ស្ទើររៀងរាល់ថ្ងៃរយៈពេលមួយឆ្នាំកន្លងមកនេះ សាឡង់ជាច្រើនគ្រឿង ដែលផ្ទុកខ្សាច់រាប់ពាន់ម៉ែត្រគូប បានចាក់ខ្សាច់ចូលក្នុងទន្លេមេគង្គនៅកោះនរាហ៍ ដែលជាកោះតូចមួយ ទីដែលទឹកទន្លេមេគង្គហូរចូលទន្លេបាសាក់។
យោងតាមកម្មករនៅការដ្ឋានបូមខ្សាច់បានឲ្យដឹងថា ខ្សាច់នេះត្រូវបានដឹកមកពីទន្លេមេគង្គផ្នែកខាងលើ ដែលជាកន្លែងបូមយកខ្សាច់ដ៏ធំ ដើម្បីយកមកចាក់បំពេញសម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតធំថ្មីបំផុតរបស់ប្រទេសកម្ពុជា គឺទីក្រុងរណបដ៏ធំមួយស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ លើទំហំសរុប១២៥ហិកតា។
នៅពេលគម្រោង ដែលអភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាបញ្ចប់ វានឹងលាតសន្ធឹងចម្ងាយ ៤០០ម៉ែត្រចូលទៅក្នុងទន្លេមេគង្គ នេះបើតាមការអះអាងរបស់កម្មករនៅការដ្ឋាន។
អ្នកជំនាញ បានលើឡើងថា ការចាក់ដីលុបនៅត្រង់ចំណុច ដែលទន្លេមានទទឹងប្រហែល ១ ៦០០ ម៉ែត្រ គឺប្រាកដជាមានផលប៉ះពាល់ដល់ទន្លេ ប៉ះពាល់ដល់អ្វីៗទាំងអស់ ចាប់ពីលំហូរទឹកដល់កម្រិតទឹក និងប្រព័ន្ធអេកូឡូស៊ីទន្លេ ដែលងាយរងគ្រោះ។ ប៉ុន្តែក្រោយពីគម្រោងចាប់ផ្តើមមួយឆ្នាំនេះ ទាំងរដ្ឋាភិបាលនិងក្រុមហ៊ុនអភិវឌ្ឍមិនទាន់បានចេញរបាយការណ៍វាយតម្លៃពីផលប៉ះពាល់បរិស្ថាន (EIA) នៅឡើយទេ។
បញ្ហានេះគឺជារឿងសំខាន់ ពីព្រោះកោះនរាហ៍ជាគម្រោងមួយ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ទន្លេមេគង្គ។ កោះនរាហ៍ អាចនឹងភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលជាគម្រោងទីក្រុងរណបមួយផ្សេងទៀតដែលនឹងអភិវឌ្ឍលើផ្ទៃដីទំហំ ៧០ហិកតា ជាដីដែលលុបចូលទន្លេ។
គម្រោងនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា ឃុន សៀ ជាសេដ្ឋីអចលនទ្រព្យដែលមានខ្នងក្រាស។ បច្ចុប្បន្នទីតាំងទីក្រុងរណបនេះកំពុងត្រូវបានអភិវឌ្ឍតាមរយៈដំណើរការចាក់ដីលុបដែលធ្វើឲ្យផ្ទៃទន្លេមេគង្គកាន់តែរួមតូច។
គម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំដូចជាកោះនរាហ៍នេះគឺតម្រូវឱ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) នឹងស៊ើបអង្កេតផលប៉ះពាល់លើបរិស្ថានក៏ដូចជាសហគមន៍ជុំវិញនោះ។
ការពិគ្រោះយោបល់ជាមួយពលរដ្ឋនិងអង្គការសង្គមស៊ីវិល គឺចាំបាច់ហើយវាគួរតែផ្តល់ឱកាសឲ្យសាធារណៈជនចូលរួម។ ប៉ុន្តែទោះបីជាតម្រូវឱ្យមានការប្រកាសជាសាធារណៈក៏ដោយ ក៏ជារឿយៗ របាយការណ៍ EIA នៅតែត្រូវបានរក្សាជាលក្ខណៈឯកជនដដែល។
លោក ហែម ឧត្តម ជាអ្នកប្រឹក្សាយោបល់ឯករាជ្យសម្រាប់អភិបាលកិច្ចធនធានធម្មជាតិនៃទនន្លេមេគង្គបានមានប្រសាសន៍ថា៖ «ចាំបាច់ត្រូវមានការពិភាក្សាជាមួយអ្នកជំនាញ សាធារណៈជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាទូទៅ យើងមិនដែលទទួលបានរបាយការណ៍ EIA របស់រដ្ឋាភិបាលទេហើយនេះ គឺជាក្តីបារម្ភ ហើយយើងសង្ឃឹមថា ក្រសួងពាក់ព័ន្ធមានឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើង»។
បើតាមលោក ឧត្តម ការបង្រួមផ្លូវទឹកទន្លេមេគង្គក្នុងកម្រិតបែបនេះ នឹងមានផលប៉ះពាល់ដ៏អាក្រក់។ EIA គួរតែបញ្ជាក់ពីបញ្ហាប្រឈមទាំងនេះ ហើយកំណត់ថា តើត្រូវកាត់បន្ថយអ្វីខ្លះ។
លោកបានមានប្រសាសន៍ថា៖ «ហានិភ័យនៃការជន់លិចក៏នឹងកើនឡើងផងដែរនៅទន្លេមេគង្គក្រោម ដោយសារតែលំហូរទឹកមានសម្ពាធខ្ពស់។ វាក៏អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកក្នុងបរិបទ ដែលពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុផងដែរ»។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) បានឱ្យដឹងថា ការចាក់ដីលុបបែបនេះក៏នឹងបង្កផលប៉ះពាល់ដល់ការផ្លាស់ទីរបស់ត្រីផងដែរ។
លោកបានមានប្រសាសន៍ថា៖ «យើងឃើញហើយថា កម្រិតទឹកបានធ្លាក់ចុះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទឹកទន្លេមេគង្គបានប្រែប្រួលមិនទៀងទាត់ ដែលជាក្តីបារម្ភយ៉ាងខ្លាំង ខណៈពេលមានការចាក់ដីលុបទន្លេនៅពេលនេះ»។
ក្នុងខែនេះ គណៈកម្មការទន្លេមេគង្គបានប្រកាសអាសន្នអំពីការថយចុះកម្រិតទឹកទន្លេដែលបង្កផលប៉ះពាល់អវិជ្ជមានដល់ការដឹកជញ្ជូនតាមទន្លេ ការផ្លាស់ទីរបស់ត្រី ប្រព័ន្ធធារាសាស្ត្រកសិកម្ម និងការប្រមូលផលរុក្ខជាតិតាមដងទន្លេ។
ដងទន្លេមេគង្គ ដែលនៅជិតរាជធានីភ្នំពេញមានសារៈសំខាន់ណាស់សម្រាប់ត្រីធ្វើការផ្លាស់ទី អំឡុងរដូវបន្តពូជពីទន្លេមេគង្គក្រោមរហូតដល់បឹងទន្លេសាប។ ត្រីទាំងនេះជាអាហារដ៏មានសារៈសំខាន់សម្រាប់មនុស្សរាប់លាននាក់ ប៉ុន្តែភាពប្រែប្រួលក្នុងទន្លេធ្វើឱ្យរាំងស្ទះដល់ការផ្លាស់ទីរបស់ពួកវា។
លោក សាវ៉ាត បានបន្ថែថា៖ «ការបាក់ដីច្រាំងទន្លេជាការប្រែប្រួលតាមធម្មជាតិ ប៉ុន្តែនៅពេលដែលទន្លេត្រូវបានចាក់បំពេញដោយមនុស្ស វាធ្វើឱ្យខូចខាតដល់ធនធានទន្លេ ខណៈដែលធ្វើឱ្យកម្រិតទឹកធ្លាក់ចុះ»។
- សកម្មភាពចាក់ដីលុបទន្លេនៅកោះនរាហ៍ទល់មុខកោះពេជ្រដែលកំពុងត្រូវបានពង្រីកទៅជាទីក្រុងរណបដ៏ធំមួយ។ ស៊ន សារ៉ាត
- សកម្មភាពចាក់ដីលុបទន្លេនៅកោះនរាហ៍ទល់មុខកោះពេជ្រដែលកំពុងត្រូវបានពង្រីកទៅជាទីក្រុងរណបដ៏ធំមួយ។ ស៊ន សារ៉ាត
អភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ខៀវសែ ដែលមានខ្នងក្រាស ទីក្រុងរណបតម្លៃ ២,៥ ពាន់លានដុល្លារនឹងអាចផ្ទុកអ្នករស់នៅបានចំនួន ៥ ម៉ឺននាក់ ហើយនឹងមានស្ពានភ្ជាប់ទៅទាំងកោះពេជ្រ និងផ្លូវជាតិលេខ ១។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC មានប្រសាសន៍ថា ក្រុមហ៊ុននិងក្រសួងរបស់រដ្ឋាភិបាលបានធ្វើការសិក្សាពីផលប៉ះពាល់ EIA ប៉ុន្តែលោកបានបង្វែរឲ្យ ខេមបូចាសាកសួរ «អាជ្ញាធរពាក់ព័ន្ធ» ដើម្បីពិនិត្យច្បាប់ចម្លងនៃឯកសារវាយតម្លៃ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា EIA ត្រូវបានអនុម័តយល់ព្រម ប៉ុន្តែលោកថារបាយការណ៍ពេញលេញមិនទាន់ទ្រូវបានបញ្ចប់នៅឡើយទេ។
លោកបានមានប្រសាសន៍ថា៖ «EIA បានឆ្លងកាត់ការប្រជុំអន្តរក្រសួងរួចហើយបន្ទាប់ពីសិក្សាលម្អិតពីផលប៉ះពាល់បរិស្ថាននិងសង្គម ដោយបានជួបជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដាក់ចេញវិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងសង្គម»។
ប៉ុន្តែលោកបាននិយាយថា ឯកសារនេះមិនទាន់បង្ហាញជាសាធារណៈទេហើយមិនបានបញ្ជាក់ថា ពេលណាវានឹងប្រកាសជាសាធារណៈនោះទេ។
លោកមានប្រសាសន៍ថា៖ «វាមិនមានបញ្ហាទេ ពីព្រោះការពង្រីកច្រាំងទន្លេត្រូវបានធ្វើឡើងតាមដំណាក់កាលនៃការសិក្សា» ដោយលោកពន្យល់បន្ថែថា ដំណាក់កាលដំបូងនៃការវាយតម្លៃផលប៉ះពាល់បរិស្ថានបានរកឃើញថា ការពង្រីកនេះនឹងមិនមានផលប៉ះពាល់អ្វីទេ។
លោកក៏បានច្រានចោលការព្រមានរបស់អ្នកជំនាញបរិស្ថានផងដែរ ដោយមានប្រ សាសន៍ថា៖ «យើងមានវិធានការណ៍នានា ដើម្បីចៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានជាពិសេសលំហូរទឹក»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា EIA មិនគួរត្រូវបានគេចាត់ទុកថា ជាបញ្ហារសើបទេ ហើយត្រូវតែផ្សព្វផ្សាយជាសាធារ ណៈ។
លោកថ្លែងថា៖ «គេមិនគួរលាក់បាំងនោះទេ។ នៅពេលដែលរដ្ឋាភិបាលព្យាយាមលាក់បាំងបញ្ហា វានឹងធ្វើឱ្យសាធារណជនកាន់តែមានបន្ទិល។ ប៉ុន្តែសាធារណជនអាចគាំទ្រគម្រោងនេះ ប្រសិនបើព័ត៌មានត្រូវបានផ្សព្វផ្សាយជាទូទៅ»។
លោក ពិសី បានចង្អុលបង្ហាញថា ការចាក់ដីខ្សាច់លុបដ៏ធំធេងបែបនេះ រដ្ឋាភិបាលត្រូវឲ្យមានការចូលរួមពីអ្នកជំនាញឯករាជ្យ ដើម្បីវិភាគផលប៉ះពាល់ឱ្យបានត្រឹមត្រូវ។
លោកបន្ថែមថា៖ «ប្រជាពលរដ្ឋនឹងដឹងរឿងនេះ ហើយវាចាំបាច់សម្រាប់រដ្ឋាភិបាលនិងក្រុមហ៊ុនក្នុងការចែករំលែកព័ត៌មាន ដើម្បីទទួលបានការជឿទុកចិត្តពី សាធារណជន»។
កាលពីខែមករា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការចាក់ដីលុបបឹងមួយចំនួននៅក្នុងរាជធានីភ្នំពេញ គឺការចាំបាច់ ដើម្បីបង្កើតទីតាំងសម្រាប់ការអភិវឌ្ឍ។ ប៉ុន្តែក៏បានមានប្រសាសន៍ផងដែរថា លោកប្រឆាំងនឹងការទប់ទន្លេឬការបិទផ្លូវទឹក ដែលមិនពាក់ព័ន្ធ។
ក្នុងសុន្ទរកថាដដែលនោះ លោក ហ៊ុន សែន បន្តថារាជធានីសព្វថ្ងៃនៅមានកម្រិតនៅឡើយដែលទាមទារការពង្រីកបន្ថែម ដែលបានពង្រីកពី ៣០០គីឡូម៉ែត្រការ៉េទៅដល់ជាង ៧០០គីឡូម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃសមាគមធាងត្នោតបានឱ្យដឹងថា មិនមានការស្រាវជ្រាវគ្រប់គ្រាន់លើផលប៉ះពាល់នៃការចាក់ដីបិទផ្លូវទឹកទន្លេមេគង្គនេះទេ។ ប៉ុន្តែលោកថ្លែថា ខណៈការអភិវឌ្ឍផ្តល់នូវភាពវិជ្ជមាន និងភាពអវិជ្ជមាន ផលប៉ះពាល់បរិស្ថាននិងសេដ្ឋកិច្ចសង្គមចាំបាច់ត្រូវសិក្សាឱ្យបានលម្អិត ហើយរបាយការណ៍ EIA គួរតែមានសម្រាប់សាធារណៈជន។
លោកបានមានប្រសាសន៍ថា៖ «យើងអាចមើលឃើញពីទំហំនៃផលប៉ះពាល់ តើទន្លេនៅសល់ទំហំប៉ុណ្ណា ដើម្បីរក្សាលំហូរទឹកធម្មជាតិនិងការផ្លាស់ទីរបស់ត្រី»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Large-scale Mekong River landfilling draws concern eco-system and water way