សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ប្រជាពល​ដ្ឋរស់នៅតាម​បណ្ដោយប្រឡាយ​បឹង​ត្របែកតវ៉ាទាមទារសំណង​សមរម្យ ខណៈ​ប្រឈម​នឹង​ការបណ្ដេញ​ចេញ​

កម្មករ​កំពុង​ពង្រីក​ប្រឡាយ​បឹង​ត្របែក​ដែល​នឹង​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ក្នុង​សហគមន៍​សាមគ្គីរុងរឿង ខណ្ឌចំការមន រាជធានីភ្នំពេញ​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៥​។ (ខេមបូចា/ ព្រីង សំរាំង)
កម្មករ​កំពុង​ពង្រីក​ប្រឡាយ​បឹង​ត្របែក​ដែល​នឹង​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ក្នុង​សហគមន៍​សាមគ្គីរុងរឿង ខណ្ឌចំការមន រាជធានីភ្នំពេញ​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៥​។ (ខេមបូចា/ ព្រីង សំរាំង)

ប្រជាពល​រដ្ឋ​១៤គ្រួសារ​ដែល​កំពុង​រស់នៅ​សហគមន៍​សាមគ្គីរុងរឿង តាម​បណ្ដោយ​ប្រឡាយ​បឹង​ត្របែង សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន បាន​ផ្ទុះ​ការ​តវ៉ា​ជាថ្មី​ទាមទារ​​សំណង​សមរម្យ ឬ​ក៏ទី​តាំង​ថ្មីសម្រាប់​រស់​នៅ។

បើ​តាម​សាលារាជធានីភ្នំពេញ ប្រជាពល​រដ្ឋ​១៣១គ្រួសារ​រស់នៅ​តាម​ប្រឡាយ​បឹង​ត្របែង​នឹង​រងផលប៉ះពាល់​ពីការ​អភិវឌ្ឍគម្រោង និង​ថា​ដំណោះស្រាយ​បាន​ធ្វើ​រួចរាល់​តាំងពីខែ​សីហា ឆ្នាំ២០២៤​។ សាលារាជធានីឲ្យ​ដឹងថា ​ប្រជាពល​រដ្ឋ​យល់ព្រមទទួលសំណង​ពី​ក្រ​សួង​សេដ្ឋកិច្ច​ក្នុង​ការ​ចាកចេញ «ដោយ​ស្ម័គ្រចិត្ត» ដើម្បីចៀសវាង​ប៉ះពាល់​លើគម្រោង​។​

យ៉ាងណា បើ​តាម​តួលេខ​របស់​សាមគម​ធាងត្នោត គិត​មក​ដល់ពេល​នេះ ប្រជាពលរដ្ឋ​១៤គ្រួសារ ក្នុង​ចំណោម​៦៤គ្រួសារ​នៅ​​រង់ចាំ​ដំណឺងពីអាជ្ញាធរ​លើ​រឿង​សំណង​នេះនៅឡើយ ដោយ​អ្នក​ទាំងនោះស្វែង​រក​ដំណោះស្រាយ​សមរម្យ​មួយ​ពីគម្រោង​មួយ​នេះ​។​ ប្រជា​ពល​រដ្ឋ​ប្រហែល​៧០​គ្រួសារ​ទៀត​នៅ​ក្នុង​ភូមិ​៤ និង​ភូមិ​៥ ក៏​រង​ផល​ប៉ះពាល់​ពី​គម្រោង​ពង្រីក​ប្រឡាយ​នេះដូច​គ្នា​ ហើយ​ក៏​នៅ​មិន​ទាន់​ព្រម​ព្រៀង​លើ​សំណងជាមួយ​អាជ្ញាធរ​ដែរ។​​

​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​ចេញ​ពី​ក្រុង​ភ្នំពេញ​​។ កាលពី​ខែ​មេសា ឆ្នាំ២០២៤ រដ្ឋបាល​រាជធានី​ភ្នំពេញ​​បាន​វាស់​វែង​ផ្ទះ​របស់​អ្នក​ភូមិ និង​បាន​ហៅ​អ្នក​ទាំង​នោះ​ជួប​ប្រជុំ​ដើម្បី​ដោះស្រា​យ​រឿង​សំណង​។​

អាជ្ញាធរក្រុង​ភ្នំពេញ​បាន​ផ្ដល់សំណង​ទំតាម​ទំហំផ្ទះ ដោយ​ផ្ទះ​តូច​អាច​បាន​សំណង​ចន្លោះពី​១០០០ដុល្លា​ទៅ​៣០០០ដុល្លារ និង​ផ្ទះ​ធំបន្តិច​អាច​បាន​៦០០០​ដុល្លារ​។

យ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២៥ ប្រជាពល​រដ្ឋ​ក្នុង​សហគមន៍​សាមគ្គីរុងរឿង​ប្រហែល​៣០នាក់​មកពី​ភូមិ​៤ និង​ភូមិ​៥ បាន​មក​តវ៉ា​នៅ​មុខ​សាលាសង្កាត់​ផ្សារ​ដើម​ថ្កូវ ដើម្បីទាមទារ​សំណង​សមរម្យ ឬ​បាន​ទីតាំង​រស់​នៅ​ថ្មីសម្រាប់សង់ផ្ទះរស់នៅ​ប្រហាក់ប្រហែល​ទៅ​នឹង​សហគមន៍​ផ្សេង​ទៀត​។​

ប្រជាពល​រដ្ឋ​ម្នាក់​ដែលបាន​ចូល​រួម​តវ៉ា​នៅ​មុខ​សាលាសង្កាត់​បាន​លើក​ឡើង​ថា៖ «​តើ​ឲ្យ​ប្រជាពល​រដ្ឋទៅ​រស់​នៅ​ឯណា? «ពុក» ហ៊ុន សែន សូម​ជួយ​ពួក​យើង​ផង​។ បើសិន​ជា​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​មិន​អាច​ធ្វើ​ទៅ​រួច សូម​រក​កន្លែង​ថ្មី​ឲ្យ​ពួក​យើង»។​

​ទាក់ទង​នឹង​សំណើ​ទាម​ទារ​រក​ទីតាំងថ្មី រដ្ឋបាល​ខណ្ឌចំការមនពន្យល់ថា​អាជ្ញាធរ​មិន​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​អ្នក​រស់​នៅ​បរិវេណ​កអាង​ស្តុកទឹក​បឹង​ត្របែក​បានទេ ព្រោះ​ទីតាំង​នោះជា​ដី​របស់​រដ្ឋ​។ ​ជំនួស​មក​វិញ អាជ្ញាធរ​ស្នើ​ឲ្យប្រជាពល​រដ្ឋទាំង​នោះ​ព្រម​ទទួល​យក​សំណង​។

ប្រជាពល​រដ្ឋ​រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​បឹង​ត្របែក​ក្នុង​សហគមន៍សាមគ្គីរុងរឿង សង្កាត់ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដោយសារ​ការពង្រីង​គម្រោង​​ស្ដារ​ប្រឡាយ​ដើម្បី​រំដោះ​ទឹកជំនន់​ក្នុង​រាជធានីភ្នំពេញ​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)​

អ្នកស្រី​ រី ចិន្ដា ប្រជាពលរដ្ឋ​ដែលរស់នៅ​ក្នុង​ភូមិ​៥ តាំងពី​ឆ្នាំ២០០៧ មក​នោះ​បាន​សាទរចំពោះ​គម្រោង​ប្រឡាយទឹក​ថ្មីនេះ ដែល​ថា​បានជាប្រយោជន៍​សាធារណៈ និង​លើក​មុខមាត់​រាជធានីភ្នំពេញ។ ប៉ុន្តែ​អ្នកស្រី​​ថា​រដ្ឋាភិបាល​គួរ​គិត​ពី​ប្រជាពល​រដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​នេះ និង​ផ្ដល់សំណង​សមរម្យ ឬ​ក៏​ផ្ដល់ទីតាំង​រស់នៅ​ថ្មី​ដែលអាច​សង់ផ្ទះ​រស់​នៅ​បាន​។

អ្នកស្រី ​ចិន្តា មាន​ផ្ទះ​ទំហំ​៥ម៉ែត្រគុណ​នឹង​១០​ម៉ែត្រ ហើយ​ពេល​នេះ​អ្នក​ស្រី​មិន​ទាន់​សម្រេច​ចិត្ត​រុះរើ​នៅ​ឡើយ​ និង​បាន​អះអាង​ថា​អ្នកស្រី​បាន​ចំណាយ​ថ្លៃសាងសង់​អស់​៥០០០​ដុល្លារ ហើយ​ថា​ សំណង​ដែលអាជ្ញាធរ​ផ្ដល់​ឲ្យ​មិនគ្រប់​នឹង​ទិញ​ដី​មួយ​ប្លង់ និង​សង់ផ្ទះ​ថ្មី​នោះទេ​។ អ្នកស្រីជឿថា​ការអភិវឌ្ឍជួយ​ជា​ប្រយោជន៍​ដល់​ប្រជា​ជន​ មិន​មែន​ធ្វើ​ឲ្យ​នរណាម្នាក់​ឈឺ​ចាប់​នោះទេ​។​

អ្នកស្រី​ឲ្យ​ដឹងថា៖ «​សំណង​គឺតិចតួចណាស់។ យើង​មិន​ចង់បាន​អ្វីបន្ថែមទេ ប៉ុន្តែចំនួន​ដែល​ពួកគាត់​ឲ្យ​គឺតិចតួច​ពេក។  អាជ្ញាធរ​ឲ្យ​សំណង​សម្រាប់​ផ្ទះ​យើង​ប្រហែល​៤០០០​ដុល្លារ។ ខ្ញុំក៏បារម្ភថា​គេ​នឹងរុះរើផ្ទះ​របស់​ខ្ញុំ​ដែរ។ តើ​យើង​អាចរក​ផ្ទះ​ឯណា​សម្រាប់​រស់នៅ[ជាមួយទឹកប្រាក់ប៉ុណ្ណឹង]»។

កាលពី​ប្រជុំ​ជាមួយ​អាជ្ញាធរ​លើក​មុន អ្នកស្រី​ថា​អាជ្ញាធរ​បាន​ «សន្យា»​ថា ​ប្រជា​ពល​រដ្ឋ​នឹង​ទទួល​បាន​ទីតាំង​ថ្មី​សម្រាប់រស់នៅក្បែរក្រុងពេល​​​តំបន់​ប្រឡាយ​នេះ​ត្រូវ​អភិវឌ្ឍន៍។ យ៉ាងណា​អ្នកស្រី​ថា​ប្រជា​ពល​រដ្ឋ​ប្រឈម​នឹងហានីភ័យ​ពី​ការ​បណ្ដេញ​ចេញពីផ្ទះ​ដោយ​មិន​បាន​សំណង​សមរម្យ​។​

អ្នកស្រី​បន្ថែម​ថា៖ «​អាជ្ញាធរមិន​និយាយអ្វីទាំងអស់​នៅពេល​នេះ។ សាងសង់ផ្ទះ​នៅ​នឹង​កន្លែង​គឺ​ល្អ ព្រោះ​ថា​៤០០០​ដុល្លារនឹង​អាច​ទប់ទល់បាន​តែលើការ​ចំណាយ​ថ្លៃ​ជួល​ផ្ទះ​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ»

ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដោយ​ប្រឡាយ​បឹងត្របែក​ក្នុង​សហគមន៍​សាមគ្គីរុងរឿង ក្នុង​ខណ្ឌចម្ការមន ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ដើម្បី​រំដោះ​ទឹក​ជំនន់​ចេញពី​ក្រុង​ភ្នំពេញ​។ រូបភាព​ថតកាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៥​។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកស្រី​ ដួង ផល្លា ប្រជា​ពល​រដ្ឋ​ដែល​បាន​ចូល​រួម​តវ៉ា​ដែរ​នោះ ប្រាប់ ​សារព័ត៌មានខេមបូចា ​ថា​គ្រួសារ​អ្នកស្រី​បាន​រស់​នៅ​តំបន់​នោះ​តាំង​ពី​ឆ្នាំ​១៩៨០​។ អ្នក​ស្រី​ស្បថថា​ខ្លួន​មិន​បាន​មក​រស់​នៅ​ដោយ​​ខុស​ច្បាប់នោះទេ គឺថា​អ្នកស្រី​ជា​ប្រជា​ពល​រដ្ឋ​ដែល​មាន​បណ្ណស្នាក់​នៅ​ មាន​បណ្ណបោះឆ្នោត និង​មានការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូល​ដ្ឋាន​។​

​អ្នកស្រី​បន្ថែម​ថា​សហគមន៍​មិន​ដែល​ជំទាស់​នឹង​ការ​អភិវឌ្ឍ​នោះទេ ហើយ​ពេញ​ចិត្ត​នឹង​ការ​អភិវឌ្ឍទីក្រុង ប៉ុន្តែ​ថា​ការអភិវឌ្ឍ​គួរ​តែ​បាន​ប្រយោជន៍​ដល់​គ្រប់​គ្នា​ និង​មានការ​ទទួល​ខុស​ត្រូវ​ចំពោះ​​អ្នក​ដែល​រង​ផល​ប៉ះពាល់​។​

អ្នក​ស្រី​លើក​ឡើង​ថា ​​រដ្ឋាភិបាល​គួរ​មាន​ដំណោះស្រាយ​ជាកញ្ចប់​មួយ​សម្រាប់​ប្រជាពល​រដ្ឋ ជាជាង​ផ្ដល់​ថវិកា​តិចតួច ដែល​មិន​គ្រប់​គ្រាន់​សម្រាប់កសាងជីវិត​ថ្មី​។​

ខណៈ​ដែល​ផ្ទះ​របស់​អ្នក​ភូមិ​ទាំង​នោះ​មិន​ទាន់​រុះរើ​ដោយ​នៅ​រង់ចាំ​សំណង អ្នកស្រី ​ផល្លា និយាយ​ថា ​អាជ្ញាធរ​មូល​ដ្ឋាន​តែងតែ​ចុះ​មក​បញ្ចុះ​បញ្ចូល​អ្នកស្រី​ឲ្យ​ព្រម​ទទួល​សំណង​។ បើ​តាម​អ្នកស្រី​ផល្លា អាជ្ញាធរ​តែង​ប្រាប់​ថា៖ «​ទទួល​សំណង និង​ផ្លាស់ទៅ​នៅ​កន្លែងថ្មី ប្ដូរ​បរិយាកាស​ថ្មី»។​

​អ្នកស្រី​បន្ថែម​ថា៖ «​អាជ្ញាធរ​ផ្ដល់​សំណង​ដោយ​ផ្អែក​លើ​ទំហំ​ផ្ទះ ជាក់ស្ដែង​ខ្ញុំ​បាន​ទទួល​តែ​៣៥០០​ដុល្លារ​។ ទឹក​ប្រាក់នេះ​មិន​អាច​ឲ្យ​ខ្ញុំទៅរស់នៅ​ឯណា​បាន​នោះទេ​។ រដ្ឋគួរតែរក​កន្លែង​ថ្មី​ឲ្យ​ពួក​យើង​រស់​នៅ ព្រោះ​ថា​ខ្ញុំ​បាន​រស់​នៅ​ទី​នេះ​តាំង​ពី​ឆ្នាំ​១៩៨០ មក​ម្លេះ»។​

​អ្នកស្រី​សង្ឃឹម​ថា ​រដ្ឋាភិបាល​នឹង​ផ្ដល់​ដំណោះស្រាយ​មួយ​សម្រាប់​ប្រជា​ពល​រដ្ឋជិត​១០០​គ្រួសារ​នៅ​ក្នុង​ភូមិ​៤ និង​ភូមិ​៥ ប្រហាក់ប្រហែល​នឹង​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​នៅ​បឹង​តាមោក និង​នៅ​កន្លែង​ផ្សេង​ទៀត​។​

មេភូមិ​៤ លោក ​កូវ ហុង មានប្រសាសន៍ថា ​គម្រោង​ស្ដារប្រឡាយ​នេះ​ស្ថិត​ក្រោម​រដ្ឋបាលរាជធានីភ្នំពេញ ហើយ​លោក​ថា ​ប្រជាពល​រដ្ឋ​ក្នុង​ភូមិ​របស់​លោក​មិន​ទាន់​បាន​ទទួល​សំណង​ពេញ​លេញ​នៅ​ឡើយ​។ លោក​បន្ត​ថា​​ ប្រជា​ពល​រដ្ឋថា​សំណង​ដែល​ត្រូវ​ផ្ដល់​ឲ្យ​មាន​ចំនួន​តិច​តួច​​។​

លោក​ឲ្យ​ដឹង​ទៀត​ថា ​លោក​ក៏​មាន​ផ្ទះ​នៅ​តំបន់​ត្រូវ​អភិវឌ្ឍន៍​នោះ​ដែរ ហេតុនេះ​លោក​មិន​ហ៊ាន​និយាយ​អ្វី​ច្រើន​ទេ​ ប៉ុន្តែ​ថា​ការ​លើក​ឡើង​របស់​ប្រជា​ពល​រដ្ឋ​ពី​សំណង​សមរម្យ​គឺ​ជា​រឿង​ល្អ​។ លោក​បន្ថែម​ថា៖​ «​ខ្ញុំ​មិន​ហ៊ាន​និយាយ​ច្រើន​ទេ ប៉ុន្តែ​អ្វី​ដែល​ប្រជា​ពល​រដ្ឋ​បាន​ធ្វើ គឺ​ល្អ​ដើម្បី​រក​ដំណោះ​ស្រាយ​មួយ​។ ខ្ញុំ​ក៏​រស់​នៅ​ក្នុង​ភូមិ​៤​ដែរ»។​

​យ៉ាង​ណា រហូត​មក​ដល់ពេល​នេះ លោក​ថាមិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ថ្នាក់​លើ​ណា​មួយ​ចំពោះ​ការ​តវ៉ា និង​ការ​ចរចា​រឿង​សំណង​នេះ​ទេ​។​

រូបភាព​មួយ​បង្ហាញ​ពី​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ក្នុង​សហគមន៍​សាមគ្គី​រុងរឿង​យល់​ព្រម​ទទួល​សំណង និង​ផ្លាស់ទីលំនៅ​ចេញទៅ​កន្លែង​ផ្សេង ខណៈ​ប្រជា​ពល​រដ្ឋ​១៤​គ្រួសារ​ផ្សេង​ទៀត​នៅ​បន្ត​ស្វែង​រក​ការ​ផ្ដល់​សំណង​ល្អ​ជា​ង​នេះ​។ រូបភាព​ថត​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា​/ ព្រីង សំរាំង)

លោក ហែម សម្បត្តិ ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ បដិសេធឆ្លើយ​សំណួរ​របស់ខេមបូចា​អំពី​ការ​តវ៉ា​របស់​ប្រជាពល​រដ្ឋ​។​

ប្រធាន​រដ្ឋបាល​ខណ្ឌ​ចំការរ​មន​ លោក ស៊ុន សិទ្ធី បដិសេធ​ឆ្លើយ​សំនួរ​ទាក់ទង​នឹង​ស្ថានភាព​អភិវឌ្ឍន៍​នៅ​ប្រឡាយ​បឹង​ត្របែក និង​រឿង​សំណង​ទៅ​កាន់ប្រជាពល​រដ្ឋ។​

ប្រធាន​កម្មវិធី​សិទ្ធិ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាង​ត្នោត ​លោក ​ស៊ាង ​មួយឡៃ លើក​ឡើង​ថា​សហគមន៍​ទទួល​បាន​សិទ្ធិ​ដូច​ទៅ​នឹង​ប្រជាពល​រដ្ឋ​ផ្សេង​ទៀត​ដែរ​ មាន​ន័យ​ថារដ្ឋាភិបាល​គួរតែ​ឲ្យ​តម្លៃ និង​ការពារ​ពួក​គាត់ ព្រោះ​ថា​ពួក​គាត់​ក៏​ដូច​ប្រជាពល​រដ្ឋ​ផ្សេង​ទៀតដែល​ចង់​រស់​នៅ​ក្បែរសាលារៀន និង​មន្ទីរ​ពេទ្យ​។​ លោក​ថា ហេតុ​នេះ​ពេល​រដ្ឋាភិបាល​ចង់​បាន​ដី​សម្រាប់​គម្រោង​​អភិវឌ្ឍន៍ណាមួយ ប្រជាពល​រដ្ឋ​នៅទី​នោះ​គួរ​ទទួល​បាន​ដំណោះស្រាយ​សមរម្យដែល​អាច​រីករាយ​ជាមួយ​នឹង​ការ​អភិវឌ្ឍ​បាន​។​

លោក​លើក​ឡើង​ទៀតថា ​ការ​អភិវឌ្ឍ​មួយ​ជោគជ័យទៅ​បាន រដ្ឋាភិបាល​ត្រូវ​តែ​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​ពី​ផល​ប៉ះពាល់​លើ​ជីវភាពប្រជាពល​រដ្ឋ​​នៅទី​នោះ និង​ធានាថា​សំណង​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​ទាំង​នោះមាន​ភាព​ល្អ​ប្រសើរ មិនមែន​ធ្វើ​ឲ្យកាន់តែលំបាក​នោះទេ។​

លោក​លើក​ជាឧទាហរណ៍​សាមញ្ញ​មួយ​ថា​ ​ពេល​មាន​គម្រោង​អភិវឌ្ឍន៍​​នៅ​ទីតាំង​ដី​ណា​មួយ​ រដ្ឋ «មិន​បាន​គិត​អំពី​សិទ្ធិ​ប្រជា​ពល​រដ្ឋ​នោះទេ» ទោះបីជា​អ្នក​ទាំង​នោះ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ទទួល​បាន​សំណងសមរម្យ ដែលអាច​ឲ្យ​ពួក​គាត់​ទិញ​ផ្ទះ​ ឬ​រក​ទី​តាំង​ថ្មី​រស់​នៅបាន។​

លោក​បន្ថែម​ថា៖ «​ខ្ញុំ​គិត​ថា​វា​មិន​មែនជា​ដំណោះស្រាយ​សមរម្យ​ទេ។ វា​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​កាន់តែ​ពិបាក​ខាង​សេដ្ឋកិច្ច និង​ប៉ះពាល់​ដល់​ការ​សិក្សារបស់​កូនៗ»។​

ក្នុងទិវាលំនៅដ្ឋានពិភព​លោក​ឆ្នាំ​២០២១ អង្គការ​ លីកាដូ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ និង​ភាគី​ពាក់ព័ន្ធ​ធានានូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាបន្ន ដោយ​ការពារសិទ្ធិ​សហគមន៍​ក្រី​ក្រ​។ លីកាដូ ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ និង​បាន​ទាមទារ​ឲ្យ​គោរពសិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពល​រដ្ឋ​ដូច​ជា​សិទ្ធិ​មានផ្ទះ​សម្បែង និង​សិទ្ធិ​បញ្ចេញ​មតិជា​ដើម។​

អង្គការដ​ដែល​នេះ ក៏​បាន​អំពាវ​នា​ឲ្យ​មានការសិក្សា​អំពី​ផល​ប៉ះពាល់បរិស្ថាន និងសង្គម​ ដែល​អាច​កើត​មាន​លើ​ប្រជាសហគមន៍ មុន​ពេល​ចាប់​ផ្ដើម​គម្រោង​អភិវឌ្ឍន៍​ណា​មួយ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Boeung Trabek Residents Protest Again for Fair Compensation, Facing Eviction with Canal Development

98 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម