សមត្ថកិច្ចខេត្តកណ្តាលបដិសេធព័ត៌មានដែលប្រជាពលរដ្ឋមួយចំនួននៅស្រុកកោះធំ លើកឡើងថា មានការចែកចាយគ្រឿងញៀនបើកចំហដូចផ្សារបន្លែត្រីសាច់ ហើយថា មន្ត្រីពាក់ព័ន្ធប្រឹងប្រែងធ្វើកិច្ចការងារនេះគ្មានពេលឈប់សម្រាកនោះទេ។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានចេញលិខិតមួយផ្ញើទៅស្នងការខេត្តកណ្តាល ឱ្យពិនិត្យរួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរដើម្បីឱ្យក្រសួងមានចំណាត់ការបន្តចំពោះករណីដែលពលរដ្ឋមួយចំនួននៅស្រុកកោះធំលើកឡើងថា មានការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដូចផ្សារបន្លែត្រីសាច់។ លិខិតក្រសួងមហាផ្ទៃនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខេមបូចា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
ជុំវិញបញ្ហានេះ ខេមបូចា មិនអាចសុំការឆ្លើយតបពីស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្ត បានទេដោយលោកស្តាប់សំនួរហើយចុចបិទទូរស័ព្ទ ចំណែកអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់ថា រវល់ប្រជុំហើយក្រុមការងារបានផ្ញើសំនួរតាមតេឡេក្រាមក៏លោកមិនមានការឆ្លើយតបដែរ។
ចំណែកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក ឈុន ស៊ីណាត ឱ្យដឹងថា ស្នងការដ្ឋានខេត្តកណ្តាលបានពិនិត្យស្រាវជ្រាវ និងបានធ្វើរបាយការណ៍ទៅក្រសួងមហាផ្ទៃរួចហើយ។ លោកថា របាយការណ៍រកឃើញថាមិនមានបញ្ហាគ្រឿងញៀនច្រើនដូចការលើកឡើងរបស់ពលរដ្ឋមួយចំនួននោះទេ។
លោក ឈុន ស៊ីណាត បញ្ជាក់ថា៖ «ការលើកឡើងរបស់គេហ្នឹងគឺមិនត្រឹមត្រូវទេ ព្រោះថាការមានគ្រឿងញៀនច្រើនហ្នឹងអត់ទេ ដោយសារពួកយើងនេះធ្វើការងារនេះសកម្ម គ្មានពេលសម្រាកផងមួយឆ្នាំៗ គឺរវល់សឹងងាប់»។
ចំពោះព័ត៌មានលម្អិតបន្ថែមលើសពីនេះ លោក ឈុន ស៊ីណាត ឱ្យសួរមន្ត្រីទទួលបន្ទុកផ្នែកគ្រឿងញៀន។ ប៉ុន្តែលោក មិន ប៊ុនឆៀង ស្នងការរងទទួលបន្ទុកផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ មិនលើកទូរស័ព្ទហើយក៏មិនឆ្លើយសំនួរដែលផ្ញើតាមតេឡេក្រាមដែរ។
ប្រជាពលរដ្ឋរស់នៅឃុំសំពៅពូន ក្នុងស្រុកកោះធំ លោកនួន អះអាងថា បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់លោកមិនមានការថយចុះនោះទេ ធ្វើឱ្យរូបលោកក៏ដូចជាពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្ភជាខ្លាំង។
លោក នួន និយាយថា៖ «បើយើងចុះតាមមូលដ្ឋានបានដឹង។ និយាយឱ្យចំដូចបុណ្យកឋិនទៅហើយ នេះយើងនិយាយតាមភូមិនីមួយៗជក់ឡើងវ៉ល់ហើយ»។
លោកឱ្យដឹងទៀតថា សកម្មភាពប្រើប្រាស់ និងចែកចាយ តែងចេញធ្វើសកម្មភាពក្នុងអំឡុងម៉ោងប្រមាណ៨យប់ដោយមានការជួបជុំគ្នា ពេលខ្លះក៏លួចទ្រព្យសម្បត្តិអ្នកភូមិផងដែរ។

ពលរដ្ឋម្នាក់ទៀតនៅឃុំព្រែកស្តី ស្រុកកោះធំ អ្នកស្រី លាងលី ថ្លែងថា បញ្ហាគ្រឿងញៀននៅតែមានច្រើនដែលអ្នកប្រើប្រាស់ភាគច្រើនអាយុប្រមាណ៣០ឆ្នាំ។
អ្នកស្រី លាងលី ឱ្យដឹងថា៖ «គ្រឿងញៀននៅស្រុកកោះធំនេះវាច្រើនទូទៅម៉ងលោកគ្រូខ្លាំងម៉ង។ វានាំគ្នាទៅបឹងណាត់គ្នាជក់ទឹងៗតែម្តងលោកគ្រូ ហើយអ្នកលក់យកទៅលក់នៅក្នុងបឹង»។
អ្នកស្រីបង្ហាញការព្រួយបារម្ភពីអនាគតកូនប្រុសស្រីរបស់គាត់ដែលបច្ចុប្បន្នមានអាយុក្រោម២០ឆ្នាំ ដោយខ្លាចថ្ងៃក្រោយត្រូវមិត្តភ័ក្តិអូសទាញឱ្យប្រើប្រាស់គ្រឿងញៀន។
អ្នកស្រី អំពាវនាវសុំឱ្យមន្ត្រីជាន់ខ្ពស់ចុះទៅដល់មូលដ្ឋានឱ្យបានញឹកញាប់ ដើម្បីស្រាវជ្រាវ និងទប់ស្កាត់ករណីនេះឱ្យមានប្រសិទ្ធិភាព។
អ្នកស្រី លាងលី បន្តថា៖ «ស្នើទៅថ្នាក់លើឱ្យជួយដោះស្រាយក្មេងៗជក់គ្រឿងញៀនហ្នឹង។ ឱ្យពួកគាត់ឧស្សាហ៍ចុះដូចជា មកយាមចឹង។ បើគាត់អត់ធ្វើដឹងធ្វើឮ ធ្វើប្រងើយៗចឹងក្មេងវាអត់ខ្លាចទេ»។
ពលរដ្ឋម្នាក់ទៀតនៅក្នុងឃុំព្រែកថ្មី ស្រុកកោះធំ លោក ឆាយ ឱ្យដឹងថា ក្រុមយុវជនដែលប្រើប្រាស់គ្រឿងញៀនតែងតែបំផ្លាញដំណាំនៅចំការរបស់លោកនិងចំការអ្នកជិតខាង។
លោក ឆាយ និយាយថា៖ «ជក់ហើយ មិនមែនគេចំណាយតែគ្នីគ្នាគេទេ គេបំផ្លាញដូចជា កាប់ចេក កាប់ដំណាំអីជាដើម»។
លោក ឆាយ ឱ្យដឹងថា លោកធ្លាប់យកបញ្ហានេះទៅជជែកជាមួយមេភូមិដែរ ប៉ុន្តែមេភូមិថា មិនដឹងធ្វើយ៉ាងម៉េចព្រោះមិនមានលទ្ធភាពដោះស្រាយ។ លោកថា នៅឃុំរបស់លោកក៏ធ្លាប់មានកូនញៀនថ្នាំដេញកាប់ឪពុកម្តាយដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង ជំរុញឱ្យមន្ត្រីពាក់ព័ន្ធនៅថ្នាក់លើត្រូវចុះស្រាវជ្រាវជួបផ្ទាល់ជាមួយពលរដ្ឋទើបអាចរកឃើញបញ្ហាពិតហើយអាចដាក់ផែនការដោះស្រាយបាន។
លោក គិមអេង មានប្រសាសន៍ថា៖ «ពាក្យថា ស្រាវជ្រាវទាល់តែទៅផ្ទាល់ ទៅមើលផ្ទាល់ទៅសួរប្រជាពលរដ្ឋទៅសួរអ្នកពាក់ព័ន្ធផ្សេងៗទៀតថា វាមានករណីចឹងកើតមានឡើងមែនអត់? បញ្ហាគ្រឿងញៀនជាបញ្ហាដ៏រសើបហើយក៏ជាបញ្ហាដែលមានការលើកឡើងស្ទើរតែគ្រប់ទីកន្លែង ហើយក៏ជាបញ្ហាដែលមានកំណត់នៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលដែរ»។
របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា រយៈពេល៩ខែឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបាន ៤៤៦១ករណី ឃាត់ខ្លួនមនុស្សបាន ៩៨២៨នាក់ និងរឹបអូសគ្រឿងញៀន ១០៤៩ គីឡូក្រាម។
ចំណែកព្រឹត្តិការណ៍បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំចុងក្រោយដែលមានការចាប់អារម្មណ៍ខ្លាំងពីមហាជននោះគឺនៅក្នុងខែធ្នូឆ្នាំ២០២១នេះ បង្ក្រាបទីតាំងផលិតនិងកែច្នៃមួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ ចាប់បានជាង១០នាក់ និងរឹបអូសគ្រឿងញៀនបាន២២០១គីឡូ។
នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្ម កម្រាស់១២១ទំព័រ ចេញផ្សាយកាលពីខែមិថុនាឆ្នាំ២០២១ បញ្ជាក់ថា កម្ពុជាបានក្លាយជាគោលដៅមួយនៅក្នុងការផលិតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន៕