អ្នកកាសែតម្នាក់ប្រចាំនៅខេត្តក្រចេះបានចោទប្រកាន់ថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានគំរាមលោកដោយសារលោកបានធ្វើសេចក្តីរាយការណ៍អំពីការដឹកជញ្ជូនឈើខុសច្បាប់ ទីដែលប្រភពជាច្រើនបានអះអាងថា កងរាជអាវុធខេត្តបានជួយសម្រួលដល់ការដឹកជញ្ជូនឈើប្រណិត។
លោក គីន សារី ម្ចាស់ស្ថានីយទូរទស្សន៍បាសិទ្ធ បាននិយាយថា លោកបានដាក់ពាក្យបណ្តឹងទៅថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយអះអាងថា លោក សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានគំរាមកំហែងលោក ប៉ុន្តែការចោទប្រកាន់នេះត្រូវបានមន្ត្រីកងរាជអាវុធហត្ថបដិសេធ។
លោក គីន សារី បាននិយាយថា៖ «ខ្ញុំបារម្ភពីសន្តិសុខផ្ទាល់ខ្លួនរបស់ខ្ញុំពេលចុះទៅរាយការណ៍ព័ត៌មានកន្លែងណាមួយ បន្ទាប់ពី [ លោក សាន ប៊ុនថាន] គំរាមខ្ញុំ»។
ម្ចាស់ស្ថានីយទូរទស្សន៍នេះបាននិយាយថា លោកបានធ្វើដំណើរទៅយកព័ត៌មានហើយបានឃើញម៉ូតូបួនទៅប្រាំគ្រឿងកំពុងដឹកឈើកាលពីថ្ងៃទី១៦ ខែវិច្ឆិកា វេលាម៉ោង១០យប់។ លោកបាននិយាយថា ម៉ូតូទាំងនោះធ្វើដំណើរឆ្ពោះទៅព្រំដែនវៀតណាម ហើយលោក សារី បានថតរូបនិងចុះផ្សាយអំពីរឿងនេះនៅថ្ងៃបន្ទាប់។ អ្នកកាសែតរូបនេះក៏មានប្រភពជាច្រើនអះអាងថា ការដឹកជញ្ជូនឈើនេះពាក់ព័ន្ធនឹងការផ្តល់សំណូកដល់មន្ត្រីកងរាជអាវុធហត្ថផងដែរ។
ដោយយោងទៅលើបទសម្ភាសជាមួយប្រភព លោក គីន សារី បាននិយាយថា៖ «ពួកគេអាចដឹកជញ្ជូនឈើ ពីព្រោះពួកគេស៊ុមគ្រលំនិងបង់ប្រាក់ឲ្យមន្ត្រីកងរាជអាវុធហត្ថ»។
បន្ទាប់ពីការផ្សព្វផ្សាយរឿងដឹកឈើនេះ លោក គីន សារី បាននិយាយថា លោក ប៊ុនថាន បានដើរសំដៅមករកលោកនៅភោជនីយដ្ឋានមួយកន្លែងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ហើយបានគំរាមលោក។ លោក សារី បានបញ្ជាក់ថា លោក ប៊ុនថាន បានគំរាមលោកដោយប្រើពាក្យថា៖ «អ្ហែងប្រយ័ត្នឲ្យមែនទែនៗ។ ហេតុអ្វីចុះផ្សាយតែកូនចៅអញ ប៉ូលិស និងទាហានព្រំដែនម៉េចឯងមិនផ្សាយ?»។
បន្ទាប់មកលោក ប៊ុនថាន បានឲ្យជំនួយការរបស់លោកកោះហៅលោក សារី ដើម្បីធ្វើការបំភ្លឺ កាលពីថ្ងៃទី៣០ ខែវិច្ឆិកានិងថ្ងៃទី ១ ខែធ្នូ ប៉ុន្តែចាងហ្វាងការផ្សាយរូបនេះខ្លាចមិនហ៊ានចូលរួមប្រជុំទេ។
លោក គីន សារី បាននិយាយថា៖ «ខ្ញុំគិតថា គាត់មានបំណងគំរាមកំហែងអ្នកកាសែតមិនឲ្យផ្សព្វផ្សាយព័ត៌មានអំពីការកាប់ឈើនិងការដឹកជញ្ជូនឈើ»។
លោក គីន សារី បាននិយាយថា លោកបានដាក់ពាក្យបណ្តឹងជាមួយលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោក ប៊ុនថាន មិនចង់ធ្វើអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះទេ ហើយបានបង្វែរសំណួរទាំងអស់ទៅលោក គីន សារី វិញ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននិយាយថា កម្លាំងសន្តិសុខនឹងពិនិត្យមើលការចោទប្រកាន់ទាំងនេះ ប៉ុន្តែថា លោក ប៊ុនថាន បានបដិសេធថា គ្មានការដឹកជញ្ជូនឈើខុសច្បាប់ដូចដែលបានរាយការណ៍នៅក្នុងអត្ថបទរបស់លោក សារី នោះទេ។
លោកបានមានប្រសាសន៍ថា៖ «យើងត្រូវពិនិត្យមើលថា តើវាកើតមានមែនឬអត់» ។
លោកបានបន្ថែមថា៖ « [ កងរាជអាវុធហត្ថ ] បានកោះហៅគាត់មកបញ្ជាក់ពី [ ព័ត៌មាន ] ប៉ុន្តែគាត់មិនបានបង្ហាញខ្លួនទេ»។
លោក អេង ហ៊ី បាននិយាយថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងកម្លាំងបានណែនាំមន្ត្រីកងរាជអាវុធហត្ថទាំងអស់មិនត្រូវពាក់ព័ន្ធនឹងការជួញដូរឈើហើយថា ពួកគេនឹងត្រូវពិន័យឬដកហូតតួនាទី ប្រសិនបើពួកគេប្រព្រឹត្តបទល្មើស។
លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះបានមានប្រសាសន៍ថា លោកស្រីមិនបានដឹងពីករណីនេះទេ ប៉ុន្តែបានអះអាងថា ជាធម្មតា អ្នកសារព័ត៌មានជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ ដើម្បីបិទរឿង។
លោកស្រីបានមានប្រសាសន៍ថា៖ «វាហាក់ដូចជាមិនដូចអ្វីដែលអ្នកសារព័ត៌មានចោទប្រកាន់នោះទេ ពីព្រោះនៅពេលមានវេទិកាសាធារណៈ អ្នកភូមិតែងតែនិយាយថា អ្នកសារព័ត៌មានជំរិតទារប្រាក់»។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានមានប្រសាសន៍ថា ក្រុមមន្ត្រីមានទម្លាប់ប្រើអំណាចនិងឥទ្ធិពល ដើម្បីដាក់សម្ពាធនិងគំរាមកំហែងលើប្រជាពលរដ្ឋរួមទាំងអ្នកសារព័ត៌មានផងដែរ។
លោក ណុប វី បានមានប្រសាសន៍ថា៖ «យើងព្រួយបារម្ភអំពីបញ្ហានេះ ពីព្រោះនៅពេលពួកគាត់(មន្ត្រី)ប្រើអំណាចរបស់ខ្លួនគំរាមកំហែងប្រជាពលរដ្ឋ ដែលវាបង្ហាញថា គ្មានការគោរពច្បាប់នោះទេ»។
លោកបានបន្ថែមថា មន្ត្រីក៏ធ្លាប់បំភិតបំភ័យអ្នកសារព័ត៌មាន ដើម្បីរារាំងពួកគេមិនឲ្យរាយការណ៍ពីបទល្មើសក្នុងខេត្តនេះផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News