សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋខេត្តកំពង់ស្ពឺចោទក្រុមហ៊ុន «គ្មានឈ្មោះ»មួយថាបានបំពុលទឹកអូររបស់ពួកគាត់

លោក ឡាយ រដ្ឋា អ្នកខេត្តកំពង់ស្ពឺ ចង្អុលទៅកាន់អូរប្រុង និងបាននិយាយថាពេលនេះកខ្វក់អស់ហើយ និងមិនអាចផឹកបានទៀតទេ បន្ទាប់ពីរោងចក្របើកដំណើរការមក។ ស៊ន សារ៉ាត
លោក ឡាយ រដ្ឋា អ្នកខេត្តកំពង់ស្ពឺ ចង្អុលទៅកាន់អូរប្រុង និងបាននិយាយថាពេលនេះកខ្វក់អស់ហើយ និងមិនអាចផឹកបានទៀតទេ បន្ទាប់ពីរោងចក្របើកដំណើរការមក។ ស៊ន សារ៉ាត

អូរ​ប្រុង ស្ថិត​នៅ​ចំព្រំប្រទល់​ស្រុក​សំរោងទង និង​ស្រុក​ឱរ៉ាល់ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីរួមខេត្ត​កំពង់​ស្ពឺ។ នៅ​ម្ខាងនៃ​អូរនេះ​គឺ​ជាភូមិ​តាំងស្នោ ហើយ​អូរ​មួយ​​នេះ​ក៏​ហូរ​កាត់​ភូមិ​មនោរម្យ​ផង​ដែរ​។​

អ្នក​ភូមិទាំង​ពីរ​​ បាន​ប្រើ​ប្រាស់​ទឹក​អូរនេះ​សម្រាប់​ជា​ប្រព័ន្ធធារាស្រ្ត​ស្រោច​ស្រប់​ដំណាំ ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ និង​សម្រាប់​រក​ត្រី​ផង​ដែរ​។ អូរ​មួយ​ខ្សែ​នេះ​បាន​ជួយ​ទ្រ​ទ្រង់​ជីវភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ដល់​គ្រួសារ​ជា​ច្រើន​​​ក្នុង​សហគមន៍​ជនបទ​មួយ​នេះ​។​​

ក្នុង​ឆ្នាំ​២០១៩ អ្នក​ភូមិ បាន​កត់​សម្គាល់​ឃើញ​ថា​ទឹក​មិន​អាច​ប្រើប្រាស់​បាន​ទៀត​ទេ ហើយផ្នែក​ខ្លះ​នៃ​ទឹក​ក្នុង​អូរ​មាន​ប្រែ​​ពណ៌ទៅជាពណ៌​ខ្មៅ និង​ឡើងពពុះ​។ ទឹក​ក្នុង​អូរ​ក៏​បញ្ចេញក្លិនមិនល្អដែលមានចម្ងាយរហូតដល់ ២០០ ម៉ែត្រ​ពី​អូរ​ផង​ដែរ​។

​អ្នកភូមិតាំងស្នោ លោក ឡាយ រដ្ឋា និយាយថា៖ «ពេល​រោង​ចក្រ​ចាប់​ផ្ដើម​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០១៩ ទឹក​ប្រឡាយ​ទាំង​មូល​ប្រែជា​ពណ៌ខ្មៅ និង​មាន​ពពុះ ធ្វើ​ឲ្យត្រី​ងាប់ ហើយ​ឥឡូវ​យើង​លែង​មាន​ត្រីពីប្រឡាយ​ហូប​ទៀត​ហើយ»

​រោង​ចក្រ​ស្ថិត​នៅ​ក្នុង​ស្រុក​ឱរ៉ាល់ ​ផ្នែក​ម្ខាង​នៃប្រឡាយទឹក។ រោង​ចក្រ​មិ​ន​បាន​ដាក់​ស្លាក​ឈ្មោះ​នៅ​ខាង​ក្រៅ​ទេ ហើយ​អ្នក​ភូមិ​គិតថា​រោងចក្រនេះគ្រប់គ្រង​ដោយ​ជនជាតិ​ចិន​។​

​លោក ចាន់ សុភណ្ឌ ធ្វើការនៅ​រោង​ចក្រមួយ​នេះ តែ​លោក​មិន​ដឹង​ថា​រោង​ចក្រ​ឈ្មោះអ្វីទេ ដោយ​ថា​លោក​មិន​ចេះទាំងអង់គ្លេស ឬ​ចិន​។​​

លោក​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​មិនចេះអានទេ ព្រោះ​ទំនិញ​ទាំងអស់​សរសេរជា​ភាសា​ចិន និង​អង់គ្លេស»។​

លោក​បន្ថែម​ថា​រោង​ចក្រ​ផលិត​ដំណាប់​ស្វាយ បារី និង​ទឹក​ត្រី ហើយ​ពេល​នេះ​រោង​ចក្រ​បាន​ផ្អាក​ដំណើរ​ការ រង់ចាំរដូវ​ប្រមូល​ផល​ស្វាយ​។

សន្ដិសុខ​ម្នាក់យាម​នៅ​ខាង​មុខ​រោង​ចក្រ​ ក៏​មិន​ដឹ​ងថា​រោង​ចក្រ​នេះ​ឈ្មោះ​អ្វីដែរ។ លោកគ្រាន់​តែ​ចង្អុល​ទៅ​អក្សរ​ដែលមាន​សរសេរ​លើ​មួក​ថា​ «CSAS»។ CSAC គឺ​ជា​ក្រុម​ហ៊ុន​សន្តិសុខ​មាន​មូល​ដ្ឋាន​នៅទីក្រុង​ភ្នំពេញ និង​បាន​ធ្វើ​អាជីវកម្ម​ផ្ដល់​បុគ្គលិក​សន្តិសុខ។ នេះ​បើតា​ម​ព័ត៌មាន​លើ​ហ្វេស​ប៊ុក​របស់​ក្រុម​ហ៊ុន​។

អ្នក​ភូមិ​​រស់​នៅ​តាម​បណ្ដោយ​ដង​អូរនេះបានអះអាងថា​ការ​បាត់​បង់​គុណភាព​ទឹក​ដោយ​មិន​ដឹង​មូល​ហេតុ​នេះ មាន​ទាក់ទងទៅនឹង​ក្រុម​ហ៊ុន​មិនស្គាល់​ឈ្មោះខាងលើ។ អ្នក​សារព័ត៌មាន​ CambJA បាន​ទៅ​ដល់ទីតាំង​ក្រុម​ហ៊ុន និង​បា​នឃើញថា​ក្រុម​ហ៊ុន​បាន​ឈប់ដំណើរ​ការ ហើយ​ក៏​មិន​មាន​ដាក់​ស្លាក​ឈ្មោះ​នៅ​កន្លែងណាមួយ​តាម​របង​នោះដែរ​។​​

សម្រាប់​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​​ អ្នក​ភូមិ​បាន​ប្រើប្រាស់​ស្រះ​ទឹក​ក្នុង​វត្ត​អូរ​ប្រុង​ សម្រាប់​តម្រូវ​ការ​ប្រចាំថ្ងៃ។ ប៉ុន្តែ​អ្នក​ភូមិ​ភាគ​ច្រើន​ចំណាយ​ប្រាក់​ដើម្បីទិញ​ទឹកសម្រាប់​​បរិភោគ​។​

លោក រដ្ឋា ជា​ប្រជា​ការពារ​ភូមិ​តាំង​ស្នោផង​ដែរ​នោះ និយាយ​ថា​គ្រួសារ​ជា​ច្រើន​បាន​ចំណាយ​ប្រាក់​ប្រហែល​ប្រាំបួន​ដុល្លារ​អាមរិក​ពេល​ទិញ​ទឹក​ម្ដងៗ ហើយ​ថា​លោក​ចំណាយ​ប្រហែល​៣៥​ដុល្លារ​​កាលពី​ខែ​មុន​។ បើ​តាម​លោក រដ្ឋា ពលរដ្ឋ​ផ្សេង​ទៀត​មាន​បំណង​ជីក​អណ្ដូង​ជំនូស​វិញ​។​

លោក​ឲ្យ​ដឹង​ដែរថា​៖ «​ពួក​យើង​បាន​តវ៉ា​ជា​ច្រើន​ដង​មក​ហើយ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ ប៉ុន្តែគ្មាន​លទ្ធផល​មក​ទល់ពេលនេះ»។​

រដ្ឋា មិន​សប្បាយ​ចិត្ត​នឹង​ក្រុម​ហ៊ុននេះទេ ដោយ​ថា​ដំណើរការ​តែ​ក្នុង​រដូវ​ប្រមូល​ផល​ស្វាយ មិន​បាន​ជួយ​ផ្ដល់ការងារ​យូរអង្វែង​ដល់​អ្នក​ភូមិ​នោះទេ តែ​​ផ្ទុយ​មក​វិញ​បាន​បំពុល​ប្រ​ភព​ទឹក​របស់​អ្នក​ភូមិ​។

ភ្លាមៗ​​បន្ទាប់​ពី​មាន​បណ្ដឹង​របស់អ្នក​ភូមិ​ទាក់ទង​នឹងការ​ធ្វើ​ឲ្យអូរ​កខ្វក់​ មន្ត្រី​មូល​ដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​គុណភាព​ទឹក​អូរនេះ ប៉ុន្តែ​មិន​ទាន់​បាន​ផ្ដល់​លទ្ធផល​ថាយ៉ាង​ម៉េច​ឲ្យ​អ្នក​ភូមិ​ដឹង​នោះទេ​។​ ​

លោក ទ្រី រ៉ុន ជាកសិករ​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​មនោរម្យ។ ​ទឹកអូរនេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ដំណាំ​របស់​លោក។ លោក​រំឭក​ថា កាលពីឆ្នាំ​កន្លងទៅ​ទឹក​ក្នុង​អូរ​ «ថ្លាដូចកញ្ចក់» អ៊ីចឹង។ បន្ទាប់​ពី​ទឹក​មាន​បញ្ហា លោក​មិន​បាន​ប្រើ​ប្រាស់ទឹកក្នុង​អូរ​​​នេះ​​មួយ​រយៈ​កន្លង​មក​ហើយ​។​

លោកឲ្យ​ដឹងថា៖ «វា​ធ្វើ​ឲ្យ​រមាស់​ស្បែក ទោះបីជា​យើង​ដុស​សាប៊ូជម្រះ​ក៏​ដោយ យើង​មិន​ដឹង​ថា​មាន​អ្វី​នៅ​ក្នុងទឹក ហើយ​ក្នុង​រដូវ​ភ្លៀង​ទឹក​មាន​ក្លិន​ស្អុយ​អាក្រក់​កាន់​តែ​ខ្លាំង»។​

អ្នកភូមិ​និយាយថា ពី​រឆ្នាំ​បន្ទាប់ពី​មាន​បញ្ហានេះ​កើតឡើង មន្ត្រី​មូល​ដ្ឋាន​មិន​បានធ្វើ​​អ្វី​ ដើម្បី​ដោះស្រាយ​បញ្ហានេះទេ។ មន្ត្រី​មូល​ដ្ឋាន​អះអាង​ថា​មិន​ដឹង​អ្វី​ពីរោង​ចក្រ​នេះ និង​មូល​ហេតុ​នាំឲ្យ​មាន​ការ​បំពុល​នេះ​ដូច​គ្នា​។​. 

លោក ឆាយ សឿង មេឃុំ​ ក្នុង​ស្រុក​សំរោង​ទង មាន​ប្រ​សាសន៍ថា​អ្នក​ភូមិ៦៨​គ្រួសារ​ក្នុង​ភូមិ​តាំងស្នោ និង​អ្នក​ភូមិ​នៅ​ផ្នែក​ខាង​ក្រោម​ប្រឡាយ​៥៧គ្រួសារ​ទៀត បាន​ប្ដឹង​ពី​រឿង​ក្លិន​ស្អុយ និង​ទឹក​ឡើង​ពពុះ​​នេះ។

លោក​បន្ថែមថា៖ «អ្នក​រស់​នៅទី​នេះ ធ្លាប់​មក​ប្ដឹង​អាជ្ញាធរឃុំពីរឿង​នេះ ប៉ុន្តែតាំងពី​រោង​ចក្រ​ផ្អាក​ដំណើរ​ការ​មក មិនមាន​ក្លិន​ស្អុយ​ទៀតទេ ពល​រដ្ឋក៏​នៅ​ស្ងៀម​ឥឡូវនេះ គ្មាន​សំណូម​ពរ​អ្វីទៀត​ដែរនៅពេល​នេះ»។​ យ៉ាងណា លោក មេឃុំ រូប​នេះមិន​បាន​ដឹង​ទេ​រោង​ចក្រនេះ​មាន​ឈ្មោះអ្វី និង​ផលិត​អ្វី​នោះ។

អ្នកភូមិចោទប្រកាន់រោងចក្រ «គ្មានឈ្មោះ» ថាបានបំពុលប្រឡាយទឹកដែលពួកគាត់ធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រប់ដំណាំ។ ស៊ន សារ៉ាត

លោក​ ឯម សុគន្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ មិនអាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​បញ្ហានេះ​បានទេ​។​

អភិបាល​ខេត្ត​កំពង់​ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍​ថា​ លោក​មិន​បាន​ដឹងពី​បញ្ហានេះទេ និងថា​លោក​នឹង​បញ្ជូន​មន្ត្រី​មន្ទីរ​បរិស្ថាន​ឲ្យ​ទៅ​ពិនិត្យ​បញ្ហា​បំពុល​ទឹកអូរនេះ​។​

លោក ហាក់​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​សំណួរ​ទាក់ទង​នឹង​អត្តសញ្ញាណ​របស់​ក្រុម​ហ៊ុន និង​ថា​តើ​ក្រុម​ហ៊ុននេះ​បាន​ចុះ​បញ្ជីត្រឹម​ត្រូវ​ឬ​យ៉ាងណា ដោយ​មិន​បាន​ដាក់​ស្លាក​ឈ្មោះ ឬ​ក៏​ព័​ត៌មាន​ពី​ក្រុម​ហ៊ុន​។​

លោក​មាន​ប្រ​សាសន៍ថា៖ «​ឲ្យ​ខ្ញុំ​ដឹង​យ៉ាងម៉េច ថា​ក្រុម​ហ៊ុន​មួយ​ណា ពីព្រោះ​មាន​ក្រុមហ៊ុន​រាប់​រយ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ? ឲ្យពេល​ខ្ញុំ​ពិនិត្យ​លើ​រឿង​នេះ ហើយ​អរគុណ​ដែល​បាន​ផ្ដល់​ព័ត៌មាន​នេះ»។​

លោក​ រ័ត្ន ថាវី មន្រ្តី​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍ថាវា​ជា​រឿង​មិនប្រក្រតី ហើយទំនងជា​ខុស​ច្បាប់ ចំពោះ​ក្រុម​ហ៊ុន​ដែល​មិន​បាន​ដាក់​ឈ្មោះ និង​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន។ លោក​បន្តថា វាក៏​ជា​រឿង​គួរ​ឲ្យ​ឆ្ងល់ដែរ ដែល​ថា​មន្ត្រី​មូល​ដ្ឋាន​មិន​បាន​ស្គាល់​ក្រុម​ហ៊ុន​មាន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

លោក​ថា៖ «​វាមិន​មែនជា​រឿង​សម្ងាត់អីទេ»

លោកចោទជាសំណួរថា៖ «រដ្ឋាភិបាល ក៏​ដូច​ជា​មន្ត្រី​ខេត្ត​សុទ្ធតែមាន​បណ្ដាញ​នៅ​ថ្នាក់​ក្រោម ដូចនេះហេតុ​អ្វី​បានជា​ពួកគេ​មិន​ដឹង​រឿង​នេះ?» ​

អ្នកស្រី ឡាយ ជីវ័ន្ត កំពុង​អង្គុយ​នៅ​ក្រៅផ្ទះ​ធ្វើទ្រង់ចាប។ ស្រ្តី​វ័យ​៣៥​ឆ្នាំ​រូប​នេះ​រស់​នៅ​ក្នុង​ភូមិ​តាំងស្នោនេះដែរ និង​បាន​និយាយថា​ ជាការ​ពិត​ពេល​នេះ ទឹក​អូរ​លែង​មាន​ក្លិន​ទៀត​ហើយ តែ​អ្នក​ភូមិ​មិន​បាន​ប្រើ​ប្រាស់ទឹក​សម្រាប់បរិភោគ ឬ​ស្រោចស្រប់ដំណាំដូច​មុនទេ។

អ្នកស្រី​ យល់ឃើញ​ថា មន្ត្រី​ខ្លះអាច​បាន​លុយ​បាន​កាក់ពី​ក្រុម​ហ៊ុន ដើម្បី​មិន​ចាត់​ការ​លើ​ក្រុម​ហ៊ុន។​

អ្នកស្រី​បន្ថែមថា៖ «​ពួកគេ​បាន​លុយ ហើយ​ទុក​រឿង​ហ្នឹង​ចោល ដូច​លោក​បានដឹង​ហើយ​ ពេល​ដែលពួកគេ​បាន​លុយ ពួកគេ​ទុក​ចោល មិន​ស្វែង​រក​ដំណោះស្រាយ​ជូន​ប្រ​ជាជនទេ»។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kampong Speu villagers allege “nameless” factory behind “black and bubbly” stream​

875 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម