សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មនុស្សរាប់រយនាក់បិទផ្លូវទៅកាន់ព្រលានយន្តហោះថ្មី បន្ទាប់ពីក្រុមហ៊ុនឈូសឆាយដំណាំស្រូវរបស់ពួកគាត់

អ្នកភូមិបោះតង់ ដើម្បីបិទផ្លូវឆ្ពោះទៅការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី។ គម្រោងអភិវឌ្ឍន៍នេះបានជាប់គាំងក្នុងជម្លោះជាមួយអ្នកភូមិនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញាឆព័ណ្ណ
អ្នកភូមិបោះតង់ ដើម្បីបិទផ្លូវឆ្ពោះទៅការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី។ គម្រោងអភិវឌ្ឍន៍នេះបានជាប់គាំងក្នុងជម្លោះជាមួយអ្នកភូមិនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញាឆព័ណ្ណ

ប្រជាពលរដ្ឋប្រមាណ២០០នាក់ ដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលាន យន្តហោះធំមួយនៅខេត្តកណ្តាលបានតវ៉ាប្រឆាំងនឹងការធ្វើឲ្យខូចខាតដំណាំស្រូវរបស់ពួកគាត់ដែលបង្កឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដោយពួកគាត់បិទផ្លូវទៅកាន់ ទីតាំងរបស់គម្រោងនេះ នៅស្រុកកណ្តាលស្ទឹងចាប់តាំងពីថ្ងៃសុក្រមក។

ប្រជាពលរដ្ឋបាននិយាយថា ត្រាក់ទ័រ២គ្រឿង រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ប៉ូលីស និងសន្តិសុខរាប់សិបនាក់របស់​ក្រុម​ហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ត្រូវបានបញ្ជូនទៅទីតាំងដី​ដែល​មិនទាន់ដោះស្រាយរវាង​ក្រុម​ហ៊ុន​ និង​ប្រជាជន ដោយបាន​ធ្វើ​សកម្ម​ភាព​ឈូសឆាយ និង​បំផ្លាញ​ដំណាំស្រូវ​របស់ប្រជាជន​អស់ ជាង ​១ហិចតាកាលពីថ្ងៃសុក្រ។

ក្រុមហ៊ុន ដែលកំពុងទទួលខុសត្រូវលើគម្រោងដែលមានទឹក ប្រាក់១,៥ពាន់ លានដុល្លារ ​ជា​ រួមគ្នាជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល របស់រដ្ឋរង ការ ចោទប្រកាន់ម្តងហើយម្តងទៀតថា បានទន្ទ្រានលើដីប្រជាជនបើទោះបីមិនទាន់មាន​ដំណោះស្រាយ​ក៏ដោយ ។ គម្រោងអភិវឌ្ឍនេះ គ្របដណ្តប់លើផ្ទៃដី២.៦០០ហិកតា ដែលស្ថិតនៅចម្ងាយប្រហែល២៥ គីឡូ ម៉ែត្រពីរាជធានីភ្នំពេញ។

លោក ឡុង សុភ័ក្ត្រ ជាកសិករមកពីភូមិកំពង់តាឡុង នៅស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាលបាននិយាយថា លោកមិនបានទទួលសំណងណាមួយចំពោះ ការបំផ្លាញ ដំណាំស្រូវទំហំ១ហិកតានោះទេ។

លោកបាននិយាយថា៖ «ខ្ញុំកំពុងរៀបចំបូមទឹកដាក់ស្រែ ហើយនៅពេលនោះ ត្រាក់ទ័រពីរគ្រឿង បានបើកចូលក្នុងស្រែរបស់ខ្ញុំហើយបាន ចាប់ផ្តើមកម្ទេចសំណាប ខ្ញុំ​ចោល» ដោយលោកបន្ថែមថា៖ «ខ្ញុំព្យាយាមបញ្ឈប់ពួកគេ ប៉ុន្តែពួកគេមិនព្រមឈប់ ចង់​បើក​បុក​សំលាប់ខ្ញុំទៀត ខ្ញុំមិនអាច​ធ្វើ​អ្វី​មាន​តែឈរមើល​ រហូតដល់ពួកគេបាន ឈូសឆាយដីស្រែរបស់ខ្ញុំទាំងស្រុង។ ពួកគេមកលួចដីរបស់ខ្ញុំ»។

សុភ័ក្រ ទាមទារសំណងចំនួន២.៥០០ដុល្លារចំពោះការខូចខាតសំណាបរបស់លោក ។ ក្រុមហ៊ុនបានបដិសេធ ដោយផ្តល់ប្រាក់ឱ្យគាត់ត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះ ប្រជាពលរដ្ឋបានបិទផ្លូវហើយ បោះតង់ នៅទីនោះ ហើយមនុស្ស១០នាក់បាន​ដេកនៅទីនោះ ដើម្បីយាមដីរបស់យើង យើង​ប្តូរវេនគ្នា​ដេក​…ក្រុមហ៊ុនឲ្យថ្លៃខ្ញុំ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែខ្ញុំមិនព្រមទេ ពីព្រោះវាមិនគ្រប់គ្រាន់អាចទិញដីនៅតំបន់ផ្សេង»។ លោកបន្ថែមថា លោកនឹងបន្តបិទផ្លូវរហូតដល់មានដំណោះ ស្រាយ។

ក្រុមហ៊ុនOCIC គ្រប់គ្រងដោយ លោកឧកញ៉ា ពុង ខៀវសែ ដែលមានទំនាក់​យ៉ាង​ល្អ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​។ ដំណាក់កាលដំបូងនៃគម្រោងអាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ។ ត្រឹមឆ្នាំ២០៣០ អាកាសយានដ្ឋានថ្មីនេះរំពឹងថា នឹងទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ក្នុង​មួយឆ្នាំៗ។

រាល់ការទិញនិងលក់ដីនៅជុំវិញតំបន់នោះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចាប់តាំងពីការចាប់ផ្តើមគម្រោងនៅដើមឆ្នាំ២០១៩ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស៊ើបអង្កេតរកបណ្ណកម្មសិទ្ធិដីធ្លីត្រឹមត្រូវនិងទប់ស្កាត់ការឡើងថ្លៃដីធ្លី។ ទោះបីជាបែបនេះក្តី តម្លៃដីនៅតែបន្តកើនឡើង ប៉ុន្តែការកើនឡើងពិតប្រាកដ នៅមិនទាន់មានការស្រុះស្រួលគ្នានៅឡើយ ។

លោក ឃាង សុខមៀន តំណាងប្រជាពលរដ្ឋ ដែលតវ៉ាចំពោះសកម្មភាពរបស់ក្រុម ហ៊ុនបាននិយាយថា សហគមន៍បានដាក់ញត្តិទៅលោកនាយករដ្ឋមន្រ្តីរួចហើយ ដើម្បីសុំអន្តរាគមន៍ពីលោក។ លោកបាននិយាយថា រហូតមកដល់ពេលនេះ ពួកគាត់មិន ទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។

លោកបានមានប្រសាសន៍ថា៖ «យើងបិទផ្លូវ ពីព្រោះយើងត្រូវការដោះស្រាយបញ្ហា។ យើងបិទផ្លូវ ដើម្បីបង្អាក់សកម្មភាពរបស់ក្រុមហ៊ុននិងដើម្បីការពារដីរបស់យើង… យើងមិនជំទាស់នឹងការអភិវឌ្ឍនេះទេ ប៉ុន្តែសំណងដែលផ្តល់ជូនគួរតែសមរម្យ សម្រាប់ប្រជាពលរដ្ឋមានលទ្ធភាពទិញនៅកន្លែងផ្សេង»

ត្រាក់ទ័រក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ភ្ជួរដំណាំស្រូវពលរដ្ឋចោល ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យពីប្រជាពលរដ្ឋ
ត្រាក់ទ័រក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ភ្ជួរដំណាំស្រូវពលរដ្ឋចោល ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យពីប្រជាពលរដ្ឋ

សេចក្តីព្រាងញត្តិ ដែលខេមបូចាទទួលបាន អំពាវនាវឱ្យមានសំណង សមស្រប តាមតម្លៃទីផ្សារ ជាដំណោះស្រាយដ៏ឆាប់រហ័សនិង ឲ្យមានការស៊ើបអង្កេត លើមន្រ្តីថ្នាក់ក្រោម ដែលប្រជាពលរដ្ឋបានចោទប្រកាន់ថា បានរំលោភកម្មសិទ្ធិរបស់ពួកគាត់។ ញត្តិនេះបញ្ជាក់ថា មកដល់ពេលនេះ មានផ្ទៃដីប្រមាណ៤០០ហិកតាបានរងផលប៉ះពាល់។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានប្រាប់ខេមបូចាកាលពីខែមីនាថា មុនពេលមានគម្រោង អាកាសយានដ្ឋានថ្មី តម្លៃដីធ្លីនៅក្នុងតំបន់នេះមានតម្លៃប្រហែល១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចាប់ តាំងពីគម្រោងនេះចាប់ផ្តើម តម្លៃដីឡូតិ៍ខ្នាតធំនៅជិតទីតាំងនោះបានឡើងថ្លៃដល់ ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកដីឡូតិ៍តូចៗអាចមានតម្លៃជាមធ្យមចន្លោះពី៦០ ទៅ៧០ដុល្លារ។ ដីស្ថិតនៅជាប់ផ្លូវធំអាចលក់បាន១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អភិបាលស្រុកកណ្តាលស្ទឹងលោក អ៊ូច សៅវឿន មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការ ដើម្បីរកដំណោះស្រាយ។

លោកបានមានប្រសាសន៍ថា៖ «យើងកំពុងរង់ចាំកិច្ចប្រជុំជាមួយអភិបាលខេត្ត។ យើងកំពុងរង់ចាំការសម្រេចពីថ្នាក់ខេត្ត ពីព្រោះអាជ្ញាធរស្រុកបានរាយការណ៍ពីបញ្ហានេះទៅថ្នាក់លើរួចហើយ។ អាជ្ញាធរខេត្តកំពុងជជែកជាមួយម្ចាស់គម្រោងនេះ»

លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាលបានបដិសេធធ្វើអត្ថាធិប្បាយ ដោយនិយាយថា លោកជាប់រវល់នឹងកិច្ចប្រជុំស្តីពីជំងឺកូវីដ-១៩។ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ក៏បានបដិសេធធ្វើអត្ថាធិប្បាយដែរ ដោយនិយាយថា SSCA ផ្តល់ការគាំទ្រសម្រាប់តែបញ្ហាបច្ចេកទេសដូច ជាការតំឡើងស្តង់ដារប្រព័ន្ធអាកាសយានដ្ឋានប៉ុណ្ណោះ។

លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា រាល់ការអភិវឌ្ឍន៍ត្រូវមានតម្លាភាព។ លោកបន្ត​ថា ប្រសិនបើការ អភិវឌ្ឍន៍មានការប៉ះពាល់ដល់កម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ឬផលប្រយោជន៍របស់ពួកគាត់ បញ្ហាទាំងនោះចាំបាច់ត្រូវដោះស្រាយដោយ​យុត្តិធម៌។

លោកថ្លែងថា៖ «ក្នុងករណីនេះ នៅពេលក្រុមហ៊ុនមិនទាន់ឈានដល់ដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ ប៉ុន្តែផ្ទុយទៅវិញ បែជាទៅ​ឈូសបំផ្លាញដំណាំ​របស់ពួកគាត់ វាខុសច្បាប់ និងជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ» ដោយលោកបន្ថែមថា៖ «ខ្ញុំគិតថា សម្រាប់គម្រោងដ៏ធំបែបនេះ ដំណោះស្រាយយុត្តិធម៌គឺជាការចាំបាច់ ហើយសំខាន់ត្រូវចៀសវាងបង្កើតរូបភាពអាក្រក់អំពីរដ្ឋាភិបាល ពីព្រោះនៅពេលក្រុមហ៊ុនបង្កបញ្ហា ប្រជាពលរដ្ឋនឹងស្តីបន្ទោសរដ្ឋាភិបាលជាជាងក្រុម​ហ៊ុន​»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hundreds of people block road as airport project damages rice crops

281 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម