សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកមន្ដ្រីរាជការត្រូវមានមនសិការ​បម្រើជាតិ និងប្រជាពលរដ្ឋ កំឡុងពេលសម្ពោធអគារទីស្តីការក្រសួងមហាផ្ទៃ

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ត្រូវបានសម្ពោធដាក់ឧ្យប្រើប្រាស់ជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)
អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ត្រូវបានសម្ពោធដាក់ឧ្យប្រើប្រាស់ជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកអគារទីស្តីការក្រសួងមហាផ្ទៃថ្មីជាឆ្អឹងខ្នង និងសេនាធិការ ដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងផ្ដល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋ។ លោកបានថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បានចាត់ទុកអគារទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃនេះ ជាសក្ខីភាព​ឆ្លុះ​បញ្ចាំងអំពីសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ នៅក្នុងរាជរដ្ឋាភិបាល ដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការផ្ដល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ។

ដោយឡែកលោកបានបង្ហាញក្ដីរំពឹងទុក និងក្រើនរំលឹកដល់មន្ដ្រីរាជការក្រសួងមហាផ្ទៃ ទាំងក្របខ័ណ្ឌ​មន្ដ្រីនគរបាលជាតិ និងស៊ីវិលគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ​ប្រកបដោយ​មនសិការទទួលខុសត្រូវ ដោយមិនគិតអំពីឧបសគ្គ និងការនឿយហត់ឡើយ។

លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ខ្ញុំសូមក្រើនរំលឹក និងបំផុសស្មារតីថ្នាក់ដឹកនាំ និងមន្ដ្រីរបស់​ក្រសួង​មហាផ្ទៃផងដែរថា ជាមួយនឹងតួនាទីដ៏សំខាន់របស់ក្រសួង រាជរដ្ឋាភិបាលក៏មានក្ដីរំពឹងខ្ពស់​លើ​ក្រសួង​មហាផ្ទៃ ហើយក្ដីរំពឹងនេះទាមទារនូវភាពជាអ្នកដឹកនាំដ៏ឈ្លៀសវៃ មានមន្ដ្រីដ៏សកម្ម និងជាពិសេស​មាន​នូវមនសិកាបម្រើជាតិ និងប្រជាជន ដោយមិនគិតអំពីឧបសគ្គ និងការនឿយហត់ណាមួយឡើយ»

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត អះអាងថា អគារដែលមានក្បូរក្បាច់រស់រវើក ស្រស់ស្អាតមួយនេះ ជាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលផ្តួចផ្តើមសាងសង់ដោយ លោក ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការគាំទ្រពីសំណាក់ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដោយឡែកសំណង់ស្ថាបត្យកម្ម ហេដ្ឋារចនាសម្ពន្ធ សមិទ្ធផលដ៏ច្រើន សន្ធឹកសន្ធាប់ រួមទាំងការពង្រឹងវិស័យសន្តិសុខជាតិ និងសេវាសាធារណៈគ្រប់ច្រកល្ហក គឺជាមូលដ្ឋាន​សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីបន្តអនុវត្ត បន្តការពារ និងពង្រីកការកសាងបន្តទៅមុខទៀត ក្នុងការបម្រើជូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស។

លោកបន្ថែមថា៖ «ខណៈដែលយើងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្ដីការក្រសួងមហាផ្ទៃនេះ យើងក៏មិនអាចបំភ្លេចបានផងដែរនូវសមិទ្ធផល ស្នាដៃ ​និងមរតកដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាល​នីតិកាលទី៦»

ទន្ទឹងនឹងនេះលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឡើងថ្លែងសុទ្ធរកថាមុនការថ្លែង​របស់​លោក​ ហ៊ុន ម៉ាណែត ថា អគារស្ថាប័នរដ្ឋដ៏ធំរបស់ក្រសួងមហាផ្ទៃថ្មីនេះ ដែលជាសំណង់អគារមាន​ទំហំ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណត​រថយន្ត (អាចចតរថយន្តក្នុងអគារបានសរុបចំនួន៣៦០គ្រឿង)។ អគារនេះដែរ គឺមានរាងជាចតុកោណព្នាយ​កែងស្មើជ្រុង និងមានសួនច្បារ​នៅកណ្តាល និងមានរចនាបទក្បាច់ចំនួន៣គឺ ក្បាច់ភ្ញីទេស ភ្ញីអង្គរ និង​ភ្ញីភ្លើង។ សម្រាប់ផ្នែកខាងមុខនៃអគារនេះ គឺបែរទៅទិសខាងកើតស្រប​តាមមហាវិថីព្រះ​នរោ​ត្តម និងបែរមុខ​ចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។

លើសពីនេះទៀត ប្លង់ស្ថាបត្យកម្មនៃទីស្តីការក្រសួងមហាផ្ទៃថ្មី ជាប្រភេទស្ថាបត្យកម្មក្លាសិក (សម័យទំនើប​កម្ម) រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្ប​បុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូល​ប្រាំ​។ ជាមួយគ្នានេះ អគារថ្មីនេះមានសមត្ថភាពអាចផ្ទុក​មនុស្សសរុបរហូតដល់ ៨ ៥០០នាក់ ដែលមានចំនួន​ការិយាល័យ៣៩២​ សាលប្រជុំតូចធំចំនួន១៦ ហើយមានមុខងារប្រើប្រាស់ជាអគារ​រដ្ឋបាល​ប្រមូលផ្តុំ ដែល​មាន​ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ត្រីរាជការ​ស៊ីវិល​ មន្ត្រីនគរបាលជាតិ​ មន្ត្រីពន្ធនាគារ​ផងដែរ។

លោកថ្លែងបន្តថា៖ «កម្មវិធីនេះមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលជាការផ្តល់កិត្តិយស និងការលើកទឹកចិត្ត​ប្រកបដោយថាមពលសម្រាប់យើងទាំងអស់គ្នា ដើម្បីបន្តបំពេញបន្ថែមបេសកកម្មរបស់ក្រសួងមហាផ្ទៃ ដោយមិនខ្លាចនឿយហត់ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាទីស្រឡាញ់ននៃយើង»

អគារទីស្តីការថ្មីនេះ សាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថី​ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយចំណាយអស់ប្រមាណ៦០លានដុល្លារអាមេរិក។ អគារនេះ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាង​សង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃ​ដីសរុបទំហំ ៥,៧ហិកតា ដែលដំណើរការសាងសង់អស់ចំនួន២០ខែ។

លោក ទូច សុឃៈ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ប្រាប់ព័ត៌មានខេមបូចា(CamboJA) នៅថ្ងៃអង្គារនេះថា អគារថ្មីនេះ ឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិ វាបង្ហាញអំពី​ការប្តេជ្ញា​ចិត្តរបស់មន្ត្រីនៃក្រសួងមហាផ្ទៃ ដែលមកអង្គុយនៅក្នុងអគារថ្មីនេះក្នុងការបម្រើសេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋទូទៅ ហើយក្រសួងមានទស្សនៈវិស័យច្បាស់លាស់ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយ​អាណត្តិទៅ​មួយអាណត្តិ ដើម្បីលុបបំបាត់ភាពអវិជ្ជមាន ភាពអសកម្ម ហើយព្យាយាមកែទម្រង់ដើម្បីបង្ក​ភាពងាយស្រួល​ដល់ប្រជាពលរដ្ឋ ស្របតាមសម័យបច្ចេកវិទ្យាឌីជីថល។

លោកអះអាងបន្តថា ចំពោះបច្ចុប្បន្នសេវាសាធារណៈកម្ពុជាបានល្អប្រសើរ និងផ្តល់ភាពងាយស្រួលជាងមុន តាមរយៈផែនការកែទម្រង់របស់ក្រសួងមហាផ្ទៃ ហើយទៅមុខទៀតនឹងកាន់តែល្អប្រសើរ។

លោកបញ្ជាក់ថា៖ «ការបម្រើសេវាសាធារណៈជូនមហាជនគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ វាគឺ​ជា​តួនាទី ភារកិច្ចរបស់ក្រសួងមហាផ្ទៃ វាមិនមែនផ្អែកទៅលើការិយាល័យ ឬអគារទេ។ តែធាតុពិត​អំពីការ​បំពេញភារកិច្ចផ្តល់សេវាសាធារណៈជូនមហាជនទាំងនោះ វាសំខាន់ទៅលើការរៀបចំគោលនយោបាយ ការអនុវត្តគោលនយោបាយរបស់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់»

ទោះបីយ៉ាងណា លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បាន​អបអរសាទរចំពោះសមិទ្ធផលដ៏ថ្មីស្រឡាងនៃក្រសួងមហាផ្ទៃ ដែលជាកន្លែងផ្តល់ភាពងាយស្រួល​សម្រាប់​មន្ត្រីធ្វើការងារ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ព្រោះជាទូទៅនៅកន្លែងណាក៏ដោយ ធនធាន​សម្ភារៈជាកិច្ចការចាំបាច់ និងសំខាន់សម្រាប់ស្ថាប័ន ឬរដ្ឋាភិបាល តែយ៉ាងណាលោកក៏នៅបារម្ភ និងរង់ចាំមើលចំពោះប្រសិទ្ធភាពការងារ ការផ្តល់សេវាជូនប្រជាពលរដ្ឋ និងរបៀបរបបធ្វើការងាររបស់មន្ត្រី តើមានការល្អប្រសើរជាងមុនឬយ៉ាងណាទន្ទឹមនឹងមានអគារថ្មីនេះ?។

ដោយឡែកលោក ឯម សុវណ្ណារ៉ា ចង់ឃើញសកម្មភាព ឬក៏ការអនុវត្តផ្ទាល់របស់រដ្ឋាភិបាល និងមន្ត្រីក្រោម​ឱវាទ ដែលបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋតាមរយៈសេវាសាធារណៈ ជាជាងបង្ហាញគោលនយោបាយ​ ឬអគារធំៗដ៏ស្កឹមស្កៃនេះ។

លោកបន្តថា៖ «ទំនាក់ទំនងរវាងពលរដ្ឋ និងអាជ្ញាធរហាក់ដូចជាឃ្លាតគ្នាឆ្ងាយ ដោយសារពលរដ្ឋ​ខ្លាច​អាជ្ញាធរ​ទាមទារនូវបែបបទរដ្ឋបាលមួយចំនួនដែលគាត់អត់យល់។ ទាល់តែគាត់(អាជ្ញាធរ)ផ្សារភ្ជាប់ខ្លួនគាត់ ឬក៏ដាក់ខ្លួនគាត់ឱ្យជិតប្រជាពលរដ្ឋ ឆ្លើយតប ហើយមានបំណងពិតប្រាកដក្នុងការបំពេញ​សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋពិតប្រាកដ ទើបគាត់(អាជ្ញាធរ)អាចដោះស្រាយបាន»

គួរ​បញ្ជាក់​ថា ​​​​​​ចាប់តាំងពីឆ្នាំ២០២១មក អគារ​ស្ថាប័នរដ្ឋ​ដ៏​ស្កឹមស្កៃ​​ជា​ច្រើន ​​​ត្រូវ​បាន​សាងសង់​ថ្មី​ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ តួយ៉ាងដូចជា អគារ​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​សម្ពោធកាលពីថ្ងៃទី​២២ ខែមករា ឆ្នាំ​ ២០២១។ អគារ​ទីស្តីការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​បាន​សម្ពោធ​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ២០២១។ អគារ​ក្រសួង​ការពារ​ជាតិ​ថ្មី បាន​សម្ពោធ​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ២០២១៕

234 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម