សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សង្គម​ស៊ីវិល​ប្រឈមការលំបាក​ក្នុង​ការ​ជួយ​ជនរងគ្រោះពីអំពើ​ជួញដូរ​ ក្រោយ​ជំនួយកាត់ផ្តាច់

ស្រ្តី​កម្ពុជា​ដែល​រងការរំលោភបំពាន​ពេល​កំពុងធ្វើ​ការងារតាមផ្ទះ​នៅប្រទេស​ម៉ាឡេស៊ី​បាន​មក​ដល់​ភ្នំពេញ​ក្រោយមាតិភូមិនិវត្តន៍​ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១២។ (ខេមបូចា)
ស្រ្តី​កម្ពុជា​ដែល​រងការរំលោភបំពាន​ពេល​កំពុងធ្វើ​ការងារតាមផ្ទះ​នៅប្រទេស​ម៉ាឡេស៊ី​បាន​មក​ដល់​ភ្នំពេញ​ក្រោយមាតិភូមិនិវត្តន៍​ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១២។ (ខេមបូចា)

ស្រីហេង* វ័យ​២៦​ឆ្នាំ ពេល​នេះ​កំពុង​រស់នៅ​ជាមួយ​ម្ដាយ និង​ឪពុក​ចុង​នៅ​តំបន់​ជនបទ​ក្នុង​ខេត្តក្រចេះ ហើយ ស្រីហេង កំពុង​ចិញ្ចឹម​កូន​ស្រី​តូច​ម្នាក់ ដែល​ជាចំណង​ដៃ​កើត​ចេញពី​អាពាហ៍ពិពាហ៍​ដែល​នាងមិន​បាន​ប្រាថ្នា​។​

ដោយ​ជឿថា​ខ្លួន​អាច​ទទួល​បាន​ការងារ​ល្អ​នៅប្រទេសចិន ផ្ទុយ​មក​វិញ​ស្រី​ហេង​បែរជា​ធ្លាក់​ក្នុង​អន្ទាក់​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ចំនួន​ពីរ​ដង​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​នៅទីនោះ​​។ អ្នកស្រី​បាន​រំដោះ​ខ្លួន​រួច​ពី​អន្ទាក់​នេះ​​ក្រោយ​ពី​អង្គការសិទ្ធិមនុស្ស​កម្ពុជា​បាន​ជួយ​អន្តរាគមន៍​។

​​ការជួយ​គាំទ្រ​ប្រភេទនេះ លែង​មាន​ទៀត​ហើយ​នៅពេល​នេះ​។ នៅ​ដើម​ឆ្នាំនេះ ជំនួយ​របស់​សហរដ្ឋអាមេរិក​មក​កាន់​ក្រុម​អង្គការ​ការពារសិទ្ធិមនុស្ស​សម្រាប់​ជនរងគ្រោះ​ដូច​ជាស្រីហេង ត្រូវ​បាន​កាត់​ផ្ដាច់​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​អណត្តិទី​ពីរ ដោយ​រដ្ឋបាល​លោក​បាន​ដកជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​ទាំង​អស់​។

កាលពី​ឆ្នាំមុន ស្រី​ហេង បាន​ទូរសព្ទ​មក​អង្គការ​អាដហុក​តាម​រយៈ​ប្រព័ន្ធ​សង្គ្រោះបន្ទាន់​អំពីការប្រឆាំងការជួញដូរមនុស្ស ​បន្ទាប់​ពី​បាន​បំពេញ​ពាក្យ​បណ្ដឹង​រួច​រាល់​ជាមួយ​សមត្ថកិច្ច​កម្ពុជា​។ អង្គការ​អាដហុក ជា​អង្គការ​ចំណាស់​មួយ​នៅ​កម្ពុជា​ធ្វើ​ការ​លើ​រឿង​ការពារសិទ្ធិមនុស្ស ហើយ​ពីមុន​មក​អង្គការ​នេះ​បាន​ពឹង​អាស្រ័យ​ខ្លាំង​លើ​ជំនួយ​របស់​ទីភ្នាក់​ងារ​​អភិវឌ្ឍន៍​អន្តរជាតិ​របស់​អាមេរិក ហៅកាត់ថា​ USIAD។ ជំនួយ​របស់​ USAID គាំទ្រ​ជាង​ពាក់​កណ្ដាល​នៃដំណើរ​ការ​របស់​ស្ថាប័ន​ការពារ​សិទ្ធិមនុស្ស​មួយ​នេះ​។

​ស្រីហេង រំឭក​ថា៖ «​ខ្ញុំ​ហូប​បាយមិន​​គ្រប់គ្រាន់ទេ ខ្ញុំហូបតែ​មី ហើយ​ខ្ញុំ​ទៅប្រាំឆ្នាំ ខ្ញុំនៅតែ​ក្នុង​បន្ទប់​ដេក​ស្ទើរតែ​រាល់​ពេល មើល​ទូរទស្សន៍ និង​លេង​ទូរសព្ទ»។

អ្នកស្រី​ឲ្យ​ដឹង​ថា ​សម្រាប់​ចំណងអាពាហ៍ពិពាហ៍ដោយបង្ខំលើក​ទី​ពីរ​ក្នុង​រយៈពេល​បី​ឆ្នាំ ​​នៅទីក្រុង​ណានយ៉ាង ប្រទេស​ចិន អ្នកស្រី​មាន​កូន​បី​នាក់​។ នៅ​ប៉ុន្មានខែ​ចុងក្រោយ​​មុន​មានការគេច​ខ្លួន​អ្នកស្រីអាចចេញ​ក្រៅបាន​លុះណា​តែមាន​ប្ដី​ទៅ​ជាមួយ​។

​​អ្នកស្រី​បាន​ចាក​ចេញ​ពីប្រទេស​កម្ពុជា​នៅ​អាយុ​១៨​ឆ្នាំ ពេល​នោះ​មេខ្យល់​បាន​សន្យាថា ​រក​ការងារ​ល្អ​មួយ​ក្នុង​ប្រទេស​ចិន​។ ផ្ទុយ​មក​វិញ អ្នកស្រី​ត្រូវ​គេ​លក់​​ទៅ​ឲ្យ​នៅ​បម្រើ​គ្រួសារ​មួយ និង​បង្កើត​កូន​បាន​ពីរ​នាក់​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​។ ទម្រាំ​រួច​ខ្លួន​ពី​ការ​កេង​ប្រវ័ញ្ចនេះ​ អ្នកស្រី​ចំណាយ​ពេល​អស់​ជិត​មួយ​ទសវត្ស​រ៍។

ប៉ុន្តែ ​នៅពេលអ្នកស្រី ​ស្រីហេង កំពុង​ព្យាយាម​សម្រប​ខ្លួន​វិល​មក​រក​ភាព​ជា​ខ្លួន​ឯង​វិញ ជំនួយ​គាំទ្រ​ពី​អង្គការសិទ្ធិ​មនុស្សដូចជា​អាដហុក ក៏​មិនមាន​ថវិកាគាំទ្របន្តទៀត​។ អង្គការ​មិន​មែន​​​រដ្ឋាភិបាល​​យ៉ាង​តិច​ប្រាំបី​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​អំពើជួញ​ដូរ​មនុស្ស​ក៏​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​គ្នា​នេះដែរ។ ប្រធានកម្មវិធី​របស់​អង្គការ​ទាំង​នោះ​លើក​ឡើងថា ​ជនរងគ្រោះ​រាប់រយនាក់ ឬ​អា​ច​ដល់ពាន់​នាក់​ផង ដែល​ភាគច្រើន​ជា​ជនរងគ្រោះ​ដោយ​ការ​កេងប្រវ័ញ្ច​កម្លាំងពលកម្ម និងការ​ជួញដូរ​ផ្លូវភេទ នឹងលែង​បាន​ទទួល​ការ​ជួយ​សង្គ្រោះ និង​មិនមានការគាំទ្រ​ទៀត​ទេ​ ខណៈ​រដ្ឋាភិបាល​សហការជាមួយ​ក្រុម​អង្គការ​ទាំង​នេះ​ដើម្បី​ជួយ​ដោះស្រាយ​ផ្នែក​ថវិកា​។

អ្នកស្រី​ ស្រីហេង ថ្វាយបង្គំឳពុក​ពេល​បាន​ត្រឡប់​មក​ដល់ផ្ទះវិញ​ក្រោយការ​សង្គ្រោះពី​ប្រទេស​ចិន​ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ (អាដហុក)

ទន្ទឹម​នឹ​ងនេះ កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​មជ្ឈមណ្ឌល​ឆបោក​​មួយ ហើយ​គេ​ប៉ាន់​ប្រមាណ​ថា​មាន​មនុស្ស​យ៉ាង​តិច​១៥​ម៉ឺន​នាក់​ត្រូវ​បាន​គេ​ជួញ​ដូរ​។ ខណៈរដ្ឋាភិបាល​កម្ពុជា​បាន​ចុះបង្ក្រាប​ទី​តាង​​មួយ​ចំនួន​ក្នុង​រយៈពេល​កន្លង​មក តែ​អ្នក​ជំនាញ​ចាត់ទុក​ថាសកម្មភាព​បង្ក្រាប​នេះគ្រាន់តែជា​និមិត្តរូប​។​

ប្រធានអង្គការ​អាដហុក លោក នី សុខា មានប្រសាសន៍ថា៖ «ដោយ​សារ​តែ​មានការកាត់ជំនួយ យើង​មិន​មាន​លទ្ធភាព​គាំទ្រ​ដល់​ជនរងគ្រោះមួយចំនួន ​ដែល​ត្រូវ​បាន​គេឆបោក ឬ​ជួញដូរ​ដោយ​ក្រុម​អង្គការ​ឧក្រិដ្ឋកម្ម​នោះទេ​…នៅ​មាន​ជនរងគ្រោះ​ច្រើន​ទៀត​កំពុង​រងទុក្ខលំបាក​នៅ​ក្រៅប្រទេស»។

​លោក​ឲ្យដឹងថា ​អង្គការ​ USAID បា​ន​​ផ្ដល់​ជំនួយ​៥លាន​ដុល្លារ​សម្រាប់​រយៈពេល​ប្រាំឆ្នាំ​​គិត​ចាប់ពី​ឆ្នាំ២០២៤ដល់ឆ្នាំ២០២៨​ ហើយ​អាដហុកទើបតែអនុវត្តបានក្នុងឆ្នាំ២០២៤ ចំណាយអស់១លានដុល្លារ ហើយថវិកា៤លានដុល្លារទៀតត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅដើមឆ្នាំ២០២៥ ហើយ​ថវិកាមួយចំនួនក្នុងថវិកាជំនួយសរុបត្រូវ​បំរុង​ទុក​សម្រាប់​ប្រតិបត្តិការ​ប្រឆាំង​នឹង​ការជួញ​ដូរ​មនុស្ស ក៏ត្រូវបានកាត់ផ្តាច់អស់ផងដែរ​។

​បន្ទាប់​ពី​ USAID ត្រូវ​បាន​រំសាយ និង​ដាក់​នៅ​ក្រោមការ​គ្រប់​គ្រង​របស់​ក្រ​សួងការបរទេស​ទេស​កាលពី​ខែ​មីនា រដ្ឋបាល​លោក​ត្រាំ​តាម​រយៈ​ក្រ​សួង​ប្រសិទ្ធភាព​រដ្ឋាភិបាល (DOGE) បាន​កាត់​ថវិកា​ពីគម្រោង​នានា​របស់​ USAID ហើយ​៨៣%​នៃគម្រោង​ទាំង​អស់​ត្រូវបាន​លុប​ចោល ក្នុង​នោះ​កម្ពុជា​ប៉ះ​ចំនួន​៣០​គម្រោង ដែល​គិត​ជាទឹកប្រាក់​២៦០​លាន​ដុល្លារ​។ ថវិកាទាំង​នេះ​គាំទ្រ​ដល់​កម្មវិធីប្រឆាំង​ការជួញ​ដូរ​មនុស្ស កម្មវិធីសុខភាព អប់រំ សង្គមស៊ីវិល និង​សិទ្ធិ​មនុស្ស​។​

ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់នៅបាតតារាងប្រចាំឆ្នាំនៃរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក ហើយត្រូវបានដាក់ក្នុងកម្រិតទី៣ ក្នុងរយៈពេលបីឆ្នាំចុងក្រោយដែល​នេះ​ក៏ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃករណីដែលទាក់ទង​ទៅនឹងបណ្តាញឆបោកតាមអនឡាញ​ ដែលអ្នកវិភាគជាច្រើន​លើក​ឡើងថា​ជាប្រតិបត្តិការជាមួយមានភាព​ជំពាក់​ជំពិន​ជាមួយ​រដ្ឋាភិបាល។

លោក​ នី សុខា ឲ្យ​ដឹង​ដែរថា ​អង្គការអាដហុក​នៅ​បន្ដរក្សា​លេខ​ទូរសព្ទ​រកជំនួយ​បន្ទាន់​​​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ដដែល ដើម្បី​ជួយ​សម្រប​សម្រួល​ឲ្យមានការសង្គ្រោះបន្ទាន់ និង​បញ្ជូន​អ្នកផ្ដល់ប្រឹក្សា​​ដើម្បី​ផ្ដល់សេវាព្យាបាល និង​ណែនាំ​ផ្នែក​ផ្លូវ​ច្បាប់​។ ការគាំទ្រ​នេះ​ធ្វើ​ឡើង​តែសម្រាប់ជនរងគ្រោះដែល​មិន​មានជំនួយ​ពីគ្រួសារ និង​សម្រាប់ជួយ​សមាហរណកម្ម​អ្នក​ទាំង​នោះទៅក្នុង​សង្គម​វិញ​។

​សម្រាប់អ្នកស្រី ស្រីហេង វិញ គឺ​បាន​ទទួល​សេវា​ប្រឹក្សា និង​សេវាគាំទ្រ​លើ​ជីវភាព​​ពី​អង្គការអាដហុក​នាឆ្នាំកន្លង​មក ប៉ុន្តែពេល​នេះសេវាទាំង​អស់នោះ​លែង​មាន​ទៀត​ហើយ។

​លោក នី សុខា បង្ហាញពី​ការ​ខូច​ចិត្ត​ពេល​ឃើញ​ថា ​មិន​អាច​ជួយ​ជនរងគ្រោះ​បាន​ដូច​សព្វ​ដង ប៉ុន្តែ​លោក​បាន​សន្យាថា​នឹង​បន្ត​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​កៀរគរថវិកាពី​ម្ចាស់​ជំនួយ​ថ្មីៗទៀត​។ មុន​ពេល​ជំនួយ​ត្រូវ​បាន​កាត់​ផ្ដាច់ អង្គការ​អាដហុក​បាន​ជួយ​សង្ក្រោះ​ជនរងគ្រោះដោយ​ការជួញ​ដូរ​ និង​មាតុភូមិនិវត្តន៍​​ជាមធ្យម​១០០​នាក់​ក្នុង​មួយ​ឆ្នាំ​។​

បុគ្គលិក​អង្គការ​អាដហុក​កំពុង​សម្ភាស​ស្រីហេង បន្ទាប់​ពី​អ្នកស្រី​មក​ដល់​ភ្នំពេញ​ក្រោ​យការជួយ​សង្គ្រោះពី​ប្រទេសចិន​ ថ្ងៃទី​១ ខែសីហា ឆ្នាំ២០២៤​។ (អាដហុក)

អង្គការ​ក្នុង​ស្រុក​មួយចំនួន​ទៀត​ដែល​ពឹង​លើ​ជំនួយ​អាមេរិក​ដើម្បី​ធ្វើ​កិច្ច​ការ​ប្រឆាំងការជួញដូរ​មនុស្ស​ ប្រាប់ សារព័ត៌មាន​ខេមបូចា ថា​ ស្ថាប័ន​របស់​ពួក​ខ្លួន​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រហាក់​ប្រហែល​គ្នានេះដែរ​។​

លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (Central) មាន​ប្រសាសន៍​ថា ​ការ​ផ្អាក​ជំនួយ​ពីអង្គការ​ USAID បានបង្ខំ​ឲ្យ​អង្គការ​របស់​លោក​ត្រូវ​បង្រួម​វិសាល​ភាព​ការងារ​ពី​ធ្វើ​ការ​នៅ​១០​ទីតាំង​ទូទាំងប្រទេស​មក​នៅ​ត្រឹម​ពីរ​ទីតាំង​វិញ ដែល​នេះ​បាន​​កាត់​​យុទ្ធនាការ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​ថ្នាក់​ក្រោម​អស់​ចំនួន​ប្រាំបី​ខេត្ត​។

​អង្គការ​សង់ត្រាល់​បាន​ឲ្យ​ សារព័ត៌មានខេមបូចា ​ដឹង​ថា ​ស្ថានប័ន​នេះ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​ USAID ជាខ្លាំង ដោយ​បាន​ថវិកា​ជិត​១លាន​ដុល្លារ​សម្រាប់​សកម្មភាព​ប្រាំ​ឆ្នាំ​។ មុន​កិច្ចសន្យាផ្ដល់​ជំនួយ​ត្រូវ​លុប​ចោល​ក្នុង​ខែមីនា អង្គការ​សង់ត្រាល់​បាន​ទទួល​៧៥​​ករណី​ទាក់ទង​នឹងការ​សង្ស័យ​ថា​មាន​អំពើកេងប្រវ័ញ្ចលើ​កំលាំង​ពលកម្ម ឬ​បង្ខំឲ្យ​ធ្វើ​ការ​​លើ​ពលករ​ចំណាក​ស្រុក​។​ ដោយសារ​តែជំនួយ​ត្រូវ​បានកាត់ សង់ត្រាល់ ​ត្រូវ​បង្ខំចិត្ត​ឈប់​បន្ត​ជំនួយ​ទាំង​នេះ​តទៅទៀត​។

លោក មឿន តុលា បានលើកឡើងថា ​ការ​កាត់ជំនួយ​បរទេស​នឹង​បណ្ដាល​ឲ្យ​មាន​ផលពិបាក​ធ្ងន់ធ្ងរ​ចំពោះ​សង្គម​ស៊ីវិលក្នុង​ស្រុក ដោយថា​ការ​កេងប្រវ័ញ្ច​លើ​ក្មេង​ស្រី​ដោយ​សេវាជ្រើសរើស​ពលករ​ដែល​មាន​ហានិភ័យ​ខ្ពស់​នៅ​តែ​កើត​មាន។ លោក​លើក​ឡើងថា ​​នៅ​ដើម​ឆ្នាំនេះ​មា​នស្រ្តី និង​ក្មេង​ស្រី​ប្រមាណ​១០០​នាក់​ដែល​រងអំពើកេងប្រវ័ញ្ចកម្លាំងពល​កម្ម​ត្រូវ​បាន​សង្គ្រោះ និងធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​ចិន​វិញ​។

​បើ​សិន​ជាមិនមាន​ការគាំទ្រពី​អង្គការសង្គមស៊ីវិល លោក​ថា​បណ្ដាញ​របស់​ក្រុម​បោក​ប្រាស់​កេង​ប្រវ័ញ្ច​ទាំង​នោះ​ទំនង​ជាកើត​មាន​កាន់តែច្រើន​។

​បន្ថែមពីលើការសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍សម្រាប់ពលករចំណាកស្រុកដែលត្រូវបានជួញដូរ សង់ត្រាល់​ ក៏​បានផ្តល់សេវាផ្លូវច្បាប់ដល់ប្រជាជនកម្ពុជាដែលចាញ់បោក​មេខ្យល់​រឿង​រក​ការងារធ្វើ​​ដែល​បង្ក​ឲ្យ​អស់​​ប្រាក់ពួក​គាត់​រាប់​ពាន់​ដុល្លារ​ផង​ដែរ​។

លោក ផានិត* ចាញ់​បោក​បុរស​ម្នាក់​អស់ប្រាក់​៤ពាន់​ដុល្លារ ដោយ​បុរស​នោះអះអាងថា ​ជា​ភ្នាក់ងារ​ជ្រើស​រើស​ពល​ករ​ទៅធ្វើការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ប្រទេស​កូរ៉េខាងត្បូង។ បុរស​នោះ​បាន​សន្យា​ផ្ដល់ការងារ​ល្អ​មួយ និង​ជួយ​រៀបចំ​ទិដ្ឋាការ និង​ថ្លៃ​ធ្វើ​ដំណើរ​​។

​លោក ផានិត និង​មនុស្ស​៤០​នាក់​ផ្សេង​ទៀតដែល​​បាន​ជួប​ករណី​ប្រហាក់ប្រហែល​គ្នា​នេះ​បាន​ធ្វើ​ការ​ជាមួយ​អង្គការ​សង់ត្រាល់​ដើម្បី​ដាក់ពាក្យ​បណ្ដឹង និង​បន្តតតាំងខាង​ផ្លូវ​ច្បាប់​ ប៉ុន្តែ​អ្នកទាំង​នោះ​ហាក់ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​បន្ទាប់​ពី​សង់ត្រាល់​ត្រូវ​បង្ខំចិត្តបិទករណីនោះដោយសារតែបញ្ហា​ថវិកា​។

​អង្គការ​សម្ព័ន្ធចាប់ដៃ ជាអង្គការអន្តរជាតិ​មួយ​មាន​មូលដ្ឋាន​នៅភ្នំពេញដែលធ្វើ​ការ​ផ្ដោ​ត​លើ​ការ​បញ្ចប់​ទាសភាព​សម័យ​ថ្មី បាន​លើក​ឡើងថា ​ស្ថាប័ន​ខ្លួន​បានបញ្ឈប់​បុគ្គលិក​ចំនួនប្រាំពីរទៅ​ប្រាំបី​នាក់​ កាត់បន្ថយ​សមត្ថភាព​ប្រតិបត្តិការ និង​បាន​បញ្ជូន​ ករណីជនរងគ្រោះ​ដែល​ធ្លាប់​ទទួល​បាន​ការគាំទ្រ​ពី​ស្ថាប័ន​ខ្លួន​ចំនួន​៣៧​នាក់ ហើយភាគច្រើនករណីទាំងនោះត្រូវបានផ្ទេរទៅ​ឲ្យ​ភ្នាក់​ងារ​រដ្ឋាភិបាល​វិញ​ក្រោយ​ជំនួយ​ត្រូវ​បាន​កាត់​។

​​នាយក​អង្គការ​សម្ព័ន្ធចាប់ដៃ លោក ហោ កុសល្យ បានលើកឡើងថា ​ការ​កាត់ជំនួយ​គឺ​បាន​កម្រិត​លទ្ធភាព​របស់ជនរងគ្រោះ​ទទួលបានជំនួយ​ផ្លូវ​ច្បាប់ ការ​ប្រឹក្សា ម្ហូបអាហារ និង​ការថែទាំសុខភាព និង​ថា​ធនធាន​របស់​រដ្ឋាភិបាល​មិន​ទាន់​មាន​គ្រប់គ្រាន់នៅឡើយ។

​ថវិកាជំនួយ​ភាគច្រើន​សម្រាប់​អង្គការ​ដូច​ជា ​សង់ត្រាល់ អាដហុក ចាប់ដៃ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាពសម័យ​ថ្មី គឺ​បាន​ពី​គម្រោង​ប្រឆាំង​ការជួញដូរ​មនុស្ស (CTIP)​របស់​អង្គការ USAID ដែល​បាន​ចំណាយ​ថវិកា​រាប់សិប​​លាន​ដុល្លារ​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់អន្តររដ្ឋាភិបាល​ គិត​ពី​ឆ្នាំ២០០៦ មក ក្នុង​ការ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស និង​ផ្ដល់ការគាំទ្រ​ដល់​ជន​រងគ្រោះ ដែល​បានធ្វើ​ឲ្យ​វា​ក្លាយជា​មជ្ឈមណ្ឌល​ឆ្លើយតបប្រឆាំង​នឹង​ការជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​។

ប៉ុន្តែ​ការ​ឆបោក​តាម​អនឡាញ​បាន​កើន​ឡើង​នៅ​ទីតាំង​ច្រើន​ជាង​៣៥០​កន្លែង​ទូទាំងប្រទេសកម្ពុជា និង​បាន​កេងប្រវ័ញ្ច​លើ​កម្លាំង​ពល​កម្ម​ប្រហែល​១៥​ម៉ឺន​នាក់ ដែល​អ្នក​ទាំង​នោះ​​មក​ពី​២២​ប្រទេស ហើយ​ការ​ឆបោក​តាមអនឡាញ​នេះ​អាច​រក​ចំណូល​បាន​យ៉ាង​តិច​១២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ នេះ​បើតាម​ Winrock International ដែល​ជា​អតីត​អ្នក​អនុវត្ត​គម្រោង​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​(CTIP) និង​ថា​ការ​ប្រឆាំង​នឹង​អំពើឆបោក​តាមអនឡាញទាំងនេះ​គឺ​ត្រូវ​​កំទេច​បណ្ដាញឧក្រិដ្ឋជន​ទាំង​នោះ​។

​​​​Mark Taylor អតីត​ប្រធានក្រុមការងារ Winrock បានប្រាប់​កាសែត The Diplomat កាលពីខែ​ឧសភា ថា​ដៃគូរបស់​ CTIP បាន​សង្គ្រោះ និង​ធ្វើមាតុភូមិនិវត្តន៍​មនុស្ស​ជាង​២០០​នាក់ ដែល​ភាគ​ច្រើន​ជា​ជនរបទេស​ ពី​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ឆបោក​មុនទី​តាំង​ទាំង​នោះ​ត្រូវ​បាន​បិទ​។

​ស្របពេល​ដែ​ល​រដ្ឋាភិបាល​បើកការ​បង្រ្កាប​ទូទាំងប្រទេស​លើ​មជ្ឈមណ្ឌល​ឆបោក​កាល​ពី​ខែ​មុន សកម្មភាព​នេះ​ហាក់​ថមថយល្បឿន​វិញ​នៅ​ពេល​នេះ​។ មន្ត្រីអះអាង​ថា ​ប្រតិបត្តិការ​នៅតែបន្ត​ធ្វើ ប៉ុន្តែ​ថា​ការ​ចាប់អារម្មណ៍​បាន​បង្វែរទៅ​រឿង​ជម្លោះព្រំដែន​កម្ពុជា-ថៃ។​ ជាមួយ​គ្នា​នេះដែរ ក៏មានការចោទ​ប្រកាន់ដែរថា ​អ្នក​​ដែល​ជាប់​សង្ស័យ​នឹង​អំពើ​ឆបោក​នេះ​ដែល​ជា​អ្នកមាន​ឥទ្ធិពល​ គឺមិនមាន​អ្នកណា​ហ៊ានប៉ះពាល់​នោះទេ​។

​ចំណែក​ការ​ត្រួតពិនិត្យ​បញ្ជាក់​​លើ​ជនបរទេស​រាប់ពាន់​នាក់​ថា ​អ្នក​ណា​ជាអ្នកត្រូវ​គេជួ​ញ​ដូរ​ក៏​នៅ​មាន​កម្រិត​ ហើយអ្នកទាំង​នោះ​កំពុង​នៅជាប់ឃុំ​នៅ​ឡើយ​។

​លោកស្រី​ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ធ្លាប់ប្រាប់ សារព័ត៌មានខេមបូចា​ ថា ការត្រួតពិនិត្យដំបូងភាគច្រើនរកឃើញថាជា «ការបំពានច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារ»។ លោកស្រី​បានអំពាវនាវឲ្យ​មាន «ការទទួលខុសត្រូវរួមគ្នា» ជាមួយប្រទេសកំណើតរបស់អ្នកជាប់ឃុំ​ទាំង​នោះ​។

ពេល​សួរ​នាំអំពីការ​កាត់​ជំនួយ​របស់​អាមេរិក​នាពេល​ថ្មីៗ​នេះ លោកស្រី​ថា​ការ​កាត់​នេះ​មិន​ប៉ះពាល់​ដល់​លទ្ធភាព​របស់​រដ្ឋាភិបាលក្នុង​​ការ​ប្រឆាំង និង​ការ​ទប់ស្កាត់អំពើ​ជួញ​ដូរ​មនុស្ស​នោះ​ទេ​។

​លោកស្រីមាន​ប្រសាសន៍​ថា៖ «​កាលពី​មុន​ ជំនួយ​អាមេរិក​គាំទ្រ​ដល់​សកម្មភាព​ជាក់លាក់​មួយ​ចំនួន ជាពិសេស​​នៅ​កន្លែង​ណាដែល​មិន​សូវ​មាន​អ្នក​សហការ​ដោយ​ផ្ទាល់ជាមួយ​រដ្ឋាភិបាល។ យើង​នៅតែ​ឲ្យ​តម្លៃ​ចំពោះការគាំទ្រ​ទាំង​នោះមិន​ថា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល»។ លោកស្រី​បាន​សម្ដៅ​ដល់​​ការងារ​ទប់ស្កាត់អំពើ​ជួញ​ដួរមនុស្ស​​តាម​រយៈ​ការ​អប់រំ និង​ការ​ចុះ​បណ្ដុះបណ្ដាល​ផ្ទាល់​ដល់​មន្ត្រី​ជួរមុខ​។

​លោកស្រី​បន្ត​ថា៖ «​យើង​នៅ​តែ​បន្ត​ប្ដេជ្ញា​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​របស់​យើង»។ អ្នកស្រី​អះអាង​ថា ​ករណី​ជួញ​ដូរ​មនុស្ស​បាន​ធ្លាក់​ចុះ ហើយ​ស្ថានភាព​ឆ្នាំនេះ​មាន​ភាព​ល្អប្រសើរ​ បើផ្អែកតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល ប៉ុន្តែអ្នកស្រីមិន​បាន​ផ្ដល់តួលេខ​នេះ​មក​អ្នកសារព័ត៌មាននោះទេ​។

​ទោះបីជាមានការអះអាងពីវឌ្ឍនភាពក៏ដោយ បណ្តាញគាំទ្រមិនមែនរដ្ឋាភិបាលនៅ​តែតស៊ូចំពោះ​ការ​លំបាក​ក្នុងការ​រក​ថវិកា​សម្រាប់គាំទ្រ​​ប្រតិបត្តិការតស៊ូមតិរបស់ពួកគេ។

អស់រយៈពេលជាងប្រាំខែចាប់តាំងពីអ្នកផ្តល់ជំនួយ​សំខាន់​បាន​ដកខ្លួន​ អង្គការមិនមែន​រដ្ឋាភិបាល និងក្រុមសិទ្ធិមនុស្សរបស់កម្ពុជាបានជួបការលំបាកក្នុងការស្វែង​រក​ម្ចាស់ជំនួយថ្មី។ ជាមួយនឹងប្រតិបត្តិការក្រោមភាពតានតឹង ប្រព័ន្ធដ៏ផុយស្រួយរបស់ប្រទេសសម្រាប់ការជួយសង្គ្រោះ​អ្នក​រស់​រានមានជីវិតពីការជួញដូរ និងការទប់ស្កាត់ករណីថ្មី ក៏​ប្រឈមនឹងភាពមិនច្បាស់​លាស់​៕

* សញ្ញាផ្កាយបង្ហាញតែ​ឈ្មោះដែល​មិន​ភ្ជាប់​នាមត្រកូល​ដើម្បីរក្សាឯកជនភាពរបស់​ជនរងគ្រោះ​។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs Struggle to Support Trafficking Survivors After Months of Funding Shortfalls

ព័ត៌មានថ្មី

អត្ថបទពេញនិយម