ក្រមបរិស្ថាន និងធនធានធម្មជាតិបានអនុម័តកាលពីខែមុន ប៉ុន្តែពាក្យ «ជនជាតិដើមភាគតិច» ត្រូវបានដកចេញពីផ្នែកសំខាន់ ដែលនាំឲ្យសហគមន៍ជនជាតិដើមភាគតិចមានការបារម្ភថាក្រមនេះនឹងកម្រិតសិទ្ធិរបស់ពួកគាត់។
ខណៈច្បាប់ស្ដីពីដីធ្លី និងបរិស្ថានកាលពីមុនមានប្រើពាក្យ «ជនជាតិដើមភាគតិច» ខេមបូចា រកមិនឃើញមានពាក្យនេះនៅក្នុងក្រមថ្មីដែលមានកម្រាស់២៣៤ទំព័រនោះទេ ដែលក្រមនេះត្រូវបានរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៥។ ជំនួសមកវិញច្បាប់ថ្មីនេះបានប្រើពាក្យ «សហគមន៍មូលដ្ឋាន» ដែលផ្ទុយទៅនឹងច្បាប់ស្ដីអំពីតំបន់ការពារធនធានធម្មជាតិឆ្នាំ២០០៨ ដែលមានចែងយ៉ាងច្បាស់អំពីសិទ្ធិរបស់ «សហគមន៍ជនជាតិដើមភាគតិច» ដែលអាចចូលរួមក្នុងការសម្រេចចិត្តលើការគ្រប់គ្រងអភិរក្ស និងមានសិទ្ធិចូលទៅកាន់តំបន់ការពារ។
លោក សឿង សារឿន នាយកប្រតិបត្ដិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលសម្រាប់កម្ពុជា ហៅកាត់ថា NGO Forum មានប្រសាសន៍ថា៖ «ពាក្យមួយចំនួនដែលអាចប្រើដើម្បីមានការចូលរួមពីបងប្អូនជនជាតិដើមភាគតិចត្រូវបានដកចេញ»។
ក្រមនេះរដ្ឋាភិបាលអះអាងថាបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងធនធានធម្មជាតិ ប៉ុន្តែសកម្មជនជនជាតិដើមភាគតិច និយាយថាក្រមនេះ បានធ្វើឲ្យក្រុមខ្លួនខាតបង់ទៅវិញ។
លោក យន់ ឡូរង ជាជនជាតិដើមភាគតិចពូនងនិងជាអ្នកសម្របសម្រួលកម្មវិធីសម្ព័ន្ធជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរីមានប្រសាសន៍ថា៖ «ការបង្កើតក្រមមួយនេះជាសញ្ញាបញ្ជាក់ថារដ្ឋាភិបាលបានដើរថយក្រោយក្នុងការគោរព និងលើកកម្ពស់សិទ្ធិបងប្អូនជនជាតិដើមភាគតិច»។
លោកឡូរង បញ្ជាក់ថាមិនមានការកំណត់និយមន័យច្បាស់លាស់លើពាក្យថា «សហគន៍មូលដ្ឋាន» នៅក្នុងក្រមនេះ។ ជាឧទាហណ៍លោកថានៅមាត្រា៣៦៨ បានចែងថា «សហគមន៍មូលដ្ឋាន» ត្រូវបានលើកទឹកចិត្តឲ្យផ្ដល់ និងទទួលព័ត៌មានពីការគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍន៍តំបន់ការពារ។ សម្រាប់មាត្រា៣៦៩ វិញបានចែងថារដ្ឋទទួលស្គាល់ និងធានាសិទ្ធិរបស់ «សហគមន៍មូលដ្ឋាន» ក្នុងការប្រើប្រាស់ធនធានធម្មជាតិតាមបែបប្រពៃណី។ លោកថាដោយសារមិនមាននិយមន័យស្តង់ដារ មាត្រាទាំងនេះដែលប្រើពាក្យ «សហគមន៍មូលដ្ឋាន» មិនមានភាពច្បាស់លាស់ថានណានឹងរងផលប៉ះពាល់។
លោកឡូរង បន្ថែមថា៖ «វាធ្វើឲ្យសហគមន៍យើងមានការបារម្ភពីសិទ្ធិគ្រប់គ្រងប្រើប្រាស់ដី និងធនធានធម្មជាតិ»។ លោកថា៖ «រឿងដែលសំខាន់គឺសុវត្ថិភាព យើងអាចប្រឈមការចាប់ខ្លួនពេលយើងអនុវត្តសិទ្ធិដែលមានចែងក្នុងច្បាប់ដីធ្លី»។
លោកពន្យល់ថាសហគមន៍ជនជាតិដើមភាគតិចចូលទៅក្នុងព្រៃដើមរកបេះផ្លែឈើ ជីកឫសឈើ និងរកអនុផលព្រៃឈើផ្សេងៗទៀត។ លោកថាជនជាតិដើមភាគតិចទម្លាប់អនុវត្តការធ្វើចម្ការវិលជុំដោយទុកដីនៅកន្លែងជាក់លាក់ណាមួយចោល ហើយបន្ទាប់មកក៏ទៅកាប់ឆ្ការឡើងវិញសម្រាប់ដាំដុះនៅឆ្នាំបន្ទាប់។ ជនជាតិដើមភាគតិចក៏ចូលទៅក្នុងតំបន់ការពារដើម្បីចូលទៅកាន់ព្រៃអារក្សរបស់ពួកគេដែរ។ បើសិនជាមិនមានការទទួលស្គាល់សិទ្ធិប្រើប្រាស់ដីធ្លីទេ លោកថាជនជាតិដើមភាគតិចទាំងនោះនឹងប្រឈមនឹងការចាប់ខ្លួនដោយចោទថាកាប់ឆ្ការព្រៃខុសច្បាប់ ឬចូលក្នុងតំបន់ការពារ ដែលករណីនេះបានកើតឡើងកាលពីដើមឆ្នាំនេះរួចមកហើយនៅតំបន់អារ៉ែង។
ខណៈមាត្រា២៨ នៃច្បាប់ដីធ្លីឆ្នាំ២០០១ បានចែងថាមានតែជនជាតិដើមភាគតិចប៉ុណ្ណោះដែលអាចមានសិទ្ធិចូលទៅកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិប្រពៃណីរបស់សហគមន៍ខ្លួន តែច្បាប់ថ្មីមាត្រា៣៦៩ នៃក្រមបរិស្ថាននេះហាក់បានបើកសម្រាប់អ្នកណា ដែលអាចចូលទៅប្រើប្រាស់ធនធានទាំងនោះដោយ ប្រើពាក្យ «សហគមន៍មូលដ្ឋាន» ដែលនេះអាចរួមបញ្ចូលទាំងអ្នកចំណូលថ្មី ដែលរឹបអូស ឬទន្ទ្រានដីប្រពៃណីរបស់ជនជាតិដើមភាគតិចផងដែរ។
លោក ឈឿម សាមុត ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរុ ខេត្តព្រះវិហារ បានប្រាប់ខេមបូចាដែរថា៖ «ជាចំហររួមរបស់សហគមន៍ជនជាតិដើមភាគតិច គឺយើងចង់ឃើញពាក្យថា «សហគមន៍ជនជាតិដើមភាគតិច» ត្រូវដាក់បញ្ចូលក្នុងច្បាប់នេះ ដូចទៅនឹងច្បាប់ព្រៃឈើឆ្នាំ២០០២ និងច្បាប់ស្ដីពីដីធ្លីឆ្នាំ២០០១ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨។
លោក សាមុត ឲ្យដឹងដែរថាក្ដីកង្វល់ទាក់ទងនឹងច្បាប់នេះត្រូវបានលើកទៅកាន់រដ្ឋាភិបាលដោយផ្ទាល់តាមរយៈមេដឹកនាំជនជាតិដើមភាគតិចកាលពីខែឧសភា ថ្មីៗនេះ។ លោកថាបណ្ដាញសហគមន៍ជនជាតិដើមភាគតិចបានផ្ញើលិខិតទៅកាន់រដ្ឋសភាជាតិ និងក្រសួងបរិស្ថាន ដោយស្នើឲ្យពន្យារការអនុម័តច្បាប់ ដើម្បីអនុញ្ញាតឲ្យមានការបន្ថែមធាតុចូលបន្ថែមទៀត ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។
ជំនួសមកវិញ ការពង្រីកបន្ថែមតំបន់ការពារតាំងពីខែកក្កដាបានប្ដូរការគ្រប់គ្រងបន្ថែមទៀតលើផ្ទៃដីជាង ៧៥០ ០០០ហិកតាទៅនៅក្រោមក្រសួងបរិស្ថាន បើទោះបីជាភាគច្រើននៃដីទាំងនោះកំពុងស្ថិតនៅក្រោមការស្វែងរកសិទ្ធិគ្រប់គ្រងស្របច្បាប់ពីសហគមន៍ជនជាតិដើមភាគតិចដែលកន្លងមកមានផ្ទៃដីខ្លះជាន់គ្នាជាដើម។
អនុក្រឹត្យមួយចេញកាលពីខែវិច្ឆិកា បានផ្ដល់សិទ្ធិឲ្យធ្វើជាប្លង់កម្មសិទ្ធិបុគ្គលលើផ្ទៃដីតំបន់ការពារជិតមួយលានហិកតា ដែលក្រុមអ្នកអភិរក្ស និងក្រុមសកម្មជនបរិស្ថានបារម្ភថាបុគ្គលទាំងនោះនឹងបានកាន់កាប់ដីស្របច្បាប់ និងមិនទទួលស្គាល់សិទ្ធិជាម្ចាស់ដីរបស់ជនជាតិដើមភាគតិច។
លោក ឡូរង ឲ្យដឹងដែរថា ក្នុងពាក្យសុំបណ្ណកម្មសិទ្ធិដីសហគមន៍ ដែលទទួលស្គាល់សហគមន៍ជនជាតិដើមភាគតិចជាសមូហភាព បានទាមទារទាំងដីព្រៃអារក្សផង តែជាទូទៅត្រូវរដ្ឋាភិបាល «ច្រានចោល»។
ជំនួសឱ្យការសម្រួលដំណើរការផ្តល់បណ្ណកម្មសិទ្ធិដីសហគមន៍ ច្បាប់ថ្មីនេះហាក់ដូចជាសង្កត់ធ្ងន់លើការបែងចែកតំបន់ការពារទៅជាតំបន់ផ្សេងៗគ្នា ដោយរក្សាដីទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយសហគមន៍អាចដាក់ពាក្យស្នើសុំជួលពីរដ្ឋាភិបាល ដោយវាផ្ទុយទៅនឹងការចេញបណ្ណកម្មសិទ្ធិដីសហគមន៍ ដែលបានផ្ដល់ភាពស្របច្បាប់ដោយផ្ទាល់ទៅកាន់សហគមន៍ជនជាតិដើមភាគតិច។
លោកឡូរង បន្ថែមថា៖ «យើងមើលឃើញថាគោលបំណងរបស់ក្រសួងបរិស្ថានតែងតែចង់បានដីនេះក្លាយជាតំបន់ការពារ មិនមែនជាដីសមូហភាព។ ប៉ុន្តែសម្រាប់បងប្អូនជនជាតិដើមភាគតិច យើងចង់បានវាជាដីសមូហភាព»។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្រ្តា មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេបើទោះបីជាទូសព្ទចូលច្រើនដង និងផ្ញើសារតាមប្រព័ន្ធទេលេក្រាមទៅកាន់លោកក៏ដោយ។
ភាពតានតឹងកាន់តែកើតមានឡើងនៅតំបន់មួយចំនួនដែលមិនមានភាពច្បាស់លាស់ ឬមិនមានព័ត៌មានថាក្រសួងបរិស្ថានបានពង្រីកការគ្រប់គ្រងលើដីសហគមន៍។ នៅដើមខែនេះ សហគមន៍ជនជាតិដើមភាគតិចក្រោលបានដុតបំផ្លាញស្នាក់ការឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន បន្ទាប់ពីមន្ត្រីទាំងនោះបានហាមឃាត់ពួកគេមិនប្រើប្រាស់ដីចម្ការដែលធ្លាប់ប្រើជាយូរមកហើយ ទៅតាមការបង្កើតតំបន់ការពារថ្មីដែលមិនទទួលស្គាល់ដីរបស់សហគមន៍ពីមុន។
សហគមន៍ជនជាតិដើមភាគតិចជង ដែលរស់នៅតំបន់អារ៉ែង កំពុងប្រឈមការលំបាកក្នុងការចូលប្រមូលអនុផលព្រៃឈើ ឬធ្វើចម្ការវិលជុំនៅជុំវិញភូមិរបស់ពួកគេ ចាប់តាំងពីពួកគេត្រូវបានមន្ត្រីប្រាប់ថាដីទាំងនោះនៅក្នុងតំបន់អភិរក្ស និងហាមពួកគាត់មិនឲ្យប្រើប្រាស់ដីនោះទៀត។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយលោក សាមុត ឲ្យដឹងទៀតថាកន្លងមកក្រសួងបរិស្ថានបានអះអាងថាការធ្វើចម្ការវិលជុំគឺជាទម្រង់នៃការបំផ្លាញព្រៃឈើ។
លោកលើកឡើងថា៖ «យើងត្រូវមើលឲ្យជ្រៅបន្តិច។ បើសិនជាជនជាតិដើមភាគតិចជាអ្នកបំផ្លាញព្រៃឈើតាំងពីដើមមក គឺប្រហែលជាគ្មានព្រៃត្រូវការពារទេ…ប៉ុន្តែការបំផ្លាញព្រៃឈើគឺមកពីអ្នកមកពីក្រៅ [ឈ្មួញឈើ]ដែលចូលមកកាប់ឈើធ្វើអាជីវកម្ម»។
លោក ហេង គឹមហុង ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជាមានប្រសាសន៍ថា បើទោះបីជាការរកអនុផលព្រៃឈើរបស់ជនជាតិដើមភាគតិចអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ក៏វាគ្រាន់តែជាការប៉ះពាល់បន្តិចបន្តួច បើធៀបទៅនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដ៏ធំសម្បើមទៅឲ្យក្រុមហ៊ុនកសិឧស្សាហកម្ម ដែលតែងតែធ្វើឡើងនៅតំបន់មានព្រៃច្រើន។
លោកបន្ថែមថា៖ «យើងឃើញការអភិវឌ្ឍខ្លះ ពិសេសការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច ដែលដីទាំងនោះគួរតែប្រើសម្រាប់ប្រយោជន៍សាធារណៈ ហើយផ្ទុយមកវិញគឺធ្វើឲ្យបាត់បង់សេដ្ឋកិច្ចសហគមន៍ជនជាតិដើមភាគតិចទៅវិញ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Indigenous Communities Concerned New Environment Code Undermines Their Rights