដ៏មានឥទ្ធិពល និងខ្លាំងមួយដែលបានចេញមកដូចឆ្នាំ ២០១៣ នោះវានឹងជាផ្លូវពិបាកសម្រាប់លោក ហ៊ុន ម៉ាណែត ក្នុងការឡើងកាន់តំណែង ព្រោះគាត់មិនមានបទពិសោធន៍ច្រើនដូចឪពុករបស់គាត់នោះទេ»។

ទោះយ៉ាងណាក្តី លោក មាស នី យល់ថា លោក ម៉ាណែត នឹងពឹងផ្អែកលើឥទ្ធិពលឪពុករបស់លោកដើម្បីទទួលបានអំណាច។  លោក បាននិយាយថា៖«ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនភ្ញាក់ផ្អើលអ្វីទេ ថាតើគាត់អាចដឹកនាំប្រទេសឬអត់ អ្វីដែលខ្ញុំបារម្ភបំផុតនោះគឺតើគាត់អាចដឹកនាំកម្ពុជាឱ្យត្រលប់ទៅរកផ្លូវប្រជាធិបតេយ្យវិញ និងការគោរពសិទ្ធមនុស្ស វិញបានដោយរបៀបណា  ហ្នឹងទើបជារឿងសំខាន់»។

លោក មាស នី បានបន្ថែមថាបើទោះបីជាលោក ម៉ាណែត អាចក្លាយជានាយករដ្ឋមន្រ្តីនៅពេលណាមួយនៅអាណត្តិក្រោយយ៉ាងណាក្តី បុរសវ័យ៤៤ឆ្នាំដែលជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទរូបនេះ ត្រូវការការទទួលយកពីប្រជាពលរដ្ឋ។ លោក នី បន្តទៀតថាលោក ម៉ាណែត អាចនឹងប្រឈមទាំងក្នុងផ្ទៃក្នុងបក្ស និងបក្សប្រឆាំង បើទោះជាបក្សប្រឆាំងដែលជាអតីតបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូលកាលពីឆ្នាំ២០១៧ហើយក៏ដោយ។

អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថាការស្នងតំណែងរបស់លោក ម៉ាណែត ដើម្បីជំនួសតំណែងរបស់ឪពុកលោក ឥឡូវនេះត្រូវបានធានាទាំងស្រុង ប៉ុន្តែថាតើលោកនឹងបន្តតំណែងនៅឆ្នាំ ២០២៣ ឬនៅឆ្នាំ ២០២៨ នឹងនៅតែជាកម្មវត្ថុនៃការជជែកគ្នាក្នុងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។

លោក បានចោទជាសំណួរថា៖«តើ​គាត់​នឹង​មាន​សមត្ថភាព​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ខ្លួន​គាត់​ផ្ទាល់​ឬ​អត់ ហើយ​ពេលណា​គាត់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ជាតែជា​ចម្ងល់​ដ៏ធំធេងនៅឡើយ»។

លោក ម៉ុងហៃ បាន​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ មិន​មាន​អ្វី​បង្ហាញ​ថា លោក ម៉ាណែត សម្រេចជោគជ័យ​បាន​ច្រើន ​ដើម្បី​ទទួល​បាន​ការ​សរសើរ ឬ​ការ​សរសើរ​ពី​សាធារណជន​នោះ​ទេ។

លោក ម៉ុងហៃ មានប្រសាសន៍ថា៖«ការឡើងកាន់តំណែងធំរបស់គាត់ ស្ទើរតែទាំងស្រុងពឹងផ្អែកលើការយកចិត្តទុកដាក់គាំទ្រពីឪពុករបស់គាត់ មិនអាចអន្ទងចិត្តសាធារណជន និងពីអ្នករួមជំនាន់ ក៏ដូចជាមិនមានអំណាចច្រើនលើពួកគេឡើយ»។

ទោះ​យ៉ាង​ណា លោក​ថា ក្នុង​នាម​ជា​បេក្ខជន​​​តំណែង​នាយករដ្ឋមន្ត្រី វា​ពិបាក​ណាស់​សម្រាប់​លោក ម៉ាណែត ក្នុង​ការ​អះអាង​ពី​អំណាច​របស់​ខ្លួន។

លោកមានប្រសាសន៍ថា៖«គាត់ប្រហែលជាត្រូវការជំនួយ និងការគាំទ្រពីរដ្ឋមន្ត្រីម្នាក់សម្រាប់ណែនាំ និងទេសរដ្ឋមន្ត្រីជាន់ខ្ពស់ដូចគ្នាទៅនឹងអ្នកស្នងតំណែងបន្តពី (អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី) លោក លី ក្វាន់យូ»។ នាយករដ្ឋមន្រ្តី  សឹង្ហបុរី បច្ចុប្បន្នគឺលោក លី សៀនឡុង ជាកូនប្រុសរបស់លោក លី ក្វាន់យូ។ បើទោះបីជាមាននាយករដ្ឋមន្រ្តីម្នាក់កាន់អំណាច១៤ឆ្នាំចន្លោះឪពុកកូនទាំងពីរនាក់នេះក៏ដោយ។

ក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តី  ហ៊ុន សែន ថតរូបជុំគ្នា នៅទីក្រុងភ្នំពេញ និងបង្ហោះនៅលើហ្វេសប៊ុករបស់លោក។
ក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថតរូបជុំគ្នា នៅទីក្រុងភ្នំពេញ និងបង្ហោះនៅលើហ្វេសប៊ុករបស់លោក។

លោក អៀ សុផល សាស្រ្តាចារ្យរងនៃមហាវិទ្យាល័យ Occidental នៃរដ្ឋកាលីហ្វ័ញ៉ា បាននិយាយថាសមត្ថភាពក្នុងការធានាថាកូនប្រុសជាអ្នកស្នងតំណែងខ្លួននឹងបង្វែរការចាប់អារម្មណ៍ពីការកាន់អំណាចយូរ របស់លោក ហ៊ុន សែន។

ទោះយ៉ាងណាក៏ដោយ លោក សុផល ថ្លែងថានៅឆ្នាំ២០២៣ វាដូចជាលឿនបន្តិចសម្រាប់លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្រ្តី លុះត្រាលោក ហ៊ុន សែន ប្រឈមនឹងអ្នកប្រឆាំងនឹងការកាន់អំណាចរបស់គាត់ខ្លាំង។

លោក បន្តថា៖« វាស្រួលក្នុងការនិយាយថាកូនប្រុសខ្ញុំនឹងបន្តតំណែងខ្ញុំ។ ពិតណាស់ លោក ម៉ាណែត អាចនឹងចូលជាសមាជិកសភា។ ឆាប់ៗគាត់អាចចូលនៅឆ្នំា២០២៣»។

លោក សុផល ថាលោក ម៉ាណែត នឹងប្រឈមផងដែរការធ្វើឱ្យមានតុល្យភាពភាពផលប្រយោជន៍សម្រាប់មនុស្សក្នុងបក្ស។

លោក បានបន្តថា៖« ខ្ញុំគិតថាមនុស្សម្នាក់មានទស្សនៈផ្សេងៗគ្នាពីលោក ហ៊ុន ម៉ាណែត។ ក្នុងចំណោមមហាជនមានអ្នកខ្លះបានវាយតម្លៃពីគាត់រួចហើយ។ តើគាត់បានធ្វើអ្វីខ្លះ? តើគាត់អាចធ្វើឱ្យអ្នកប្រជែងចាញ់ទេ ?  តើគាត់អាចដូច លី សៀនឡុង ឬដូច គីម ជុងអ៊ុន?»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីនៅពេលពេលវេលាអំណោយផល ដោយថាពេលវេលាជាក់លាក់ពេលណានោះមិនទាន់ប្រាកដទេ។

លោក បានថ្លែងថា៖«យើងដឹងច្បាស់ក្នុងចិត្តថាគាត់មានសមត្ថភាពដឹកនាំប្រទេស ដែលជាមូលហេតុដែលយើងត្រូវជ្រើសយកគាត់ជាបេក្ខជនបន្ទាប់ក្នុងតំណែងនាយករដ្ឋមន្រ្តី ប៉ុន្តែបើសួរថានៅឆ្នាំ២០២៣ ឬ២០២៨ យើងមិនប្រាកដទេ»។ លោកបន្តថា៖« នៅពេលដែលកាលៈទេសៈអំណោយផលមកដល់ (ម៉ាណែត) នឹងចូលភ្លាម ប៉ុន្តែនៅពេលមិនទាន់ដល់សម្តេចនៅតែកាន់តំណែងដដែល»។

លោក ឥសាន បានបដិសេធការលើកឡើងដែលថាការទទួលស្គាល់លោក ម៉ាណែត ពីគណៈកម្មាការកណ្តាលបក្សដោយសារឥទ្ធិពលឪពុកជារឿងមិនពិត ដោយថាការតែងតាំងត្រូវបានធ្វើឡើងដោយលក្ខណៈសម្បត្តិរបស់លោក។

អនុប្រធានបក្សកំណែទម្រង់កម្ពុជា លោក អ៊ូច ចន្ទរ័ត្ន បានថ្លែងថាលោកស្វាគមន៍ជំនាន់ថ្មីរបស់គណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមថាវានឹងនាំមកនៅវប្បធម៌ប្រកួតប្រជែងនយោបាយមួយ។

លោកថា៖« យើងដឹងហើយថា អ្នកដឹកនាំជំនាន់មុនរបស់គណបណបក្សប្រជាជន ជាអ្នកតស៊ូដោយអាវុធ ហើយប្រើប្រាស់ហិង្សាជាច្រើន ដូច្នេះហើយវាពិបាកសម្រាប់យើងក្នុងការប្រកួតប្រជែង ជួនកាលពួកគេប្រើវិធីគាបសង្កត់ (ដៃគូប្រជែង)»។

លោកបន្តថា៖«នឹងមានការប្រែប្រួល ប្រសិនបើមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ខណៈបក្សកាន់អំណាចមានលទ្ធភាពច្រើនក្នុងការប្រើប្រាស់ធនធានរដ្ឋ រាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយជាដើម»។ យោងតាមច្បាប់ ទោះជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មិននៅខាងបក្សប្រជាជនកម្ពុជា ប៉ុន្តែក្នុងចិត្តពួកគេមានទំនោរទៅបក្សកាន់អំណាច ដោយសារតែមេ គជប ជាច្រើនមកពីCPP»។

លោក គល់ បញ្ញា ទីប្រឹក្សាអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ COMFREL ដែលបានរស់នៅក្រៅប្រទេសចាប់តាំងពីបក្សសង្រ្គោះជាតិត្រូវបានរំលាយ និងការធ្វើទុក្ខបុកម្នេញលើសង្គមស៊ីវិល បានថ្លែងថាយោងតាមច្បាប់កម្ពុជា លោក ហ៊ុន ម៉ាណែត ត្រូវលាលែងពីតួនាទីកងទ័ព នៅពេលដែលគាត់ក្លាយជាមន្រ្តីបក្ស ហើយក្លាយជាបេក្ខនិងតំណាងបក្សនយោបាយ។

លោក បន្ថែមថា៖« វាប៉ះពាល់ដល់អព្យាក្រឹត្យកងទ័ព បើមិនគោរពច្បាប់ដែលចែងពីភាពអព្យាក្រឹត្យនៃមន្រ្តីទ័ព»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Manet could be PM as soon as next mandate, Hun Sen says

507 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម