ស្ថិតក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន ជនជាតិដើមភាគតិចពូនងរស់នៅក្នុងស្រុកចិត្របុរីអះអាងថា ពួកគេត្រូវការគ្រូបង្រៀន និងសាលាបឋមសិក្សានៅក្នុងតំបន់សម្រាប់ឱ្យកូនៗរបស់ពួកគេបានរៀនសូត្រ ត្បិតថាសាលានៅឆ្ងាយ ខណៈផ្លូវធ្វើដំណើរមិនទាន់មានការអភិវឌ្ឍនៅឡើយ។
ប្រមាណ៦០គីឡូម៉ែត្រ ពីក្រុងក្រចេះ ស្ថិតនៅចំណុចស្រែខ្ទុម ក្នុងភូមិត្រៀប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ លោក សារឿន ពៅ អាយុ២៥ឆ្នាំ ជាជនជាតិដើមភាគតិចពូនងមួយរូបលើកឡើងថា ដោយសារតែតំបន់នេះស្ថិតនៅដាច់ស្រយាលមិនមានសាលារៀន ដូច្នេះទើបពលរដ្ឋក្នុងតំបន់នេះមូលមតិគ្នាបង្កើតសាលាបឋមសិក្សាមួយសម្រាប់ក្មេងៗរៀនសូត្រក្នុងសហគមន៍ដែលពួកគេរស់នៅ។
លោក ពៅ និយាយថា៖ «ប្រជាពលរដ្ឋនៅក្នុងសហគមន៍ហ្នឹងគាត់ចង់ធ្វើជាសាលាបឋម ដោយសារតំបន់ហ្នឹងវាដាច់ស្រយាល»។ លោក ពៅ បន្តថា៖«ផ្លូវចូលទៅវាពិបាក វាដាច់ស្រយាលជនជាតិពូនង»។
ពលរដ្ឋរូបនេះបន្ថែមថា ប្រសិនបើមិនមានសាលារៀននៅក្នុងសហគមន៍លោកទេ ក្មេងៗដែលនៅក្នុងភូមិហ្នឹងគ្មានឱកាសបានរៀនសូត្រចេះដឹងឡើយ ព្រោះកន្លងមកមិនមានសិស្សណាបានចូលសាលាឡើយ ភាគច្រើនគឺនៅផ្ទះ និងជួយធ្វើការងារឪពុកម្ដាយពួកគេ។
លោក ពៅ បញ្ជាក់ថា៖ «លុះត្រាអ្នកដែលមានជីវភាពធូធារទើបអាចមករៀនសាលាបឋមនៅក្រៅបាន ព្រោះវាឆ្ងាយ»។
ក្នុងនាមជាពលរដ្ឋម្នាក់ លោក ពៅ រំពឹងថា ប្រសិនបើអាជ្ញាធរ និងសប្បុរជន អាចផ្ដល់ជំនួយដើម្បីសង់សាលានៅក្នុងសហគមន៍ ដែលមានជនជាតិដើមភាគតិចពូនងរស់នៅ នោះកូនៗរបស់ពូកគេដែលគ្រប់អាយុចូលរៀនមានប្រមាណជិត២០០នាក់ នឹងទទួលបានការអប់រំចាប់ផ្តើមពីកម្រិតមត្តេយ្យ និងបឋមសិក្សាដូចកុមារដទៃទៀតដែរ។
លោកពន្យល់ថា៖ «ប្រសិនបើអាចបង្កើតសាលាហ្នឹងបាន ចំនួនសិស្សដែលត្រូវរៀនគឺច្រើន ព្រោះសិស្សភាគច្រើនអត់ដែលទទួលបានការសិក្សាផង។ កុមារភាគច្រើនឃ្វាលគោ ធ្វើចម្ការ ធំពេញវ័យទៅរៀបការជាដើម ព្រោះតំបន់ហ្នឹងវាអត់មានសាលាសម្រាប់សិស្សរៀនផង»។
ក្រៅពីគ្មានសាលារៀន តំបន់នេះមិនទាន់មានផ្លូវ មណ្ឌលសុខភាព ប្រព័ន្ធទឹក ភ្លើងសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់នៅឡើយទេ។
លោក ពៅ បន្ថែមថា៖ «តំបន់ដាច់ស្រយាលអត់មានទេ មិនបាច់និយាយដល់ទឹកភ្លើងទេ និយាយតែផ្លូវវិញអត់មានហ្មង៎ ផ្លូវព្រៃ បើខែវស្សាវិញមិនបាច់ចូលទេទឹកភ្នែកហើយ»។
លោក ចក់ នង អាយុ៦០ឆ្នាំ ជាជនជាតិដើមភាគតិចពូនងដែលទើបឡើងកាន់តំណែងជាមេភូមិ បានឱ្យដឹងថា ដោយសារតែតំបន់នេះ ទើបតែបង្កើតថ្មី និងមានជនជាតិដើមភាគតិចពូនងរស់នៅ ម្យ៉ាងមិនទាន់មានសាលារៀន ដូច្នេះទើបលោកសាងសាលារៀនដោយខ្លួនឯង ដោយមានការចូលរួមពីពលរដ្ឋ ប៉ុន្តែឥឡូវនេះកំពុងខ្វះខាតថវិកា។
លោកបន្តថា អ្វីដែលលោករំពឹងនោះ គឺក្រសួងនឹងបញ្ជូនគ្រូមកបង្រៀននៅតំបន់នេះ ដោយសារតែលោកចង់ឱ្យសិស្សនៅទីនេះបានទទួលការអប់រំដូចកុមារនៅតំបន់ផ្សេងទៀតដែរ។
លោកមេភូមិនិយាយថា៖ «ភូមិហ្នឹងទើបបង្កើត ខ្ញុំឃើញថាសាលាក៏គ្មាន ស្អីក៏គ្មានហើយខ្ញុំមានការកង្វល់ខ្លាំង ហើយបានរាយការណ៍មេឃុំ អភិបាលស្រុកដែរ មិនដឹងខាងលើគិតយ៉ាងម៉េចដែរ ចឹងប្រជាជននាំគ្នាធ្វើ។ ចឹងក្រសួងក្ដី មន្ទីរក្ដី មេត្តាជួយផ្ដល់គ្រូផង»។
មេភូមិរូបនេះបន្ថែមថា នៅតំបន់លោកនៅពេលខ្វះខាតអ្វីមួយ ពលរដ្ឋតែងតែបរិច្ចាគលុយផ្ទាល់ខ្លួនសាងសង់ហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯង។
លោកថ្លែងថា៖ «នៅប៉ែកខាងខ្ញុំនេះ មិនថាតែសាលារៀនទេ សូម្បីតែស្ពានក៏ធ្វើខ្លួនឯងដែរ គឺពលរដ្ឋនាំគ្នាធ្វើ»។
ជុំវិញសំណូមពររបស់ពលរដ្ឋ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំខេត្តក្រចេះ ថ្លែងថា លោក នឹងធ្វើការត្រួតពិនិត្យមើលតាមការជាក់ស្ដែង និងបានបញ្ជាក់ថាពលរដ្ឋដែលសំណូមពរ ភាគច្រើនជាអ្នកចំណូលថ្មីប៉ុណ្ណោះ។
លោកលើកឡើងថា៖ «យើងមានមន្ទីរអប់រំ យើងមានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ខ្ញុំបានប្រកាសដល់អាជ្ញាធរទាំងអស់ ពិសេសគឺការិយាល័យអប់រំស្រុក ចឹងបើគាត់ខ្វះសាលាធ្វើសំណើមកតាមអប់រំស្រុកចិត្របុរីមក»។
លោកបន្តថា ក្នុងករណីសាលានោះខ្វះគ្រូបង្រៀន ការរិយាល័យអប់រំស្រុកនឹងរាយការណ៍អំពីបញ្ហានេះជាមិនខាន។
លោកបន្ថែមថា៖ «ឱ្យតែខ្វះគ្រូ អប់រំស្រុកគេក្ដាប់បានហើយ ប៉ុន្តែជួនកាលវាដាច់ស្រយាលពេក អត់មានគ្រូក្របខណ្ឌទៅដល់ទេ មានតែគ្រូកិច្ចសន្យា»។
យ៉ាងណាមិញ ប្រធាមន្ទីរអប់រំរូបនេះអះអាងថា មន្ទីរបានពង្រឹងលើវិស័យអប់រំច្រើនហើយខណៈសាលាបឋមសិក្សាទូទាំងខេត្តមានចំនួន២៨៥ទីតាំង តែទន្ទឹមនឹងនេះក៏នៅមានចន្លោះប្រហោងផងដែរ។
ចំណែក ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីឱ្យពួកគេទទួលបានការអប់រំទាំងអស់គ្នា មិនថាតំបន់នោះដាច់ស្រយាលខ្លាំងយ៉ាងណាក៏ដោយ។
អ្នកស្រីបន្តថា ការណ៍នេះ គឺដើម្បីសបញ្ជាក់ឱ្យត្រូវតាមគោលនយោបាយរបស់រដ្ឋាភិបាល និងក្រសួងអប់រំដែលតែងតែប្រកាសថា «ការអប់រំគឺសម្រាប់ទាំងអស់គ្នា»។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹង! ទាំងអស់គ្នាមិនថាទីកន្លែងណានោះទេ ត្រូវតែទទួលបានការអប់រំ។ អ៊ីចឹង! អ្វីដើម្បីឱ្យទទួលបានការអប់រំ លុះត្រាតែក្រសួង ក៏ដូចជារាជរដ្ឋាភិបាលហ្នឹងយកចិត្តទុកដាក់ចុះមើលថាតើពួកគាត់ខ្វះអី នេះបានចំជាថ្នាក់ដឹកនាំ ក៏ដូចជាអ្នកដែលបម្រើរាស្រ្ត»។
ជាមួយគ្នានេះ អ្នកស្រីឱ្យដឹងបន្ថែមថា ប្រសិនបើបញ្ហានេះពុំទទួលបានដំណោះស្រាយនោះទេ វានឹងធ្វើឱ្យការធ្លាក់ចុះនៃវិស័យអប់រំនឹងកាន់តែធ្ងន់ធ្ងរ។ ក្នុងនោះ អ្នកស្រីថា ប្រទេសមួយដែលមានភាពរីកចម្រើនជឿនលឿនបានលុះត្រាតែប្រព័ន្ធនិងការអប់រំ បានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋនៅគ្រប់លំដាប់ថ្នាក់។
អ្នកស្រីបន្ថែមថា៖ «ហើយបើសិនជានៅតំបន់ដាច់ស្រយាលអត់បានទទួលការអប់រំទេ បានន័យថាហានិភ័យដល់សង្គមជាតិកាន់តែធ្ងន់ធ្ងរហើយ! ព្រោះភាពអវិជ្ជមានកើតឡើង»៕
រាយការណ៍បន្ថែមដោយ ផុន សុទ្ធីរ័ត្ន