គ្រួសារប្រជាពលរដ្ឋដែលប្រឈមនឹងការបណ្តេញចេញ ដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី តម្លៃ ១,៥ ពាន់លានដុល្លារ ក្នុងខេត្តកណ្តាល នៅតែមិនសុខចិត្តចំពោះសំណងផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ។ ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនបានចាប់ផ្តើមចរចាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋជាង៦០ គ្រួសារដែលនៅតែបដិសេធមិនទទួលយកសំណង។
គ្រួសាររបស់អ្នកស្រី ផ្លេក ផារី និងគ្រួសារពីរផ្សេងទៀតត្រូវបានកោះហៅឲ្យជួបជាមួយក្រុមហ៊ុនកាលពីថ្ងៃពុធ។ ក្រុមហ៊ុនផ្តល់ឲ្យអ្នកស្រី ផារី នូវកញ្ចប់ថវិកាចំនួន ៣១, ០០០ ដុល្លារសម្រាប់ផ្ទះ និងរបងជុំវិញដីរបស់អ្នកស្រី។ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ឲ្យបានច្បាប់អំពីការបែងចែកប្រាក់សំណងនោះទេ ហើយអ្នកស្រី ផារី និយាយថា អ្នកស្រីចង់បានយ៉ាងហោចណាស់ ៣៦,០០០ ដុល្លារ។
អ្នកស្រី ផារី ដែលផ្ទះរបស់អ្នកស្រីនៅជាប់នឹងផ្ទះម្តាយរបស់អ្នកស្រី ដែលក្រុមហ៊ុនផ្តល់ឲ្យ ៣៣,០០០ ដុល្លារនោះ បាននិយាយថា៖ «ខ្ញុំគិតថា [សំណង] នៅតែតិចតួច ហើយមិនសមនឹងទទួលយកទេ» ។ ទាំងម្តាយ និងកូនបានច្រានចោលការផ្តល់ជូនសំណងនេះ។ ម្ដាយអ្នកស្រីផារីបានស្នើសំណងជាង៥ ម៉ឺនដុល្លារ ដោយសារដីរបស់គាត់មានដាំដើមទៀប ស្វាយ ដូង និងដើមខ្នុររាប់សិបដើម។
គ្រួសាររបស់អ្នកស្រី ផារី និងពលរដ្ឋរាប់សិបគ្រួសារផ្សេងទៀតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ បានជំទាស់នឹងសំណង ដែលផ្តល់ជូនសម្រាប់ការបណ្តេញពួកគាត់ចេញ និងការផ្លាស់ទីលំនៅរបស់ពួកគាត់។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានផ្តល់តម្លៃ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ដីស្រែដែលរងផលប៉ះពាល់ និងផ្តល់ពេល១០ខែសម្រាប់គ្រួសារ ដើម្បីផ្លាស់ទីទៅកន្លែងតាំងថ្មី ដែលកំពុងអភិវឌ្ឍន៍នៅចម្ងាយពីភូមិចាស់ប្រមាណ៣គីឡូម៉ែត្រ។
លោក ណៃ ភន ជាប្រជាពលរដ្ឋនៅភូមិកំពង់តាឡុង ដែលផ្ទះ និងដីស្រែរងផលប៉ះពាល់បាននិយាយថា៖ «គ្រួសារមួយចំនួននៅតែបដិសេធ [សំណង] ដោយសារការផ្តល់ជូនមិនស៊ីគ្នានឹងតម្លៃដីរបស់ពួកគាត់»។ លោកមិនទាន់ត្រូវបានគេហៅឱ្យចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ទេ ហើយនៅតែប្រុងប្រយ័ត្នចំពោះចេតនារបស់ក្រុមហ៊ុន។
លោកបន្តថា៖ «ក្រុមហ៊ុនហៅម្តង បីគ្រួសារ ប្រាំគ្រួសារ ទៅជជែក វាជាជាល្បិចរបស់ពួកគេក្នុងការបំបែកសំឡេងប្រជាជន»។
លោកភន ដែលនិយាយថា លោកមិនទាន់បានទទួលសំណងសម្រាប់ដីស្រែប្រមាណមួយហិកតារបស់លោកនោះ កំពុងទាមទារតម្លៃចន្លោះពី ៥០ ទៅ ៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈក្រុមហ៊ុនផ្តល់ឲ្យតែ ៨ដុល្លារប៉ុណ្ណោះ។
បើគិតតាមការផ្តល់ឲ្យរបស់ក្រុមហ៊ុនគ្រួសារលោក ភន អាចទទួលបានចំនួន ៨០,០០០ដុល្លារ សម្រាប់ដីស្រែមួយហិកតានោះ ប៉ុន្តែបើគិតតាមអត្រាដែលលោក ភន ចង់បាន លោកអាចនឹងទទួលបានសំណងរហូតដល់ជាង ៥០០,០០០ដុល្លារ ឯណោះ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រាប់ខេមបូចាកាលពីខែមីនា ឆ្នាំ២០២១ ថា «វាមិនអាចទៅរួចទេ ក្នុងការទាមទារតាមតម្លៃទីផ្សារនោះ»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានប្រាប់ខេមបូចាកាលពីឆ្នាំ២០២១ថា មុនពេលមានគម្រោងព្រលានយន្តហោះថ្មី តម្លៃដីនៅតំបន់នោះមានតម្លៃប្រហែល១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែចាប់តាំងពីការប្រកាសសាងសង់ព្រលានយន្តហោះមក តម្លៃដីឡូតិ៍មួយក្បាលតូចបានឡើងដល់៦០ទៅ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីឡូតិ៍នៅតាមផ្លូវធំឡើងដល់១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកថ្លែងថា៖ «មុនគម្រោងអភិវឌ្ឍន៍ តម្លៃដីនៅទីនេះទាប ហើយគ្មានអ្នកណាចង់ទិញទេ ប៉ុន្តែឥឡូវ វាខុសគ្នា ហើយតម្លៃដែលក្រុមហ៊ុនផ្តល់ឱ្យដោយផ្អែកលើការចរចាផ្ទៃក្នុង វាមិនទាក់ទងនឹងតម្លៃទីផ្សារទូទៅទេ»។

លោក ជីវ កុកសាយ ទទួលបន្ទុកទិញដីសម្រាប់គម្រោងព្រលានយន្តហោះថ្មីនេះ បានបដិសេធចែករំលែកនូវអត្រានៃសំណងដែលក្រុមហ៊ុនកំពុងផ្តល់ជូនគ្រួសារពលរដ្ឋ។ លោកបានអះអាងថា គ្រួសារភាគច្រើនបានយល់ព្រមទទួលយកសំណងរួចហើយ ខណៈពួកគាត់មានពេលមួយឆ្នាំក្នុងការផ្លាស់ប្តូរទីលំនៅ ដោយចាប់ផ្តើមពីពេលនេះទៅ។
លោកថ្លែងថា៖ «ចំពោះអ្នកដែលមិនទាន់ទទួលយកសំណង យើង [ក្រុមហ៊ុន] នឹងបន្តចរចា និងវាយតម្លៃដោយផ្អែកលើប្រភេទផ្ទះ និងទ្រព្យសម្បត្តិនៅលើដីនោះ»។
លោកសាយ បន្តថា ក្នុងរយៈពេលពីរថ្ងៃក្នុងសប្តាហ៍នេះ ក្រុមហ៊ុនបានជួប ៧គ្រួសារ ហើយពីរគ្រួសារបានយល់ព្រមទទួលយកសំណង ខណៈពីរគ្រួសារទៀតនឹងទទួលយកក្នុងពេលឆាប់ៗ។ លោកបានបដិសេធថា ការហៅក្រុមគ្រួសារដោយឡែកពីគ្នា គឺមិនមានបំណងបំបែកសំឡេងប្រជាជនទេ ដោយលោកនិយាយថា ការជួបជាក្រុមតូចៗងាយស្រួលក្នុងការដោះស្រាយបញ្ហាជាង។
លោកសាយ បានប្រាប់អ្នកភូមិនៅឯកិច្ចប្រជុំមួយកាលពីឆ្នាំមុនថា សំណងនឹងមិនតិចជាង២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេសម្រាប់ផ្ទះថ្ម។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថាភាគច្រើនពលរដ្ឋព្រមទទួលយកសំណងដែលមានតម្លៃសមរម្យអាចទទូលយកបាន»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kandal Airport Developer Begins Direct Negotiations with Households Seeking Better Compensation