សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍​សាមគ្គី​រុងរឿង ដែល​កំពុងប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ ស្នើសុំប្រាក់​សំណង​សមរម្យ​ពី​គម្រោង​ស្តារប្រឡាយ

សហគមន៍សាមគ្គីរុងរឿង នៅតាមបណ្តោយប្រឡាយបឹងត្របែកប្រឈមនឹងការបណ្តេញចេញដោយទទួលបានប្រាក់សំណងទាប។ រូបភាព៖ នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
សហគមន៍សាមគ្គីរុងរឿង នៅតាមបណ្តោយប្រឡាយបឹងត្របែកប្រឈមនឹងការបណ្តេញចេញដោយទទួលបានប្រាក់សំណងទាប។ រូបភាព៖ នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ នៃសហគមន៍សាមគ្គីរុងរឿង កំពុងរស់នៅជាប់នឹងប្រឡាយបឹងត្របែក ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានស្នើឱ្យអាជ្ញាធរពិចារណាលើការអភិវឌ្ឍន៍នៅនឹងកន្លែង ឬផ្តល់សំណងសមរម្យ តាមគម្រោងស្តារប្រឡាយលូបឹងត្របែក។

គម្រោង​ ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​រំដោះ​ទឹកជំនន់ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយគម្រោងនេះ ត្រូវបាន​ដឹកនាំធ្វើ​ដោយ​សាលា​រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់នៅតំបន់នោះ បានអះអាងថា អាជ្ញាធរមូលដ្ឋាន ហាក់ដូចជាកំពុងដាក់កំហិតពួកគេមិនឱ្យប្រមូលផ្ដុំគ្នា ដើម្បីតស៊ូមតិទាមទារសំណងសមរម្យ ពីរដ្ឋបាលរាជធានីភ្នំពេញ។

អ្នកស្រី មាស ផល្លី ដែល​បានរស់​នៅ​ទី​នោះ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ បាន​ឱ្យដឹង​ថា ​ពួក​គេ​បាន​ដឹង​អំពី​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល «ជា​យូរ​មក​ហើយ»។ ទោះ​ជា​យ៉ាង​ណា​ពួក​គេ​មិន​មាន​ព័ត៌មាន​ទាក់​ទង​នឹង​ប្រាក់​សំណងនោះ​ទេ។ កាល​ពី​ខែ​មេសា សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​រៀបចំ​ដែនដី​បាន​វាស់វែង​ផ្ទះ​របស់​ពួក​គេ។

បន្ទាប់ពីនោះ ពួកគេត្រូវបានទទួល «ក្រដាស» ដែលបង្ហាញពីការវាស់វែងផ្ទះរបស់ពួកគេ ហើយអាជ្ញាធរបានស្នើសុំឱ្យផ្តិតស្នាមមេដៃដើម្បីបង្ហាញពីការយល់ព្រម។ ក្រោយមកទៀត ក៏មានការកោះហៅឱ្យចូលរួមក្នុងការប្រជុំមួយ ដែលតម្រូវឲ្យពួកគេធ្វើការសម្រេចចិត្ត និងសុំឱ្យផ្តិតស្នាមមេដៃម្តងទៀត ប្រសិនបើពួកគេទទួលយកសំណង និងយល់ព្រមផ្លាស់ប្តូរ។

អ្នក​ស្រី​បាននិយាយ​ថា​៖ «​ទោះ​ជា​យ៉ាង​ណា​ពួកគេ [អាជ្ញាធរ] មិន​បាន​សួរ​ថា​តើ ​យើងគួរ​នឹង​ទទួល​យក​តម្លៃ​ផ្ទះ​ដែល​បាន​ផ្តល់​ជូន​នោះ​ទេ»

អ្នកស្រីផល្លីបន្តថា៖ «យើងមិនប្រឆាំងនឹងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលទេ ប៉ុន្តែយើងចង់បានការអភិវឌ្ឍន៍ [កន្លែងដែលយើងរស់នៅ]។ ប្រសិន​បើ​មិន​អាច​ធ្វើ​ទៅ​បាន យើង​ស្នើ​សុំ​សំណង​សមរម្យ​ពី​រដ្ឋាភិបាល​ដើម្បី​ទិញ​ដី និង​ផ្លាស់​ប្តូរ​លំនៅឋាន​របស់​យើង»

អ្នក​ស្រី​​បន្ថែម​ថា ប្រាក់​សំណងចំនួន​ពី ២០០០ដុល្លារ ទៅ ៣​០០០​ដុល្លារ មិន​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​ដី​មួយ​កន្លែង ​ហើយ​សង់ផ្ទះ​លើ​នោះបាន​ទេ។

អ្នកស្រី មាស ផល្លី ចំអិនម្ហូបនៅផ្ទះរបស់គាត់ ក្នុងសហគមន៍​សាមគ្គី​រុងរឿង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

អ្នកស្រី ព្រំ អូន មានវ័យ ៦១ឆ្នាំ​ បាន​និយាយ​ថា អ្នកស្រី​មិន​រឹងរូស ឬ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ។ តាមពិតទៅ អ្នកស្រីសប្បាយចិត្តពេលឃើញការរីកចំរើន ហើយសុខចិត្តចាកចេញ ប៉ុន្តែបានទទូចសុំសំណងសមរម្យមួយ ទើបអ្នកស្រីអាចប្រើប្រាក់សំណងនោះ ស្វែងរកកន្លែងរស់នៅថ្មីបាន។

អ្នកស្រី​​បន្ថែម​ថា ​ចំនួនប្រាក់​សំណងដែល​បាន​លើក​ឡើង​សម្រាប់​ផ្ទះ​របស់​អ្នកស្រី គឺ​មិន​សម​ហេតុ​ផលនោះ​ទេ។ អ្នកស្រីថា៖ «អាជ្ញាធរមិនបានសួរថាតើ ពលរដ្ឋអាចទទួលយកចំនួនប្រាក់សំណងប៉ុណ្ណឹងបាន ឬក៏អត់ទេ។ ពួកគេ​បាន​ត្រឹម​តែ​វាស់​ផ្ទះ​ប៉ុណ្ណោះ ហើយ​សុំ​ឲ្យ​យើង​ផ្តិត​មេដៃ​លើ [ឯកសារ] បើ​យើង​ព្រម​យក​ប្រាក់សំណងនោះ»

ខណៈពេលដែលអាជ្ញាធរមិនបានបង្ខំពួកគេ តែការធ្វើបែបនេះ បណ្តាលឱ្យពួកគេមានអារម្មណ៍ថាដូចជារង «ការបង្ខិតបង្ខំដោយស្ងៀមស្ងាត់»។

អ្នកស្រី អូន ដែល​រស់​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ ១៩៨៨ បន្ត​ថា៖ «ប្រសិន​បើ​អាជ្ញាធរ​ចង់​បាន​ផ្ទះ ពួកគេ​គួរ​សួរ​តម្លៃ​ពី​ម្ចាស់​ជា​មុន​សិន»

បើ​ប្រៀបធៀប​នឹង​បឹងកក់​ដែល​មាន​បញ្ហា​ដីធ្លី​ស្រដៀង​គ្នា​នេះ ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​ផ្តល់​ប្រាក់ ៨.០០០ ដុល្លារ និង​២​លាន​រៀល ឬផ្ទះមួយល្វែងនៅជាងក្រុងភ្នំពេញ។ ប៉ុន្តែអ្វីគ្រប់យ៉ាងជាមួយនឹងការកើនឡើងនៃការចំណាយឥឡូវនេះ «ហេតុអ្វីបានជាយើងត្រូវបានគេផ្តល់ឱ្យត្រឹមតែ ១០០០ដុល្លារ ទៅ ៣០០០ដុល្លារ សម្រាប់ផ្ទះតូច ឬខ្ពស់បំផុតត្រឹម ៦០០០ដុល្លារ សម្រាប់ផ្ទះធំ?»

ពួក​គេ​ចង់​តវ៉ា ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ។ អ្នកស្រីបន្តថា៖ «យើង​ចង់​តវ៉ា និង​ស្នើ​សាលា​ក្រុង​ឲ្យ​យល់​ពី​បញ្ហា​របស់​យើង។ ទោះ​យ៉ាង​ណា យើង​មិន​អាច​ទៅ​សាលា​ក្រុង​បាន​ទេ»

អ្នកស្រីអូនបន្ថែមថា៖ «ពួកគេបានរារាំងយើងមិនឱ្យចូលសាលាក្រុង។ ពេល​ប្តី​ខ្ញុំ​ត្រឡប់​ពី​ព្រែកលៀប គាត់​ឃើញ​ប៉ូលិស​ពី ៤ ទៅ ១០ នាក់​កំពុង​រង់ចាំ​យើង។ ពួកគេបានគំរាមយើង។ ប្រសិន​បើ​យើង​មិន​ទទួល​យក​ការ​ផ្តល់​ជូន ហើយ​នៅ​ពេល​ដែល​ការ​អភិវឌ្ឍ​ចាប់​ផ្តើម ពួក​គេ​នឹង​មិន​ទទួល​ខុស​ត្រូវ [សម្រាប់​យើង] ទេ»

អ្នកស្រី​បាន​រំឮក​ដល់​ការ​ថ្លែង​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោកហ៊ុន សែន ដែលថា ​អ្នក​ណា​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​លើស​ពី ៥ ឆ្នាំ​ នឹង​ទទួលបានកម្មសិទ្ធិ​តាម​ច្បាប់​ភូមិបាល

អ្នកស្រី​បន្តថា​៖ «​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ខ្ញុំ​សង្ឃឹម​ថា​អាជ្ញាធរ​នឹង​យក​ចិត្ត​ទុក​ដាក់​ដល់​យើង​ដូច​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេដែរ»

អ្នក​ភូមិ​ម្នាក់​ទៀតគឺ​ អ្នកស្រី ឌុយ សាខន អាយុ ៥៨ ឆ្នាំ ឱ្យដឹង​ថា មនុស្ស​គ្រប់​រូប​សម​នឹង​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​រស់​នៅ​ក្នុង​ទីក្រុង។ ខណៈពេលដែលអ្នកស្រីកោតសរសើរ និងគាំទ្រចំពោះការអភិវឌ្ឍ តែការអភិវឌ្ឍនេះមិនគួរធ្វើឱ្យជីវិតសហគមន៍ក្រីក្រកាន់តែលំបាកនោះទេ ហើយ «បន្សល់ទុកឱ្យពួកគេរងទឹកភ្នែក» ។ អ្នកស្រី​​ប្រាប់ ខេមបូចា ថា អ្នកស្រី​បាន​រស់​នៅ​ទី​នោះ​អស់រយៈពេល​២៤​ឆ្នាំ​មកហើយ។

អ្នកស្រី សាខុន និយាយថា៖ «ដើម្បីរស់នៅបានល្អដូចអ្នកដទៃ អាជ្ញាធរគួរតែបង្កើតយុទ្ធសាស្ត្រវិជ្ជមាន ឬឈ្នះ-ឈ្នះ។ យើងដឹងថាយើងរស់នៅក្បែរប្រឡាយ ហើយរដ្ឋាភិបាលចង់អភិវឌ្ឍ ប៉ុន្តែប្រឡាយនេះធំ ហើយនៅមានកន្លែងខ្លះ [នៅទីនេះ] សម្រាប់ប្រជាជនស្នាក់នៅ។ យើង​ក៏​ចង់​រស់​នៅ​ក្នុង​ទីក្រុង និង​រស់​នៅ​ដូច​អ្នក​ដទៃ​ដែរ»។​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ អ្នកស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត​គ្រោង​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ។ នៅពេលនោះ មានជនស៊ីវិលមួយក្រុមបានមករកពួកគេ ដើម្បីសួរថាតើមេដឹកនាំសហគមន៍ជានរណា ហើយនរណាជាអ្នករៀបចំផែនការទៅសាលាក្រុង។ នៅទីបំផុត ពួកគេបានសម្រេចចិត្តមិនទៅសាលាក្រុងវិញ។

អ្នកស្រីសាខន ប្រាប់ខេមបូចាថា៖ «ប៉ូលិសបានមកដល់ភូមិរបស់យើងនៅម៉ោង ៦ ព្រឹក ដើម្បីឃាត់ពួកយើង នៅពេលដែលពួកគេដឹងថា ពួកយើងមានគម្រោងទៅសាលាក្រុង។ យើង​សម្រេច​ចិត្ត​មិន​ទៅ​ណា​ដើម្បី​សុវត្ថិភាព»

ពលរដ្ឋនៃសហគមន៍សាមគ្គីរុងរឿង រស់នៅតាមបណ្ដោយប្រឡាយបឹងត្របែកតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០មក។ រូបភាព៖ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

លោក គង់ ភីនី  អនុភូមិ៥ ប្រាប់ឱ្យដឹងថា អាជ្ញាធរដែលអនុវត្តគម្រោងស្តារប្រឡាយលូបឹងត្របែកបានកំណត់ និងវាស់វែងផ្ទះជាមួយគ្រួសារខ្លះហើយ ដោយអ្នកខ្លះបានផ្តល់ចម្លើយរួចហើយ។

លោកភីនី ​និយាយថា​៖ «​នៅ​មាន​អ្នក​មិន​យល់​ព្រម។ អ្នក​ដែល​យល់ព្រម​ជាមួយ​ក្រសួង​មាន​ពេល​១​ខែ​ក្នុង​ការ​រុះរើ។ សរុបមក ពួកគេមានពេល១ខែគិតចាប់ពីពេលទទួលបានសំណង»

ខេមបូចា បានស្វែងរកព័ត៌មានបន្ថែម ពីចំនួនប្រាក់សំណង និងដំណោះស្រាយ ប៉ុន្តែ លោក ភីនី បានលើកទូរសព្ទដោយប្រាប់ថា «ជាប់រវល់ការងារបន្ទាន់»។

លោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវ ប្រាប់ ខេមបូចា ថា លោកមិនមានព័ត៌មានលម្អិតអំពីគម្រោងនេះទេ ទាំងសហគមន៍រងគ្រោះ ផលប៉ះពាល់ និងសំណង ដោយឱ្យ ខេមបូចា សួរទៅកាន់សាលាក្រុងជំនួសវិញ។

លោក សុផាត លើកឡើងថា៖ «ក្រុមថ្នាក់ជាតិជាអ្នកអនុវត្ត។ ខ្ញុំគ្រាន់តែ [រង់ចាំអនុវត្ត]។ នេះ​ជា​គម្រោង​ថ្នាក់​ជាតិ អ្នក​អាច​សួរ​សាលា​រាជធានី​ភ្នំពេញ​អំពី​ផល​ប៉ះពាល់»

នៅពេលសួរ ដើម្បីអត្ថាធិប្បាយបន្ថែមអំពីវឌ្ឍនភាពនៃគម្រោង តើនៅពេលណាដែលផ្ទះប្រជាពលរដ្ឋនឹងត្រូវរុះរើ និងមានការដោះដូរដីជូនប្រជាពលរដ្ឋឬទេ។ លោកបានលើកឡើងម្តងទៀតថា៖ «ខ្ញុំមិនដឹងទេ ព្រោះវាជាគម្រោងជាតិ។ ខ្ញុំមិនដឹងថាពេលណាវានឹងចាប់ផ្តើមទេ។ ខ្ញុំ​គ្រាន់​តែ​ធ្វើ​តាម និង​ចូល​រួម​ក្នុង​គម្រោង»

លោក​អះអាង​ថា ក្រសួង​ជា​អ្នក​វាយតម្លៃ​ឲ្យ​អាជ្ញាធរ​សង្កាត់ ហើយ​អាជ្ញាធរ​សង្កាត់គ្រាន់តែ​ចូលរួម​អនុវត្ត​បទបញ្ជា​ពី​ថ្នាក់ជាតិ​តែ​ប៉ុណ្ណោះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បដិសេធធ្វើ
អត្ថាធិប្បាយទេ នៅពេលដែល ខេមបូចា ទាក់ទងតាមទូរសព្ទ។ លោក​សុំ​ឲ្យ​អ្នក​យក​ព័ត៌មាន​ទាក់ទង​ទៅ​សាលា​រាជធានី។

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះត្រួតពិនិត្យប្រឡាយ ស្ថានីយ៍បូមទឹក ប្រឡាយបឹងទំពន់ លូបង្ហូរទឹក និងដំណើរការសាងសង់នៅការដ្ឋាន។ លោក​ក៏​បាន​ពិនិត្យ​មើល​ការ​ស្តារ​ប្រឡាយ​មេ​ចំនួន ១៣ នៃ​គម្រោង​រំដោះ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញផងដែរ។

លោក ឃួង ស្រេង មានប្រសាសន៍​ថា មាន​គម្រោង​ជម្លៀស​ទឹកជំនន់​ចំនួន ៥០ នៅ​រាជធានី​ភ្នំពេញ។ គម្រោងចំនួន ២៣ នឹងត្រូវបានអនុវត្ត ដោយ ១៣ កំពុងដំណើរការ។ គម្រោង​ទាំង​១៣​នោះ​មាន​ការ​ពង្រីក​ស្ថានីយ​បូមទឹក​ដូចជា​ស្ថានីយ៍​លូ​៥ និង​ទំនប់​កប់ស្រូវ និង​ការ​សាងសង់​កន្លែង​ប្រមូល​សំរាម​នៅ​បឹងត្របែក។

គម្រោងសាងសង់ទាំង ១៣ សម្រេចបាន ៦,៥ភាគរយ រហូតមកដល់ពេលនេះ ហើយអាចរំដោះទឹកចេញពីបឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ បឹងទំពន់ និងតំបន់ជុំវិញព្រលានយន្តហោះភ្នំពេញ និងផ្សារដើមគរជាដើម។

លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេដោយកំពុងជាប់រវល់ប្រជុំ។

សហគមន៍​សាមគ្គី​រុងរឿង ​នៅ​តាម​បណ្តោយប្រឡាយ​បឹងត្របែក​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយទទួលបាន​​ប្រាក់​សំណង​ទាប។ រូបភាព៖ នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អ្នកគ្រប់គ្រងកម្មវិធីតស៊ូមតិ និងផ្សព្វផ្សាយនៅអង្គការសមាគមធាងត្នោត (STT) លោក ឃុន តុលា បានប្រាប់ ខេមបូចា ថា ពួកគេមិនមានទិន្នន័យសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយគម្រោងស្តារប្រឡាយលូទឹកស្អុយ ដែលជាផ្នែកនៃកម្មវិធីជម្លៀសទឹកជំនន់ដែលបង្កើតឡើងដោយសាលារាជធានីភ្នំពេញនោះទេ។

តែយ៉ាងណាលោក តុលា បានជំរុញឱ្យសាលារាជធានីភ្នំពេញធានានូវសំណងសមរម្យដល់គ្រួសារដែលរស់នៅតំបន់នោះតាំងពីឆ្នាំ ១៩៨០មក។ លោកថា អាជ្ញាធរមិនគួរផ្តល់សំណង ត្រឹមតែជាសំណងកម្រិតទាបប៉ុណ្ណោះទេ ប៉ុន្តែអាជ្ញាធរក៏គួរតែអភិវឌ្ឍតំបន់នោះឱ្យពួកគេផងដែរ។

លោក តុលា និយាយថា អាជ្ញាធរ​កំពុង​ផ្តល់​សំណង​ចំនួន ១០០០ ដុល្លារ និង ៤០០០ ដុល្លារ ផ្អែក​តាម​ទំហំ​ផ្ទះ​ ដែលការផ្តល់នេះ​ជាចំនួនទាប ហើយ «មិន​គ្រប់​គ្រាន់​សម្រាប់​សង់​ផ្ទះ​ថ្មី»។ អាជ្ញាធរ​គួរ​បង្កើត​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ ស្រដៀង​នឹង​ការអនុវត្តនៅ​តំបន់​ស្ទឹងមានជ័យដែរ។

លោកតុលាបន្តថា៖ «យើងចង់ឱ្យអាជ្ញាធរ និងរដ្ឋាភិបាលពិចារណាលើសំណើរបស់សហគមន៍ ដូចដែលពួកគេចង់បានលើការអភិវឌ្ឍនៅនឹងកន្លែងនោះ។ យើងបានឃើញគំរូដ៏ល្អមួយនៅស្ទឹងមានជ័យ ដែលប្រជាពលរដ្ឋបានទទួលការអភិវឌ្ឍនៅនឹងកន្លែងតែម្តង។ រដ្ឋាភិបាល​គួរ​តែរកច្រកចេញសម្រាប់ប្រជាជនឱ្យពួកគេរស់បាន​»

លោក​មិន​ចង់​ឃើញ​រដ្ឋាភិបាល​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់ពួកគេ ក្នុង​នាម​អភិវឌ្ឍន៍​ទេ ព្រោះ​ការ​បណ្ដេញ​ចេញដោយបង្ខំ​អាច​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល ដូចជាការ​រំលោភលើ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​មនុស្សជាដើម។

លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រកាន់​យក​ផ្លូវ​កណ្តាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សម្រាប់​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ឲ្យ​រស់នៅ​ដូច​អ្នក​ទីក្រុង​ដទៃ​ទៀត ដើម្បី​ឲ្យ​ពួកគេ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​សេវា​សាធារណៈ ​ដូចជា​មធ្យោបាយ​ធ្វើដំណើរ មន្ទីរពេទ្យ និង​សាលារៀន ក៏ដូចជា​ការងារផងដែរ។

លោកតុលាបន្តថា៖ «យើងបាន​ឃើញ​ថា ​រដ្ឋាភិបាល​ធ្លាប់​ធ្វើ​អស់​ពី​សមត្ថភាព​ពី​មុន​មក។ ដូច្នេះ យើង​មិន​ចង់​ឃើញ​ការ​បណ្ដេញ​ចេញ​ដូច​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី ១០ ឆ្នាំ​មុន​នៅ​បុរីកីឡា និង​បឹងកក់ ដែល​ពិត​ជា​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»

លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវមានតម្លាភាព និងស្ថិតនៅលើ «ផ្លូវកណ្តាល» ដើម្បីការពារប្រជាពលរដ្ឋ និងកុំគំរាមកំហែង ឬបំភិតបំភ័យប្រជាពលរដ្ឋ ដោយសារពួកគេត្រូវការការគាំទ្រពីអាជ្ញាធរ។

លោកបន្តថា៖«សិទ្ធិក្នុងការប្រមូលផ្តុំត្រូវបានធានាដោយច្បាប់។ អាជ្ញាធរ​មូលដ្ឋាន​មិន​គួរ​បញ្ឈប់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ពិភាក្សា​បញ្ហា​នោះ​ទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Samaki Rong Roeurng Community Facing Eviction Seek Higher Compensation From Canal Project

495 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម