នៅព្រឹកថ្ងៃពុធនេះ ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលប្រឈមនឹងការផ្លាស់ប្ដូរលំនៅឋានចេញពីតំបន់បេតិកភណ្ឌអង្គរបានផ្ទុះការតវ៉ានៅខាងមុខសាលាឃុំ ដោយបដិសេធចំពោះសំណើរដោះដូរទីលំនៅ។
បើតាមប្រជាពលរដ្ឋឱ្យដឹងថា កាលពីព្រឹកមិញនេះ មានអាជ្ញាធរចុះមកសួរនាំ អ្នកភូមិ និងឱ្យ ផ្ដិតមេដៃសម្រាប់អ្នកចង់ផ្លាស់ប្ដូរទីលំនៅទៅកាន់ទីតាំងថ្មី។ ការណ៍នេះនាំឱ្យពួកគេមានការ ភ្ញាក់ផ្អើលនិងធ្វើការតវ៉ាព្រោះពុំធ្លាប់ដឹងរឿងនេះពីមុនមក។
យ៉ាងណាមន្ត្រីមូលដ្ឋានថា ប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់នេះ គឺពិតជាត្រូវចាកចេញពីតំបន់អង្គរ ក្រោមគោលនយោបាយដោះស្រាយដោយរដ្ឋាភិបាល។ ប្រភពដដែលបន្តថា នៅចុងសប្ដាហ៍នេះ អាជ្ញាធរនឹងជួបប្រជាពលរដ្ឋដើម្បីពន្យល់លម្អិតជុំវិញការផ្លាស់ប្ដូរលំនៅឋាន។
ប្រជាពលរដ្ឋដែលចូលរួមតវ៉ាព្រឹកមិញនេះ លោក ជា វិរៈ វ័យ៤៣ឆ្នាំ រស់នៅភូមិថ្នាល់ទទឹង ឃុំព្រះដាក់ តាំងពីកើតមក និយាយថា លោកពុំព្រមចាកចេញពីលំនៅឋានសព្វថ្ងៃឡើយ ដោយសារមានមុខរបរនិងដីស្រែចំការនៅទីនោះ ព្រមទាំងសេវាសាធារណៈក្បែរផ្ទះ។
លោក វិរៈ ប្រាប់ថា៖ «ភូមិ[រុនតាឯក]វានៅឆ្ងាយពីការរកស៊ីរបស់ខ្ញុំ កន្លែងរស់នៅអត់មានកន្លែងមួយដែរអាចរកចំណូលបាន ឆ្ងាយពីទីផ្សារ ប្រជាពលរដ្ឋអត់ដឹងរកស៊ីអី ព្រោះតំបន់នោះវានៅក្នុងព្រៃ»។
លោក វិរៈ មានមុខរបរជាអ្នកធ្វើស្រែចំការនិងជាងធ្វើតុទូនៅខាងមុខផ្ទះ ដែលអាចធ្វើឱ្យគាត់រកប្រាក់ចំណូលជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ បានអះអាងថា អាជ្ញាធរបានផ្ដល់ដីលំនៅឋានឱ្យពលរដ្ឋមួយគ្រួសារទទឹង២០ម៉ែត្រនិងបណ្ដោយ៣០ម៉ែត្រ ដោយពុំបញ្ជាក់ពីការផ្លាស់ប្ដូរដីស្រែចំការ។ យ៉ាងណាទំហំនេះ បើប្រៀបធៀបជាមួយដីលំនៅឋានលោកសព្វថ្ងៃជិត១ហិកតានិងដីស្រែជាង១ហិកតាហាក់តិចជាងឆ្ងាយ។
លោក វិរៈ និយាយថា៖ «ដំណោះស្រាយពួកខ្ញុំគឺអត់ចាកចេញជាដាច់ខាត។ ចង់រស់នៅតែភូមិចាស់(ភូមិថ្នាល់ទទឹង)ដដែលអត់ចង់ផ្លាស់ប្ដូរទេ»។
អ្នកស្រី ពៅ គុណ វ័យ៣៩ឆ្នាំ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ តាំងពីដូនតា ថ្លែងថា អ្នកស្រី ពុំយល់ព្រមតាមសំណើររបស់អាជ្ញាធរឱ្យផ្លាស់ប្ដូរលំនៅឋានទៅភូមិរុនតាឯក ព្រមទាំងបដិសេធរាល់ដំណោះស្រាយទាំងឡាយពីអាជ្ញាធរ។
អ្នកស្រី គុណ និយាយថា៖ «នៅភូមិខ្ញុំមានវត្តព្រះដាក់ ខ្ញុំនៅជិតមណ្ឌលសុខភាពព្រះដាក់ នៅជិតសាលារៀន។ រុនតាឯកមិនដឹងនៅណាទេ ឮថាអ្នកទៅមុនពួក[ក្បែរ]អង្គរ គេថាទឹកលិច រកកន្លែងដេកគ្នាន»។
អ្នកស្រី គង់ ចាន់ថា ជំទប់ទី២ ឃុំព្រះដាក់ និយាយថា ពលរដ្ឋ ២២១១គ្រួសារ រស់នៅភូមិទាំង៦ នៃឃុំព្រះដាក់ ត្រូវរងការផ្លាស់ប្ដូរលំនៅឋានទៅកាន់ ភូមិរុនតាឯក នៅស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង នៅស្រុកអង្គរធំ លើកលែងតែភូមិតាកុះមួយប៉ុណ្ណោះដែលអ្នកភូមិប៉ះពាល់ត្រឹមពាក់កណ្ដាល។
អ្នកស្រី បន្ថែមថា៖ «អាជ្ញាធរអប្សរាឱ្យប្រជាជនយើងរុះរើផ្ទះចាស់ លើដីចាស់ទៅនៅដីថ្មី ចេញពីតំបន់អប្សរា ប៉ុន្តែពួកគាត់អត់យល់ព្រមក៏មកតវ៉ានៅនេះ»។
លោក ភន់ សុខុម អភិបាលស្ដីទី ស្រុកបន្ទាយស្រី មានប្រសាសន៍ថា ព្រឹកមិញនេះមន្រ្តីក្រសួងដែនដីចុះទៅសួរនាំប្រជាពលរដ្ឋជុំវិញការផ្លាស់ប្ដូរទីលំនៅ ទាំងអាជ្ញាធរមូលដ្ឋានពុំទាន់ធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាលនៅឡើយ ទើបបណ្ដាលឱ្យមានការតវ៉ាកើតឡើង។
លោក សុខុម ថ្លែងថា៖ «មិនទាន់មានគោលការណ៍ប្រជុំផ្សព្វផ្សាយហើយគាត់បាននាំគ្នាចុះទៅ។ ខាងក្រសួងដែនដី[ដែលចុះ]»។
អភិបាលស្រុកបន្ទាយស្រីស្ដីទីរូបនេះ បដិសេធចំពោះសំណួរអ្នកសារព័ត៌មាន ខេមបូចា ជុំវិញដំណោះស្រាយជូនប្រជាពលរដ្ឋដោយប្រាប់ឱ្យទូរសព្ទសួរក្រសួងដែនដីជំនួសវិញ។
លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប និងជាអតីតអភិបាលស្រុកបន្ទាយស្រី និយាយថា លោកពុំទាន់ទទួលព័ត៌មានជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋនេះនៅឡើយទេ ព្រមទាំងប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅអាជ្ញាធរអប្សរាវិញ។
លោក ហ្វីណង់ បញ្ជាក់ថា៖ «ការងារនេះខ្ញុំអត់ទាន់ទទួលបានព័ត៌មានទេ អធ្យាស្រ័យ ចឹងសូមមិនឆ្លើយតបទេ»។
អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លី សំរិទ្ធ ថ្លែងថា លោកពុំមានសិទ្ធិក្នុងការឆ្លើយជាមួយអ្នកសារព័ត៌មានជុំវិញករណីពលរដ្ឋនៅតំបន់អង្គរឡើយ ដោយកិច្ចការនេះ គឺស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងដែនដី។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ថ្លែងថា រដ្ឋាភិបាលមានយន្តការក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែលោកពុំទាន់ទទួលបានព័ត៌មានជុំវិញការតវ៉ានេះនៅឡើយទេ។
លោក គ្រាន់ឆ្លើយថា៖ «ខ្ញុំអត់បានទៅស្ដាប់អត់បានទទួលសំណូមពរពីគាត់ថាម៉េចទេ ដូច្នេះខ្ញុំមិនអាចនិយាយបានទេ»។
ប្រធានមន្ទីរដែនដីរូបនេះ បង្វែរសំណួរអ្នកសារព័ត៌មានថាតើមានពលរដ្ឋប៉ុន្មានគ្រួសារដែលត្រូវផ្លាស់ប្ដូរទីលំនៅចេញពីតំបន់អង្គរ ដោយប្រាប់ឱ្យសួរទៅកាន់អាជ្ញាធរជាតិអប្សរាជំនួសវិញ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅកាន់ក្រសួងដែនដីវិញ។
លោក កុសល ថ្លែងថា៖ «ព្រោះកិច្ចការងារនេះស្ថិតក្នុងក្របខណ្ឌនៃក្រុមការងារតម្រង់ទិស គាត់[ក្រសួងដែនដី]តែមួយគត់ ជាអ្នកផ្ដល់ព័ត៌មានពាក់ព័ន្ធបញ្ហាហ្នឹង»។
លោក បេងហុង សុជាតិខេមរូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួងដែនដី ប្រាប់ឱ្យអ្នកសារព័ត៌មាន ខេមបូចា សួរទៅអ្នកនាំពាក្យក្រសួងដែនដីជំនួស។ សារព័ត៌មាន ខេមបូចា ពុំអាចសុំការអត្ថាធិប្បាយពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីបានទេ ដោយខលទូរសព្ទទៅពុំមានអ្នកលើក។
លោក សួស ណារិន មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការ អាដហុក ប្រចាំខេត្តសៀមរាប អំពាវនាវកុំឱ្យមានការប្រើអំពើហិង្សាណាមួយប្រសិនបើពលរដ្ឋពុំព្រមចាកចេញតាមការណែនាំពីអាជ្ញាធរ។
លោក ណារិន ថ្លែងថា៖ «យើងសង្គមស៊ីវិលទទូចថាធ្វើម៉េចកុំឱ្យប្រើហិង្សានៅពេលពួកគាត់អត់ចាកចេញ។ វិធីសាស្រ្តអីត្រជាក់ៗដើម្បីឱ្យពួកគាត់អាចទទួលយកបាន»។
លោក ណារិន អះអាងថា ពលរដ្ឋនៅឃុំព្រះដាក់នេះ គឺរស់នៅរយៈពេលយូរណាស់មកហើយ ដោយខុសពីប្រជាពលរដ្ឋមួយចំនួនរស់នៅក្បែរប្រសាទអង្គរ។
លោក ណារិន បន្ថែមថា៖«ទោះបីពួកគាត់[ពលរដ្ឋរស់នៅក្បែរប្រាសាទអង្គរ]ថារស់នៅពីយូរ ប៉ុន្តែពួកគាត់បានទទួលសំណងម្ដងហើយ។ ទៅនៅអង្គរបានទទួលសំណងម្ដងទៀត ខ្លះរស់នៅលើដីផ្លូវសោះ បានដីទទឹង២០ម៉ែត្រ បណ្ដោយ៣០ម៉ែត្រហ្នឹងគេដែរ ហើយទៅទះដៃអបអរ។ សម្រាប់អ្នកនៅភូមិចាស់[រស់នៅតាំងពីកំណើត] វាមិនស្រប នៅតាំងពីដូនតាមកក៏បានដូចគ្នា»។
នៅដើមខែតុលានេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការផ្លាស់ប្ដូរលំនៅឋានពលរដ្ឋចេញពីតំបន់អង្គរនេះ ក្រោមសម្ពាធពីអង្គការយូណេស្កូ ជុំវិញការការពារតំបន់រមណីយដ្ឋានអង្គរ។ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា ករណីប្រជាពលរដ្ឋពុំព្រមចាកចេញ ពួកគេនឹងត្រូវបណ្ដេញចេញទាំងពុំមានសំណងឡើយ ដោយលោកបារម្ភពីការដកប្រសាទអង្គរចេញពីបេតិកភណ្ឌពិភពលោក។
លោក ហ៊ុន សែន និយាយថា៖ «ពេលនេះជាពេលដែលរដ្ឋាភិបាលធ្វើការថ្នាក់ថ្នម អង្វរករបងប្អូនឱ្យចាកចេញ ប៉ុន្តែនៅពេលវេលាមកដល់១សេនក៏អត់ឱ្យ ហើយបញ្ជូនចេញពីតំបន់ហ្នឹងតែម្ដង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងមកក៏ធ្លាប់ព្រមានចាត់វិធានការច្បាប់ប្រឆាំងគណបក្សនយោបាយណាយកករណីនេះ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិ ដែលនឹងចូលមកដល់នៅឆ្នាំខាងមុខផងដែរ។