សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនជាតិដើមភាគតិចជង​ក្នុង​ខេត្តកោះកុង ប្រឈម​នឹង​ការចាប់ខ្លួន និងបណ្តឹង​នៅតំ​បន់រេដបូក

មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថ និងជនបរទេសម្នាក់ បានមកចាប់ខ្លួនលោក ពក ង៉ែត នៅដីចម្ការវិលជុំរបស់គាត់ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យដោយសហគមន៍)
មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថ និងជនបរទេសម្នាក់ បានមកចាប់ខ្លួនលោក ពក ង៉ែត នៅដីចម្ការវិលជុំរបស់គាត់ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យដោយសហគមន៍)

ជនជាតិដើមភាគតិចជង​បន្តប្រឈមមុខនឹងការចាប់ខ្លួន និងបណ្តឹង​ បន្ទាប់ពីប្រកប​របរ​ធ្វើស្រែ​​ចម្ការ​វិលជុំ​លើដីដែលមិនទាន់មានព្រំប្រទល់កំណត់​ជា​តំបន់​ការ​ពារនិងជា​តំបន់​រេដបូក (REDD+) ​ច្បាស់​លាស់​នៅឡើយ។

សហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅជុំវិញឧទ្យានជាតិភ្នំក្រវាញ មាន​​ការ​លំបាកក្នុងការប្រមូល​អនុផលព្រៃឈើ ឬប្រកបរបរធ្វើស្រែចម្ការវិលជុំនៅក្បែរ​​ភូមិ​របស់ពួកគាត់​ ខណៈ​ពួកគាត់​ត្រូវ​បាន​ជូន​ដំណឹងថា តំបន់ទាំងនោះស្ថិតនៅ​ក្នុងតំបន់រេដបូក ប៉ុន្តែ​ពុំ​មានព្រំប្រទល់​ច្បាស់លាស់នោះ​ទេ​។

កាលពីថ្ងៃទី២៧ ខែមិថុនា កសិករឈ្មោះ ពក​ ង៉ែត អាយុ៤៣ឆ្នាំ មកពីភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង​ ខេត្តកោះកុង ត្រូវបានចាប់ខ្លួននៅចំណុចវាល​​ស្រែ​របស់​គាត់ ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រពីភូមិរបស់គាត់។ ពក ង៉ែត ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កោះកុង​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ត្រូវ​បាន​​ឃុំ​ខ្លួន​​បណ្តោះអាសន្ន។

លោក ង៉ែត ជា​ជនជាតិដើមភាគតិចជង​ រង​ការ​ចោទប្រកាន់ ​ការកាប់ទន្ទ្រាន និងឈូសឆាយដីព្រៃ ដើម្បីធ្វើ​ជា​ «កម្មសិទ្ធិ» នៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិជួរភ្នំក្រវាញ​។

លោក ម៉ូង មន ជា​តំណាងសហគមន៍បានប្រាប់ខេមបូចា​ថា បុគ្គលិកអង្គការសម្ព័ន្ធមិត្ត​សត្វ​ព្រៃ​ បីនាក់ រួមមាន​​ជនបរទេសម្នាក់ មន្ត្រីបរិស្ថានម្នាក់​ និងមន្ត្រីកងរាជ​អាវុ​ធហត្ថម្នាក់ បានចាប់ខ្លួនលោក ពក​ ង៉ែត នៅវាល​ស្រែ​របស់គាត់។

លោក មន បាន​និយាយ​​ថា លោក ពក ង៉ែត មិន​បាន​ឈូស​ឆាយ​ដី​ព្រៃ​ណា​មួយ​​ទេ។ គាត់​បាននិងកំពុងធ្វើស្រែលើ​ដី​ចម្ការ​វិលជុំរបស់គាត់តាំងពីឆ្នាំ២០១៣ បន្ទាប់ពីដីនេះត្រូវបានវាស់វែងដោយរដ្ឋាភិបាលសម្រាប់ការចុះបញ្ជីដីធ្លី និងផ្តល់បណ្ណកម្មសិទ្ធិក្រោម​​ក្របខណ្ឌនៃបទបញ្ជាលេខ០១។

បុគ្គលិកអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃបានប្រាប់លោក ម៉ូង មន​ ថា ដីនេះគឺជាផ្នែកមួយនៃតំបន់រេដបូក ប៉ុន្តែតំណាងសហគមន៍បាននិយាយថា ការកំណត់​នេះ​ធ្វើឡើង​ ក្រោយ​ក្របខណ្ឌនៃបទបញ្ជាលេខ​០១​។

លោក​ មន បាន​និយាយ​ថា៖​ «នៅ​ពេល​គេចាប់ផ្តើម​បង្កើត​គម្រោង​រេដបូក យើង​មិន​បាន​ដឹង​ពី​ព្រំប្រទល់​​ត្រឹមណាទេ។ យើង​ធ្វើលើ​ដី​របស់​យើង​​យូរ​​ហើយ។ គាត់ [ង៉ែត] មិន​ដឹង​ថា ​ដី​នោះ​ស្ថិត​នៅ​ក្នុង​ដី​របស់​គេ [រេដបូក] ​ទេ។ ពីណាដឹង បើព្រំប្រទល់មិនមាន។ យើង​មិន​អាច​កំណត់​​បាន​»។

លោក មន បាន​សម្តែង​ការសោកស្តាយ​ថា កាលពីថ្ងៃទី៥ ខែមិថុនា មានការប្រជុំមួយ​ជាមួយអង្គការសម្ព័ន្ធមិត្ត​សត្វ​ព្រៃ ​ទីដែល​​គេនិយាយថា ប្រសិនបើដីនោះជារបស់សហគមន៍ជនជាតិដើម​ភាគតិច​ជង​សម្រាប់ធ្វើស្រែចម្ការវិលជុំ​​ អង្គការនេះ​នឹងមិនរារាំងការដាំដុះ​របស់​សហគមន៍​​នៅទីនោះទេ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​នៅ​តំបន់​នោះ ពួកគាត់​ត្រូវ​បានគេ​ចាប់​ខ្លួន​។

លោកបានលើកឡើងថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ក៏បាន «ធ្វើ​ទុក្ខបុកម្នេញ​» សហគ​មន៍ជនជាតិដើមភាគតិច ដោយរុះរើ​ខ្ទមចាំ​ចម្ការ​របស់ពួកគាត់។ ជនជាតិដើមភាគតិចជងតែងតែរងទុក្ខ ដោយសារពួកគាត់​ត្រូវបានអង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​រារាំងមិនអោយធ្វើស្រែចម្ការ​លើដីដែល​ពុំមានការកំណត់ច្បាស់លាស់។

លោក​និយាយថា៖​ «ពួកគេ [​អង្គការ​សម្ព័ន្ធមិត្ត​​សត្វព្រៃ​] មិន​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ជង​ ដែលប្រកប​របរ​​ធ្វើ​ស្រែ​ចម្ការ​វិលជុំ​ទេ។ មុន​នឹង​ចាប់​ខ្លួន [ង៉ែត] សូម​ដាក់​សញ្ញា ​ដើម្បី​បង្ហាញ​ថា ​ព្រំប្រទល់​​នៅ​ត្រង់​ណា​ ដើម្បី​ឲ្យ​គាត់ [ង៉ែត] បាន​​ដឹង»។

ប្រពន្ធ​របស់​លោក​ ពក ង៉ែត ឈ្មោះ ជ័យ នៅ ដែល​មាន​កូន​ពីរនាក់ក្នុង​បន្ទុក​​បាន​និ​យា​យ​ថា គ្រួសារ​អ្នក​ស្រី​​បាន​ធ្វើ​ស្រែ​លើ​ផ្ទៃដី​កន្លះ​ហិកតានោះ​​តាំង​ពី​ឆ្នាំ២០១២ មក​ម៉្លេះ​។ ដី​នេះ​ត្រូវ​បាន​វាស់វែង​តាម​ក្របខណ្ឌ​នៃបញ្ជា​​លេខ០១។

អ្នក​ស្រី​មាន​វត្ត​មាន​​នៅ​ទីនោះ​ នៅ​ពេល​ប្តីរបស់​អ្នក​ស្រី​​ត្រូវ​ចាប់ខ្លួន។ មន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​បាន​ប្រាប់​អ្នក​ស្រី​​ថា គេ​យក​ប្តីរបស់លោកស្រី​ទៅ «ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ដាំ​ដុះ​លើ​ដី​នោះ»។ ផ្ទុយ​ទៅ​វិញ ​គេ​បាន​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​នៅ​ថ្ងៃ​បន្ទាប់។

អ្នកស្រី ជ័យ នៅ​ បាន​និយាយ​ថា អ្នក​ស្រី​​មិន​បាន​ដឹង​ថា​ ដី​នោះ​ស្ថិត​នៅ​ក្រោម​តំ​បន់​រេដបូក​ទេ ព្រោះ​គ្មាន​ព្រំប្រទល់​ ដើម្បី​​ជូន​​ដំណឹង​ដល់​ប្រជាពលរដ្ឋ។ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃក៏មិនដែលប្រាប់អ្នក​ស្រី​ដែរ។

អ្នកស្រី​បាន​និយាយថា៖ «ខ្ញុំ​ធ្វើ​នេះ ​ព្រោះ​ខ្ញុំ​ចង់​បាន​ស្រូវ​។ ខ្ញុំ​មិន​ចង់​បាន​ដីទេ​​។ ខ្ញុំ​គ្រាន់​តែ​ចង់​ដាំដុះ ព្រោះ​ខ្ញុំ​មិន​មាន​ស្រូវ​គ្រប់​គ្រាន់​សម្រាប់​ហូប។ គាត់​ [អង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ] មិនទាន់​បានកំណត់​​ [ព្រំប្រទល់រេដបូក] នៅកន្លែងណា​ពិតប្រាកដ​នៅឡើយ​ទេ ចឹងបានវា​ពិបាក»។

លោក ជាង ថន​ មេឃុំថ្មដូនពៅ មានប្រសាសន៍ថា លោកមិនដឹងពីមូលហេតុច្បាស់លាស់ថា ហេតុអ្វីបានជាលោក ពក ង៉ែត ត្រូវចាប់ខ្លួននោះទេ​ ដោយសារអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃគឺជា «អ្នកធ្វើការលើរឿងនេះ»។

លោក ជាង ថន បានមានប្រសាសន៍​ថា ជាធម្មតា៖ «ការចាប់ខ្លួនលើក​ដំបូង» គឺ ដើម្បី «ចុះកិច្ច​សន្យា​» ។ «ការ​ចាប់​ខ្លួន​លើក​ទី​ពីរ» ​គឺ​ដើម្បី​ណែនាំ​ឲ្យ​បញ្ឈប់ ហើយ​ការ​ចាប់​ខ្លួន​លើក​ទី​បី នឹង​​ត្រូវ​បញ្ជូន​ទៅ​តុលាការ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លើក​នេះ «គេ​បញ្ជូន​គាត់​ទៅពន្ធនា​គារ​​ភ្លាមៗ» ដូច្នេះ​លោក ថន មិន​ដឹង​ថា ​មាន​អ្វី​កើត​ឡើង​ទេ។

លោក​បាន​កត់​សម្គាល់​ថា៖​ «វា​ពិបាក​​យល់​ [​រឿង​ទាំង​អស់​នេះ​] ​ព្រោះ​អង្គការ​ [សម្ព័ន្ធមិត្ត​សត្វព្រៃ​] មិន​សហការ​ជាមួយ​អាជ្ញាធរទេ»។

លោក គ្រី ប៊ុនថា ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង បញ្ជាក់​ថា លោក ពក ង៉ែត កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ខណៈ​រង់ចាំ​ការ​ស៊ើប​សួរ​របស់​តុលាការ។

ឆ្លើយតបតាមរយៈអ៊ីមែលមកកាន់​ខេមបូចា​ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃបានបង្វែរសំណួរទៅក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តកោះកុង ដោយសារតំបន់នេះត្រូវ​បានការពារដោយស្ថាប័ន​ទាំងពីរ​នេះ។

ពួកគេបានអះអាង​ថា៖ «អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃមិនមានមន្ត្រីអនុរក្សណាម្នាក់​ទេ ហើយយើងមិនមានសិទ្ធិអំណាច ឬអាណត្តិ ដើម្បីធ្វើការចាប់ខ្លួនណាមួយឡើយ» ដោយពួកគេ​បាន​បន្ថែម​ថា «ការយល់ច្រឡំ​នេះ​អាចនាំឱ្យសាធារណជនមានការ​យល់ច្រឡំយ៉ាងខ្លាំង»។

 លោក ឃឹម ប៊ុនថង នាយករងឧទ្យានជាតិជួរ​ភ្នំក្រវាញ មានប្រសាសន៍ថា ដីស្រែ​របស់លោក​ ង៉ែត ស្ថិតនៅក្នុង «តំបន់ការពារ និងតំបន់រេដបូក»។ លោក​បន្ថែម​ថា តំបន់​នេះ​មិន​ទាន់​ត្រូវ​បាន​វាស់​វែង​ក្រោម​ក្របខណ្ឌ​បទ​បញ្ជា​​លេខ០១ នៅឡើយ​ទេ​។

លោក ប៊ុនថង បាន​លើក​ឡើង​ថា ពួកគាត់​​​ «គ្រាន់តែ​ធ្វើ​តាម​ច្បាប់»។ កន្លងមក​ អង្គ​ការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និងមន្ត្រីបរិស្ថានធ្លាប់បានជូនដំណឹងដល់សហគមន៍ពីតំ​បន់​ការ​ពារ ប៉ុន្តែកសិករ «មិនដែលយកចិត្តទុកដាក់» «តែងតែគិត» ថា តំបន់នោះគឺ​សម្រាប់ដាំដំណាំវិលជុំ។

លោក​មាន​ប្រសាសន៍ថា៖ «យើង​មិន​ចាប់​ខ្លួន​ [ពួកគាត់​] ​ភ្លាមៗទេ។ យើង​ពិនិត្យ​មើល​ផែនទី​ជាមុន​សិន ដើម្បី​ឱ្យ​​ដឹងតំបន់​ជាក់លាក់ ហើយ​នៅ​ពេល​មាន​បទល្មើសព្រហ្មទណ្ឌ យើង​មិន​ធ្វើ​កិច្ចសន្យា​ទេ»។

លោក ប៊ុនថង បាន​បន្ត​​ថា នៅ​ពេល​អនាគត ពួក​គាត់​នឹង​ផ្សព្វផ្សាយ​បន្ថែម​អំពី​តំ​បន់​ការពារ និង​ព្រំប្រទល់​។

លោក​​បន្ថែម​ថា៖​ «យើង​នឹង​មាន​ស្លាកសញ្ញា ​ដើម្បី​ឲ្យ​គាត់​ [​សហគមន៍​] បាន​ដឹងនិង​​ចែករំលែក​ព័ត៌មាន​តាម​អនឡាញ​ ​ដើម្បី​ឲ្យ​ពួកគាត់​ដឹង​ពី​តំបន់​ទាំងនោះ​»។

លោក ខ្វៃ អាទិត្យា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថានមិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ទេ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Koh Kong’s Chorng Indigenous People Struggle With Arrests and Lawsuits in REDD+ Zone

692 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម