សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខ្មែរក្រោមនៅកម្ពុជានៅតែប្រឈមនឹងការលំបាកក្នុងការទទួលបានអត្តសញ្ញាណបណ្ណ

តំណាងខ្មែរកម្ពុជាក្រោមជួបអភិបាលរងខេត្តសៀមរាបនៅឆ្នាំ២០១៨។ រូបភាព៖ KKKHRDA
តំណាងខ្មែរកម្ពុជាក្រោមជួបអភិបាលរងខេត្តសៀមរាបនៅឆ្នាំ២០១៨។ រូបភាព៖ KKKHRDA

កើត​នៅ​ភាគនិរតី​ប្រទេស​វៀតណាម លោក សឺន សានស៊ី អាយុ ៧៣ ឆ្នាំ ជា​ជនជាតិ​ខ្មែរកើត​ពី​ឪពុក​ម្តាយ​មាន​សញ្ជាតិ​ខ្មែរបាន​ចាកចេញពីស្រុកកំណើត​មក​កម្ពុជា​ក្នុង​ឆ្នាំ១៩៨៤ ហើយ​មក​រស់​នៅ​ខេត្ត​សៀមរាបតាំង​ពី​ឆ្នាំ១៩៩១មកម្ល៉េះ។

សព្វថ្ងៃ លោកសានស៊ី ជាតំណាងសហគមន៍ខ្មែរក្រោមខេត្តសៀមរាប​ដែលជាតំណែងមួយជំរុញឱ្យលោកតស៊ូមតិជាញឹកញាប់ក្នុងការជួយឱ្យរូបលោកនិងខ្មែរក្រោមផ្សេងទៀតដែលនៅកម្ពុជាទទួលបានអត្តសញ្ញាណបណ្ណពីរដ្ឋាភិបាល។ រូបលោកផ្ទាល់មិនមានអត្តសញ្ញាណបណ្ណតាំងពីឆ្នាំ២០០៨ នៅពេលដែលអត្តសញ្ញាណបណ្ណរបស់លោកផុតកំណត់ ហើយមន្ត្រីមូលដ្ឋានមិនព្រមធ្វើថ្មីឱ្យ។

លោក​​បានប្រាប់ថា៖ «តាំងពីឆ្នាំ២០០៨មក ខ្ញុំបានស្នើសុំទៅសាលាក្រុងសៀមរាបឱ្យជួយ៤ដង និងសាលាខេត្តសៀមរាប៧ដង»។

នៅឆ្នាំ ២០១៩ លោក សានស៊ី បានដឹកនាំសមាជិកសហគមន៍ខ្មែរក្រោមជាង ១០០ នាក់ ទៅជួបជាមួយខាងស្នងការ និងខាងផ្នែកអន្តោប្រវេសន៍ខេត្តសៀមរាប ដើម្បីបញ្ជាក់ថាពួកគាត់ជាពលរដ្ឋខ្មែរ ប៉ុន្តែមនុស្សជាង៤០ នាក់ក្នុងក្រុមនោះមិនទាន់ទទួលបានអត្តសញ្ញាណបណ្ណនៅឡើយ។ ផ្ទុយទៅវិញចំនួនអ្នកមិនទទួលបានអត្តសញ្ញាណបណ្ណចេះតែកើនឡើងរហូតដល់១១៤នាក់។ កាលពីពេលថ្មីៗនេះ លោក សានស៊ី បានជំរុញឱ្យសាលាក្រុង និងអាជ្ញាធរពាក់ព័ន្ធពន្លឿនការចេញអត្តសញ្ញាណបណ្ណ ដោយផ្ញើឯកសារមួយចំនួនដូចជា ប្រវត្តិរូបសង្ខេប សៀវភៅស្នាក់នៅ កាលបរិច្ឆេទមកដល់ប្រទេសកម្ពុជា និងវិញ្ញាបនបត្រពីសមាគមខ្មែរក្រោមជាដើម។

ខ្មែរក្រោម ឬ «ខ្មែរនៅតំបន់ខាងក្រោម» គឺជាជនជាតិខ្មែរភាគតិចមកពីតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម។ រយៈពេលច្រើនឆ្នាំមកហើយដែលច្បាប់ជាច្រើនរបស់កម្ពុជាបានទទួលស្គាល់សិទ្ធិរបស់ពួកគាត់ក្នុងការទទួលបានសញ្ជាតិខ្មែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានមានការយឺតយ៉ាវក្នុងការផ្តល់អត្តសញ្ញាណបណ្ណដល់ពួកគាត់។

លោក សឺន ជុំជួន អគ្គលេខាធិការនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងលោក សឺន សានស៊ី ចេញលិខិតបញ្ជាក់អត្តសញ្ញាណខ្មែរក្រោមដល់ពលរដ្ឋខ្មែក្រោម នៅខេត្តសៀមរាបនាឆ្នាំ២០១៩។ រូបថត៖ KKKHRDA

ចាន់ សុវឿន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅខេត្តត្រាវិញ ប្រទេសវៀតណាម។ ខេត្ត​នេះ​ត្រូវ​បាន​ខ្មែរ​ក្រោម​ជា​ច្រើន​ហៅ​ថាខេត្ត​ព្រះត្រពាំង ជា​ឈ្មោះ​ខ្មែរ​មុន​ពេល​ត្រូវ​បាន​អាណាចក្រ​អណ្ណាម​បញ្ចូល​ក្នុង​ទឹកដីរបស់ពួកគេនៅសតវត្ស​ទី​១៨។ ទោះបីជាលោកបានផ្លាស់មកប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាបយ៉ាងណាក្តី​ ប៉ុន្តែនៅពេលដែលអត្តសញ្ញាណបណ្ណរបស់លោកបានឆេះក្នុងហេតុការណ៍អគ្គិភ័យមួយ អាជ្ញាធរបដិសេធធ្វើថ្មីឱ្យលោក។​

លោកបានបន្តថា៖ «ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ទៅ​សួរ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខណ្ឌ​ច្បារអំពៅ [សុំ​អត្តសញ្ញាណប័ណ្ណ​ថ្មី] ហើយ​អាជ្ញាធរ​បាន​ឆ្លើយ​ថា​ឈ្មោះ​ខ្ញុំមិនមាន​ក្នុង​បញ្ជីទៀតទេ»

សព្វ​ថ្ងៃ​នេះ លោកសុវឿន​ ស្ថិត​ក្នុង​ចំណោមមនុស្ស១១៤នាក់ក្នុងបញ្ជី​អ្នក​គ្មាន​អត្តសញ្ញាណបណ្ណរបស់លោកសាន់ស៊ី។

លោក នៅ អេងវណ្ណនី ស្នងការរងនគរបាលខេត្តសៀមរាប បានប្រាប់ខេមបូចាថាមន្ត្រីជំនាញកំពុងពិនិត្យលើសំណើសុំពន្លឿនការធ្វើអត្តសញ្ញាណបណ្ណសម្រាប់ក្រុមពលរដ្ឋខ្មែរក្រោមទាំងនេះ។

លោក អេងវណ្ណនី មានប្រសាសន៍ថា៖ «ឯកសារនោះ ស្នងការដ្ឋានខេត្តបានធ្វើការស្រាវជ្រាវរួចហើយ និងបានបញ្ជូនទៅសាលាខេត្តវិញ ហើយខាងសាលាខេត្តនឹងបញ្ជូនមកឱ្យស្នងការខេត្តពិនិត្យឡើងវិញម្ដងទៀត»។

លោក​បន្តថាមន្ត្រី​គ្រាន់តែ​ស្វែងរក​ឯកសារ​ដូចជា​សំបុត្រ​កំណើត និង​សៀវភៅ​ផ្លាស់ប្តូរការស្នាក់នៅ​បន្ទាប់​ពី​ផ្លាស់​មក​ពី​ខេត្ត​ផ្សេង ​ដើម្បី​បញ្ជាក់ពី​សញ្ជាតិ។

លោកបានបន្ថែមថា៖ «​ប្រសិនបើ​ពួកគាត់មានឯកសារគ្រប់គ្រាន់ ហើយផ្លាស់ប្ដូរមករស់នៅខេត្តសៀមរាប ដូច្នេះមានន័យថា គ្រប់អាជ្ញាធរទទួលស្គាល់ពួកគាត់ជាខ្មែរក្រោម និងចុះបញ្ជី ព្រមទាំងផ្ដល់ឯកសារជូនពួកគាត់​»។​

វគ្គបណ្តុះបណ្តាលស្តីពីការតស៊ូមតិ និងច្បាប់ពាក់ព័ន្ធសម្រាប់ខ្មែរកម្ពុជាក្រោមនៅខេត្តសៀមរាបនាឆ្នាំ២០១៧។រូបភាព៖ KKKHRDA

ប្រជាពលរដ្ឋខ្មែរក្រោមប្រមាណ១លាននាក់រស់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។

លោក ជុំជួន​ បានប្រាប់ថា៖ «ក្នុង​ចំណោម​មនុស្ស​ជិត​មួយ​លាន​នាក់ហ្នឹងមាន​តែ ២០ ទៅ ៣០ ភាគរយ​ប៉ុណ្ណោះ​ដែល​មិនទាន់ទទួលបាន​ឯកសារស្របច្បាប់»

លោក ជុំជួន បាន​ថ្លែង​ថា​ភាពយឺតយ៉ាវដូច​ករណី​នៅ​ខេត្ត​សៀមរាប​ជារឿយៗ​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​ដោះស្រាយ ដែលលោកយល់ថា​គ្មាន​ហេតុផល​អ្វីដែលត្រូវយឺតបែបនោះទេ។​

លោកបានសំណូមពរថា៖ «ដូច្នេះ [ស្ថាប័នពាក់ព័ន្ធគួរតែ] ជួយពន្លឿនឱ្យបានលឿនបន្តិច»។​

មានកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រចំនួនបីក្នុងការបញ្ជាក់សិទ្ធិជាពលរដ្ឋខ្មែរក្រោម នេះបើយោងតាមលោក ជុំជួន។ ទី​១ គឺ​ព្រះរាជសេចក្ដីថ្លែងការណ៍របស់​សម្តេច​នរោត្តម សីហនុ ក្នុង​ឆ្នាំ ១៩៩២ ដែល​បញ្ជាក់​ពី​សិទ្ធិ​ជា​ពលរដ្ឋ​សម្រាប់​ជនជាតិ​ខ្មែរ​ដែល​កើត​នៅ​ប្រទេស​វៀតណាម។ មួយទៀត គឺ​ការប្រកាស​របស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ ២០០៥ ដែលថា ខ្មែរ​ក្រោម​ដែល​ចូល​មក​កម្ពុជា​ត្រូវ​បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យ​ប្រវត្តិ។ ជាចុងក្រោយ ច្បាប់ស្តីពីសញ្ជាតិខ្មែរឆ្នាំ ១៩៩៦ ដែលត្រូវបានធ្វើវិសោធនកម្មឆ្នាំ ២០១៨ ចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរណាដែលកើតពីឪពុកម្តាយមានសញ្ជាតិខ្មែរ នៅគ្រប់ទីកន្លែង ត្រូវតែទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ។

លោក ជុំជួន បាន​មាន​ប្រសាសន៍បន្ថែម​ថា៖ «ផ្អែកទៅលើបទដ្ឋានទាំងអស់នេះ គឺអាចយកមកប្រើប្រាស់បានសម្រាប់ខ្មែរកម្ពុជាក្រោម ដែលមកពីទឹកដីកម្ពុជាក្រោមទទួលបានឯកសារស្របច្បាប់»។

លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក​បាន​មាន​ប្រសាសន៍​ថាតាម​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ឯកសារ​អត្តសញ្ញាណសញ្ជាតិខ្មែរ។ លោកបានបន្តថា ពេញមួយសម័យសម្តេចសីហនុ និង លន់ នល់ អំឡុងពេលវៀតណាមកាន់កាប់ និងសូម្បីតែក្នុងសម័យអ៊ុនតាក់ ជាធម្មតាខ្មែរក្រោមអាចទទួលបានអត្តសញ្ញាណបណ្ណភ្លាមៗនៅពេលចូលប្រទេសកម្ពុជា។

លោកបានបន្តថា«ខ្ញុំយល់ឃើញថា បញ្ហានេះ គឺមិនពាក់ព័ន្ធនឹងសិទ្ធិមនុស្សប៉ុន្មានទេ ប៉ុន្តែពាក់ព័ន្ធទៅនឹងអ្នកនយោបាយ និងអ្នកអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាទៅវិញ។ ការអនុវត្តហាក់បីដូចជាមិនស្មើគ្នាទេ។ អ៊ីចឹង​វា​អាស្រ័យ​លើ​មន្ត្រី​ទាំង​អស់ មន្ត្រី​ខ្លះ​ធូររលុង ហើយ​ខ្លះ​តឹងរ៉ឹង»៕​

435 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម