សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការខេត្តកំពង់ធំផ្តន្ទាទោសជនជាតិដើមភាគតិច២នាក់ដាក់ពន្ធនាគារ​១ឆ្នាំពាក់ព័ន្ធទំនាស់ដីធ្លី

តំណាងជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន ពាក់អាវខៀវឆ្នូតក្រហម និងចងក្រមាក្រហមឆ្នូតពណ៌សតូចៗកំពុងឈរនៅមុខតុលាការខេត្តកំពង់ធំ នៅពេលឡើងមកចូលរួមសវនាការកាលពីពេលកន្លងទៅ។ រូបថតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)
តំណាងជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន ពាក់អាវខៀវឆ្នូតក្រហម និងចងក្រមាក្រហមឆ្នូតពណ៌សតូចៗកំពុងឈរនៅមុខតុលាការខេត្តកំពង់ធំ នៅពេលឡើងមកចូលរួមសវនាការកាលពីពេលកន្លងទៅ។ រូបថតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្តកំពង់ធំផ្តន្ទាទោសតំណាងជនជាតិដើមភាគតិចកួយ២នាក់ ដាក់ពន្ធនាគារ១ឆ្នាំ ក្រោមបទចោទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ពាក់ព័ន្ធនឹងទំនាស់ដីធ្លី​ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សូ សុវណ្ណារ៉េត មានប្រសាសន៍ថា នៅព្រឹកថ្ងៃ​អង្គារ​នេះ ចៅក្រមជំនុំជម្រះ លោក សុខ ឧត្តម បានប្រកាសសាលក្រមផ្តន្ទាទោស​ជនជាប់​ចោទ​ឈ្មោះ ហេង សាភេន និង ចាន់ ឡាយហាគ ដោយដាក់ពន្ធនាគារក្នុងម្នាក់ៗ​មានរយៈ​ពេល​១ឆ្នាំ ប៉ុន្តែទោសអ្នកទាំងអស់ត្រូវព្យួរធម្មតា។

លោក សុវណ្ណារ៉េត បន្តទៀតថា ជនជាប់ចោទទាំង២នាក់នេះ ត្រូវបានចៅក្រមចោទប្រកាន់ ពីបទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» តាមបញ្ញត្តិមាត្រា២៥៣​នៃ​ច្បាប់​ភូមិបាល ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២២ នៅចំណុចភូមិថ្មី ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

មន្រ្តីតុលាការខេត្តកំពង់ធំរូបនេះ បញ្ជាក់ថា តុលាការទុករយៈពេលចំនួន១ខែ សម្រាប់ជនជាប់​ចោទ​ទាំង២នាក់ ក្នុងការដាក់ពាក្យប្ដឹងប្រឆាំងនឹងសាលក្រមនេះទៅកាន់តុលាការជាន់ខ្ពស់។

តំណាងជនជាតិដើមភាគតិចកួយ គឺអ្នកស្រី ហេង សាភេន ដែលជាជនជាប់ចោទមួយរូប​ក្នុង​សំណុំរឿងហិង្សានេះ បានចាត់ទុកការសម្រេចរបស់តុលាការថា ជាការកាត់ក្ដីដោយអយុត្តិធម៌ ដោយអ្នកស្រីថា មិនបានប្រើហិង្សាដូចការចោទប្រកាន់នោះទេ ហើយក្រុមហ៊ុនក៏បាន​ដក​ពាក្យ​​បណ្ដឹងវិញផងដែរ។

អ្នកស្រីបញ្ជាក់ថា៖«វាអយុត្តិធម៌សម្រាប់ខ្ញុំហើយនិងកូនខ្ញុំ [អ្នកស្រី ចាន់ ឡាយហាគ ត្រូវ​ជា​ជនជាប់ចោទមួយរូបទៀត ក្នុងសំណុំរឿងនេះ] ដោយសារខ្ញុំអត់បានទៅប្រព្រឹត្ត​កំហុសខុស​ឆ្គង​អី ហើយក្រុមហ៊ុនសម្រេចដកពាក្យបណ្ដឹងអីហើយ ទៅជាប្រកាសសាលក្រម​ទៅជាដាក់​ពួកខ្ញុំមួយឆ្នាំទៀត»

អ្នកស្រី អះអាងថា បញ្ហាដីធ្លីនេះកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ តាំងពី​ក្រុមហ៊ុន​ចាប់ផ្ដើមបោះបង្គោលលើដីអាស្រ័យផលរបស់សហគមន៍ ហើយទំនាស់រវាងភាគី​ក្រុមហ៊ុន និងពលរដ្ឋក៏ផ្ទុះឡើង។

អ្នកស្រី បន្តអះអាងទៀតថា នៅថ្ងៃកើតហេតុ [ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២] ក្រុមពលរដ្ឋ​បាន​យកត្រាក់ទ័រមកភ្ជួររាស់លើដីមានទំនាស់នេះដែលមានភាពរេចរឹល​ដើម្បីធ្វើការដាំដំណាំ ប៉ុន្តែ​អាជ្ញាធរបានចុះមកឃាត់ ហើយប្រឆាំងចំពោះរឿងនេះ។

អ្នកស្រីនិយាយថា៖«ដីវារេចរឹលហើយពួកយើងក៏សូមយើងត្រាក់ទ័រទៅរុញ គេចាប់គេឃាត់​ គេថាជាដីរបស់ក្រុមហ៊ុន»

បើតាមអ្នកស្រី សាភេន ឱ្យដឹងថា ដីមានទំនាស់សព្វថ្ងៃត្រូវបានជនជាតិដើមភាគតិចកួយ​បន្ត​អាស្រ័យផលដូចជាដាំដំឡូង ចន្ទី និងធ្វើស្រែចំការជាដើម។ អ្នកស្រីបញ្ជាក់ថា ប្រសិនបើ​ជនជាតិ​ដើមភាគតិចទាំងនោះបាត់បង់ដីធ្លីនេះ ពួកគេនឹងប្រឈមបញ្ហាជីវភាព។

អ្នកស្រីនិយាយថា៖«ជនជាតិដើមភាគតិចរស់ដោយសារដីធ្លី អត់ចេះលក់ចាប់ហួយអី ឬក៏អត់​ចេះ​ធ្វើអីផ្សេងទៀតទេ មានតែដីធ្លីអាស្រ័យផលចិញ្ចឹមជីវិតយើង»។

ដោយមិនពេញចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តកំពង់ធំ អ្នកស្រី សាភេន ថា នឹងពិភាក្សាជាមួយមេធាវីជុំវិញការដាក់ពាក្យបណ្ដឹងប្រឆាំងសាលក្រមនេះទៅកាន់សាលា​ឧទ្ធរណ៍។

មេធាវីការពារក្ដីឱ្យជនជាតិដើមភាគតិចកួយទាំង២រូប លោក លូត សាំង អះអាងថា ចៅក្រម​បានចោទប្រកាន់លើកូនក្ដីរបស់លោកទាំងគ្មានភស្តុតាងជាក់លាក់ថាពួកគេបានប្រព្រឹត្តបទល្មើសឡើយ។

លោក សាំង ថ្លែងថា៖ «យើងមើលឃើញថាការចោទប្រកាន់របស់ចៅក្រមនៅ​ក្នុង​សវនាការ​នេះ វាខុសនីតិវិធី ហើយមានភាពលម្អៀងទៅក្រុមហ៊ុនមែនទែន»

លោក អះអាងថា កាលពីសវនាការកន្លងទៅ ភស្តុតាងដែលដើមបណ្ដឹងដាក់មក ជាផែនទី​ដែលមានលក្ខណៈខុសស្រឡះពីទីតាំងដីមានទំនាស់ដែលជាកន្លែងកើតហេតុរហូតដល់ទៅជាង២គីឡូម៉ែត្រពីគ្នា។ 

លោកបន្តថា អាជ្ញាធរបានមូលដ្ឋានបានចុះវាស់វែងលើទីតាំងដីដែលជាកន្លែង​កើតហេតុ​ដោយ​រកឃើញថា មានទំហំដីជាង១ហិកតាហើយជាដីរបស់អ្នកភូមិ ខុសពីការលើកឡើង​របស់តំណាងក្រុមហ៊ុនក្នុងសវនាការថា កូនក្ដីរបស់លោកបានធ្វើសកម្មភាព​បំពានលើដី​ក្រុមហ៊ុនចំនួន២១ហិកតា។

ជនជាតិដើមភាគតិចកួយប្រមាណ៥០នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូង ខេត្តកំពង់ធំ ដើម្បីគាំទ្រដល់តំណាងពួកគេ។ រូបថតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

យុវជនជនជាតិដើមភាគិតកួយមួយរូប លោក ឃុត សុន យល់ថា តុលាការគួរទម្លាក់បទចោទ​ប្រកាន់​លើអ្នកស្រី ហេង សាភេន និង អ្នកស្រី ចាន់ ឡាយហាគ ដោយសារពួកគេគ្រាន់តែ​ធ្វើ​សកម្មភាព​ដើម្បីអាស្រ័យផលលើដីសហគមន៍ប៉ុណ្ណោះ។

លោកបន្ថែមថា៖ «គាត់មិនបានរំលោភយកដីក្រុមហ៊ុននោះទេ គាត់ភ្ជួររាស់លើដីសហគមន៍»

អ្នកសារព័ត៌មានខេមបូចា ពុំអាចសុំការបកស្រាយពីដើមបណ្តឹង គឺ​​លោក ឆេង ផាន់ តំណាង​ឱ្យ​​ក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម បានទេគិតត្រឹមល្ងាចថ្ងៃអង្គារនេះ។

នាយកទទួលបន្ទុកចាត់ការទូទៅ​ប្រចាំ​អង្គការ​សិទ្ធិមនុស្ស ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា តុលាការបានកាត់ក្ដីដោយអយុត្តិធម៌លើជនជាតិដើម​ភាគតិចកួយ​ទាំង២នាក់​នេះ ដោយសារទំនាស់ដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនមិនទាន់មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​នៅឡើយ។

លោកសង្កេតឃើញថា ជាញឹកញយប្រព័ន្ធតុលាការត្រូវបានគេមើលឃើញថា ជាយន្តការ​ក្នុង​ការ​ដាក់គំនាបនិងគំរាមកំហែងលើពលរដ្ឋដែលមានបញ្ហាដីធ្លីបែបនេះ។

លោកនិយាយថា៖«វាគួរតែដោះស្រាយគ្នាទៅតាមអាជ្ញាធរដែលពាក់ព័ន្ធ។ អាជ្ញាធរគួរតែ​ពិនិត្យ​មើលដើម្បីដោះស្រាយឱ្យបានច្បាស់លាស់ដើម្បីបញ្ចប់វិវាទ។ មិនគួរណាប្រើប្រាស់​តាមប្រព័ន្ធតុលាការក្នុងការប្ដឹងផ្ដល់ការចោទប្រកាន់គាត់ ធ្វើឱ្យគាត់មានការ​កាត់ទោស​តាម​ផ្លូវតុលាការចឹងទេ»

តំណាងជនជាតិដើមភាគតិចកួយទាំង២នាក់ម្ដាយ និងកូន បានរងការចោទប្រកាន់ពីតំណាង ក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម លោក ឆេង ផាន់ ថាបានប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុ​ដោយ​ស្របច្បាប់ដែលប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២២។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សាលាដំបូងខេត្តកំពង់ធំ បានបើកការជុំនំជម្រះ​លើអ្នក​ទាំង​២ ក្រោមបទចោទ«ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ 

បើតាមជនជាប់ចោទ អ្នកស្រី ហេង សាភេន បានបញ្ជាក់ថា ក្នុងសវនាការនាពេលនោះ ចៅក្រម អះអាងថា ដើមបណ្ដឹង លោក ឆេង ផាន់ តំណាង​​ឱ្យ​ក្រុម​​ហ៊ុន​ សម្បត្តិ ផ្លេធីណឹម បានសម្រេចដកពាក្យបណ្ដឹងវិញ។

ជនជាប់ចោទទាំង២នាក់ គឺអ្នកស្រី ហេង សាភេន និងអ្នកស្រី ចាន់ ឡាយហាគ កាល​ពីពេល​កន្លង​ទៅបានបដិសេធចំពោះការចោទប្រកាន់ថាពួកគេ បានប្រើអំពើហិង្សា​លើម្ចាស់កម្មសិទ្ធិ​អចលនវត្ថុ ដោយអះអាងថា ពួកគាត់គ្រាន់អាស្រ័យផលលើដីសហគមន៍របស់ខ្លួនប៉ុណ្ណោះ។

តំណាង​ជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន ត្រូវបានតុលាការឃុំខ្លួនបណ្តោះ​អាសន្ន​ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ទៅតាម​បណ្តឹង​របស់​ក្រុមហ៊ុន ប៉ុន្តែត្រូវបាន​ដោះ​លែង​ឱ្យនៅក្រៅឃុំវិញ នៅថ្ងៃទី៣០ ខែមិថុនា។

ទំនាស់ដីធ្លីរវាងជនជាតិដើមភាគតិចជាង១០០គ្រួសារជាមួយក្រុមហ៊ុនដំណាំកៅស៊ូនេះ បានកើតឡើងតាំងពីជាង១០ឆ្នាំមុន ក្រោយក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគពីរដ្ឋ។

បើតាមផែនទីសម្គាល់ទីតាំងរបស់​រដ្ឋាភិបាល កាលពីឆ្នាំ២០១១ ក្រុមហ៊ុន ​សម្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co., LldTD) ជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម និងដំណាំកៅស៊ូ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំ ២ ៤៩៦ហិកតា ស្ថិតនៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្ត្រឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប៉ុន្តែ ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ចំនួន១០៤គ្រួសាររស់នៅក្បែរតំបន់វិនិយោគក្រុមហ៊ុននេះ ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ បែងចែកដែនដីឱ្យបានច្បាស់លាស់រវាងដីក្រុមហ៊ុន និងដី​សមូហភាព​​របស់​ប្រជាសហគមន៍ ដោយពួកគេបានចោទប្រកាន់ក្រុមហ៊ុននេះថា​ បាន​បោះ​បង្គោលរំលោភលើ​ដីសហគមន៍ និងឈូសឆាយផលដំណាំរបស់អ្នកភូមិអស់ជាច្រើនហិកតា។

កាលពីឆ្នាំ២០២១ ប្រជា​ពលរដ្ឋរងផលប៉ះពាល់ ​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពីអាជ្ញាធរខេត្ត​កំពង់ធំ និងក្រសួងរៀបចំ​ដែនដី​។

ឆ្លើយតបនឹងការសុំរកដំណោះស្រាយនេះ មន្ទីរររៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ខេត្តកំពង់ធំ កាលពីថ្ងៃទី១​៣ ខែសីហា ឆ្នាំ២០២១ បានចេញលិខិតមួយឱ្យ​ក្រុម​​ហ៊ុន សម្បត្តិ ផ្លេធីណឹម និងក្រុមហ៊ុន ទេពីអាត្រូ បញ្ឈប់សកម្មភាពបោះបង្គោលព្រំ ឈូស​ឆាយ​ផល​ដំណាំ និង​ដកបង្គោល​ព្រំ​ចេញ​ពី​ដី​សហគមន៍ ព្រមទាំងសងសំណងផលដំណាំដែលក្រុមហ៊ុន​បាន​ឈូស​ឆាយបំផ្លាញចោលជូនពលរដ្ឋទៀតផង។

តែទោះជាបែបនេះក្ដី ទំនាស់ដីធ្លីនេះនៅបន្តកើតមាន ដែលជំរុញឱ្យជន​ជាតិ​ដើម​ភាគ​តិច​កួយ​ចំនួន១០៤គ្រួសារ នៅ​ភូមិ​ងន ឃុំ​ងន ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ២០២២ ​បាន​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ខេត្ត​បន្តទៀត​​ ដោយសុំ​ឱ្យអាជ្ញាធរ​​​អន្តរា​គមន៍​​បញ្ឈប់​​ក្រុមហ៊ុន​កុំ​​ឱ្យ​​ឈូស​ឆាយ​លើ​ដី​របស់​ខ្លួន និង​កំណត់​ព្រំ​ដែន​ឱ្យ​​បាន​ច្បាស់លាស់​រវាង​ដី​របស់​ពួកគេ និងដីក្រុមហ៊ុន ក្រោយ​មាន​ជម្លោះជាង១០ឆ្នាំ។

ក្នុងញត្តិដាក់សុំអន្តរាគមន៍ពីរដ្ឋបាលខេត្តកំពង់ធំ អះអាងថា ជនជាតិដើមភាគតិចកួយកំពុង​ប្រឈម​ការបាត់បង់ដីធ្លី ដែលធ្លាប់កាន់កា​ប់ និង​ប្រើប្រាស់អាស្រ័យផលតាមបែប​ទំនៀម​ទម្លាប់​​ប្រពៃណី និងបានគ្រប់គ្រងជាសមូហភាពតាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ៕

337 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម