លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានព្រមានថាលោកនឹងចាត់វិធានការច្បាប់ប្រឆាំងគណបក្សនយោបាយណាដែលប្រើប្រាស់ការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋចេញពីតំបន់បេតិកភណ្ឌអង្គរ ជាបញ្ហាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិ ដែលនឹងចូលមកដល់នៅឆ្នាំខាងមុខ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលកំពុងរស់នៅតំបន់ការពារនឹងត្រូវផ្លាស់ទីលំនៅចេញ ដើម្បីធានាពីនិរន្តរភាពនៃតំបន់បេតិកភណ្ឌពិភពលោកមួយនេះ។ រដ្ឋាភិបាលនឹងផ្ដល់ជាសំណងនូវផ្ទៃដីទំហំ ៦០០ម៉ែត្រការ៉េសម្រាប់គ្រួសារមួយៗនៅតំបន់ផ្សេងពីនេះ។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់បណ្តាបក្សនយោបាយ កុំប្រើប្រាស់នូវអ្វីដែល ហ៊ុន សែនកំពុងដោះស្រាយសម្រាប់តម្រូវការរបស់ជាតិ ធ្វើជាអាវុធដើម្បីវាយប្រហាស ហ៊ុន សែន យកសន្លឹកឆ្នោតនៅពេលខាងមុខ»។
លោកបន្តថា៖ «ខ្ញុំយល់ពីពួកអ្នកឯង អ្នកឯងតែងធ្វើរឿងនេះមុនការបោះឆ្នោត ប៉ុន្តែអ្នកឯងត្រូវយល់ នៅពេលដែលខ្ញុំប្រើប្រាស់ផ្លូវច្បាប់ចាត់ការអ្នកឯង អ្នកកុំចាត់ទុកថារឿងនេះជារឿងនយោបាយ»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រជាពលរដ្ឋជិត ២ ០០០គ្រួសារបានយល់ព្រមចាកចេញពីតំបន់ការពាររបស់អង្គការយូណេស្កូ។ អ្នកទាំងនេះនឹងត្រូវផ្លាស់ឲ្យទៅរស់នៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មានប្រសាសន៍ថា រដ្ឋាភិបាលតែងតែបារម្ភពីបញ្ហារសើប។
លោកបន្តថា៖ «អ្វីដែលសំខាន់គឺស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ហើយវាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ បើសិនជារដ្ឋាភិបាលផ្ដល់ដំណោះស្រាយសមស្រប វាគ្មានអ្វីត្រូវខ្លាចទេ»។
ទោះបីយ៉ាងណា លោក សេដ្ឋា ថាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ ជាការគំរាមកំហែងនយោបាយមួយទៀតនៅមុនការបោះឆ្នោតជាតិចូលមកដល់។
លោកបន្តថា៖ «វាបង្ហាញថាបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតខាងមុខនឹងមិនសេរីសម្រាប់គណបក្សនយោបាយផ្សេងទេ»។
សមាជិកគណបក្សភ្លើងទៀតបានសន្យាជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងទាមទារយុត្តិធម៌ ក្នុងពិធីសាសនាមួយនៅអង្គរវត្ត ខេត្តសៀមរាប កាលពីសប្ដាហ៍មុន និងបានដាក់ចេញគោលនយោបាយស្នូល៧ចំនុចសម្រាប់ការបោះឆ្នោតឆ្នាំក្រោយ។
ការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា កន្លងទៅ គណបក្សប្រជាជនកម្ពុជាបានឈ្នះមេឃុំចំនួន ១ ៦៤៨ ឃុំ លើ ១ ៦៥២ ឃុំសង្កាត់ ខណៈគណបក្សភ្លើងទៀតឈ្នះបានតែបួនឃុំប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាឃុំរបស់គណបក្សភ្លើងទៀនជាច្រើននាក់កំពុងជាប់បណ្ដឹងនៅតុលាការ រួមទាំងអនុប្រធានគណបក្សលោក សុន ឆ័យ ផងដែរ ដែលរងការចោទពីបទបរិហារកេរ្តិ៍ ដែលប្ដឹងដោយគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប។
ប្រជាពលរដ្ឋម្នាក់ដែលត្រូវផ្លាស់ទីលំនៅ លោក លួន ឡង មានប្រសាសន៍ថាលោកត្រូវបោះបង់ចោលដីទំហំបីហិកតាដែលលោកកាន់កាប់នៅភូមិត្រពាំងសេះ ដែលស្ថិតក្នុងតំបន់អង្គរ ដោយត្រូវមកយកដីទំហំ ៦០០ម៉ែត្រការ៉េវិញនៅភូមិ រុនតាឯក។
លោកបន្តថា៖ «យើងមិនចង់ចាកចេញទេ ប៉ុន្តែគេថានេះជាតំបន់អភិរក្ស ដូចនេះយើងមិនអាចជំទាស់បានទេ»។
លោក សួស ណារិន មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា ខណៈអាជ្ញាធរមិនចេញបណ្ណកម្មសិទ្ធដល់អ្នករស់នៅក្នុងតំបន់ជំវិញអង្គរ កាលពីពេលកន្លងពួកគេនៅតែអាចទិញលក់អចលនទ្រព្យទាំងនេះ ពិសេសនៅពេលជិតបោះឆ្នោត ដោយថាបើសិនជាពួកគេបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ពួកគេនឹងទទួលបានការអនុញ្ញាតឲ្យលក់ដីទាំងនោះ។
លោកបន្ថែមថា៖ «ពួកគេត្រូវបានបំផុសថា បើបោះឆ្នោតឲ្យគណបក្សកាន់អំណាច គេនឹងជួយសម្របសម្រួលឲ្យអាចធ្វើការទិញលក់បាន» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen warns political parties not to exaggerate Angkor Wat issue ahead of elections