ភ្នែកពាក់វែនតាម្ញូប និងអាវពណ៌សមានរូបអ្នកជាប់ឃុំ ស្លៀកខោខ្លីត្រឹមជង្គង់ ស្ត្រីវ័យ៥០ឈ្មោះសុខ បូលីម៉ា គោះឆ្នាំងផាំងៗ ដោយស្រែកទាមទារឱ្យតុលាការដោះលែងប្ដី ចេញពីពន្ធនាគារ។
អ្នកស្រី បូលីម៉ា ស្រែកខ្លាំងៗថា៖«តុលាការអយុត្តិធម៌ណាស់ៗ ដោះលែងប្ដីខ្ញុំទៅ !ប្ដីខ្ញុំគ្មានកំហុសទេ!»។
សម្រែករបស់អ្នកស្រី បូលីម៉ា ត្រូវបានបន្ទរដោយស្ត្រីជាច្រើនរូបទៀតដែលចូលរួមតវ៉ា ឱ្យដោះលែងប្ដី និងឪពុករបស់ខ្លួន កាលពីថ្ងៃសុក្រទី០៦ខែវិច្ឆកាកន្លងទៅនេះ នៅជិតសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយមកពួកគេបានបន្តដំណើរទៅដាក់ញត្តិស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនៅព្រះរាជវាំង។
ប្ដីអ្នកស្រី បូលីម៉ា គឺលោក ឃឹម ភាណា ជាអតីតចៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន កាលពីខែ មេសា ពីបទក្បត់ជាតិ និងញុះញង់ បន្ទាប់ពី លោកបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ពាក់ព័ន្ធការវិលត្រឡប់ លោក សម រង្ស៊ី មកកម្ពុជាវិញ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកស្រីបានថ្លែងថា អ្នកស្រីចូលរួមតវ៉ាចំនួន២១លើកមកហើយ ចាប់តាំងពីខែមេសា ដើម្បីស្វែងរកអន្តរគមន៍ឱ្យដោះលែងប្ដីរបស់គាត់។ អ្នកស្រីបន្តថា ប្ដីអ្នកស្រីគ្រាន់តែជាអ្នកនយោបាយមូលដ្ឋានមូយរូបដែលស្មោះត្រង់និងជាតិ ស្រលាញ់ជាតិ ធ្វើការងារបម្រើសង្គមប៉ុន្តែបែរជាត្រូវតុលាការចោទពីបទក្បត់ជាតិ និងញុះញង់ឱ្យមានភាពវឹកវរទៅវិញ។
អ្នកស្រី បូលីម៉ា៖« ប្ដីខ្ញុំជាអ្នកគាំទ្របក្សនយោបាយមួយប៉ុណ្ណោះ មិនដែលលួចដីមួយចង្អាមឱ្យបរទេស ទេ ហេតុអ្វីតុលាការ ចោទប្ដីខ្ញុំរួមគំនិតក្បត់? ប្ដីខ្ញុំស្រលាញ់សង្គមជាតិប៉ុន្តែគេចោទគាត់ថា ញុះញង់។ ខ្ញុំយល់ថា អយុត្តិធម៌ណាស់ ដូច្នេះខ្ញុំត្រូវតវ៉ា ។»
ក្រុមអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនិងអ្នកច្បាប់ឯករាជ្យកត់សម្គាល់ថា បទញុះញង់នេះ ជាបទចោទពេញនិយម សម្រាប់ចោទអ្នកដែលមាននិន្នាការនយោបាយជំទាស់រដ្ឋាភិបាលនិងក្រុមអ្នកការពារសិទ្ធិមនុស្ស។
យោងតាមទិន្នន័យរបស់អង្គការសង្គមស៊ីវិលបានបង្ហាថា ចាប់ពីពីខែមករា ដល់ចុងខែតុលា ឆ្នាំ២០២០ ក្រុមសកម្មជនបរិស្ថាន និងអតីតសកម្មជននយោបាយ ត្រូវចោទប្រកាន់ និងចាប់ខ្លួន ពីបទញុះញង់ ចំនួន៣៧ករណី។
អ្នកតវ៉ាម្នាក់ទៀតអាយុ៥២ឆ្នាំ អ្នកស្រី អ៊ុក ចន្ធី ត្រូវជាភរិយារបស់មន្ត្រីបក្សប្រឆាំងគឺ លោក យឹម សារ៉េត អតីតជំទប់ទី១ ឃុំចន្រ្ទី ស្រុករមាសហែក ខេត្តស្វាយរៀង ដែលត្រូវបានចាប់ខ្លួនក្នុងចំណោម អតីតមន្រ្តីបក្សសង្គ្រោះជាតិ១៧នាក់ ចាប់តាំពីដើមឆ្នាំ២០២០។ អ្នកស្រីបានធ្វើដំណើរតាំងពីស្រុករមាហែក ដើម្បីមកតវ៉ាសុំឱ្យដោះលែងប្ដី។ អ្នកស្រីអះអាងថា ប្ដីខ្លួនជាមនុស្សស្អាតស្អំគ្មានកំហុសនោះទេ។
អ្នកស្រី ចន្ធី និយាយថា៖«គេចោទប្ដីខ្ញុំថា ញុះញង់និងរួមគំនិតក្បត់។ សុំឱ្យសហគមន៍ជាតិអន្តរជាតិ ជួយជំរុញទៅរាជរដ្ឋាភិបាល ឱ្យដោះលែងប្ដីខ្ញុំ ។ប្ដីខ្ញុំគាត់មិនបានធ្វើអីខុសទេ តែគេចោទប្រកាន់ស្រេចតែគេប៉ុណ្ណោះ។»
មិនមែនតែប្ដីរបស់ស្ត្រី២រូបខាងលើនោះទេ ដែលត្រូវចោទប្រកាន់ក្នុងបទចោទនានារួមទាំងបទល្មើសញុះញង់ ក្នុងនោះមានអ្នកនយោបាយ ចេញសេចក្ដីថ្លែងការណ៍ថាបាត់ដីនៅព្រំដែន អ្នកចេញតវ៉ាទាមទារ ដោះលែងអ្នកជាប់ពន្ធនាគារ អ្នកបង្ហោះសារតាមហ្វេសប៊ុកថាគ្រោងធ្វើដំណើរទៅផ្ទះនាយករដ្ឋមន្ត្រី អ្នកដាក់ពាក្យសុំធ្វើបាតុកម្ម អ្នកចម្រៀង អ្នកនិពន្ធបទភ្លេងរិះគន់សង្គម ព្រះសង្ឃ រួមទាំងអ្នកសារព័ត៌មាន សុទ្ធតែត្រូវជាប់ចោទប្រកាន់ពីបទញុះញង់ដូចគ្នាដែរ។
កំណត់ត្រាដាច់ដោយឡែកមួយទៀតរបស់អង្គការលីកាដូ បង្ហាញថា មនុស្សយ៉ាងតិចណាស់២១ នាក់ក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាលដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីចុងខែកក្កដាដល់ខែកញ្ញាឆ្នាំ២០២០កន្លងទៅនេះ សុទ្ធតែត្រូវត្រូវតុលាការចោទប្រកាន់ពីបទ ញុះញង់ តាមមាត្រា ៤៩៤ មាត្រា៤៩៥ ។ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១កក្កដា បន្ទាប់ពីចេញសេចក្ដីថ្លែងការណ៍ពីបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ។ មនុស្ស២០នាក់ផ្សេងទៀតរួមទាំងសកម្មជនបរិស្ថាន សកម្ម ជនសិទ្ធិមនុស្ស សកម្មជននយោបាយ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅពេលដែលពួកគេតវ៉ាទាមទារដោះលែង លោក រ៉ុង ឈុន។ ពួកគេកំពុងជាប់ពន្ធនាគាររង់ចាំសវនាការនិងត្រូវប្រឈមនឹងជាប់ពន្ធនាគាររហូតដល់២ឆ្នាំប្រសិនបើរកឃើញថាមានទោស។
លោក គង់ រ៉ៃយ៉ា ជាសកម្មជននយោបាយគាំទ្រគណបក្សប្រឆាំង បានជាប់ពន្ធនាគារ ២ដងក្រោមបទចោទញុះញង់។ នៅឆ្នាំ២០១៥លោកត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ អស់១ឆ្នាំកន្លះ បន្ទាប់ពីបង្ហោះសារតាមហ្វេសប៊ុក ថានឹងទៅធ្វើបដិវត្តន៍ពណ៌។ នៅឆ្នាំ២០១៩ លោកត្រូវបានចាប់ខ្លួនម្ដងទៀត និងត្រូវបានចោទពីបទញុះញង់ជាថ្មី បន្ទាប់ពីលោក លក់អាវយឺត មានរូបលោកបណ្ឌិតកែមឡី។
លោក គង់ រ៉ៃយ៉ា អះអាងថា អាជ្ញាធរប្រើបទល្មើសញុះញង់នេះ មកចាប់ខ្លួនលោក ជារឿងមិនសមហេតុផល និងជាការរំលោភសិទ្ធិរបស់លោកដែលត្រូវបានធានាដោយច្បាប់។
លោក រ៉ៃយ៉ា រៀបរាប់ថា៖ « វាមិនសមហេតុផលសោះ[…] ចៅក្រមជំនុំជម្រះគាត់លើកឡើងក្នុងសវនាការថា បើសិនជាមានអ្នកពាក់អាវរូបលោកបណ្ឌិតកែមឡីហ្នឹងបួន១០នាក់ ហើយជិះម៉ូតូតាមថ្នល់ក្នុងក្រុងភ្នំពេញអីចឹងទៅ វាអាចបង្កឲ្យមានការប្រព្រឹត្តិបទល្មើសអីផ្សេងៗ»។
នាយករងអង្គការលីកាដូ លោក អំ សំអាត ថ្លែងថាការប្រើប្រាស់បទញុះញង់ដើម្បីចាប់ខ្លួននឹងចោទប្រកាន់មនុស្សក្នុងរយៈពេលចុងក្រោយនេះ នាំឱ្យមានការរិះគន់ជាច្រើនពីសំណាក់មតិជាតិនិងអន្តរជាតិ ព្រោះក្រុមអ្នកការពារសិទ្ធិមនុស្សមើលឃើញថា ជាហេតុផលនយោបាយជាជាងអនវត្តច្បាប់។
លោក អំ សំអាត មានប្រសាសន៍ថា៖« យើងឃើញថា ការដែលគេរិះគន់កន្លងមកហ្នឹង គឺគេថា ការចោទប្រកាន់ តាមបទល្មើសមាត្រាហ្នឹងគឺការរំលោភលើសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។
អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ការប្រើបទចោទ ញុះញង់ ដើម្បីចាប់មនុស្ស ជាការព្យាយាមរបស់រដ្ឋាភិបាលដើម្បីបំបិទសម្លេងជំទាស់និងរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ លោកបន្តថា កំណើនមនុស្សជាប់ពន្ធនាគារ ក្រោមបទចោទ ញុះញង់នេះបានបង្កឧបសគ្គផ្នែកសតិអារម្មណ៍ខ្លាំងចំពោះរូបលោកក្នុងនាមអ្នកនាំពាក្យ ស្ថាប័នសង្គមស៊ីវិលការពារសិទ្ធិមនុស្ស ។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា៖« យើងព្យាយាម កម្រិតខ្លួនឯង ប្រុងប្រយ័ត្នគ្រប់ពេលយើងបារម្ភថា កាលណាយើង និយាយអ្វីដែល ជាទស្សនៈនិងបញ្ចេញ យោបល់ ហ្នឹងដែលមិនសមស្របទៅនឹងគំនិត អ្នកនយោបាយ ដែលមានអំណាចនោះ យើងអាច នឹងបាន គេ ចោទពីបទនេះ(ញុះញង់)។»
កាលពីខែកញ្ញា សង្គមស៊ីវិលចំនួន៣៥ បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងក្ដីបារម្ភ អំពីការប្រើប្រាស់បទ ចោទញុះញង់នេះ។ សង្គមស៊ីវិលទាំងនោះ អះអាងថា អាជ្ញាធរបានប្រើបទល្មើសញុះញង់ ដើម្បីបំបិទសិទ្ធិ សេរីភាព របស់ពលរដ្ឋ ក្នុងការបញ្ចេញមតិ និងចូលរួមដោះស្រាយបញ្ហាសង្គម។ ស្ថាប័នទាំងនោះ ថែមទាំងអំពាវនាវ ឱ្យស្ថាប័នរដ្ឋ ទម្លាក់ចោលបទ ចោទនិងបញ្ឈប់ ការបំភិតបំភ័យ លើក្រុមអ្នកការពារ សិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជាដើម។
មេធាវី សំ សុខគង់ មានបទពិសោធន៍ការពារក្ដី ឱ្យសកម្មជនសិទ្ធិមនុស្ស ការពារក្ដី ឱ្យអតីតសកម្ម និងមន្ត្រីបក្សប្រឆាំងជាច្រើនករណីង បានលើកឡើងថា កូនក្ដីរបស់លោកមួយចំនួន បានជាប់ចោទ ពីបទ ញុះញង់ បន្ទាប់ពីពួកគេនិយាយ ឬសរសេរជាសាធារណៈរិះគន់រដ្ឋាភិបាល។
លោក សំ សុខគង់៖« បទញុះញង់នេះ ស្រដៀង នឹងបទបរិហាកេរ្តិ៍ តែគេនិយម ប្ដឹងបទញុះញង់ដោយ សារបទនេះមានចែង ពីទោសជាប់ពន្ធនាគារ ខណៈបទ បរិហារកេរ្តិ៍មានចែងតែ ពិន័យជា ប្រាក់ទេ។ ដូច្នេះដើម្បីកុំ ឲ្យចេះ តែរិះគន់ ហ្នឹងគេច្រើន តែយក មាត្រាហ្នឹង មកចោទ។ »
លោក សំ សុខគង់ បន្ថែមថា ៖« ក្នុងនាមជា មេធាវីរបស់ សកម្មជន អ្នកការពារ សិទ្ធិមនុស្សនិងខាងសង្គ្រោះជាតិអីហ្នឹង ឲ្យតែតុលាការ ចោទបទញុះញង់ ហ្នឹង គឺខ្ញុំការពារ មិនដែលឈ្នះទេ ព្រោះភស្តុតាង ដែលយើងលើកយក មកបង្ហាញ នោះមិនត្រូវបានតុលាការ យកមកពិចារណាទេ។»
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការកំណត់បទល្មើសត្រូវ ធ្វើឡើងដោយសមត្ថកិច្ច ផ្អែកលើការស្រាវជ្រាវគ្រប់ជ្រុងជ្រោយ ព្រោះការកំណត់បទល្មើសផ្អែកលើសកម្មភាពល្មើសផងនិងចេតនាទុច្ចរិត។
លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖« មិនអាចគ្រប់គ្នាទាំងអស់អីចឹងទេ គ្រាន់តែមើលឃើញនឹងភ្នែកហើយកំណត់ថា នេះជាបទល្មើសនេះបទល្មើសនោះបានទេ ! បើមិនអីចឹងគេមិនចាំបាច់មានតុលាការនិងសមត្ថកិច្ចដើម្បីដំណើរការនិតិវិធីក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ នោះទេ»។
លោកជិន ម៉ាលីនបន្តថា ៖ «កន្លងមកយើងមើលឃើញការសន្និដ្ឋានរបស់សង្គមស៊ីវិលបែបនេះ ពួកគាត់កំពុងដើរតួជំនួសតុលាការហើយ»។
មេធាវី សំ សុខគង់ មានបំណងចង់ ឱ្យមានការស្នើទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបកស្រាយក្រមព្រហ្មទណ្ឌមាត្រា ៤៩៤និង៤៩៥ ដែលចែងពីបទញុះញង់នេះ។
លោក សំ សុខគង់៖« ខ្ញុំមានបំណងចង់ឱ្យក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើការបកស្រាយ ឱ្យច្បាស់ទាក់ទងនឹងមាត្រាហ្នឹងពីនិយមន័យ អំពីខ្លឹមសារ អំពីទិសដៅរបស់ច្បាប់ ទស្សនៈវិស័យរបស់ច្បាប់ ត្រង់មាត្រាចែងពីបទញុះញង់នេះ»។
អ្នកស្រី បូលីម៉ា បារម្ភថា ខ្លួនអាចនឹងត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារ ក្រោមបទចោទផ្សេងៗពិសេសបទញុះញង់ ប៉ុន្តែមិនអាចទ្រាំមើលប្ដីបន្តឃុំខ្លួនទាំងអយុត្តិធម៌ឡើយ។
អ្នកស្រី បូលីម៉ា និយាយថា៖ « ខ្ញុំបារម្ភភ័យខ្លាចគេចោទគេចាប់ តែខ្ញុំមិនឈប់តវ៉ាទេ ព្រោះខ្ញុំធ្វើដោយត្រឹមត្រូវ។ បើប្ដីខ្ញុំធ្វើខុសមែនធ្វើអាក្រក់មែន ប្ដីខ្ញុំជាចោរឬលួចចោរប្លន់ ខ្ញុំមិនមកតវ៉ាទេ »៕