សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមាជិក IDEA ម្នាក់នៅប៉ោយប៉ែតត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់ពីស្រង់ឈ្មោះអ្នកខ្វះស្បៀង

សមាជិកIDEA លោក កង ណាខន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត ក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធប្រមូលឈ្មោះសមាជិកខ្វះខាតស្បៀងអាហារ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ
សមាជិកIDEA លោក កង ណាខន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត ក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធប្រមូលឈ្មោះសមាជិកខ្វះខាតស្បៀងអាហារ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនមន្ត្រីសង្គមស៊ីវិលម្នាក់ និងកោះហៅមនុស្ស២នាក់ផ្សេង​ទៀត​ទៅបំភ្លឺក្នុងករណីស្រង់​ទិន្ន័យ​សមាជិកអ្នកប្រកបរបរក្រៅប្រព័ន្ធ ដែលខ្វះខាត​ស្បៀង​​អាហារ​អំឡុង​ពេល​ផ្ទុះ​​ជំងឺ​កូវីដ​១៩។

តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំខេត្តបន្ទាយមានជ័យ លោក កង ណាខន ត្រូវឃាត់ខ្លួននៅ ថ្ងៃទី១១ខែឧសភា។ ចំណែកឯ សមាជិកពីរនាក់ទៀត ឈ្មោះ វន វ័ន្ត និងឈ្មោះ សុត សុខ ត្រូវអធិការនរគរបាលក្រុងប៉ោយប៉ែត កោះហៅសួរចម្លើយនៅព្រឹកថ្ងៃទី១២ខែឧសភា នឹងឱ្យត្រឡប់មកផ្ទះវិញនៅវេលាថ្ងៃត្រង់ថ្ងៃដដែល។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ  ឱ្យដឹងថា សហការីរបស់លោកត្រូវបានឃាត់ខ្លួន និងហៅសាកសួរ បន្ទាប់ពីពួកគេស្រង់បញ្ជីឈ្មោះសមាជិកដទៃទៀតដែលកំពុងខ្វះខាតស្បៀងអាហារអំឡុងពេលបិទខ្ទប់ក្រុងប៉ោយប៉ែត។ លោកថា ការឃាត់ខ្លួននេះជាការគំរាមកំហែងដល់សិទ្ធិសេរីភាពរបស់សមាជិកសង្គមស៊ីវិល។

លោក វន់ ពៅ និយាយថា«ខ្ញុំគិតថាជាការគំរាមកំហែងប្រធានសាខារបស់ខ្ញុំ គ្រាន់តែគាត់ស្រង់ឈ្មោះតាមទូរសព្ទប៉ុណ្ណោះ គាត់មិនហ៊ានបំពានបម្រាមរបស់ក្រសួងសុខាភិបាលបែរជាឃាត់ខ្លួនគាត់»

លោក វន់ ពៅ បន្តថា កាលពី​​ឆ្នាំមុនសមាជិកសមាគមIDEAចំនួន១២០០នាក់ បាន​ទទួល​ជំនួយ​សង្គ្រោះ​ជាទឹក​ប្រាក់​​​ចំនួន៣០ដុល្លារក្នុងម្នាក់ៗពីអង្គការដៃគូ តាមរយៈគម្រោងជួយពលរដ្ឋ​រងគ្រោះ​ដោយសារកូវីដ១៩ ។ លោកអះអាងថា​ ក្នុង​រយៈ​ពេល១​សប្ដាហ៍​មកនេះ លោក ណាខន ប្រមូលទិន្នន័យពីពលរដ្ឋក្រីក្រនៅប៉ោយប៉ែត​ចំនួន​១៧០នាក់ ដែលមានឈ្មោះ និងលេខទូរសព្ទ យកមកផ្ដល់ជូនស្នាក់ការកណ្ដាល ដើម្បីរៀបចំបញ្ជីឈ្មោះស្នើសុំជំនួយពីអង្គការដៃគូជាថ្មីទៀត ប៉ុន្តែមិនទាន់កំណត់ថ្ងៃចែកជូននៅឡើយ។

លោក វន់ ពៅ ថាការផ្ដល់ជំនួយនោះគឺអង្គការដៃគូ ជាអ្នកផ្ទេរប្រាក់ឱ្យដោយផ្ទាល់​ទៅកាន់អ្នកក្រីក្រតែម្ដង ដោយសមាគមគ្រាន់តែជួយសម្រួលរៀបចំបញ្ជីឈ្មោះប៉ុណ្ណោះ។  

លោក វន់ ពៅ និយាយថា៖ «ការិយាល័យកណ្ដាលឱ្យគាត់ស្រង់ឈ្មោះសមាជិកអ្នកក្រីក្រសមាជិកនៅប៉ោយប៉ែតហ្នឹងដើម្បីសុំជំនួយពីអង្គការដៃគូក្នុងប្រទេស យកចែកជូនអ្នកខ្វះខាតមិនទាន់បានចែកផងគេចាប់ខ្លួនគាត់បាត់ ។

កូនរបស់លោក កង ណាខន គឺយុវជន ប៊ុនធឿន រៀបរាប់ថា ប៉ូលីស​បានឃាត់ខ្លួនឪពុករបស់គាត់ក្នុងពេលចូលបំភ្លឺ ករណីស្រង់ឈ្មោះអ្នកខ្វះស្បៀងនៅក្នុង​បរិវេណ​អធិការក្រុងប៉ោយប៉ែត។ លោកបន្តថា ឪពុករបស់​គាត់ ធ្វើការតែតាមទូរសព្ទ​នៅក្នុង​ផ្ទះប៉ុណ្ណោះ និង​មិនធ្លាប់បានចូលទៅក្នុងតំបន់ហាមឃាត់ ដែលអាជ្ញាធរដាក់បម្រាម​នោះទេ ។

យុវជន ប៊ុនធឿន ៖ «ប៉ូលីសគេតាមរកប៉ាខ្ញុំ ទើបព្រឹកម្ស៉ិលម៉ិញប៉ាគាត់ទៅបំភ្លឺនៅប៉ុស្តិ៍បំភ្លឺរួចគេឱ្យគាត់មកវិញ ដល់រសៀលខាងអធិការក្រុងគេហៅទៅម្ដងហើយឃាត់ខ្លួនហ្មងទៅ។ប៉ុន្មានថ្ងៃនេះប៉ាអត់ដែលទៅណាទេ គាត់នៅតែផ្ទះនិងទៅត្រឹមផ្សារជិតផ្ទះនេះទេ។

យុវជនប៊ុនធឿន បន្ថែមថា កូនៗបារម្ភ​ពី​សុខភាពរបស់ឪពុកដែលមានជំងឺប្រចាំកាយ​និងស្នើ​សុំ​ឱ្យអាជ្ញាធរដោះលែងឪពុកឱ្យមានសេរីភាពឡើងវិញ។

អធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ចាន់ សុភី មានប្រសាសន៍ថា​នគរបាលក្រុងប៉ោយប៉ែតកោះហៅ ពលរដ្ឋ មកសាកសួរក្រោយទទួលដំណឹងថា លោកបានចុះស្រង់ឈ្មោះពលរដ្ឋក្នុងក្រុង។ ក្រោយពីសាកសួរ លោក ណាខន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងមិនទាន់សម្រេចចោទប្រកាន់ក្នុងបទចោទ​ណាមួយនៅឡើយទេ។

លោក ចាន់ សុភី មានប្រសាសន៍ថា«គាត់(កងណាខន) ប្រមែប្រមូលប្រជាពលរដ្ឋមកចែកអំណោយអីចឹង គាត់ផ្សព្វផ្សាយថាគាត់មានអំណោយមានអីចឹងយើងក៏អញ្ចើញគាត់មក សួរនាំក្រែងមានប៉ះពាល់ដល់អ្នកដែលឆ្លងជំងឺ ។ខាងថ្នាក់លើក៏បញ្ជាមកថាឱ្យយកគាត់ធ្វើចត្តាឡីស័កនៅវិទ្យាល័យនិមិត្ត យើងអត់ទាន់មាន​​ចោទអីនៅឡើយទេ»

លោក  សុត សុខ អាយុ៥៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ឱ្យ​ដឹងថា រូប​លោកនិងអ្នកជិតខាងម្នាក់ទៀតជាអ្នកធ្វើការងារជាមួយលោក ណាខន ត្រូវសមត្ថកិ​ច្ចនគរបាលនាំខ្លួនទៅសួរចម្លើយ​និង​បង្ខំ​ឱ្យ​ធ្វើកិច្ចសន្យាថាឈប់ធ្វើការឱ្យIDEAតទៅទៀត ។

លោក សុត សុខ ៖ «នគរបាល២នាក់មកនាំខ្លួន​ខ្ញុំពីផ្ទះទៅអធិការតែម្ដង។ គេសួរចម្លើយ​​អស់​ចិត្ត​រួចឱ្យខ្ញុំធ្វើកិច្ចសន្យា ថាបើហ៊ានធ្វើគេ​ចាត់វិធានការតាមច្បាប់ តែខ្ញុំអត់បាន​ធ្វើអីខុសច្បាប់​ទេនេះជាការគំរាមទាំងស្រុង។  ខ្ញុំគ្រាន់តែចង់ជួយបងប្អូនអ្នក​ស្រុកដែលអត់ឃ្លានប៉ុណ្ណោះ អាជ្ញាធរមិនគួរចង្អៀតចង្អល់​បែប​នេះឡើយ» ។

ខេមបូចាមិនអាចទាក់ទង ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ ដើម្បី​ អត្ថាធិប្បាយបន្ថែមករណីឃាត់ខ្លួន និងកោះសាកសួរមនុស្សទាំងបីនាក់ នៅថ្ងៃពុធនេះ។

អភិបាលក្រុងប៉ោយប៉ែត លោក គៀត ហ៊ុល មានប្រសាសន៍ថា​ លោកកំពុងចែកជំនួយជូន​ពលរដ្ឋដែលខ្វះខាត ដោយលោកមិនទាន់មានពេលឆ្លើយតបសំណួរជុំវិញករណីនេះឡើយ។

លោក គាត ហ៊ុល« ថ្ងៃនេះពូរវល់ណាស់អត់ទាន់អាចនិយាយបំភ្លឺអីបានទេណាសូមអធ្យាស្រ័យ​»

នាយករងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីឃាត់ខ្លួននេះជាការគំរាម​កំហែង​និងបំភិតបំភ័យទៅលើសមាជិកអង្គការសង្គមស៊ីវិល។

លោក អំ សំអាត មានប្រសាសន៍ថា«បើគាត់គ្រាន់តែកត់ឈ្មោះតាមទួរសព្ទដើម្បីសុំជំនួយឬស្វែងរកជំនួយមកជូនពលរដ្ឋ តែបែរជាអាជ្ញាធរឃាត់ខ្លួននោះជាការគំរាមកំហែងនិងបំភិតបំភ័យ ព្រោះការកត់ឈ្មោះមនុស្សចែកអំណោយមិនមែនជារឿងខុសច្បាប់អ្វីឡើយ»

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា​ ​មានប្រសាសន៍ថា អាជ្ញាធរចាំបាច់​ត្រូវ​បើកចំហរសេរីភាពឱ្យសង្គមស៊ីវិលដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមដែលបណ្ដាលមកពីជំងឺកូវីដ១៩ ដោយមិនត្រូវធ្វើទុក្ខបុកម្នេញលើពួកគេឡើយ។

លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា«យើងបារម្ភថាពេលចប់ចត្តាឡីស័កអាជ្ញាធរអាចនឹងរករឿងគាត់ឬចោទប្រកាន់គាត់ ដោយប្រការណាមួយ។ដូច្នេះយើងស្នើឱ្យអាជ្ញាធរដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ»

ក្រុងប៉ោយប៉ែត មានឆ្លងជំងឺកូវីដ១៩ ជិត១ពាន់នាក់។  អាជ្ញាធរខេត្តបន្ទាយមានជ័យបានបិទខ្ទប់ការចេញចូលក្នុងក្រុងប៉ោយប៉ែត ​ចាប់តាំងពីព្រឹកថ្ងៃទី២៤ខែមេសា បន្ទាប់ពីមានអ្នកឆ្លងជំងឺកូវីដ១៩ កាន់តែច្រើន។ ទោះជាយ៉ាងណា ​អាជ្ញាធរក្រុង​ប៉ោយ​​​ប៉ែត ​នៅថ្ងៃទី១២ខែឧសភា បានសម្រេចបើកតំបន់មួយចំនួន​ឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់។រដ្ឋបាល​ក្រុងប៉ោយប៉ែតក៏បានជូនដំណឹង​ឱ្យអ្នកដែលចេញចូលក្រុង ត្រូវផ្ដល់អត្តសញ្ញាណនៅកាន់អាជ្ញាធរ។

យោងតាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងថាអាជ្ញាធរបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១០១២នាក់ ជាសះស្បើយ៩០នាក់ គិតចាប់តាំងពីការផ្ទុះការឆ្លងជាសហគមន៍ពីខែមេសាដល់ថ្ងៃទី១២ ខែឧសភា៕

674 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម