សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋជាច្រើនគ្រួសារស្វែងរកការបញ្ជាក់បន្ថែមក្រោយឮដំណឹងថាត្រូវឲ្យដូរលំនៅដ្ឋានពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះថ្មី

ប្រជាពលរដ្ឋកំពុងរស់នៅតាមបណ្ដោយប្រឡាយ «៩៤» ក្នុងឃុំកណ្ដោក ព្រួយបារម្ភពីការបណ្ដេញចេញទាក់ទងនឹងគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មី។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
ប្រជាពលរដ្ឋកំពុងរស់នៅតាមបណ្ដោយប្រឡាយ «៩៤» ក្នុងឃុំកណ្ដោក ព្រួយបារម្ភពីការបណ្ដេញចេញទាក់ទងនឹងគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មី។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រ​ជា​ពល​រដ្ឋ​ប្រមាណ ២០០​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង និង​ក្រុង​តាខ្មៅ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាខេត្ត​កណ្ដាល​កាល​ពី​ថ្ងៃអង្គារ ដើម្បី​ទាម​ទារ​រក​ការ​បញ្ជាក់​ថា​តើ​ពួកគាត់​ត្រូវ​ស្ថិត​ក្នុង​ក្រុម​ដែល​ត្រូវ​បណ្ដេញ​ចេញ​ជាមួយ​នឹង​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ឬ​យ៉ាងណា ទាក់​ទង​នឹង​គម្រោង​ព្រលានយន្តហោះថ្មី។

បើ​តាម​ប្រជា​ពល​រដ្ឋ​ទាំង​នោះ មាន​កម្មករ​ដែល​អ្នក​ភូមិ​ស្គាល់ថា​ជា​បុគ្គលិកធ្វើការនៅ​អាកាសយានដ្ឋាន​អន្តរជាតិ និង​អាជ្ញាធរ​មូលដ្ឋា​ន​បាន​ចុះ​បាញ់​ថ្នាំ​ក្រហម​​ជា​សញ្ញា​សម្គាល់​នៅ​តាម​ផ្ទះ​រាប់​សិប​ខ្នង​កាលពី​ចុង​ខែ​វិច្ឆិកា កន្លង​មក​។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​បារម្ភ​ថា​ពួកគាត់​នឹង​ត្រូវ​គេ​បណ្ដេញ​ចេញ​ដែរ​។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​កណ្ដាល លោក នូវប៉េង ច័ន្ទតារា មាន​ប្រសាសន៍​ថាការ​បាញ់​ថ្នាំ​សម្គាល់​នោះ​មិន​​ពាក់ព័ន្ធ​នឹង​ព្រលាន​យន្ត​ហោះ​ថ្មី​នោះ​ទេ​។ លោក​បញ្ជាក់ថា ការ​បាញ់​ថ្នាំ​សម្គាល់​​នេះ អាជ្ញាធរ​មូល​ដ្ឋានធ្វើ​ឡើង​ដើម្បី​សម្គាល់​ចំនួន​ផ្ទះ និង​ថា​ដើម្បី​គ្រាន់​តែ​ចង់​ដឹង​ពី​ចំនួន​ប្រ​ជាជន​ដែល​កំពុង​រស់​នៅ​ទី​នោះ​ប៉ុណ្ណោះ​។​

អ្នកស្រី ជាង សុភាព វ័យ​៦០​ឆ្នាំ មកពី​ឃុំ​កណ្ដោក ជា​អ្នកភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​បាន​ចូល​ជួប​ លោក​ នូវប៉េង ច័ន្ទតារា ដើម្បី​សួរ​បញ្ជាក់​ពី​វិសាលភាព​គម្រោង​ព្រលាន​យន្ត​ហោះ​នេះ​។​

អ្នក​ស្រី​ឲ្យ​ដឹងថា៖ «​[ក្រុម​ហ៊ុន​] មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋសាងសង់ផ្ទះ​ថ្មី​នោះទេ ពួកគេ​ថា​វាគឺ​ជា​ដីរបស់គេ និង​ជា​តំបន់​​របស់ពួកគេ»។ អ្នកស្រី​បន្ត​ថា៖ «​ខ្ញុំ​ពិត​ជា​មិន​យល់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក​ទី​នេះ​ និង​ចង់​បាន​ការ​បញ្ជាក់​ពី​អាជ្ញាធរឲ្យ​បាន​ច្បាស់​លើ​រឿង​នេះ»។​

អ្នកស្រី​បញ្ជាក់ថា៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ការអភិវឌ្ឍ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​មើល​​ប្រជា​ជន​ផង។ បើ​ការ​អភិវឌ្ឍ​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទឹក​ភ្នែក កុំអភិវឌ្ឍន៍​អីល្អជាង​»។​

ប្រជា​ពល​រដ្ឋ​បាន​មក​ដល់​សាលាខេត្ត​កណ្ដាល​ដើម្បី​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត ថ្ងៃទី​២៧​ ខែធ្នូ ឆ្នាំ​២០២២។​ខេមបូចា/ព្រីង សំរាំង​

កន្លង​មក​ប្រ​ជា​ពល​រដ្ឋ​ជាង​ ៣០០​គ្រួសារក្នុង​ឃុំបឹងខ្យាង ស្រុក​កណ្ដាល​ស្ទឹង​​ ខេត្ត​កណ្ដាល និង​ស្រុក​បាទី ខេត្ត​តាកែវ ​បាន​រង​ផលប៉ះពាល់ពី​គម្រោង​ព្រលាន​យន្តហោះដែលមានតម្លៃ​ ១,៥​ពាន់​លាន​ដុល្លារ។ គម្រោង​ព្រលាន​យន្ត​ហោះ​នេះ​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ OCIC ដែល​គេស្គាល់​ថា​ជា​របស់​លោកឧកញ៉ា ពុង ឃាវសែ​ ដែលស្និទ្ធនឹងរដ្ឋាភិបាល​។​

ប៉ុន្តែ​សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវ​អាជ្ញាធរ​ចុះ​បាញ់​ថ្នាំ​សម្គាល់​នាពេល​កន្លង​មក​នេះ ថា​ខ្លួន​មិន​ត្រូវ​បាន​ជូន​ដំណឹង​ថា​ដី​របស់​ពួកគេ​ដែលកំពុង​រស់នៅនេះ ​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ​ទេ​។​

អ្នកស្រី ង៉ូវ សំណាង វ័យ​ ៣១​ឆ្នាំ​មកពី​ភូមិ​អាចម៌កុក ឃុំ​កំពង់​សំណាញ់ ឲ្យ​ដឹង​ថា​ពួកអ្នកស្រី​ចង់​បាន​ការ​ពន្យល់​ពី​អាជ្ញាធរ​ខេត្ត​ ព្រោះ​ថា​បុគ្គលិក​ខាង​ព្រលាន​យន្ត​ហោះ​បាន​ប្រាប់​ឲ្យ​ពួកគេ​ចាក​ចេញ​ពី​ដី​កំពុង​រស់​នៅសព្វ​ថ្ងៃ​។​

អ្នកស្រី​បន្ថែមថា៖ «ខ្ញុំ​មាន​ការ​បារម្ភ​អំពី​ការ​បណ្ដេញ​ចេញ ដោយ​សារតែពួកគេ​បាន​បាញ់​ថ្នាំលើ​ជញ្ជាំង​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ ហើយ​សន្តិសុខ​ព្រលាន​យន្ត​ហោះ​ដើរ​ល្បាត​ពេល​យប់ ធ្វើ​ឲ្យ​ពួក​យើង​ភ័យ​ខ្លាច»។​

អ្នក​សារព័ត៌មាន​ខេមបូចា បាន​ចុះទៅដល់​ទីតាំង​កាលពី​ថ្ងៃអង្គារ និង​បាន​ឃើញ​មាន​ការ​បាញ់​ថ្នាំ​​នៅ​តាម​ផ្ទះធ្វើ​ពីឈើ និង ​ស័ង្កសី ​​ប្រហែល​៩០​ភាគរយ ដែល​ផ្ទះ​ទាំង​នោះ​ត្រូវបាន​សាងសង់​​អមសងខាងប្រឡាយ ដែលគេស្គាល់ថា ទំបន់​ «៩៤» ដែល​មាន​ចម្ងាយ​ប្រហែល​ប្រាំគីឡូម៉ែត្រ​ពីទីតាំង​​​ព្រលាន​យន្ត​ហោះថ្មី។​​

អ្នកស្រី សេង ​សុខរី​ វ័យ​៣៩​ឆ្នាំ ដែល​ថាបាន​រស់​នៅ​ទីតាំងនេះ​​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ ប្រាប់ខេមបូចា ថា កម្មករ​ព្រលាន​ដែល​បាន​មក​បាញ់​ថ្នាំ​ទាំង​នោះ​មិន​បាន​ប្រាប់​អ្វី​ទាំង​អស់​ពេល​មក​បាញ់​ថ្នាំ​តាម​ផ្ទះ​ប្រជា​ពល​រដ្ឋ​។​​

អ្នកស្រី​បន្ថែម​ថា៖ «​ខ្ញុំ​គិត​ថា​ព្រលាន​យន្ត​ហោះ​គឺ​នៅ​ឆ្ងាយ​ពីទីនេះ ហើយ​មិន​មាន​អ្វី​ត្រូវ​ប៉ះពាល់​ជាមួយ​ខ្ញុំ​ទេ ប៉ុន្តែ​ឥឡូវ​ពួកគេ​មក​ប្រាប់​ឲ្យយើង​ចាក​ចេញ»។ អ្នកស្រី​បន្ត​ថា៖ «គេ​ប្រាប់​ឲ្យ​ខ្ញុំ​រើ​ចេញ​ទៅ​កន្លែង​ផ្សេង ប៉ុន្តែគេមិន​បាន​ប្រាប់​ថា​ត្រូវ​ទៅទីណា​នោះទេ។ ខ្ញុំ​មិន​ចង់​ចាកចេញ​ទៅ​កន្លែង​ផ្សេង​ទេ នៅ​ទី​នេះ​ខ្ញុំ​អាច​រក​ត្រី​ដើម្បី​ចិញ្ចឹម​ជីវិត។ ខ្ញុំ​បាន​សួរ​ពួកគេ​ពីរឿង​នេះ​ដែរ តែ​ពួកគេ​ថា​ក៏​មិន​ដឹង​ដូច​គ្នា»។​

អ្នកស្រី​ថា អ្នកស្រី​បារម្ភ​ថា​បើ​ត្រូវ​រើចេញ​មែន ពួកអ្នកស្រី​នឹង​ត្រូវ​ឲ្យ​ទៅ​រស់​នៅ​កន្លែង​ដែល​មាន​ទី​តាំង​មិន​ល្អ និង​គ្មាន​ហេដ្ឋរចនាសម្ព័ន្ធ​គ្រប់​គ្រាន់​ដូច​ទីតាំង​បច្ចុប្បន្ន ដូច​ដែល​ករណី​កន្លង​មក​មាន​កើត​ច្រើន​ហើយ​នៅ​ក្នុង​ប្រទេស​។​

អ្នកស្រី​លើកឡើងថា៖ «​ខ្ញុំ​បារម្ភ​អំពី​ទីតាំង​ដែល​ពួកខ្ញុំ​ត្រូវ​ផ្លាស់​ទៅ​ហ្នឹង»។​

កម្មករ​កំពុង​សាង​សង់​ស្ពាន​នៅ​ជិត​ព្រលានយន្ត​ហោះថ្មី​ក្នុង​ខេត្ត​កណ្ដាល​ក្បែរ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​គេ​បាន​បាញ់​ថ្នាំ​សម្គាល់ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២។ ខេមបូចា/ ព្រីង សំរាំង​

សម្រាប់​អភិបាល​រង​ខេត្តកណ្ដាល លោក នូវប៉េង ច័ន្ទតារា ដែល​បាន​ជួប​ជាមួយ​ប្រជា​ពល​រដ្ឋ បាន​ប្រាប់​ខេមបូចា ថា អាជ្ញាធរ​គ្មាន​គម្រោង​បណ្ដេញ​ប្រ​ជា​ពល​រដ្ឋ​ចេញ​ពីទីតាំង​ដែលពួកគាត់​កំពុង​រស់​នៅ​នោះទេ ដោយ​ថា​អាជ្ញាធរ​គ្រាន់តែចង់​ដឹង​ពី​ចំនួន​ប្រជា​ពល​រដ្ឋ​ជាក់លាក់​ដែល​កំពុង​រស់​នៅ​លើ​ទីតាំង​នោះ​​តែ​ប៉ុណ្ណោះ​។

លោក​បន្ថែមថា៖ «វា​​អាក្រក់ស្តាប់​ណាស់​ក្នុងការ​និយាយ​នូវពាក្យ​​បណ្ដេញ​ចេញ រដ្ឋាភិបាល​មិន​ដែល​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ដូច​ក្នុង​របបខ្មែរ​ក្រហម​នោះទេ»។ លោក​ថា៖ «​ពួកគាត់​រស់​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ដូច​នេះ​យើង​គ្រាន់​តែ​ធ្វើស្ថិតិ​ឲ្យ​បាន​ច្បាស់​ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង»។​

លោក​អះអាង​ថា​ការ​បាញ់​ថ្នាំ​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រលាន​យន្ត​ហោះថ្មីទេ ប៉ុន្តែ​លោកថា​អាជ្ញាធរ​ក៏​គ្មាន​គម្រោង​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​អ្នក​រស់​នៅ​ទី​នោះ​ដូច​គ្នា​។​

ព្រលាន​យន្ត​ហោះ​ថ្មី​​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ ២ ៦០០​ហិកតា មាន​ផល​ប៉ះពាល់​ប្រជា​ពល​រដ្ឋ​រាប់ពាន់​គ្រួសារ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​ស្រុក​បាទី​ ខេត្ត​តាកែវ។

ប្រជា​ពល​រដ្ឋ​រាប់ពាន់​គ្រួសារ​ដែលមាន​ដីស្រែ និង​ផ្ទះ​​រង​ផល​ប៉ះពាល់​បាន​បដិសេធ​ទទួលសំណង​ជា​ប្រាក់​ ៨ដុល្លារ​ក្នុង​មួយម៉ែត្រការ៉េ​ ដែល​ក្រុម​ហ៊ុន​ផ្ដល់​ឲ្យ ទោះ​បី​ជា​ដី​របស់​ពួកគេ​ត្រូវ​បាន​ឈូស​ឆាយ​ហើយ​ក៏​ដោយ​។​

ជម្លោះ​ដែល​បន្ត​អូស​បន្លាយ​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រាំបួន​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​អំពើហិង្សា​ដោយ​ចេទនា រំខាន​កិច្ចការមន្ត្រីសាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បន្ទាប់ពី​អ្នកទាំង​នោះ​បាន​ចូល​រួម​តវ៉ា​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​។​ តុលាការ​ខេត្ត​កណ្ដាល កាលពី​ខែ​វិច្ឆិកា បាន​រក​ឃើញ​ថា​អ្នក​ទាំង​នោះ​គ្មាន​កំហុស​។​

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​របស់​សមាគម​អាដហុក លោក យី សុខសាន្ត មាន​ប្រសាសន៍​អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​ឆ្លើយ​តប​ទៅ​នឹង​ការទាមទារ​របស់​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​សម​រម្យ ពេល​ដែល​ប្រជា​ពល​រដ្ឋ​រង​ផល​ប៉ះពាល់ពី​ការអភិវឌ្ឍ​។​

លោក​បន្ថែមថា៖ «​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន ពេលពួកគាត់ទៅ​នៅទីតាំងថ្មី»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Families Seek Clarity After Displacement Rumors Related to the Kandal Stung Mega-Airport Project

741 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម