លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសអ្នកទាំងឡាយណាដែលអះអាងថា ប្រទេសកម្ពុជាមិនធ្លាប់មានអំពើប្រល័យពូជសាសន៍ និងចង់ធ្វើ «បដិវត្តន៍ពណ៌»។ អ្នកវិភាគនយោបាយបាននិយាយថា ច្បាប់នេះនឹងធ្វើឱ្យសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋកាន់តែរួមតូចទាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។
ថ្លែងក្នុងសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» កាលពីថ្ងៃពុធ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា មធ្យោបាយការពារកុំឱ្យមានរបបប្រល័យពូជសាសន៍នាពេលអនាគត គឺចាំបាច់ត្រូវការពារសន្តិភាព ស្របពេលដូចគ្នាដែរត្រូវការពារនូវការដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យរួមទាំងបដិវត្តន៍ពណ៌ផងដែរ។
លោកបានលើកឡើងថា៖ «កាលពីមុនមានបរទេសបានញុះញង់ [មេដឹកនាំ] ឲ្យធ្វើរដ្ឋប្រហារ [រដ្ឋាភិបាល]។ ឥទ្បូវនេះគេមិនធ្វើរដ្ឋប្រហាររដ្ឋាភិបាលទៀតទេ ប៉ុន្តែគេធ្វើបដិវត្តន៍ពណ៌តែម្តង»។
លោកបានមានប្រសាសន៍ថា៖ «អ៊ីចឹង អាបដិវត្តពណ៌នេះ បើឃើញវាងើបដាក់វាទៅ ព្រោះអានេះនាំដល់អំពើប្រល័យពូជសាសន៍ទៀតហើយ នាំដល់សង្គ្រាម» ដោយលោកលើកឡើងថា នៅកម្ពុជាមានការប៉ុនប៉ងបែបនេះ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣។ លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងត្រូវបានកាត់ទោសពីបទក្បត់ជាតិ ហើយបច្ចុប្បន្នកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ។
លោកបានគូបញ្ជាក់ថា ឧត្តមសេនីយ លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានដឹកនាំរដ្ឋប្រហារនៅខែមីនា ឆ្នាំ១៩៧០ ដើម្បីទម្លាក់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ បន្ទាប់មក ក៏កើតមានរបបប្រល័យពូជសាសន៍ក្រោមរបបខ្មែរក្រហមនៅកម្ពុជា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មី សូមឲ្យអ្នកច្បាប់ទាំងឡាយពិចារណារួមគ្នា តើគួរមានច្បាប់កំណត់ ដើម្បីបញ្ជាក់ ព្រោះងាយស្រួលសរសេរប្រវត្តិសាស្ត្រទុកឲ្យក្មេងរៀនមិនចឹង»។
លោកបានមានប្រសាសន៍ថា៖ «ចឹងមានតែវិធីដាក់ច្បាប់ទេ ហ្អែងនិយាយថា នៅកម្ពុជាអត់មានរបបប្រល័យពូជសាសន៍ ជាប់ទោសប៉ុន្មាន និងផាកប៉ុន្មាន»។ លោកបានពន្យល់ថា ការទប់ស្កាត់អំពើប្រល័យពូជសាសន៍អាចធ្វើឡើងដោយការអប់រំកុមារ ដែលអាចរៀនអំពីរបបប្រល័យពូជសាសន៍ ទោះបីជា «អ្នកនយោបាយខ្លះនិយាយថា មិនមានរបបប្រល័យពូជសាសន៍ក៏ដោយ» ។
យោងតាមអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ប្រជាជនចន្លោះពី ១,៥ ទៅ ២លាននាក់បានស្លាប់ក្នុងរបស់ខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
លោក មាស នី អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ មានប្រសាសន៍ថា វាជាសិទ្ធិរបស់បុគ្គលម្នាក់ៗក្នុងការសម្តែងមតិអំពីរបបខ្មែរក្រហម ដោយនិយាយថា របបនេះបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ ប៉ុន្តែអ្នកដែលកាន់ជើងរបបខ្មែរក្រហម ហើយជឿថា ការកាន់កាប់របស់ខ្មែរក្រហម គឺដោយសារវៀតណាម នោះគឺជាទស្សនរបស់ពួកគាត់។
លោក មាស នី បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាការគ្រាន់តែបង្កើតច្បាប់សម្រាប់បដិសេដ ពីយោបល់ផ្ទុយណាមួយ[…] បើយើងធ្វើច្បាប់ណាមួយដែលវាឃ្លាតឆ្ងាយ ពីរដ្ឋធម្មនុញ្ញខ្លាំងពេក អាហ្នឹងវាអាចជាការបំបិទសិទ្ធិសេរីភាព»។
លោក មាស នី មានប្រសាសន៍បន្ថែមថា៖ «របបខ្មែរក្រហមប្រើជាឧបករណ៍មួយដើម្បី គាំទ្រមូលហេតុដែលធ្វើឱ្យគណបក្សកាន់អំណាចគាត់អាចឡើងមកគ្រប់គ្រងប្រទេសបាន» ដោយលោកកត់សម្គាល់ថា គណបក្សកាន់អំណាចបានលើកឡើងថា ខ្លួនបានជួយសង្គ្រោះប្រជាជនពីរបបប្រល័យពូជសាសន៍។ប្រសិនបើនរណាម្នាក់គាំទ្រខ្មែរក្រហម ឬនិយាយថា របបនេះមិនមែនជារបបប្រល័យពូជសាសន៍ វាអាចមានន័យថា គណបក្សកាន់អំណាចកំពុងបាត់បង់ «ប្រព័ន្ធឃោសនា» របស់ខ្លួន។
លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា ការអនុម័តច្បាប់ថ្មី ដើម្បីបង្រៀនអំពីរបបប្រល័យពូជសាសន៍កម្ពុជានិងប្រវត្តិសាស្ត្រយោធានឹងបំពេញបន្ថែមលើច្បាប់ពាក់ព័ន្ធស្តីពីរបបប្រល័យពូជសាសន៍។ វាគឺជាការបន្ថែមលើច្បាប់ដែលមានស្រាប់ ដែលនឹងត្រូវយកមកបង្រៀនដល់ក្មេងជំនាន់ក្រោយ ដើម្បីកុំឱ្យមានអំពើប្រល័យពូជសាសន៍ទៀត ដោយសារថា ប្រហែលជានៅថ្ងៃមុខ នឹង«លែងសល់អ្នកនៅរស់រានមានជីវិតពីរបបនេះ ដើម្បីនិយាយប្រាប់ពួកគេអំពីប្រវត្តិសាស្ត្រយោធារបស់ប្រទេសកម្ពុជាទៀត»។
លោកបានឆ្លើយតបតាមអ៊ីមែលថា៖ «លទ្ធភាព ក្នុងការពិនិត្យមើលឡើងវិញនូវច្បាប់ដែលមានស្រាប់តាមរយៈទស្សនៈទូលំទូលាយអំពីរបបប្រល័យពូជសាសន៍ក៏ជួយច្រើនផងដែរ ក្នុងការទប់ស្កាត់មិនឱ្យមានរបបប្រល័យពូជសាសន៍នាពេលអនាគត»។
ប្រទេសកម្ពុជាបានអនុម័តច្បាប់យ៉ាងហោចណាស់ចំនួនបីទាក់ទងនឹងអំពើប្រល័យពូជសាសន៍។ ច្បាប់ទាំងនោះមានច្បាប់ស្តីពីការដាក់ក្រុមកម្ពុជាប្រជាធិបតេយ្យឱ្យនៅក្រៅច្បាប់ ច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ (២០០១) និងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ ២០១៣)។ ច្បាប់ទាំងបីនេះបានផ្តោតលើការដោះស្រាយបញ្ហាអតីតកាលឬជំនាន់បច្ចុប្បន្ន។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា បដិវត្តន៍ពណ៌ «គឺមិនអាចកើតឡើង» នៅក្នុងប្រទេសកម្ពុជាទេ មិនដូចជាបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដោយសារប្រជាពលរដ្ឋខ្មែរ «មិនមានចំណេះខ្ពស់» ហើយពួកគាត់ «មិនយល់» បទដ្ឋាននៃបដិវត្តន៍ពណ៌ទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមើលឃើញថា វាមិនអាចទៅរួចក្នុងការធ្វើបដិវត្តន៍ពណ៌។ ប្រសិនបើមានច្បាប់ដាក់ទោស [ពលរដ្ឋទាក់ទងនឹង] បដិវត្តន៍ពណ៌ នោះខ្ញុំបារម្ភថា វាក្លាយទៅជារឿងលាបពណ៌គ្នាទៅវិញទៅមក ហើយនាំឲ្យមានការរងគ្រោះដោយអយុត្តិធម៌»។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបដិសេធធ្វើអត្ថាធិប្បាយ ដោយស្នើឲ្យស្តាប់ការថ្លែងរបស់លោក ហ៊ុន សែន ជំនួសវិញ។
លោកបានមានប្រសាសន៍ថា៖ «សម្តេចតេជោលោកបានពន្យល់ហើយអូន […]ស្តាប់ប្រសាសន៍លោកទៅហើយខ្វូតលោកទៅ» ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen Proposes Law To Punish Anyone Denying Cambodia’s Genocidal Past