សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១,៨លានដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌នៅតំបន់ព្រំដែនកម្ពុជា-ថៃ

ប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗ បានមកស្នាក់នៅទីសុវត្ថិភាព ខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ខណៈការប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃនៅបន្ត ។ (ខេមបូចា/ព្រីង សំរាំង)
ប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗ បានមកស្នាក់នៅទីសុវត្ថិភាព ខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ខណៈការប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃនៅបន្ត ។ (ខេមបូចា/ព្រីង សំរាំង)

រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ យោងតាមសាររបស់លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា។

ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។

រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។

លោក អ៊ូអិណុ បានបន្ថែមថា៖ «ខ្លួនខ្ញុំផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត»។ លោកបានបន្តថា៖ «ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា»។

លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងមន្ត្រីទូតនៃប្រទេសផ្សេងទៀត បានរួមដំណើរជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅត្រួតពិនិត្យតំបន់ព្រំដែន និងជនភៀសខ្លួននៅខេត្តជាប់ព្រំដែន។ (រូបភាពយកចេញពីស្ថានទូតជប៉ុនប្រចាំកម្ពុជា)
លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងមន្ត្រីទូតនៃប្រទេសផ្សេងទៀត បានរួមដំណើរជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅត្រួតពិនិត្យតំបន់ព្រំដែន និងជនភៀសខ្លួននៅខេត្តជាប់ព្រំដែន។ (រូបភាពយកចេញពីស្ថានទូតជប៉ុនប្រចាំកម្ពុជា)

ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានចាប់ផ្តើមកាលពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមានកងទ័ព និងជនស៊ីវិល របួសនិងស្លាប់ជាច្រើននាក់ ព្រមទាំងបណ្ដាលឱ្យមានជនភៀសខ្លួនរាប់ម៉ឺននាក់ទៅរស់នៅជំរំភៀសសឹក។ បន្ទាប់មកទើបមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីយប់ម៉ោង១២អធ្រាត្រ ថ្ងៃទី២៨ ខែសីហា និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចុះសួរសុខទុក្ខជនភៀសខ្លួន នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ ខែសីហា។ (រូបភាពយកចេញពីផេក លោក Wang Wenbin)

ដោយឡែក កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ស្ថានទូតចិននឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងជំរំជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលម្អជីវភាពរស់នៅ។

លោកបានបន្ថែមថា «សូមជូនពរជនរងគ្រោះដោយសង្រ្គាមឣាចត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម