សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការបែងចែកដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋរស់នៅលើកោះរ៉ុងសន្លឹម​បានបិទបញ្ចប់ជាស្ថាពរ

សកម្មភាពរបស់មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ចុះពិនិត្យរៀបចំទិន្នន័យផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ រស់នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ដែន សីមា
សកម្មភាពរបស់មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ចុះពិនិត្យរៀបចំទិន្នន័យផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ រស់នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ដែន សីមា

ខេត្តព្រះសីហនុ៖ អាជ្ញាធរក្រុងកោះរ៉ុង បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ឈាន​ទៅផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋរស់នៅលើកោះរ៉ុងមានចំនួន​២១០​ក្បាល​ដី គឺក្រុមការងារ​ជំនាញ​​ស្ថាប័នពាក់ព័ន្ធ បានបិទបញ្ចប់ជាស្ថាពរហើយនៅចុងខែមេសា ឆ្នាំ​២០២៣។

អភិបាលរងក្រុងកោះរ៉ុង លោក ជា ពិសិដ្ឋនរ ទទួលបន្ទុកការងារចុះស្រង់ស្ថិតិ ​ និងចុះបញ្ជី​ផ្តល់​​ប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋនៅ​សង្កាត់កោះរ៉ុងសន្លឹម បានឱ្យខេមបូចា ដឹងនៅថ្ងៃទី២៦ ខែមេសានេះថា ការងារចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិជូនពលរដ្ឋដែល​មាន​ដី ឬរស់​នៅ​​អចិន្ត្រៃយ៍ នៅលើសង្កាត់កោះរ៉ុងសន្លឹម គឺមានដំណើរការដោយរលូន។

លោកបន្តថា ចំពោះការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ រស់នៅលើ​សង្កាត់​កោះរ៉ុង ដែលមានលេខក្បាលដីចំនួន២១០ក្បាលដី គឺបានបិទបញ្ចប់ជាស្ថាពរហើយ នៅ​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៣នេះ។

លោកអភិបាលរងក្រុងកោះរ៉ុងលើកឡើងទៀតថា ​ប្រជាពលរដ្ឋ ដែលមានដី ឬរស់នៅក្នុង​ទី​តាំង​ដី ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងទីតាំង​ដី​ដែលរដ្ឋាភិបាលបានផ្តល់​សិទ្ធិវិនិយោគ​ជូន​ក្រុមហ៊ុនវិនិយោគចំនួន៣នោះ គឺក្រុម​ការងារ​ជំនាញ​​បានដោះស្រាយរួចហើយ។

លោកបន្តថា ពលរដ្ឋដែលមានដីប៉ះពាល់ជាមួយក្រុមហ៊ុនទាំងបីនោះ គឺក្រុមហ៊ុន Koh Rong Sanleom Island Resort  គឺមានចំនួន៣៦៦ក្បាលដី។ រីឯ​ប្រជាពលរដ្ឋរស់នៅក្នុងទីតាំង​វិនិយោគ​របស់ក្រុមហ៊ុន Emario Shonan Marine និង ក្រុមហ៊ុន U Properties management សរុប​មានចំនួន២០៥ក្បាលដី គឺ​បាន​​ដោះស្រាយ បែកចែកសំណងក្បាលដី​ជូនពួកគាត់​ចប់​សព្វគ្រប់ហើយដែរ។

លោក ពិសិដ្ឋ ថ្លែងថា សម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលបានមក​​ទិញដី និង​រស់នៅប្រកប​មុខរបរក្នុងមូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹម​ ដែលមិនមានឈ្មោះ​ក្នុង​បញ្ជី​ទទួល​បានចំណែក​ក្បាល​ដី ដែលអាជ្ញាធរបែងចែកជូន គឺពលរដ្ឋទាំងនោះទើបមកទិញដី ឬសង់​ផ្ទះ​រស់នៅ​ក្រោយ​ឆ្នាំ​២០១៨ទេ។ លោកបន្ថែមថា រាល់ការទិញលក់ដី របស់ពលរដ្ឋតៗគ្នា នៅ​លើ​សង្កាត់​​កោះរ៉ុង​សន្លឹម​ទាំងនោះ គឺធ្វើឡើងដោយខុសច្បាប់ នៅលើទីតាំងដី​របស់រដ្ឋ​គ្រប់​តែ​ប៉ុណ្ណោះ។ ដូច្នេះ អាជ្ញាធរ​មិន​មាន​គោលការដោះស្រាយសំណង ឬបែងចែកក្បាលដី​ជូន​ពលរដ្ឋ​ទាំងអស់​នោះ​ទេ។

យ៉ាងនេះក្តី ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការសោកស្តាយ នៅពេល​​អាជ្ញាធរ​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវឱ្យពួកគាត់​ចាកចេញ​ពីដី​ដែលធ្លាប់រស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតច្រើនឆ្នាំ ដើម្បីផ្តល់ដីជូនក្រុមហ៊ុនវិនិយោគ ខណៈរូបគាត់ បានមករស់នៅក្នុងមូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹម មុនមានវត្តមានក្រុមហ៊ុន​ទៅទៀត។

ស្ត្រីឈ្មោះ​ ប៉ូលីន ស្ថិតក្នុងចំណោមពលរដ្ឋច្រើនទៀត ​មានលំនៅឋានបច្ចុប្បន្ន រស់នៅ​ក្រុង​ព្រះសីហនុ និងតាមខេត្តមួយចំនួនទៀត ដែលបានទិញដីនៅ​ក្នុងមូលដ្ឋានសង្កាត់​កោះរ៉ុង​សន្លឹម ក្រុងកោះរ៉ុង ​បាននិយាយរៀបរាប់ទាំងអួលដើមក មកកាន់អ្នកយកព័ត៌មានថា៖ «កាល​ពីឆ្នាំ​​២០១៩ រូបគាត់បានចំណាយលុយជាង១ម៉ឺនដុល្លារអាមេរិក ដើម្បីទិញដី៣​កន្លែង​​​ទុក​សម្រាប់​សង់លំនៅឋាន និងប្រកបអាជីវកម្ម នៅថ្ងៃអនាគត់។ ប៉ុន្តែបែរ​ជាពេល​នេះ ទីតាំងដី​ដែល​ពួកគាត់ បានទិញនោះ ត្រូវបានអាជ្ញាធរមកអះអាងថា ស្ថិតក្នុង​ទីតាំង​ដី​ក្រុមហ៊ុន​​វិនិយោគ និងដីឧទ្យានជាតិជាដើម ដោយមិនបានផ្តល់សំណង​ដីធ្លី នៅតំបន់​ផ្សេង​ជូន​ទេ»

ទោះយ៉ាងណា ស្ត្រី​ដែលណែនាំខ្លួនឯងថា ជាស្ត្រីម៉េម៉ាយរូបនេះ ថ្លែងទាំងទឹកភ្នែករលីង​រលោង​​​ថា ​ រូបគាត់មិនហ៊ានតវ៉ាជាមួយអាជ្ញាធរទេ ព្រោះអាច​ជាកំហុស របស់គាត់ ដែលទៅ​ទិញដីខុសច្បាប់ប៉ះចំទីតាំងដីដែលរដ្ឋបានហាមឃាត់ ឬបម្រុងទុក។ ហើយម្យ៉ាង កន្លងមក រូបគាត់ ក៏មិនបានដឹងថា អាជ្ញាធរ​បានចុះស្រង់ស្ថិតិស្រង់ទិន្នន័យ អ្នកមាន​ក្បាលដី នៅលើ​សង្កាត់​កោះរ៉ុងសន្លឹមនេះដែរ ព្រោះ​មិនទទួលបានព័ត៌មានទាល់តែសោះ ទើបរូបគាត់​មិនបាន​ទៅចុះឈ្មោះ ឲ្យបានទាន់ពេលវេលា​។

ស្ត្រីរូបនេះចាត់ទុក​សកម្មភាពចុះស្រង់ស្ថិតិរបស់អាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរ​ពាក់ព័ន្ធ ថា៖ «ធ្វើឡើង​មានភាពអាថ៌កំបាំង ឬមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ជូន​ប្រជាពល​​រដ្ឋ នោះទេ ពោលគឺធ្វើឡើង​ស្ងាត់ៗតែប៉ុណ្ណោះ»

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាង១០នាក់ដែលមិនទទួលបានសំណង សុំមិនបញ្ចេញ​ឈ្មោះ​ដោយប្រារម្ភពីសុវត្ថិភាព​ផ្ទាល់ខ្លួន បានលើកឡើងថា៖ «អាជ្ញាធរ​ខេត្តព្រះសីហនុបាន​បង្ខំ​ឱ្យពួកគាត់រុះរើផ្ទះ ឬសំណង់អគារ ដែល​ធ្លាប់រស់នៅ និង​ប្រកបអាជីវកម្មជាច្រើនឆ្នាំ​មក​ហើយ​នោះ ដើម្បី​ប្រគល់ដីជូនក្រុមហ៊ុន​វិនិយោគចំនួន ៣ ដើម្បី​​អភិវឌ្ឍន៍វិស័យ​ទេសចរណ៍​។ ហើយ​បង្ខំឱ្យពួកគាត់ទទួលយកដីមាន​ទំហំតូច នៅទីតាំងផ្សេង ដែលឆ្ងាយ​ពីឆ្នេរសមុទ្រ​មិន​អាច​ប្រកបមុខ​របរចិញ្ចឹម​ជីវិត​បានទេ»

កាលពីថ្ងៃទី២៤ ខែមេសា នាឆ្នេរកោះរ៉ុងសន្លឹម ក្រុមប្រជាពលរដ្ឋ ដែលមានលំនៅឋាន ឬដីធ្លី​ស្ថិតក្នុងទីតាំងដីសម្បទានវិនិយោគរបស់ក្រុមហ៊ុន ហើយ​មិនមានឈ្មោះ​ក្នុងបញ្ជី​ទទួល​បាន​ដីពីអាជ្ញាធរ បានចាត់ទុកការបង្ខំឱ្យពួកគាត់ចាកចេញពីលំនៅឋាន និងទីតាំង​ប្រកប​អាជីវកម្ម​យូរឆ្នាំពី​អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុដើម្បីប្រគល់ដីជូនក្រុមហ៊ុនវិនិយោគថាជារឿង​អយុត្តិធម៌ពួកគាត់។

ពលរដ្ឋម្នាក់នោះបានបញ្ជាក់ទៀតថា៖ «ជារឿងអយុត្តិធម៌បំផុតនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន​។ ខណៈ​ការ​បង្ខំពលរដ្ឋឱ្យចាកចេញពីលំនៅឋាន គឺពួកគាត់ធ្លាប់​តែជួប និងបានឆ្លង​កាត់តែនៅក្នុង​របប​ប្រល័យ​ពូជសាសន៍ប៉ុលពត ឬរបបអាវខ្មៅ ខ្មែរក្រហម ​៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែល​របប​នេះ បានកន្លងហួសរាប់សិបឆ្នាំមកហើយនោះ»

​ក្រុមពលរដ្ឋមិនទទួលបានសំណងអះអាងថា ទីតាំងដែលពួកគាត់បានមកសង់លំនៅឋាន រស់នៅ និងប្រកបមុខរបរក្នុង​សង្កាត់កោះរ៉ុងសន្លឹមនេះ គឺមានអ្នកខ្លះមិនក្រោមពី១០ឆ្នាំទៅ​២០ឆ្នាំនោះទេ។ ហើយក៏មាន​ពលរដ្ឋខ្លះទើបមកទិញដីសង់ផ្ទះរស់នៅ និងហ៊ុំព័ទ្ធ​របងទុក​ចោល ដោយមិន​​​មានក្រុមហ៊ុន​វិនិយោគណាមួយបង្ហាញវត្តមាន នៅមូលដ្ឋាននេះឡើយ។

ពលរដ្ឋទាំងនោះបន្តថា ពេលពួកគាត់មក​អភិវឌ្ឍបាន​ប្រែក្លាយតំបន់ឆ្នេរ២៣ ​តំបន់​ឆ្នេរ​កោះរ៉ុង​​សន្លឹម និងឆ្នេរ​ផ្សេងៗទៀត មាន​សោភណ្ឌភាព ឈានដល់អាច​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​​ជាតិ-អន្តរជាតិ ឱ្យធ្វើដំណើរមកកម្សាន្ត មូលដ្ឋាននេះច្រើនកុះករជាបន្តបន្ទាប់ ក៏​ស្រាប់​តែ​ឃើញ​ អាជ្ញាធរខេត្តខេត្តព្រះសីហនុ បានមកតម្រូវ ឬបង្ខំពួកគាត់ឱ្យរុះរើសំណង់​នានា ដែល​សង់​រស់នៅ និងធ្លាប់ប្រកបអាជីវកម្មរួមមាន ផ្ទះសំណាក់ បឹងកាឡូ ភោជនីយដ្ឋាន លំនៅឋាន​ និងទីតាំងកម្សាន្តផ្សេងៗទៀត ដើម្បីប្រគល់ដីជូនក្រុមហ៊ុនវិនិយោគទៅវិញ?។

ស្លាកយីហោទីតាំងប្រកបអាជីវកម្ម របស់អាជីវករនៅតាមឆ្នេរសមុទ្រនាសង្កាត់កោះរ៉ុងសន្លឹម ដែលអាជ្ញាធរតម្រូវឱ្យរុះរើដើម្បីប្រគល់ដីជូនក្រុមហ៊ុនវិនិយោគ។ រូបថតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ដែន សីមា ​

យ៉ាងណាក៏ដោយចុះ ក្រុមប្រជាពលរដ្ឋរងគ្រោះ​​បានសំណូមពរដល់ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធដូចជា ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពិនិត្យ​ពិចារណា​ផ្តល់ដី​មួយ​ចំណែក​ណាមួយ​ជូន​ពួកគាត់ ដើម្បីសង់លំនៅឋានរស់នៅ ក៏ដូចជាទុកសម្រាប់​ប្រកប​អាជីវកម្ម​​ទៅថ្ងៃខាងមុខ។  ព្រោះពួកគាត់បានចំណាយថវិកា​ ដើម្បីទិញដីនៅ​តំបន់កោះរ៉ុង​សន្លឹម​នេះ បានខាតបង់ប្រាក់អស់​រាប់ម៉ឺនដុល្លារ។

ពលរដ្ឋរងគ្រោះម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដោយប្រារម្ភពីសុវត្ថិភាព បាន​រៀប​រាប់​ទាំង​អួល​ដើមក​ថា​ លុយដែលគាត់បានសន្សំទុកយូរឆ្នាំ គឺ​ត្រូវខាតបង់ទៅលើការ​ទិញដី​ក្នុង​សង្កាត់​កោះរ៉ុងសន្លឹម​។ ពលរដ្ឋរូបនេះបន្តថា គាត់បានចំណាយលុយអស់ជាង១ម៉ឺន​៥ពាន់​ដុល្លារ​អាមេរិកកាលពីឆ្នាំ២០១៧ ដើម្បីទិញដីចំនួនពីរប្លង់ពីពលរដ្ឋម្នាក់រស់នៅ​សង្កាត់​កោះរ៉ុង មានទំហំផ្ទៃដី៤២០ម៉ែត្រការ៉េ ប៉ុន្តែពេលនេះ ដីដែលគាត់បានទិញ​បម្រុងទុក​សម្រាប់​សង់ផ្ទះ និងធ្វើអាជីវកម្មនៅថ្ងៃអនាគតនោះ គឺត្រូវ​អាជ្ញាធរដកហូតយក​។ ហើយអាជ្ញាធរចាត់​ទុកការ​ទិញដូរដីរបស់គាត់ធ្វើឡើងខុសច្បាប់ ​ឬការទិញពីជនអណាធិបតេយ្យ នៅលើដីរដ្ឋ​គ្រប់​គ្រង​ដោយមិនមានការទទួលស្គាល់ ឫឯកសារត្រឹមត្រូវពីអាជ្ញាធរទេ។

ពលរដ្ឋរូបនេះ ថ្លែងទាំងអស់សង្ឃឹមថា៖ «ដោយសារតែរូបគាត់ ​មិនចង់មានបញ្ហាអ្វីវែងឆ្ងាយ ជា​មួយ​អាជ្ញាធរ ហើយ​ម្យ៉ាងដីដែលគាត់ទៅទិញនោះ ត្រូវបានអាជ្ញាធរចាត់ទុកជាទីតាំង​អណាធិប​តេយ្យ ផងនោះ រូបគាត់មិនហ៊ានតវ៉ានោះទេ គឺបានត្រឹមសោកស្តាយលុយដែលបាន​សន្សំ​ទុកយូរឆ្នាំត្រូវបានរលាយខាតបង់អស់»

យ៉ាងនេះក្តី បច្ចុប្បន្ននេះ​ ​ប្រជាពលរដ្ឋភាគច្រើន បានព្រមចាកចេញពីទីតាំងធ្លាប់​រស់នៅ និង​ប្រកបអាជីវកម្មចេញពីទីតាំង​អភិវឌ្ឍន៍របស់ក្រុមហ៊ុនទៅកាន់ទីតាំងផ្សេង ដែលអាជ្ញាធរ​ត្រៀម​ចេញប្លង់កម្មសិទ្ធិស្របច្បាប់អស់ហើយ។ ទោះទំហំដីដែលអាជ្ញាធរ បែងចែក​ជូននោះ មាន​ទំហំ​​​តូចជាងទំហំផ្ទៃដី ដែលពួកគាត់មាន​ ហើយនៅឆ្ងាយពីឆ្នេរសមុទ្រមិនអាច​ប្រកប​អាជីវកម្ម​បានបែបណាក្តី។

ទាក់ទិនបញ្ហានេះ លោក ប៊ួន ណារិទ្ធ ជាពលរដ្ឋម្នាក់ មានលំនៅដ្ឋានអចិន្ត្រៃយ៍ នៅទីក្រុង​ព្រះសីហនុ ដែលបានទៅទិញដី និងសង់ផ្ទះនៅក្នុងមូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹម បាន​បង្ហាញ​​​ភាពរីករាយ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបាន​ចែកដី​ជូន​គាត់​មួយឡូ នៅទីតាំងផ្សេងនៃទីតាំងដីដែលរូបលោកកាន់កាប់ ទោះបីរូបគាត់មិនទាន់ដឹងថា ដី​ដែល​រដ្ឋបាលខេត្តបែងចែកឱ្យនោះ មានទំហំ​ផ្ទៃដីចំនួនប៉ុន្មានក្តី។

លោកឱ្យដឹងថា យ៉ាងណា រូបលោក និង​ភរិយា មាន​ការសប្បាយចិត្ត ចំពោះការរកដំណោះ​ស្រាយរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែល​ដឹកនាំដោយ លោក អ៊ី សុខឡេង អភិបាលរង​ខេត្ត​ព្រះសីហនុ និងក្រុមការងា។ ខណៈទីតាំង​ដីរបស់គាត់ដែលបានទិញពីពលរដ្ឋ​រស់នៅ​លើ​កោះ​រ៉ុងសន្លឹមនោះ គឺជាដីស្ថិតក្រោមការ​គ្រប់​គ្រង​របស់រដ្ឋ។

ចំណែក លោក សែ រស្មី ក៏ជាប្រជាពលរដ្ឋម្នាក់ទៀត មានទីលំនៅក្នុងក្រុងព្រះសីហនុ ហើយ​បាន​ទៅទិញដីសង់ផ្ទះនៅលើសង្កាត់កោះរ៉ុងសន្លឹមដែរ។ លោកគាំទ្រចំពោះការរក​ដំណោះ​ស្រាយដីធ្លីជូនប្រជាពលរដ្ឋដែលអាជ្ញាធរតម្រូវឱ្យចាកចេញពីដីដែលរដ្ឋគ្រប់គ្រង និងដីដែល ស្ថិតក្នុងទីតាំងរបស់ក្រុហ៊ុនវិនិយោគ។

លោក សែ រស្មី បន្តថា គាត់ព្រមទទួល​យក​ចំណែកដី ដែលអាជ្ញាធររៀបចំបែងចែកជូន​នៅទីតាំងផ្សេង ទោះទីតាំងនោះមានទំហំតូច​ជាងផ្ទៃដីរបស់គាត់ ដែលបានកាន់កាប់ ឬអាស្រ័យផលបែបណាក្តី។

លោកបន្ថែមថា គាត់បាន​ទទួល​លេខក្បាលដីរួចហើយ ដោយរង់ចាំតែអាជ្ញាធរក្រសួង​មន្ទីរស្ថាប័នពាក់ព័ន្ធ​បិទបញ្ជី​ឈ្មោះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈានទៅចែកបណ្ណ​កម្មសិទ្ធិ​តែប៉ុណ្ណោះ។

ទាក់ទិនបញ្ហានេះ លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម​ បានបញ្ជាក់យ៉ាងខ្លី​​ថា សង្កាត់​កោះរ៉ុង​សន្លឹម មានតែមួយភូមិ​ទេ គឺភូមិកោះរ៉ុងសន្លឹម ដោយចែកជាពីរតំបន់ គឺតំបន់ឆ្នេរ២៣ ឬភូមិ២៣ និងឆ្នេរកោះរ៉ុងសន្លឹម។ លោកបន្តថា មូលដ្ឋាននេះ មានអត្រាប្រជាជនរស់នៅ​អចិន្ត្រៃយ៍​សរុប​ចំនួន២៣៨គ្រួសា​ និងមានចំនួនពលរដ្ឋ​៧៨៩នាក់ ហើយ​ពលរដ្ឋមានអាយុ​ចាប់ពី១៨ឆ្នាំ​ឡើងទៅមានចំនួន​៥២០នាក់​ស្រី២៤៣នាក់។

​ដោយឡែក លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុករួមលើការងារ​ចុះ​ស្រង់​ស្ថិតិ​ដីធ្លី ដែលរងផលប៉ះពាល់ពី​គម្រោងវិនិយោគរបស់ក្រុមហ៊ុន នៅលើសង្កាត់កោះរ៉ុង​សន្លឹម មានប្រសាសន៍ថា សម្រាប់ពលរដ្ឋទាំងឡាយណាដែល​បានសហការ​ចុះឈ្មោះ​បំពេញ​ទិន្នន័យ​ ឬបង្ហាញឯកសារពាក់ព័ន្ធស្របច្បាប់ ជាមួយ​ក្រុមការងារ​ចុះស្រង់ស្ថិតិ ​ដែល​ដី ឬផ្ទះ​របស់​ពួកគាត់​សង់នៅលើទីតាំងដីវិនិយោគរបស់ក្រុមហ៊ុន​ ឬដីរដ្ឋគ្រប់គ្រងកាល​ពី​ដើមឆ្នាំ​២០២៣​នេះ គឺ​​មានឈ្មោះក្នុងបញ្ជីទទួលបានចំណែកក្បាលដី ដែលអាជ្ញាធរចែកជូន​ និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ឆាប់ៗនេះ។

លោកបន្ថែមថា ​សម្រាប់ពលរដ្ឋ ដែលទើបកាន់ឯកសារទិញលក់ដី ដែលមិនមានអាជ្ញាធរ​ទទួល​ស្គាល់ មកជួបជាមួយ អាជ្ញាធរចុងក្រោយនេះ គឺមិនមានឈ្មោះទទួលបាន​ចំណែក​ក្បាល​ដីនោះទេ គឺយឺតពេលហើយ ព្រោះបញ្ជីឈ្មោះត្រូវបានអាជ្ញាធរ​ខេត្ត​ផ្ញើជូនទៅ​ក្រសួង​ស្ថាប័នថ្នាក់ជាតិ រួចអស់ហើយៗ រង់ចាំ​តែថ្ងៃចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ទាក់ទិនបញ្ហានេះដែរ លោកស្រី ជាប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំ​ខេត្តព្រះសីហនុ បានស្នើ​ដល់អាជ្ញាធរគួរបន្តពិនិត្យទៅលើឯកសារនៃការកាន់កាប់​ឯកសារ​​ទាក់ទង​ការផ្ទេរសិទ្ធិ ឬក៏ការ​ទិញលក់របស់ពលរដ្ឋដែលរងផលប៉ះពាល់ជា​បន្ត​ទៀត។ ព្រោះ​ពលរដ្ឋមួយចំនួនដែលមិនសូវមានជីវភាពធូរធារ គឺ​ពួកគាត់មានបំណងផ្លាស់ប្តូរ​ទីលំនៅ ឬ​ចង់ទៅប្រកបមុខរបរនៅលើសង្កាត់កោះរ៉ុងដែរ ព្រោះ​ ពេល​បច្ចុប្បន្ន​​នេះ នៅលើសង្កាត់​កោះរ៉ុង គឺជាទីតាំង​ងាយរកប្រភពចំណូល ដែលទទួល​បានពីវិស័យទេសចរណ៍​។

អ្នកឃ្លាំមើលសង្គមរូបនេះ ស្នើឱ្យអាជ្ញាធរមេត្តាផ្តល់នូវភាពយុត្តិធម៌​សម្រាប់​ពលរដ្ឋដែល​រងផលប៉ះពាល់ឱ្យបានទាំងអស់គ្នា។ ហើយការផ្តល់យុត្តិធម៌នេះ គឺមានតែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និងមន្ត្រីជំនាញផ្នែកសុរិយោដីទេ ដែលអាចជួយពិនិត្យលើឯកសារ និង​សម្រប​សម្រួលបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ព្រោះថាយោងតាមរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា បានចែងថា ដីធ្លីទាំងអស់នៅក្នុងប្រទេស​កម្ពុជា គឺអ្នកមាន​សិទ្ធិ​កាន់​កាប់​ប្រើប្រាស់ គឺជា​ប្រជាពលរដ្ឋខ្មែរ និងមានសញ្ជាតិជាខ្មែរ។

លោកស្រី សុធារី បន្តទៀតថា៖ «តាមដឹង ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ នៅ​លើ​កោះរ៉ុង​សន្លឹម​ខាងលើនេះ ក៏សុទ្ធតែជាក្រុមហ៊ុនមានអត្តសញ្ញាណជាក្រុមហ៊ុនរបស់ខ្មែរ​យើង​ដែរ។ អញ្ចឹងសម្រាប់ប្រជាពលរដ្ឋដែលពួកគាត់បានចូលទៅរស់នៅទីតាំងនេះ តាំងពីមុន​មាន​​ការ​អភិវឌ្ឍន៍របស់ក្រុមហ៊ុន គឺពួកគាត់ក៏មានសិទ្ធិអាស្រ័យផល និងប្រើប្រាស់ដីរបស់​ព្រះរាជាណាចក្រកម្ពុជា ដូចគ្នាក្រុមហ៊ុនអភិវឌ្ឍន៍ដែរ»

លោកស្រីបន្ថែមថា ក្នុងនាមសង្គមស៊ីវិលលោកស្រី បានស្នើដល់អាជ្ញាធរខេត្តព្រះសីហនុ ក៏​ដូច​​ជា​ក្រសួងដែនដី មេត្តាជួយសម្របសម្រួលធ្វើយ៉ាងឱ្យប្រជាពលរដ្ឋដែលចង់ ឬ​ចូល​មករស់​នៅ និងប្រកបមុខរបរនៅក្នុងមូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹម ដូចគ្នាក្រុមហ៊ុន​វិនិយោគ​ទាំងអស់​ហ្នឹង​ដែរ។ ព្រោះថាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺពួកគាត់​មានសិទ្ធិទទួលបានសិទ្ធិអាស្រ័យផល និងការចិញ្ចឹមជីវិតជាអត្ថប្រយោជន៍​កាន់កាប់​លើដីធ្លី​ទាំង​អស់ហ្នឹងដែរ៕

243 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម