សហភាពអឺរ៉ុបនឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៧០ ម៉ឺនអឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីគាំទ្រដល់ជំនួយមនុស្សធម៌ជាបន្ទាន់ជូនចំពោះជនភៀសសឹកដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៩ ខែសីហា។
ជំនួយមនុស្សធម៌នេះ នឹងត្រូវបានប្រើប្រាស់ដើម្បីជួយគាំទ្រសហគមន៍នានាដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជម្លោះដែលបានបណ្តាលឱ្យមានការជម្លៀសខ្លួន និងផ្លាស់ទីលំនៅ។ អាទិភាពបន្ទាន់នៃជំនួយរបស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល ៦ ខែ។
មូលនិធិមនុស្សធម៌ជាបន្ទាន់នេះនឹងបំពេញបន្ថែមលើគម្រោងនានាដែលកំពុងអនុវត្តតាមរយៈដៃគូអង្គការនៅក្នុងតំបន់។ កាលពីដើមឆ្នាំនេះសហភាពអឺរ៉ុបបានបែងចែកថវិកាចំនួន ៧៦ លានអឺរ៉ូជាជំនួយមនុស្សធម៌ដើម្បីដោះស្រាយតម្រូវការរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិចម្បងៗនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា រាល់ជំនួយអន្តរាគមន៍របស់សហភាពអឺរ៉ុបគឺផ្អែកទៅលើការវាយតម្លៃតម្រូវការជាក់ស្តែងយ៉ាងល្អិតល្អន់ ហើយជំនួយមនុស្សធម៌ទាំងនេះត្រូវបានផ្តល់ជូនដោយការអនុលោមយ៉ាងពេញលេញទៅតាមគោលការណ៍មនុស្សជាតិ ភាពមិនលម្អៀង ភាពអព្យាក្រឹត និងឯករាជ្យភាព។

ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានចាប់ផ្តើមកាលពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមានកងទ័ព និងជនស៊ីវិល របួសនិងស្លាប់ជាច្រើននាក់ ព្រមទាំងបណ្ដាលឱ្យមានជនភៀសខ្លួនរាប់ម៉ឺននាក់ទៅរស់នៅជំរំភៀសសឹក។ បន្ទាប់មកទើបមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីយប់ម៉ោង១២អធ្រាត្រ ថ្ងៃទី២៨ ខែសីហា និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
ដោយឡែក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ យោងតាមសាររបស់លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា។
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ស្ថានទូតចិននឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងជំរំជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលម្អជីវភាពរស់នៅ៕









