សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្តេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ ចំពេលមានការអំពាវនាវឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្លែងក្នុងសន្និសីទកាសែតប្រ កាសដាក់ឲ្យប្រើច្បាប់កូវីដ១៩ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្លែងក្នុងសន្និសីទកាសែតប្រ កាសដាក់ឲ្យប្រើច្បាប់កូវីដ១៩ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាបានជំរុញជាថ្មីម្តងទៀតឲ្យចៅក្រម និងព្រះរាជអាជ្ញា បង្ក្រាបអំពើពុករលួយ នៅក្នុងប្រព័ន្ធយុត្តិធម៌ ដោយប្រកាសថា ការ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺជាផ្នែកសំខាន់មួយនៃយុទ្ធនាការ​ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការកម្ពុជា។ ប៉ុន្តែអ្នកតស៊ូមតិខាងកំណែទម្រង់ច្បាប់អំពាវនាវឱ្យមានសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តតាមការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្ត្រី។

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងកាលពីថ្ងៃចន្ទថា៖ «ព្រះរាជអាជ្ញា ចៅក្រម និង​មន្រ្តីតុលាការ គ្រប់លំដាប់ ថ្នាក់ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ស្របតាមវឌ្ឍនភាព នៃកំណែទម្រង់ ហើយត្រូវតែចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរនិងក្រមសីលធម៌វិជ្ជាជីវៈ»។

ការអំពាវនា​វ​របស់​​រដ្ឋមន្រ្តីនេះ​ ធ្វើឡើង​ក្នុង​ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច របស់​ព្រះរាជអា​ជ្ញានិងចៅក្រមខេត្តចំនួន៧រូប ដែលត្រូវបានផ្លាស់ប្តូររាល់បួនឆ្នាំម្តង។ យោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រហស្ថលេខានៅថ្ងៃទី១៣ ខែឧសភា គឺមានចៅក្រម និងព្រះរាជអាជ្ញាចំនួន៤៧រូប នៅទូទាំងប្រទេសត្រូវបានផ្លាស់ប្តូរតំណែងនៅឆ្នាំនេះ។

លោកថ្លែងថា៖ «ការតែងតាំងនិងផ្ទេរភារកិច្ចរបស់ចៅក្រមនិងព្រះរាជអាជ្ញា គឺជារឿងធម្មតានៅក្នុងវិជ្ជាជីវៈតុលាការ ដើម្បីធានាបាននូវការ​លើកកម្ពស់ការផ្តល់យុត្តិធម៌ដោយមិនលម្អៀង ត្រឹមត្រូវ និងយុត្តិធម៌»។

លោក សេង ស៊ីវុត្ថា ដែលទើបតែត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី​១៩ ខែ​ឧសភា បានប្តេជ្ញាលើកកម្ពស់យុត្តិធម៌និងកាត់បន្ថយអំពើពុករលួយ។

លោកលើក​ឡើង​ថា៖ «យើងនឹងអនុវត្តរាល់វិធានការណ៍ទាំងអស់ ដើម្បីលើកកម្ពស់ការផ្តល់សេវា ដោយយុត្តិធម៌និងពន្លឿនដំណើរការសវនាការ ឱ្យបានហ្មត់ចត់និងមានប្រសិទ្ធភាព ក៏ដូចជាកាត់បន្ថយរាល់ទម្រង់ នៃអំពើពុករលួយតាម រយៈការនាំសេវាយុត្តិធម៌កាន់​តែគៀកនឹងប្រជាពលរដ្ឋ»។

លោក ស៊ីវុត្ថា មានប្រសាសន៍ថា ការបើកដំណើរការសាលាឧទ្ធរណ៍តំបន់ នៅខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និង ខេត្តព្រះសីហនុ បានជួយកាត់បន្ថយសំណុំរឿងដែលមិនទាន់ដោះ ស្រាយនៅសាលាឧទ្ធរណ៍​បានច្រើន។

លោកបន្ត​ថា៖ «យើងដោះស្រាយសំណុំរឿងបានជាច្រើន។ ហើយឥឡូវនេះ ខ្ញុំកំពុងជំរុញ [ចៅក្រម និងព្រះរាជអាជ្ញា]ឲ្យដំណើរការសវនាការរឿងក្តីឲ្យ បានហ្មត់ចត់ ជាពិសេសករណីពាក់ព័ន្ធនឹងគ្រឿងញៀន និងការជួញដូរមនុស្សហើយចាប់ពីខែកក្កដាដល់ខែធ្នូ សំណុំរឿងដែលកកស្ទះនឹងថយចុះជាអប្បបរមា»។

ប្រព័ន្ធតុលាការកម្ពុជារងការចោទប្រកាន់ថា ពុករលួយ ហើយជារឿយៗធ្វើតាមការចង់បាន របស់គណបក្សកាន់អំណាច។ យោងតាមអតីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាងមួយភាគបីនៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគាររបស់ប្រទេសនេះត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ប៉ុន្តែអង្គការសិទ្ធិមនុស្ស​មួយចំនួនបានបង្ហាញតួលេខនេះរហូតដល់ជិតដល់៧៥ភាគរយ។

លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ការកកស្ទះសំណុំរឿង គឺជាផ្នែកមួយនៃបញ្ហាចង្អៀតណែន​ តាមពន្ធនាគារដោយសារ ការប្រើប្រាស់ការឃុំខ្លួនបណ្តោះអាសន្នជាទូទៅ។ ទោះបីជាច្បាប់បានកំ ណត់រយៈពេលឃុំខ្លួនបណ្តោះអាសន្នមុនការកាត់ក្តីក៏ដោយ ក៏ពេលវេលាឃុំខ្លួនបណ្តោះអាសន្ននេះ ជារឿយៗត្រូវបានគេព្រងើយកន្តើយហើយភាគច្រើននៅក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនបន្ត ជាប់ឃុំច្រើនឆ្នាំ ដោយគ្មានការជំនុំជម្រះក្តីជាពិសេសសកម្មជននយោបាយ។

លោកបានមានប្រសាសន៍ថា៖ «សំណុំរឿងដែលមិនទាន់ដោះស្រាយប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការស្វែងរកយុត្តិធម៌ ពីព្រោះនៅពេលសំណុំរឿងនៅតែមិនទាន់ដោះស្រាយ វាប៉ះពាល់ដល់ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋហើយពួកគាត់អាចបាត់បង់ទំនុកចិត្តលើប្រព័ន្ធតុលាការ»។

អ្នកស្រី ព្រំ ចន្ថា ភរិយារបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ បាននិយាយថា ប្តីរបស់អ្នកស្រីត្រូវបានឃុំខ្លួនដោយគ្មានការជំនុំជម្រះរយៈពេលមួយ ឆ្នាំហើយ។ លោក កុម្ភារ ត្រូវបានចាប់ខ្លួនក្រោមបទចោទសមគំនិតនិងបទញុះញង់ ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ ដែលតុលាការចោទប្រកាន់លើមេដឹកនាំជាន់ខ្ពស់ គណបក្សប្រឆាំងលោក កឹម សុខា។

ទោះបីមានការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្រ្តីក៏ដោយ អ្នកស្រី ចន្ថា មិនជឿថា ប្រព័ន្ធយុត្តិធម៌នឹងត្រូវបានគេកែទម្រង់នោះទេ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំគិតថា វាអយុត្តិធម៌ណាស់សម្រាប់គ្រួសាររបស់ខ្ញុំ ដែលជាសកម្មជននយោបាយ។  ប្តីរបស់ខ្ញុំត្រូវបានឃុំខ្លួន ដោយគ្មានការជំនុំជម្រះរយៈពេលមួយឆ្នាំ ចាបតាំងពីគាត់ត្រូវបានចាប់ខ្លួនក្នុងខែឧសភា ឆ្នាំ២០២០។ ជាធម្មតា ពួកគេ [តុលាការ] ដោះលែងឧក្រិដ្ឋជនគ្រឿងញៀននៅក្រៅឃុំបណ្តោះអាសន្ន…ខ្ញុំទាមទារឲ្យដោះលែងប្តីរបស់ខ្ញុំដោយគ្មានលក្ខខណ្ឌ។

លោក សំអាត មានប្រសាសន៍ថា ប្រព័ន្ធតុលាការទាំងមូលត្រូវតែធ្វើកំណែទម្រង់ដើម្បីធានាថា ចៅក្រមអាចធ្វើការសម្រេចចិត្តឯករាជ្យដោយខ្លួនឯង ដោយផ្អែកលើច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ។

លោកបន្ត​ថា៖ «យើងសង្កេតឃើញថា ករណីវិវាទដីធ្លីត្រូវបានដោះ ស្រាយយ៉ាងឆាប់រហ័សនៅពេលដែលករណីនេះ ពាក់ព័ន្ធជាមួយអ្នកមានអំណាចឬអ្នកមានលុយ ប៉ុន្តែមិនមានចំពោះប្រជាពលរដ្ឋសាមញ្ញទេ។ ដូច្នេះ ការអនុវត្តនីតិវិធី [ច្បាប់] ត្រូវតែស្មើភាពគ្នា ដើម្បីចៀសវាងអំពើពុករលួយ ដូចដែលបានលើកឡើងដោយលោករដ្ឋមន្ត្រី»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបដិសេធថាការចោទប្រកាន់នេះ ដោយលើកឡើងថា ប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះមិនស្ថិតក្រោមឥទ្ធិពលនយោបាយទេ។

លោកបន្ត​ថា៖ « [អង្គការមិនមែនរដ្ឋាភិបាល] មិនយល់ពីនីតិវិធីច្បាប់ទេ ។ ពួកគាត់ពិនិត្យមើលរឿងក្តីទៅតាមប្រភេទមនុស្ស ប៉ុន្តែមិនមែនតាមនីតិវិធីតុលាការទេ ហើយពួកគាត់ចាត់ទុកថា យុត្តិធម៌ឬអយុត្តិធម៌ដោយផ្អែកលើថា តើអ្នកទាំងនោះជាសកម្មជន ជាអ្នកនយោបាយ អ្នកមានឬអ្នកក្រ។ ពួកគាត់មើលត្រឹមតែរូបភាពខាងក្រៅដែលមិនមែនជាអង្គហេតុទេ»។

យោងតាមតួលេខ ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌កាលពីខែសីហា ឆ្នាំ២០២០ ក្នុង​យុទ្ធនាការរយៈពេល១០០របស់ខ្លួន សំណុំរឿងព្រហ្មទណ្ឌជាង៨.០០០​ ករណីឬស្មើ៦៣ភាគរយនៃសំណុំរឿងកកស្ទះត្រូវបានដោះស្រាយ។

លោក ជិន ម៉ាលីន បន្ត​ថា តួលេខពេញលេញដែលគ្របដណ្តប់លើយុទ្ធនាការពេញមួយឆ្នាំ ដែលដំបូងឡើយគ្រោងចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភានេះនៅមិនទាន់មាននៅឡើយទេ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩។ លោកបន្តថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ សំណុំរឿងខ្លះត្រូវបានផ្អាកប៉ុន្តែលោកនៅតែអះអាងថា ករណីសំខាន់ៗផ្សេងទៀតកំពុងត្រូវបានដំណើរការ។

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជាមានប្រសាសន៍ថា ខណៈលោកគាំទ្រការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្រ្តី លោកក៏លើកទឹកចិត្តឱ្យលោករដ្ឋ មន្ត្រីចាត់វិធានការជាក់ស្តែង ដោយអះអាងថា ប្រជាពលរដ្ឋនឹងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត។

លោកថ្លែងថា៖ «ការដោះស្រាយអំពើពុករលួយតាមប្រព័ន្ធតុលាការប្រាកដ​ ជាទទួលបានការចាប់អារម្មណ៍ ប្រសិនបើរដ្ឋាភិបាលចង់ដោះស្រាយការមិន សប្បាយចិត្តនិងភាពអយុត្តិធម៌ក្នុងសង្គម ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា»។

លោកបន្ត​ថា ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គួរត្រូវបានបង្កើតឡើង ដោយផ្អែកលើនីតិរដ្ឋ រដ្ឋាភិបាលដែលគ្មានអំពើពុករលួយនិងប្រព័ន្ធតុលាការ ដែលអាចជឿទុកចិត្តបាន។

លោកបានបន្ថែមថា៖ «តាមរយៈការលុបបំបាត់អំពើពុករលួយនិងលើក កម្ពស់ឯករាជ្យភាពប្រព័ន្ធតុលាការ កម្ពុជាអាចទាក់ទាញការវិនិយោគ បង្កើនការងារនិងកាត់បន្ថយវិសមភាព»។ យោងតាមសន្ទស្សន៍ស្តីពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិកម្ពុជាឆ្នាំ២០២០ បង្ហាញថា ប្រទេសកម្ពុជាទទួលបានពិន្ទុ២១ក្នុងចំណោមពិន្ទុសរុប១០០ ដែលកើនបានមួយពិន្ទុចាប់តាំងពីឆ្នាំ២០១៨។

របាយការណ៍នេះបានចាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី១៦០ក្នុងចំណោម១៨០ប្រទេស និងដែនដី៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Justice minister pledges to fight corruption amid calls for judicial reform

285 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម