ប្រជាពលរដ្ឋ២១គ្រួសារដែលជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏អូសបន្លាយច្រើនឆ្នាំនៅស្រុកឆ្លូងក្នុងខេត្តក្រចេះអះអាងថា ពួកគាត់ជួបការលំបាកដោយរកបានមួយថ្ងៃសម្រាប់តែមួយថ្ងៃ បន្ទាប់ពីបាត់បង់ដីចម្ការនិងមិនបានទទួលសំណងពីរដ្ឋាភិបាល។
ប្រជាពលរដ្ឋមកពីភូមិប្រម៉ាក្នុងឃុំកំពង់ដំរីត្រូវបានអាជ្ញាធររឹបអូសយកដីធ្លីក្នុងឆ្នាំ២០១៤ ហើយបន្ទាប់មកគេយកទៅផ្តល់ឲ្យប្រជាពលរដ្ឋមួយក្រុមដែលគេស្គាល់ថា ជាសហគមន៍៩៩៨ ក្រោមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច។
អ្នកស្រី ឈឹម សុផាត វ័យ៦២ឆ្នាំ ជាស្ត្រីមេម៉ាយកូនពីរដែលបានរស់នៅក្នុងភូមិនេះតាំងពីឆ្នាំ២០០០បាននិយាយថា អ្នកស្រីធ្លាប់ជាកសិករដាំដំណាំដូចជាដំឡូងមីនិងធ្វើស្រែ ប៉ុន្តែនៅពេលនេះ អ្នកស្រីដើរស៊ីឈ្នួលគេ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត បន្ទាប់ពីបាត់បង់ដីស្រែ។
អ្នកស្រីបាននិយាយថា៖ «វាពិតជាប៉ះពាល់ខ្លាំងមែនទែនដល់ជីវភាពគ្រួសាររបស់ខ្ញុំ ហើយយើងកាន់តែជាប់បំណុលច្រើនទៅៗ។ មានដីគឺមានជីវិត។ បាត់បង់ដីគឺប្រៀបដូចជាបាត់បង់អ្វីៗទាំងអស់»។
អ្នកស្រីរៀបរាប់ថា៖ «កាលខ្ញុំនៅមានដី ខ្ញុំអត់ជំពាក់គេទេ។ ខ្ញុំមានជីវភាពសមរម្យ។ ប៉ុន្តែចាប់តាំងពីខ្ញុំបាត់បង់ដីមក ខ្ញុំចាប់ផ្តើមខ្ចីប្រាក់គេ ដើម្បីចំណាយសោហ៊ុយធ្វើដំណើរទៅដាក់ញត្តិស្វែងរកដំណោះស្រាយ»។
អ្នកស្រី សុផាត និយាយថា អ្នកស្រីបានដាក់ញត្តិជាមួយអាជ្ញាធរមូលដ្ឋាននៅថ្នាក់ស្រុកនិងថ្នាក់ខេត្ត រហូតដល់ក្រសួងមហាផ្ទៃនិងក្រសួងរៀបចំដែនដី បន្ទាប់ពីរដ្ឋាភិបាលយកដីរបស់អ្នកស្រី៦ហិកតានិងចែកជូនសមាជិកសហគមន៍៩៩៨។
ប៉ុន្តែអ្នកស្រីនិយាយថា អ្នកស្រីត្រូវអាជ្ញាធរថ្នាក់មូលដ្ឋានរហូតដល់ក្រសួងពាក់ព័ន្ធរុញចុះរុញឡើយអស់រយៈពេលប្រាំឆ្នាំ ដោយមិនមានដំណោះស្រាយ។
អ្នកស្រីបាននិយាយថា៖ «យើងបានដាក់ញត្តិទៅរដ្ឋបាលស្រុកនិងខេត្ត ក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃកាលពីចុងឆ្នាំ២០១៤។ ប៉ុន្តែនៅពេលយើងទៅសួរនាំរឿងញត្តិ ពួកគេ (ក្រសួង)ប្រាប់យើងឲ្យត្រឡប់មកដោះស្រាយជាមួយនឹងអាជ្ញាធរខេត្ត តែអាជ្ញាធរខេត្តប្រាប់យើងឲ្យជួបមន្ត្រីស្រុក»។
អ្នកស្រីបានបន្ថែមថា៖ «សាលាស្រុកបានប្រាប់យើងឲ្យដាក់ពាក្យសុំដីសម្បទានសង្គមកិច្ច ហើយយើងបានដាក់ពាក្យហើយ។ ទោះបីជាយ៉ាងណា យើងមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ»។
អ្នកស្រី សុផាត បានប្រាប់ខេមបូចាថា អ្នកស្រីគ្មានលទ្ធភាពរកប្រាក់សម្រាប់ការចំណាយលើការរស់នៅប្រចាំថ្ងៃទេ ហើយអ្នកស្រីបានដាក់ពាក្យសុំបណ្ណក្រីក្រ ដើម្បីទទួលបានរបបសន្តិសុខសង្គមបីលើក ប៉ុន្តែត្រូវបានបដិសេធដោយអាជ្ញាធរឃុំ ដែលចោទប្រកាន់អ្នកស្រីថា ជាអ្នកគាំទ្រគណបក្សប្រឆាំង។
អ្នកស្រីបានអះអាងថា៖ «ខ្ញុំមិនមែនជាអ្នកគាំទ្រគណបក្សប្រឆាំងទេ។ ខ្ញុំគ្រាន់តែទាមទារដីពីព្រោះខ្ញុំបាត់បង់ដីរបស់ខ្ញុំ។ ខ្ញុំមិនទៅប្រឆាំងនឹងរដ្ឋាភិបាលទេ»។
លោក ថូ អឿន អាយុ៤៥ឆ្នាំជាពលរដ្ឋម្នាក់ទៀតមកពីភូមិប្រម៉ាដែលលោកបាត់បង់ដីប្រហែល៦ហិកតាបាននិយាយថា លោកមានបញ្ហាប្រហាក់ប្រហែលនឹងអ្នកស្រី សុផាត ដែរ។
លោកបាននិយាយថា៖ «ខ្ញុំក្រខ្លាំងណាស់ ហើយខ្ញុំគ្មានសល់អ្វីទេ។ គេផ្តល់ដីឲ្យសហគមន៍៩៩៨ ហើយគេមិនដោះស្រាយបញ្ហាឲ្យខ្ញុំទេ ទោះបីជាខ្ញុំដាក់ញត្តិទៅក្រសួងរៀបចំដែនដីក៏ដោយ»។
លោកបានប្រាប់ខេមបូចាថា អាជ្ញាធរបានហាមឃាត់លោកមិនឲ្យភ្ជួរដីហើយចាប់តាំងពីពេលនោះមក លោកដើរស៊ីឈ្នួលគេ ដើម្បីរកប្រាក់ចំណូល។
លោកបាននិយាយថា៖ «កូនៗរបស់ខ្ញុំមិនបានរៀនសូត្រពេញលេញទេ។ យើងគ្មានប្រាក់ ហើយគ្មានមធ្យោបាយអីជូនកូនទៅសាលារៀនទេ»។
លោក ផៃ សារិទ្ធ ជាមេឃុំកំពង់ដំរីបានប្រាប់ខេមចាថា លោកមិនបានទទួព័ត៌មានអំពីរឿងនេះទេ។
លោកបាននិយាយថា៖ «ខ្ញុំមិនទាន់បានទទួលព័ត៌មានជាក់លាក់ណាមួយទេ។ ខ្ញុំទើបនឹងចូលកាន់តំណែងរយៈពេលមួយខែ ហើយបញ្ហាមាននៅទីនោះតាំងពីជំនាន់មេឃុំចាស់។ ដូច្នេះ ខ្ញុំមិនបានទទួលព័ត៌មានគ្រប់ទាំងអស់ទេ»។
លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះបានមានប្រសាសន៍ថា មានបញ្ហាច្រើនទាក់ទងជាមួយនឹងដីសម្បទានសង្គមកិច្ចនិងទន្ទ្រានយកដីនៅក្នុងតំបន់នោះ។
ទោះបីជាយ៉ាងណា លោកមានប្រសាសន៍ថា មន្ទីររៀបចំដែនដីបានជួយពលរដ្ឋមួយក្រុមគឺសហគមន៍៩៩៨ ដោយផ្តល់ដីសម្បទានដល់ពួកគេ។ ប្រសិនបើពលរដ្ឋមួយក្រុមទៀតមានបញ្ហា លោកលើកទឹកចិត្តឲ្យពួកគាត់ដាក់សំណើមកមន្ទីររៀបចំដែនដី។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើពួកគាត់មានបញ្ហា សូមអញ្ជើញមកមន្ទីររៀបចំដែនដីមក ពីព្រោះយើងបានដោះស្រាយបញ្ហាសម្រាប់សហគមន៍៩៩៨រួចហើយ»។
លោក ធីម ហ៊ន មន្ត្រីសម្របសម្រួលប្រចាំខេត្តក្រចេះរបស់អង្គការសិទ្ធិមនុស្សអាដហុកបាននិយាយថា កន្លងមក អាជ្ញាធរបានស្នើឲ្យប្រជាពលរដ្ឋនៅភូមិប្រម៉ាដាក់ពាក្យសុំសម្បទានដីសង្គមកិច្ច ប៉ុន្តែមិនមានដំណោះស្រាយទេ ទោះបីជាប្រជាពលរដ្ឋបានដាក់ពាក្យសុំហើយក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ការពន្យារពេលក្នុងការដោះស្រាយបញ្ហាទាំងអស់នេះបានប៉ះពាល់ប្រជាពលរដ្ឋធ្ងន់ធ្ងរ ដោយសារប្រជាពលរដ្ឋបានបាត់បង់ដីធ្លីទាំងអស់ ហើយបានធ្វើចំណាក់ស្រុក ដើម្បីស្វែងរកការងារធ្វើ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Twenty-one Kratie families lost farmland to social concession