សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បក្សប្រឆាំងបញ្ជាក់ជំហរមិនពាក់ព័ន្ធនឹងលោក សម រង្សី បន្ទាប់ពីក្រសួងមហាផ្ទៃ​ព្រមាន

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ត្រូវបានសម្ពោធដាក់ឧ្យប្រើប្រាស់ជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)
អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ត្រូវបានសម្ពោធដាក់ឧ្យប្រើប្រាស់ជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

គណបក្សប្រឆាំងចំនួន៣បានបដិសេធក្នុងការជាប់ទាក់ទងជាមួយ លោក សម​ រង្សី​ ក្រោម​ហេតុ​ផលថាបក្សនយោបាយមានសិទ្ធិពេញលេញក្នុងការធ្វើសេចក្ដីសម្រេចចិត្តរបស់ខ្លួន ស្របពេលដែលក្រសួងមហាផ្ទៃព្រមានរំលាយបក្សនយោបាយណាដែលអនុវត្តផ្ទុយពីច្បាប់​បានកំណត់។

កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្រសួងមហាផ្ទៃ​ បានព្រមានទុកជាមុនចំពោះគណបក្សដែល បានចុះឈ្មោះបោះឆ្នោតព្រឹទ្ធសភា ត្រូវបញ្ឈប់ជាបន្ទាន់រាល់ទង្វើរដែលបំពានច្បាប់ស្តីពី​គណបក្សនយោបាយពាក់ព័ន្ធនឹងការធ្វើសកម្មភាពនានាតាមការបង្គាប់ពីទណ្ឌិត។

មួយថ្ងៃបន្ទាប់ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួនថា បក្សប្រឆាំងទាំងពីរមិនស្ថិតក្រោមការបង្គាប់បញ្ជា​ដោយផ្ទាល់ ឬប្រយោលពី​បុគ្គល​​ណាមួយនោះទេ ហើយគណបក្សអនុវត្តការងាររបស់ខ្លួនស្របតាមច្បាប់ និងប្រកប​ដោយការទទួលខុសត្រូវ។

ការបដិសេធនេះដែរបានធ្វើឡើងក្រោយលោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី១២ ខែមករា អំពាវនាវឱ្យបក្សកម្លាំងជាតិ និងឆន្ទៈខ្មែរធ្វើការរួបរួមគ្នា​ដើម្បីទទួល​បាន​​ជ័យជំនះ​ក្នុងការបោះឆ្នោតព្រឹទ្ធសភា ដោយលោក បានសង្កត់ន័យថា «ត្រូវតែចែក​តួនាទី​គ្នា​»។ បន្ទាប់មកក្រសួងមហាផ្ទៃបានចេញលិខិត​ព្រមាន​រំលាយបក្សណាអនុវត្ត​មិនស្រប​ច្បាប់​។ 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ថ្លែងថា ការព្រមានរបស់ក្រសួងមហាផ្ទៃនេះ ជា​ការ​ដាស់តឿនដល់ប្រធានគណបក្សប្រឆាំងទាំង៣ កុំឱ្យប្រព្រឹត្តផ្ទុយពីច្បាប់បានកំណត់ ខណៈ​លោកចាត់ទុកថា ករណីនេះមិនមែនជាការរំលោភលើសិទ្ធិទេ។ លោកបន្តថា វិធានការ​បន្តទៀត ក្រសួងមហាផ្ទៃនឹងតាមឃ្លាំមើលសកម្មភាពរបស់បក្សនយោបាយទាំងនោះ ហើយ​ប្រសិន​បើមានការអនុវត្តតាមលោក សម រង្សីមែននោះ សមត្ថកិច្ចនឹងប្រមូលភស្តុតាង រួច​អនុវត្ត​តាមច្បាប់។

លោកបានបញ្ជាក់ថា៖«ចឹងហើយដើម្បីឱ្យមានការចាប់អារម្មទាញស្មារតី​របស់មេដឹកនាំ​គណបក្ស​ទាំង៣ កុំឱ្យចូលទៅក្នុងគន្លងនូវផ្លូវខុសដែលច្បាប់បានកំណត់ ក្រសួងមហាផ្ទៃ​សម្រេចប្រើពាក្យឱ្យបានធ្ងន់បន្តិច​គឺប្រើពាក្យព្រមាននេះ»

ក្រសួងមហាផ្ទៃកាលពីថ្ងៃពុធ សប្ដាហ៍មុន បានលុបឈ្មោះ «គណបក្សបញ្ញាទំនើប» ​ចេញ​ពី​បញ្ជី​បង្កើតគណបក្សនយោបាយ តាមការស្នើសុំរបស់តំណាងស្ថាបនិកលោក អ៊ឹម សូនិត។ ស្ថាបនិកបក្សនេះ ថា ពុំមានលទ្ធភាពក្នុងការបំពេញលក្ខខណ្ឌសម្រាប់​ចុះបញ្ជីស្របច្បាប់​នៅ​ក្រសួងមហាផ្ទៃបានឡើយ។ 

បេក្ខជនសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរ និងជាអតីតអ្នកនាំពាក្យបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ​ ថ្លែងថា ការព្រមានពីក្រសួងមហាផ្ទៃនេះជារូបភាពមួយ​នៃការដាក់សម្ពាធ​ខាង​នយោបាយ​លើគណបក្សប្រឆាំង។

លោកលើកឡើងថា៖«ចឹងទេគណបក្សនីមួយៗគេព្រមាននោះគឺ ដើម្បីកុំឱ្យយើងនេះ​មាន​បញ្ហា​ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ គេប្រាប់យើង​ពី​ការអនុវត្តច្បាប់ យើងអាចនិយាយថានេះជា​សម្ពាធនយោបាយ»

បន្ថែមពីលើនេះ លោក គឹមសួរ ភិរិទ្ធ ថា បក្សឆន្ទៈខ្មែរស្វាគមន៍ចំពោះគណបក្ស​នយោបាយ​ផ្សេង​ទៀតដែលមានបំណងរួបរួមគ្នាក្នុង​សម្ព័ន្ធភាព ហើយលោកថា វាជាសិទ្ធិ​របស់​គណបក្ស​នយោបាយ មិនជាប់ពាក់ព័ន្ធនឹងការអំពាវនាវរបស់បុគ្គលណាឡើយ។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន  ថ្លែងថាបក្សកម្លាំងជាតិមិនចាំបាច់ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់ពីជំហររបស់ខ្លួនឡើយ ព្រោះបក្សប្រឆាំងមួយនេះបានអនុវត្ត​តាម​ច្បាប់។

លោកបានចាត់ទុកការអំពាវនាវរបស់លោក សម រង្សី គឺជាការបញ្ចេញ​នូវទស្សនៈ​ក្នុងនាម​ជា​ឥស្សរជន​នយោបាយ។ ជាមួយគ្នានេះ លោកមានមន្ទិលថា ចុះបើលោក សម រង្សី និយាយ​ពាក់​ព័ន្ធ​នឹងបក្សប្រជាជនកម្ពុជាវិញ តើក្រសួងមហាផ្ទៃនឹងមានវិធានការបែប​ណា?។

ជុំវិញការអំពាវនាវឱ្យកម្លាំងប្រជាធិបតេយ្យរួបរួមគ្នា លោក រ៉ុង ឈុន ថ្លែងថា បក្សកម្លាំងជាតិ​ទទួល​​យកយោបល់គ្រប់មជ្ឈដ្ឋានទាំងអស់ដោយទុកជាការអភិវឌ្ឍសង្គមជាតិ។

លោកបន្ថែមថា៖ «គណបក្សកម្លាំងជាតិយើងទទួលយកគ្រប់មតិយោបល់ម្ចាស់ឆ្នោត សង្គម​ស៊ីវិល អ្នកវិភាគ អ្នកនយោបាយ ដែលយើងមើលឃើញថា វាមានផលចំណេញសម្រាប់ជាតិ ប្រជាពលរដ្ឋយើងត្រូវតែអនុវត្តធ្វើទៅតាមហ្នឹងហើយ»។ 

ស្របពេលដែលអំពាវនាវឱ្យកម្លាំងប្រជាធិបតេយ្យរួបរួមគ្នាដើម្បីលើកកម្ពស់លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា លោក សម រង្សី ក៏បានអះអាងថា ការបោះឆ្នោតជ្រើសរើស​សមាជិក​​ព្រឹទ្ធសភាពខាងមុខ ប្រសិនបើភូមិភាគណាមួយ​មានបក្ស​កម្លាំងជាតិ​និងឆន្ទៈខ្មែរ​ប្រកួត​ប្រជែងគ្នានោះ បក្សទាំងពីរនឹងរងការបរាជ័យជាក់ជាមិនខាន។

ក្នុងថ្ងៃដដែលបន្ទាប់ពីការអំពាវនាវរបស់មេដឹកនាំនយោបាយប្រឆាំងនៅឯនាយសមុទ្រ ក្រសួងមហាផ្ទៃបានចេញសេចក្ដីថ្លែងការណ៍មួយដោយព្រមានចំៗទៅកាន់គណបក្ស​នយោបាយដែលត្រូវបានលោក សម រង្សី លើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន និង​បាន​​ចុះឈ្មោះបោះឆ្នោតព្រឹទ្ធសភា ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលផ្ទុយពីច្បាប់ដែល​អាច​រងនូវការផ្អាកសកម្មភាព៥ឆ្នាំ ឬការរំលាយដោយតុលាការ តាមមាត្រា៤៤ថ្មី(ពីរ) នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ 

លោកបណ្ឌិត មាស នី ចាត់ទុកការអំពាវនាវរបស់លោក សម រង្សី ជាការរំខានដល់​ការធ្វើ​នយោបាយ​របស់បក្សប្រឆាំងនៅក្នុងប្រទេស និងជាការបើកដៃឱ្យបក្ស​កាន់អំណាច​មាន​ហេតុ​ផល​ក្នុងការកៀបសង្កត់បក្សប្រឆាំង។

លោកបន្តថា ក្នុងពេលបច្ចុប្បន្ន អ្នកប្រជាធិបតេយ្យគួរមានយុទ្ធសាស្រ្ត ឬជាការផ្ដល់​ទំនុក​ចិត្តលើសម្រេចចិត្តខាងនយោបាយដល់អ្នកនៅ​ក្នុងស្រុកដើម្បីអាចធ្វើនយោបាយដោយឯករាជ្យ ហើយមិនមានការរឹតបន្តឹងច្បាប់ពីបក្សកាន់អំណាច។

លោកថ្លែងថា៖«អ្វីដែលជាការអំពាវនាវរបស់លោកសមរង្សី  វាស្មើនឹង​មិនឱ្យគណបក្ស​ណាមួយថ្មីអាចធ្វើដំណើរបានដោយរលូននៅក្នុងក្របខណ្ឌរឹតបន្តឹងផ្លូវច្បាប់របស់គណបក្សកាន់អំណាច»។ 

កាលពីពេលកន្លងទៅគណបក្សប្រឆាំងទាំងពីរបានអះអាង​ផ្ទុយគ្នា​អំពី​ការរួបរួម​​សំឡេង​អង្គបោះឆ្នោត​របស់​បក្ស​ភ្លើងទៀន​ជាធ្លុងមួយ​សម្រាប់​ការបោះឆ្នោត​ជ្រើស​​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងនោះ តំណាងបក្សកម្លាំងជាតិ បានលើកឡើងថា បក្សកម្លាំងជាតិ និងបក្សភ្លើងទៀន​កំពុង​រៀបចំផែនការដើម្បីឱ្យគណបក្សទាំងពីរ​អាចទទួល​បាន​អសនៈនៅព្រឹទ្ធសភាដូចគ្នា។ ប៉ុន្តែ គណបក្សភ្លើងទៀនថា បក្ស​ភ្លើងទៀនពុំមានការសម្របសម្រួលគ្នា​ជាមួយបក្សកម្លាំងជាតិ​ដើម្បី​រួបរួមអង្គបោះឆ្នោតនោះទេ។

ការបោះឆ្នោតសមាជិកព្រឹទ្ធសភានឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអង្គបោះ ឆ្នោត គឺតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងមុខតំណែង ដោយបោះឆ្នោត ជ្រើស​រើសសមាជិកព្រឹទ្ធសភាចំនួន៥៨រូបក្នុងចំណោមសមាជិកសរុប៦២នាក់។ សមាជិក​ព្រឹទ្ធសភាចំនួន២រូបតែងតាំង ដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបាន រដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើន។ ការបោះ​ឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អាណត្តិទី៤ គ្រោងធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕

339 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម