សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពល​រដ្ឋរស់នៅ​តាមបណ្ដោយ​ប្រឡាយបឹង​ត្របែកប្រឈមនឹងការបណ្ដេញចេញ ខណៈកាលកំណត់ត្រឹមថ្ងៃទី២២ខែនេះ

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយប្រឡាយបឹងត្របែកក្នុងសហគមន៍សាមគ្គីរុងរឿង ក្នុងខណ្ឌចំការមន ប្រឈមនឹងការបណ្ដេញចេញដោយសារតែគម្រោងពង្រីកប្រឡាយដើម្បីរំដោះទឹកជំនន់ពីក្រុងភ្នំពេញ។ រូបភាពថតថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយប្រឡាយបឹងត្របែកក្នុងសហគមន៍សាមគ្គីរុងរឿង ក្នុងខណ្ឌចំការមន ប្រឈមនឹងការបណ្ដេញចេញដោយសារតែគម្រោងពង្រីកប្រឡាយដើម្បីរំដោះទឹកជំនន់ពីក្រុងភ្នំពេញ។ រូបភាពថតថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ប្រជាពល​រដ្ឋ​១២​គ្រួសារ​រស់​នៅ​ជិត​ប្រឡាយ​បឹង​ត្របែក​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន អះអាងថា​សំណង​ដែល​ផ្ដល់ជូនពួក​គាត់​មាន​ចំនួន​តិច​តួច​ចន្លោះពី ​១ ០០០​ ដុល្លារ​ទៅ ​៣ ០០០​ ដុល្លារ និង​បាន​ទាមទារ​ឲ្យ​មានការ​ការ​ផ្ដល់​សំណង​សមរម្យ ឬ​អាច​រក​ទី​តាំង​ថ្មី​សម្រាប់​រស់​នៅ​។ ​អាជ្ញាធរ​ខណ្ឌ កាលពី​ថ្ងៃទី​១៣ ខែមិថុនា បានប្រកាស​ឲ្យ​អ្នក​ទាំង​នេះ​រើផ្ទះ​ចេញ​នៅ​ត្រឹមថ្ងៃទី​២២ ខែមិថុនា​។

គម្រោង​រំដោះទឹកជំនន់​នេះ រួម​មាន​ការ​​សាងសង់ប្រព័ន្ធលូ និង​ប្រព័ន្ធ​រំដោះទឹក កំពុង​ដំណើរ​ការ​សាងសង់​នៅ​ក្នុង​តំបន់​របស់​អ្នក​ភូមិ​ទាំង​នោះ ក្នុង​ន័យ​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំដោះទឹក​ក្នុង​ទីក្រុង​កាន់តែ​ល្អ​ប្រសើរ​។ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ចុះវាស់វែង​ផ្ទះ​អ្នក​ភូមិ និ​ង​បាន​អញ្ជើញ​អ្នក​ភូមិ​ប្រជុំពិភាក្សា​អំពី​សំណង​កាលពី​ខែ​មេសា ឆ្នាំ២០២៤​។​

នៅពេល​នោះ ​​អាជ្ញាធរ​បាន​ផ្ដល់​សំណង​ទៅ​តាម​ទំហំ​ផ្ទះ​ចន្លោះពី ​១ ០០០ដុល្លារទៅ ​៣ ០០០​ដុល្លារសម្រាប់ផ្ទះ​តូចៗ និង​ផ្ទះ​ធំ​ទទួល​បាន​សំណង ​៦ ០០០​ដុល្លារ​។​

បើ​តាម​រដ្ឋបាល​រាជធានីភ្នំពេញ ប្រជាពល​រដ្ឋរស់​នៅ​តាម​បណ្ដោយ​ប្រឡាយ​បឹង​ត្របែក​ចំនួន​​១៣១​គ្រួសារ​រងផលប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍​នេះ ហើយ​ដំណោះស្រាយ​រឿង​សំណង​បាន​​​ធ្វើ​រួច​រាល់​កាលពី​ខែ​សីហា ឆ្នាំ២០២៤​។ រដ្ឋបាល​រាជធានីភ្នំពេញ​ឲ្យ​ដឹង​ទៀត​ថាអ្នក​ភូមិ​បាន​យល់ព្រម​ទទួលសំណង​ពី​ក្រ​សួង​សេដ្ឋកិច្ច ជា​ថ្នូរ​នឹង​ការ​រើចេញ «ដោយស្ម័គ្រចិត្ត» ដើម្បីជៀសវាងផល​ប៉ះពាល់​ដល់​គម្រោង​។​

អ្នកស្រី នូ ហឹម វ័យ​៤៧​ឆ្នាំ ជាអ្នក​លក់ដំឡូង និង​បាន​រស់​នៅ​ទីនោះ​ជាង​២០​ឆ្នាំ​មក​ហើយ​​បាន​លើក​ឡើង​ថា​អ្នកស្រី​មាន​សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ បណ្ណបោះឆ្នោត និង​អត្តសញ្ញាណបណ្ណ ប៉ុន្តែថា​មិនមាន​ប្លង់​កម្មសិទ្ធិ​ដីធ្លីនោះទេ។​

អ្នកស្រី​មិន​បាន​យល់ព្រម​ទទួលសំណង ​១ ៥០០​ដុល្លារ​ពី​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​នោះទេ ដោយ​ថា​វាមិន​គ្រប់គ្រាន់​សម្រាប់​សង់​ផ្ទះ​ថ្មី​។ អ្នកស្រី​ឆ្ងល់ថា​ហេតុ​អ្វី​អាជ្ញាធរ​មិនពិចារណា​ផ្ដល់​ជម្រើស​ និង​ដំណោះស្រាយ​ល្អជាងនេះ​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​ដែល «គ្រាន់តែ​ស្នើ​ឲ្យ​ផ្ដល់​ជម្រក​សមរម្យ​នៅ​ក្បែរទីក្រុង»។​

អ្នកស្រី​ប្រាប់ សារព័ត៌មានខេមបូចា ​ថា អ្នកស្រី​មិន​ជំទាស់​នឹង​ការអភិវឌ្ឍនោះទេ ប៉ុន្តែ​ស្នើ​សុំ​ឲ្យ​មាន​សំណង​សមរម្យ​។ អ្នកស្រី​បន្ត​ថា៖ «​សំណង​តិចតួច​ណាស់។ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។ ការ​បណ្ដេញ​ចេញ​វាអាក្រក់ណាស់។ យើង​មិន​បាន​បញ្ឈប់​ការ​អភិវឌ្ឍ​ទេ។ យើង​នឹង​ចាក​ចេញ​ពី​ទី​នេះ ប៉ុន្តែ​ស្នើ​សុំ​ដី​សម្រាប់​រស់​នៅ​ឲ្យ​បាន​សមរម្យ​»។​

អ្នកស្រី​បន្តថា បើ​សិន​ជាមានការ​បណ្ដេញ​ចេញ​នៅ​សប្ដាហ៍​នេះ​មែនវាពិតជា​រឿង​អាក្រក់​ណាស់ ព្រោះ​ថា​សំណង​មិន​គ្រាន់​នឹង​ទិញ «សូម្បី​ដី​មួយ​ម៉ែត្រការ៉េ​ផង»។ អ្នកស្រីជំរុញ​ឲ្យរដ្ឋាភិបាល​ពិចារណា​លើ​យន្តការ​ផ្ដល់​សំណង​ដល់ប្រជាពល​រដ្ឋដែល​បាន​រស់​នៅ​ទីតាំង​នោះ​យូរ​ឆ្នាំ​។​

អ្នក​ស្រី​បន្ថែម​ថា៖ «​នៅពេលនេះ ខ្ញុំ​មិន​ចាំបាច់ជួលបន្ទប់ទេ ព្រោះខ្ញុំ​មាន​កូន​ផ្ទះ​មួយ​។ ចំណូល​ដែល​ខ្ញុំ​រក​បាន​គ្រាន់តែចាយមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។ ដូចនេះ បើ​សិន​ជាគ្មាន​ជម្រក ជីវិតខ្ញុំ​នឹង​កាន់តែវេទនា​»។​

រូបភាព​បង្ហា​ញ​ពី​គ្រួសារ​នៅ​ក្នុង​សហគមន៍​សាមគ្គីរុងរឿង ដែល​មានគ្រួសារ​ខ្លះបាន​យល់ព្រមទទួលសំណង និង​បាន​រើចេញ​ ខណៈគ្រួសារ​ខ្លះទៀត​បន្ត​តស៊ូ​ទាម​ទារ​សំណង​ខ្ពស់ជាង​នេះ។ រូបភាព​ថតកាលពីថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៥​។ (ខេមបូចា/ ព្រីង សំរាំង)

អ្នក​ភូមិ​ម្នាក់ទៀត គឺ​អ្នកស្រី ឃឹម ពៅ វ័យ​៥៨ឆ្នាំ ជា​អ្នក​រើស​អេតចាយ បាន​ឲ្យ​ដឹងថា ​អ្នកស្រី​មិនមាន​ប្លង់កម្មសិទ្ធិ​លើ​ដី​កំពុង​រស់​នៅ​នោះទេ ​បើ​ទោះបីជា​អ្នកស្រី​បាន​រស់​នៅ​តាំងពី​ឆ្នាំ១៩៩៣​។ អ្នក​ស្រី​បាន​ទទួល​សំណង ​១ ២០០​ដុល្លារនៅពេល​គម្រោង​ពង្រីក​ប្រឡាយ​នេះ​បាន​ចាប់​ផ្ដើម។ អ្នកស្រី​ថា​សំណង​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់ទិញ​ដី និង​សង់​ផ្ទះ​ថ្មី​សម្រាប់​អ្នកស្រី និង​កូនៗ​ទាំង​ប្រាំពីរ​នាក់​នោះទេ។​

អ្នកស្រី​ឲ្យ​ដឹងថា ​ប្រជាពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជា​ច្រើន​ដង ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ជ្រើស​រើស​«វិធី​ដដែល» មិន​ពិចារណា​លើ​សុខុមាលភាពអ្នកភូមិ​នោះទេ​។​

អ្នកស្រី​បន្ត​ថា៖ «​សំណង​ ១ ២០០​ដុល្លារ​មិន​គ្រាន់​នឹង​ទិញ​ដី​មួយ​ម៉ែត្រ​ផង ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ផ្ដល់​ចំនួន​នេះ​ដល់​ប្រជាពល​រដ្ឋ។ ​យើង​បាន​ដាក់​លិខិត​ទៅ​ច្រើន​កន្លែង គ្មាន​ខាងណា​ឆ្លើយ​តប​ទេ»។​

អ្នក​ស្រី​លើក​ឡើង​ថា ​ជីវិត​អ្នកស្រី​នឹង​កាន់តែវេទនា​ ព្រោះតែគ្មាន​ផ្ទះសម្បែង បើ​សិនជា​អាជ្ញាធរ​រុះរើ​ផ្ទះ​ដែល​កំពុង​រស់​នៅ​នេះមែន។ អ្នក​ស្រី​ចោទជាសំណួរ​ថា​ហេតុអ្វី​អាជ្ញាធរ​មិន​អើពើ​នឹង​ការ​ទាមទារ​របស់​ប្រជាពល​រដ្ឋ ព្រោះអី​អ្នក​ទាំងនោះជា​ខ្មែរ​ដូច​គ្នា​។ ជីវិត​ «ជួបការលំបាកខ្លាំង» ស្រេចទៅ​ហើយ សម្រាប់​អ្នកស្រី ដូច​នេះ​បើ​សិន​ជាមានការបណ្ដេញ​ចេញ​ និង​ផ្ដល់សំណង​តិចតួច​ទៀត នោះ​នឹង​ប៉ះពាល់​ខ្លះ​ដល់​អនាគតកូនៗ​របស់​អ្នកស្រី​។​

អ្នកស្រី​បន្ត​ថា៖​ «​បើ​សិន​ជា​ខ្ញុំ​បាត់​បង់​ផ្ទះ ខ្ញុំ​ប្រហែលជា​ត្រូវ​រស់​នៅ​តាម​ផ្លូវ​។ ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ផ្ដល់​ដី​មួយ​ដុំ​គ្រាន់យើង​អាច​សង់​ផ្ទះ​ថ្មី​បាន»។​

ក្នុង​សេចក្ដីជូន​ដំណឹង​កាលពី​ថ្ងៃទី​១៣ ខែមិថុនា អាជ្ញាធរខណ្ឌ​ចំការ​មន​បាន​លើកឡើងថា​​ប្រជាពល​រដ្ឋ​ទាំង​១២​គ្រួសារ​​ដែល​រង​ផល​ប៉ះពាល់ពីគម្រោង​ពង្រីក​ប្រព័ន្ធរំដោះទឹក​ជំនន់នៅ​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​មិន​យល់ព្រម​ទទួល​សំណង​នោះទេ​។​​

តាម​រយៈលិខិតដដែល​ អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​អ្នក​ទាំងនោះ​​រើផ្ទះ​នៅ​ត្រឹមថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២៥ ហើយ​ផុត​ពី​នោះ​ អាជ្ញាធរ​នឹង​ចាប់​ផ្ដើម​រុះរើ​សម្អាត និង​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត​ទ្រព្យសម្បត្តិ​នោះទេ​។​ យ៉ាងណា​លិខិត​បញ្ជាក់​ទៀតថា ប្រជាពល​រដ្ឋ​អាច​ដាក់បណ្ដឹង​ទៅ​តុលាការបើ​ទោះ​ជាពួក​គេបាន​ទទួល​សំណង ឬ​គម្រោង​បាន​បញ្ចប់​ហើយ​ក៏​ដោយ​។​

អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ អ្នកស្រី​ ដោរ សម្ផស្ស និង​អភិបាល​ខណ្ឌចំការមន​ លោក គៀង ល័ក្ស បាន​ចុចបិទទូរសព្ទពេលអ្ន​កសារព័ត៌មាន​ខេមបូចាទាក់ទងទៅ​។​

លោក ស៊ាង មួយឡៃ ប្រធាន​កម្មវិធី​នៃ​សមាគម​ធាងត្នោត បាន​ប្រាប់​ សារព័ត៌មានខេមបូចា ថា «ការបណ្ដេញចេញ​ដោយ​បង្ខំ មិនមែនជាជម្រើស​ល្អទេ»។ លោក​ថា​បញ្ហា​នៅ​បឹង​ត្របែក​គឺ​មិន​ពិបាក​ដោះ​ស្រាយ​នោះទេ អាជ្ញាធរអាច​បង្កើន​ថ្លៃសំណង ដូច​ជា​ដល់ ១ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រួសារ ឬ​ផ្ដល់​ដី​មួយ​កន្លែង​នៅ​ក្បែរ ឬ​ក្នុង​ខណ្ឌច្បារអំពៅ ក្រោយ​វត្ត​ជំពោះក្អែក ដែល​ជា​កន្លែង​អាជ្ញាធរក្រុង​ត្រៀម​សម្រាប់​ផ្ដល់ជូន​ប្រជាពល​រដ្ឋផ្សេង​ទៀត​​​។​

លោក​ពន្យល់​ថា រដ្ឋ​នៅ​មាន​ដី «សល់» ជា​ច្រើន​កន្លែង ហើយ​កន្លែង​ខ្លះ​បាន​ផ្ដល់ទៅ​ឲ្យ​ឧកញ៉ា​មួយ​ចំនួន​នាពេលកន្លង​មក​។ ជា​ការពិត «ដីជាង​១៧​ហិកតា​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន និង​ក្រុម​គ្រួសារ​មួយ​ចំនួន​នាពេល​កន្លងមក»។ លោកបន្ត​ថា៖ «​ដូច​នេះ ហេតុអ្វី​រដ្ឋ​មិន​អាច​ចែក​ដី​៤០ម៉ែត្រការ៉េ​ដល់ពលរដ្ឋ? ហេតុ​អ្វី​រដ្ឋមិន​អាច​ផ្ដល់ដី​ដល់​ប្រជាពល​រដ្ឋ​សាមញ្ញ បើ​សិនជា​អាជ្ញាធរ​បាន​គិត​គូរ​ល្អិត​ល្អន់​មែន»

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​អាជ្ញាធរ ក្នុង​នាម​​ជាអ្នក​ផ្ដល់​សេវា​ល្អ​ គួរ​តែ​បន្ទន់​ឥរិយាបទ​បន្តិច​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ប្រជាពល​រដ្ឋ ដូចនេះ​គ្រប់ភាគីអាចទទួល​យកបាន»។​

ការ​បណ្ដេញ​ប្រជាពល​រដ្ឋ​ចេញ​ពី​លំនៅឋាន​ក្រោម​លេសថាបាន​ផ្ដល់សំណងគឺ «មិន​ត្រឹមត្រូវទេ» ព្រោះ​ថា​អ្នក​ទាំងនោះក៏​ជា​ប្រជាជន​ខ្មែរ​​ដែរ។ លោកបន្ថែម​ថា៖ «​ពួកគាត់មានសិទ្ធិ និង​អាច​ទទួល​បានការកាពារពី​រដ្ឋ។ ពួកគាត់​ត្រូវ​ការជ្រើសរើសកន្លែង​មួយ​ដែល​ពួកគាត់ និង​កូនៗ​អាច​ធ្វើ​ការ និង​រៀនសូត្រ​បាន»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Boeung Trabek Residents Face Eviction as June 22 Deadline Looms

119 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម