ប្រជាពលរដ្ឋចំនួន៣៤គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេង៥ក្នុងខេត្តកំពង់ឆ្នាំងបានអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវការសាងសង់ស្ថានីយថ្លឹងរថយន្តនៅលើចិញ្ចើមផ្លូវដែលបិទច្រកចូលផ្ទះរបស់ពួកគាត់។
ក្រុមគ្រួសារទាំងនោះបានរារាំងអ្នកចុះមកវាស់វែងទីតាំងកាលពីថ្ងៃសុក្រ សប្តាហ៍មុន ហើយបន្ទាប់មកបានផ្ញើលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអន្តរាគមន៍ ដោយអះអាងថា ស្ថានីយថ្លឹងរថយន្តដែលផ្តល់ហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរំលោភលើដីរបស់ពួកគាត់និងប៉ះពាល់ដល់របររកស៊ីចិញ្ចឹមជីវិតរបស់ពួកគាត់។
លោក វ៉ែន រស្មី ជាតំណាងគ្រួសារពលរដ្ឋបានថ្លែងថា ពួកគាត់មានការភ្ញាក់ផ្អើលនៅពេលក្រុមការងារចុះមកវាស់វែងដីកាលពីសប្តាហ៍មុន បន្ទាប់ពីអាជ្ញាធរស្រុកនិងខេត្តបានយល់ព្រមពិចារណាគម្រោងនេះឡើងវិញកាលពីខែសីហា។
លោកបាននិយាយថា៖ «យើងរស់នៅនិងប្រកបរបររកស៊ីនៅទីនេះ។ ពួកគេអាចផ្លាស់ទៅកន្លែងផ្សេងទីដែលវាមិនប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ» ដោយលោកបានបន្ថែមថា ប្រជាពលរដ្ឋនឹងមិនទទួលយកសំណងណាមួយនោះទេ។
លោកបានបន្តថា៖ «ពួកគេប្រាប់យើងថា បន្ទាប់ពីពួកគេសង់ស្ថានីយថ្លឹងរថយន្តរួច ពួកគេនឹងកសាងផ្លូវថ្មីទំហំ៦ម៉ែត្រសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែវានៅតែមិនអាចទទួលយកបាន»។
លោក រស្មី បាននិយាយថា ស្ថានីយថ្លឹងរថយន្តនេះមានបណ្តោយប្រវែង៥០០ម៉ែត្រកាត់មុខផ្ទះនិងបិទផ្លូវប្រពលរដ្ឋ៣៤គ្រួសារនៅភូមិតាកុល ឃុំពានី។
ស្ថានីយថ្លឹងរថយន្តនេះ គឺជាផ្នែកមួយនៃគម្រោងជួសជុលផ្លូវជាតិលេខ៥ដែលមានទឹកប្រាក់៦០០លានដុល្លារផ្តល់ហិរញ្ញវត្ថុដោយ JICA ហើយគ្រោងសាងសង់នៅចំណុចបង្គោលគីឡូម៉ែត្រលេខ៤៨ក្នុងស្រុកកំពង់ត្រឡាច នេះបើឯកសារគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
លោក ប៉ាល់ ចាន់ដារ៉ា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលពាក្យបណ្តឹងរបស់គ្រួសារពលរដ្ឋរួចហើយ ប៉ុន្តែមិនទាន់បានធ្វើការស៊ើបអង្កេតពេញលេញនៅឡើយទេ។
លោកមានប្រសាសន៍ថា៖ «យើងគិតថា ការសាងសង់ស្ថានីយថ្លឹងរថយន្តនៅពីមុខដីរបស់ពួកគាត់ពិតជាប៉ះពាល់កម្មសិទ្ធិឯកជនរបស់ពួកគាត់។ ពួកគាត់មិនសប្បាយចិត្ត ពីព្រោះវាប៉ះពាល់របររកស៊ីប្រចាំថ្ងៃរបស់គាត់»។
លោកថា៖ «យើងនឹងពិភាក្សាបញ្ហានេះនៅសប្តាហ៍នេះ ព្រោះឯកសារស្ថិតក្នុងដៃឯកឧត្តមរដ្ឋមន្ត្រីរួចហើយ»។
តំណាងទីភ្នាក់ងារ JICA បាននិយាយថា បញ្ហាដែលកើតចេញពីគម្រោងដែលខ្លួនបានផ្តល់មូលនិធិគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជានិងបានបង្វែរសំណួរទៅរដ្ឋាភិបាលវិញ។
យោងតាមគេហទំព័ររបស់ទីភ្នាក់ងារ JICA បានឲ្យដឹងថា ការជួសជុលផ្លូវជាតិលេខ៥រួមទាំងការកែលម្អផ្លូវពីព្រែកក្តាមក្នុងខេត្តកណ្តាលទៅដល់ធ្លាម្អមនៅក្រុងប៉ោយប៉ែត ដែលនឹងធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់រវាងទីក្រុងភ្នំពេញនិងតំបន់ព្រំដែនថៃ។
គម្រោងនេះក៏រួមបញ្ចូលផ្លូវវាងថ្មីក្នុងខេត្តកំពង់ឆ្នាំងនិងនៅឧដុង្គហើយបានឆ្លងផុតគោលការណ៍ណែនាំផ្ទាល់របស់ JICA សម្រាប់ការពិចារណាលើសង្គមនិងបរិស្ថាន។
លោក រស្មី បាននិយាយថា ក្រុមគ្រួសារពលរដ្ឋនឹងជួបគ្នាម្តងទៀតនៅសប្តាហ៍ក្រោយនិងពិភាក្សានាំយកពាក្យបណ្តឹងទៅទីក្រុងភ្នំពេញទីដែលពួកគាត់នឹងតវ៉ានៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថានទូតជប៉ុន។
លោក សំ ចន្ទគា អ្នកសម្របសម្រួលប្រចាំខេត្តរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា បើមានការសិក្សាដោយយកចិត្តទុកដាក់ជាងនេះ អំពីផលប៉ះពាល់នៃគម្រោងនេះ បញ្ហាអាចត្រូវបានចៀសវាង។
លោកបានមានប្រសាសន៍ថា៖ «បន្ទាប់ពីមានការសិក្សា គេនឹងរកឃើញវិធី ដើម្បីកាត់បន្ថយផលប៉ះពាល់ ហើយពួកគេមិនគួរបន្តអភិវឌ្ឍដោយគ្មានដំណោះស្រាយនោះទេ ពីព្រោះវារំលោភលើសិទ្ធិរបស់ម្ចាស់ដី»។
លោក មួង សូនី ជាពលរដ្ឋបាននិយាយថា គម្រោងនេះនឹងកាត់ដីមុខផ្ទះរបស់លោកអស់បីម៉ែត្រ។ លោកថា គម្រោងនេះមិនយុត្តិធម៌ទេសម្រាប់ពួកកាត់ ហើយវាអាចរើទៅកន្លែងណាដែលមិនប៉ះពាល់នរណាម្នាក់។
លោកបាននិយាយថា៖ «វាផ្ទុយនឹងគោលនយោបាយអភិវឌ្ឍរបស់រដ្ឋាភិបាលពីព្រោះពួកគេមិនបានធ្វើការសិក្សាលម្អិតអំពីផលប៉ះពាល់។ ពួកគេមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋអំពីគម្រោងនេះទេ។ ពួកគេរំលោភសិទ្ធិរស់រានមានជីវិតរបស់យើង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kampong Chhnang families decry building of weigh station across their land