សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមហ៊ុនលោក ឃុន សៀ ចាក់ខ្សាច់និងថ្មលុបច្រាំងទន្លេសម្រាប់គម្រោងទីក្រុងរណបនៅតំបន់អរិយក្សត្រ

ក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ បូមខ្សាច់និងចាក់ថ្មបំពេញតាមច្រាំងទន្លេមេគង្គនៅឃុំអរិយក្សត្រក្នុងខេត្តកណ្តាល ថ្ងៃទី៧ ខែកក្កដា។ ខេមបូចា/ ព្រីង សំរាំង
ក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ បូមខ្សាច់និងចាក់ថ្មបំពេញតាមច្រាំងទន្លេមេគង្គនៅឃុំអរិយក្សត្រក្នុងខេត្តកណ្តាល ថ្ងៃទី៧ ខែកក្កដា។ ខេមបូចា/ ព្រីង សំរាំង

ប្រជាពលរដ្ឋរស់នៅតំបន់អរិយក្សត្រមានការភ្ញាក់ផ្អើលនៅពេលដឹងថា មួយផ្នែក នៃច្រាំងទន្លេមេគង្គកំពុងត្រូវបានចាក់បំពេញ ដើម្បីសម្រួលដល់ គម្រោងទីក្រុង រណបនៅលើផ្ទៃដីទំហំ៧០ហិកតា ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ឃុន សៀ អាហរ័ណនីហរ័ណ ដែលគ្រប់គ្រងដោយលោកឧកញ៉ា ឃុន សៀ ជាសេដ្ឋីផ្នែក អចលនទ្រព្យដែលមានជិតស្និទ្ធនឹងមន្ត្រី​រដ្ឋាភិបាល។

អ្នកស្រី ស៊ឹម ចំរើន អាយុ៤៩ឆ្នាំ ដែលគ្រួសាររបស់អ្នកស្រីរស់នៅតាមបណ្តោយច្រាំងទន្លេ អស់រយៈពេល៣០ឆ្នាំមកហើយនោះ បាននិយាយថា អាជ្ញាធរមិនទាន់បានជូនដំណឹង ដល់សហគមន៍នេះនៅឡើយទេ។

អ្នកស្រីបាននិយាយថា៖ «យើងមិនដឹងថា អ្វីកំពុងកើតឡើងពិតប្រាកដនៅទីនេះទេ។ យើងមិនទាន់ទទួលបទបញ្ជាឲ្យផ្លាស់ប្តូរទីលំនៅរបស់យើងឬត្រូវបានជូនដំណឹងអំពីគម្រោងនេះនៅឡើយទេ។ យើងសង្ឃឹមថា នឹងទទួលបានសំណងនៅពេលដែលពួក គាត់ស្នើឲ្យយើងចាកចេញ យើងនឹងមិនប្រឆាំងនឹងពួកគាត់ទេ»។

ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ គ្រឿន រ៉ាវីត បាននិយាយថា អ្នកភូមិភាគច្រើននៅទីនេះ មិនដឹងអ្វីទាំងអស់អំពីគម្រោងនេះ។

លោកបាននិយាយថា៖ «យើងមិនដឹងថា ពួកគេគ្រោងនឹងធ្វើអ្វីនោះទេ។ យើងមិនដឹងថា តើវានឹងប៉ះពាល់យើងដោយផ្ទាល់ឬថា តើយើងត្រូវផ្លាស់ទីលំនៅថ្មីឬយ៉ាងណានោះទេ។ គេមិនបានប្រាប់យើងអ្វីទាំងអស់»។

លោក សេង ផេង ជំនួយការលោកឧកញ៉ា ឃុន សៀ ដែលបាននិយាយថា លោកត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់បណ្តាញសារព័ត៌មាននោះបានប្រាប់ខេមបូចាថា គម្រោងនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងរបស់ខ្លួននៅឡើយ។

លោកបានមានប្រសាសន៍ថា៖ «ដំបូង យើងត្រូវការសាងសង់ច្រាំងទន្លេ ដើម្បីធ្វើផ្លូវសម្រាប់រថយន្ត ចូលទៅទីតាំងអភិវឌ្ឍន៍»។ ដោយលោកបន្ថែមថា៖ «ដូចដែលយើងបានឃើញ យើងគ្រាន់តែចាក់ថ្ម ដើម្បីធ្វើច្រាំងទន្លេ ប៉ុន្តែមិនមែនចាក់លុបទន្លេទេ។ នៅពេលសាសង់​ច្រាំងទន្លេរួចរាល់ ក្រុមហ៊ុននឹងចាប់ផ្តើមគម្រោងភា្លមៗតែម្តង»។

លោក ផេង បានមានប្រសាសន៍ថា ឥឡូវនេះ ក្រុមហ៊ុនកំពុងសហការជាមួយអ្នក ជំនាញបរទេសលើការរចនាប្លង់មេរបស់គម្រោង។ ​ពលរដ្ឋបាននិយាយថា ដំណើរការ ចាក់ថ្ម និង​ខ្សាច់នេះនៅ​ទីតាំង​ថ្មី​នេះ បានដំណើរការ អស់រយៈពេលជិត ២ខែមក ហើយ​។

លោកថ្លែងថា៖ «ជាធម្មតា ការអភិវឌ្ឍណាមួយតែងតែបង្កឱ្យមានផលប៉ះពាល់មួយចំនួន ដែលមិនអាចជៀសផុត ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថា យើងត្រូវសម្លឹងមើលរូបភាព​ឲ្យ​ធំ​នៃការអភិវឌ្ឍជាជាងមើល​ឃើញ​តែ​ផលប៉ះពាល់តូចតាចនេះ»។

លោកបានបន្ថែមថា ក្រុមហ៊ុនមិនបានដឹងអំពីក្រុមគ្រួសារ ដែលកំពុងរស់នៅក្បែរទីតាំង​គម្រោងនោះទេ ដោយអះអាង​ថា ប្រជាជនជាច្រើន ដែលរស់នៅលើទីតាំង អភិវឌ្ឍន៍នាពេលអនាគតនោះ ត្រូវបានផ្តល់សំណង និងផ្លាស់ប្តូរទីលំនៅរួចហើយ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ខេមបូចាថា ការចាក់លុបនេះគឺ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងដ៏ធំ ជាពិសេសសម្រាប់គោលបំណងនៃវិស័យទេសចរណ៍។

លោកបានមានប្រសាសន៍ថា៖ «វាជាទីតាំងដ៏ល្អឥតខ្ចោះ ដែលយើងអាចមើលឃើញទេសភាព មាត់ទន្លេដ៏ស្រស់ស្អាត ដែលមានខ្យល់អាកាសបរិសុទ្ធនៅជាយក្រុង»។ ដោយលោកបន្ថែមថា៖ «ខ្ញុំគិតថា វាអាចបម្រើគោលបំណងទេសចរណ៍ដ៏ល្អផងដែរ។ អ្វីដែលកំពុងកើតឡើងនៅទីនេះ អាចនឹងវិវឌ្ឍន៍ទៅជាអ្វី ដែលគេបានធ្វើនៅតំបន់កោះពេជ្រ និងគម្រោងអភិវឌ្ឍន៍ ដែលកំពុងបន្តនៅកោះនរា។ វាមិនអាចលើសពីនេះទេ»។

លោកអភិបាលបានសង្កត់ធ្ងន់ថា ផលប៉ះពាល់ដែលអាចមានពីគម្រោងអភិវឌ្ឍន៍នេះ ត្រូវបានគិតគូររួចហើយ។

លោកបានមានប្រសាសន៍ថា៖ «យើងមានគណៈកម្មាធិការពិសេស និងអ្នកជំនាញ មកពីអាជ្ញាធរពាក់ព័ន្ធ ដែលធ្វើការជាមួយគ្នា ដើម្បីស្វែងយល់ថា តើគម្រោងនេះអាចប៉ះ ពាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់និងធនធានធម្មជាតិក្នុងទន្លេតាមរបៀបណា។ យើងត្រៀមជាស្រេច ដើម្បីដោះស្រាយផលប៉ះពាល់នានា ដែលប្រជាពលរដ្ឋប្រឈម»។

ទោះបីជាយ៉ាងណា លោក សោភ័ណ្ឌ បានទទួលស្គាល់ថា អាជ្ញាធរមិនទាន់បានគិតអំពី សំណងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនោះទេ ដោយមានប្រសាសន៍ថា វាត្រូវការពេលវេលា មុននឹងចាប់ផ្តើមគម្រោងសាងសង់។

ក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ បូមខ្សាច់និងចាក់ថ្មបំពេញតាមច្រាំងទន្លេមេគង្គនៅឃុំអរិយក្សត្រក្នុងខេត្តកណ្តាល ថ្ងៃទី៧ ខែកក្កដា។ ខេមបូចា/ ព្រីង សំរាំង
ក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ បូមខ្សាច់និងចាក់ថ្មបំពេញតាមច្រាំងទន្លេមេគង្គនៅឃុំអរិយក្សត្រក្នុងខេត្តកណ្តាល ថ្ងៃទី៧ ខែកក្កដា។ ខេមបូចា/ ព្រីង សំរាំង

លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានបដិសេធធ្វើអត្ថាធិប្បាយថា តើការវាយតម្លៃពីផលប៉ះពាល់បរិស្ថានត្រូវបានបញ្ចប់ហើយឬយ៉ាងណាទាក់ទងនឹងគម្រោងអភិវឌ្ឍនេះ ដោយលោកបានបង្វែរឲ្យអ្នកសារព័ត៌មានទៅទាក់ទងខាងក្រសួងរៀបចំដែនដី និងក្រសួងធនធានទឹកវិញ។ ខេមបូចាមិនអាចទាក់ទងក្រសួងទាំងពីរនេះ ដើម្បីសុំការអត្ថាធិប្បាយបានទេ។

តំបន់ដែលមានផ្ទៃដី៧០ហិកតានេះ គឺនៅទល់មុខគម្រោងទីក្រុងរណបកោះនរា ដែលអភិវឌ្ឍដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលគ្រប់ គ្រងដោយលោក ពុង ឃាវសែ ដែលស្និទ្ធនឹងគណបក្សកាន់អំណាច។ គម្រោងទីក្រុងរណបនេះ ក៏ត្រូវបានសម្រួលផងដែរ ដោយការចាក់ដីលុបទន្លេ ដែលគ្របដណ្តប់លើផ្ទៃដីជាង១២៥ហិកតា។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC មានប្រសាសន៍ថា ដំណើរការចាក់ដីលុបទន្លេមុនគម្រោងសាងសង់សម្រេចបានជាង៦០ភាគរយហើយ។ ទីក្រុងរណប ដែលគ្រោងចំណាយទឹកប្រាក់២,៥ពាន់លានដុល្លារនេះ នឹងអាចឲ្យប្រជាពល រដ្ឋរស់នៅបាន៥ម៉ឺននាក់ ហើយនឹងមានស្ពានភ្ជាប់ទៅទាំងកោះពេជ្រ និងផ្លូវជាតិលេខ១ ផងដែរ។

លោកថ្លែងថា៖ «គ្មានឧបសគ្គអ្វីនោះទេ ទោះបីជា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ បន្តិចបន្តួចដល់ដំណើរការងារមួយចំនួនដូចជា ដោយ​សារ​តែ​លំបាកក្នុងការ ស្វែងរកកម្មករ។ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទាំងអស់នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣ដូច ដែលបានគ្រោងទុក»។

ផ្នែកនៃទន្លេមេគង្គនៅក្នុងរាជធានីភ្នំពេញនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ត្រីដែលផ្លាស់ទី អំឡុងរដូវបង្កាត់ពូជ គឺវាធ្វើដំណើរពីតំបន់ទន្លេមេគង្គក្រោមឡើងទៅបឹងទន្លេសាប។ ត្រីទាំងនេះ ចិញ្ចឹមមនុស្សរាប់លាននាក់ ប៉ុន្តែការប្រែប្រួលនៃទន្លេនេះ អាចរារាំងដល់ផ្លូវសម្រាប់ការផ្លាស់ទីរបស់វា។

លោក ហម ឧត្តម អ្នកពិគ្រោះយោបល់សម្រាប់អភិបាលកិច្ចធនធានធម្មជាតិតាមដង ទន្លេមេគង្គមានប្រសាសន៍ថា រដ្ឋាភិបាលនិងជាពិសេស អាជ្ញាធរមូលដ្ឋានគួរតែផ្តល់ព័ត៌មានត្រឹមត្រូវជាសាធារណៈពាក់ព័ន្ធនឹងដំណើរការចាក់ដីលុបទន្លេនេះ។

លោកបន្ត​ថា៖ «ជាទូទៅ ប្រជាពលរដ្ឋមិនទទួលបានព័ត៌មានគ្រប់គ្រាន់ទេ នៅពេលមានគម្រោងអភិវឌ្ឍន៍ថ្មី រហូតដល់វាលេចចេញជារូបរាងសំណង់ពេញលេញ។ ដូច្នេះ រដ្ឋាភិបាលគួរតែផ្តល់ព័ត៌មានត្រឹមត្រូវជាសាធារណៈ ដើម្បីជៀសវាងការរិះគន់»។

លោកបានលើកឡើងថា ខណៈទីក្រុងកំពុងពង្រីកបន្ថែម រដ្ឋាភិបាលគួរតែស្វែងរកដីទំនេរ ជាជាងចាក់ដីលុបទន្លេ។

លោកថ្លែងថា៖ «យើងមិនដឹងថា តើវានឹងមានផលប៉ះពាល់កម្រិតណា  ចំពោះធនធានធម្មជាតិក្នុងទន្លេ ឬប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះទេ ពីព្រោះគ្មានការសិក្សា ជាក់លាក់ណាមួយត្រូវបានធ្វើឡើង ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ខាងលើនេះ»។

លោកបានបន្ថែម​ថា ទោះបីជាយ៉ាងណា ដំណើរការចាក់ដីលុបនេះ ប្រាកដជានឹងប៉ះពាល់ដល់ជីវចម្រុះក្នុងទន្លេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Khun Sear’s company clears way for Arey Ksat satellite city

1,119 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម