សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកស្រលាញ់ភេទដូចគ្នាស្នើឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់ពួកគេ

អ្នកស្រលាញ់ភេទដូចគ្នាថតរូបនៅមុខសាលមហោស្រពចេនឡា ក្នុងខណ្ឌទួកគោក រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ទួក ពិសិដ្ឋ
អ្នកស្រលាញ់ភេទដូចគ្នាថតរូបនៅមុខសាលមហោស្រពចេនឡា ក្នុងខណ្ឌទួកគោក រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ទួក ពិសិដ្ឋ

ក្រុមអ្នកស្រលាញ់ភេទដូចគ្នាជាង១០០នាក់ បានជួបជុំគ្នានៅសាលមហោស្រពចេនឡា​ក្នុង​រាជធានីភ្នំពេញ ដើម្បីប្រារព្ធខួប១ឆ្នាំនៃយុទ្ធនាការ «ខ្ញុំទទួលយក» ក្នុងគោលដៅទាមទារ​ឱ្យ​រដ្ឋាភិបាលបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់ពួកគេ និងបញ្ឈប់ការរើសអើងក្នុង​សង្គម។

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបមានវត្តមានក្នុងអង្គពិធីនេះ ខណៈដៃគូស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរយេនឌ័រ បាននាំគ្នាធ្វើដំណើរ​មកជា​បន្តបន្ទាប់នៅម៉ោងប្រមាណ៣រសៀល ដោយមានទាំងនាំម្តាយឳពុកពួកគេមកជាមួយផង។

កាត់សក់ខ្លី ភ្នែកតូច សម្បុរស តុបតែងខ្លួនជាបុរស អ្នកស្រី សៀន ភិន វ័យ ៣១ឆ្នាំ បានប្រាប់​ខេមបូចា ថា គាត់ចាប់ផ្តើមស្លៀកខោ និងពាក់អាវ​ជារបៀប​មនុស្សប្រុសតាំងពីធំដឹងក្តីមក​ម៉្លេះ​។ អ្នកស្រីបន្តថា ដំបូងឡើង​ដោយបារម្ភមានការ​រើសអើងពី​ក្រុមគ្រួសារ គាត់ក៏សម្រេច​ចិត្ត​មិន​កាត់សក់ខ្លីដូចបច្ចុប្បន្ននោះទេ។

អ្នកស្រីនិយាយថា៖ «ពីមុនអត់ទាន់យកប្រពន្ធ នៅជាមួយម៉ែ ធ្វើការចឹងដឹងថា ខ្លួនឯង​ចរិក​ប្រុសទេតែអត់ទាន់ហ៊ានកាត់សក់ ខ្លាចកាត់សក់ទៅម៉ែគាត់ខឹង គាត់អី។ ដំបូងកាត់តិចៗ ខ្លាចគាត់ដែរ»។

អ្នកស្រលាញ់ភេទដូចគ្នារូបនេះបន្ថែមថា គាត់ចាប់ផ្តើមបង្ហាញអត្តសញ្ញាណខ្លួនឯងពេញ​លេញក្នុងឆ្នាំ២០១៩ ដោយមិនបារម្ភពីពាក្យបន្ទោសបង្អាប់ពីមជ្ឈដ្ឋានជុំវិញខ្លួននោះទេ ដោយ​សារតែគាត់យល់ឃើញថា ការរស់នៅក្នុងភាពជាខ្លួនឯងបែបនេះ គឺជាសិទ្ធិសេរីភាព​របស់​មនុស្ស។

 អ្នកស្រីបន្តថា៖ «ខ្ញុំអត់ខ្វល់សំខាន់ខ្លួនខ្ញុំ ខ្ញុំដឹងខ្លូនខ្ញុំផ្ទាល់ព្រោះអីពាក្យសម្តីអ្នកដទៃ ខ្ញុំអត់​យកមកឈឺក្បាលទេ សំខាន់ម៉ែឳខ្ញុំគាត់អត់ស្អប់ខ្ពើមខ្ញុំ អត់រើសអើងអី។ អ៊ីចឹងខ្ញុំអត់​ខ្វល់​ពាក្យសម្តីអ្នកឯក[អ្នករើសអើង]ព្រោះអ្នកឯងអត់មានមកចិញ្ជឹមខ្ញុំទេ»

ស្រ្តីជាម្តាយអ្នកស្រលាញ់ភេទដូចគ្នាម្នាក់ គឺអ្នកស្រី ឡេង ផាត វ័យ៦១ឆ្នាំ បានថ្លែង​នៅមុខ​សាលមហោស្រពចេនឡាថា គាត់បានធ្វើដំណើរពីខេត្តតាកែវ ដើម្បី​ចួលរួម​កម្មវិធីនេះ ដោយ​ថា​គឺជាពិធីមួយដែលមានសារៈសំខាន់សំរាប់បង្កើនទំនាក់ទំនង​អ្នក​ស្រលាញ់​​ភេទដូចគ្នា​ក្នុង​សង្គម។ អ្នកស្រីថា ដំបូងឡើយគាត់រើសអើង​កូនស្រីរបស់គាត់​មិនឱ្យ​ស្រលាញ់​ភេទដូនគ្នា​នោះ​ទេ ព្រោះគាត់បារម្ភមិនមានអ្នកស្នងត្រកូលបន្តនៅក្នុងគ្រួសារ។

អ្នកស្រី ឡេង ផាត បន្តថា៖ «ដំបូងរាងអន់ចិត្តដែរ មូលហេតុកូនគេស្រីដែរ គេមានប្តីហើយ​យើង​ស្រីទៅស្រលាញ់ស្រីខ្ញុំថា អត់មានកូនមានចៅតពូជ»

ស្រ្តីវ័យចំណាស់រូបនេះបន្ថែមថា ក្រោយពេលពិចារណាបានមួយរយៈក្រោយមក គាត់បាន​ផ្លាស់​ប្តូរផ្នត់គំនិតព្រមទទួលស្គាល់កូនរបស់គាត់ក្នុងនាមជាអ្នកស្រលាញ់ភេទដូចគ្នា ព្រោះតែ​អំពើល្អរបស់ពួកគេ។ អ្នកស្រីយល់ឃើញថា អារម្មណ៍ស្នេហាភេទដូចគ្នា​របស់មនុស្ស​មិនមែន​ជារឿងខុសធម្មជាតិនោះទេ ហើយមិនត្រូវទទួលបានការរើសអើងឡើយ។

អ្នកស្រីលើកឡើងថា៖ «បើសិនជាកូនបានស្រលាញ់គ្នាហើយ យើងកុំឃាត់ឃាំងកុំស្តីបន្ទោស​វា ធ្វើម៉េចតាមធម្មជាតិរបស់វាចុះ។ កាលណាមានការឃាត់ឃាំងប្រឈម​ផ្លូវច្បាប់បានខ្ញុំ​អត់​ឃាត់​តាមដំណើររបស់វាចុះ»

សហគមន៍ឥន្ទធនូកម្ពុជា(Rainbow Community Kampuchea) បានបង្កើត​យុទ្ធនាការ »ខ្ញុំ​ទទួល​យក« កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីលើកកម្ពស់ការយល់ដឹង និង​ជំរុញ​ការ​ទទួលយកពីសាធារណជនចំពោះអ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) ជាពិសេស​គឺចូលរួម​ចំណែកទាមទារឱ្យមានការការពារផ្នែកច្បាប់ នៃសមភាពអាពាហ៍ពិពាហ៍​សម្រាប់ដៃគូ​អ្នក​ស្រឡាញ់ភេទដូចគ្នា។

សហគមន៍ឥន្ទធនូកម្ពុជា បានកៀរគរសមាជិករបស់ខ្លួនជួបជុំគ្នានៅថ្ងៃទី៩ ខែធ្នូ ជា​រៀងរាល់​ឆ្នាំ ក្នុងបំណងផ្សារភ្ជាប់ជាមួយទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ផងដែរ។ ក្នុងឆ្នាំ២០២២ នេះ ការជួបជុំគ្នារបស់ក្រុមដែលមានសម្លេងភាគតិចមួយនេះ បានរួមបញ្ជូលការ​ចាក់បញ្ជាំង​ភាពយន្ត​ឯកសារមានចំណងជើងថា ក្រុមកីឡាបាល់ទាត់ផ្កាឈូក។ ខ្សែភាពយន្ត​មានរយៈ​ពេល៧០នាទី ត្រូវបានបញ្ជាំងនៅលើផ្ទាំងសំពត់សក្នុងសាលមហោស្រពចេឡា ដែលមាន​អ្នកទស្សនាជាង១០០នាក់ ។

លោក ហែម វណ្ណា អ្នកដឹកនាំផលិតភាគយន្តឯកសារនេះ បានប្រាប់ខេមបូចា ថា ភាពយន្ត​នេះបានប្រើរយៈពេលប្រមាណ៧ឆ្នាំ ចំណាយថវិកា​ប្រមាណ ៥០ ០០០ដុល្លារ ដោយ​សហការណ៍ជាមួយសហគមន៍ឥន្ទធនូកម្ពុជា អង្គការអន្តរជាតិ Document Our History Now និងផលិតដោយជនជាតិបរទេសមួយចំនួនទៀត។

បើតាមលោក វណ្ណា ភាយន្តស្តីពីជីវិតអ្នកស្រលាញ់ភេទដូចគ្នានេះ​ធ្លាប់បានចាក់បញ្ជាំង​នៅប្រទេសមួយចំនួនរួចមកហើយរួមមាន ប្រទេសថៃ សហរដ្ឋអាមេរិក អ៊ីស្រាអែល  អូទ្រីស ជាដើម។ ភាពយន្តនេះ ទទួលបានពានរង្វាន់់ពីប្រទេស អ៊ីស្រាអែល និងប្រទេសថៃ ជាខ្សែ​ភាពយន្ត​ឯកសារដែលល្អបំផុតរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBT+)។

លោក វណ្ណា ថ្លែងថា៖ «ភាពយន្តឯកសារនេះ យើងផលិតឡើង​ដើម្បីជួយលើកកម្ពស់​អ្នក​ស្រលាញ់​ភេទដូចគ្នានៅប្រទេសកម្ពុជាដែលយើងហៅថា LGBT ឱ្យគាត់មានជំនឿក្នុង​សង្គម។ មួយទៀតយើងចង់បង្ហាញពីផលវិជ្ជមានជាច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ ជាការងាររបស់ពួកគាត់ដែលចូលរួមក្នុងសង្គម»។

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងក្នុងពិធីនោះថា លោកនឹងយកខ្សែភាពយន្តឯកសារនេះ ដើម្បីបញ្ចាំងនៅលើទូរទស្សជាតិ​នាពេលខាងមុខ​ដើម្បីជាផ្នែកមួយផ្លាស់ប្តូរគំនិតនៃការរើសអើងក្នុងសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

ភាពយន្តឯកសារ ក្រុមកីឡាបាល់ទាត់ផ្កាឈូក បានបង្ហាញពីខ្សែជីវិតរបស់ក្មេងស្រីដែល​តុបតែង​ខ្លួនជាបុរស ឈ្មោះថា ល័ក្ខ និងម៉ាស់។ ពួកគេបានរត់ចេញពីផ្ទះ ព្រោះតែមានការ​រើសអើង​ពីក្រុមគ្រួសារ និងក្នុងសាលារៀន។ តួអង្គម្នាក់ដែលឈ្មោះថា វណ្ណ (ប៉ាវណ្ណ) ជាស្រ្តី​អ្នកស្រលាញ់ភេទដូចគ្នា និងជាគ្រូបង្វឹកកីឡាបាល់ទាត់មួយរូបក្នុងខេត្តកំពង់ឆ្នាំង បានទទួល​យក ល័ក្ខ និងម៉ាស់ ឱ្យរស់នៅជាមួយ ហើយបានលើកទឹកចិត្តឱ្យពួកគេមានក្តី​សង្ឃឹមរស់នៅ​បន្តទៀតក្នុងជីវិត។

អ្នកស្រី លី ពិសី អ្នកសម្របសម្រួលអង្គការសហគមន៍ឥន្ទធនូកម្ពុជា បានលើកឡើងថា គោល​បំណង​នៃការនាំយកភាពយន្តឯកសារបញ្ជាំងក្នុងអំឡុងពេលធ្វើយុទ្ធនាការនេះ គឺដើម្បី​ឱ្យ​សាធារណជនបានយល់ដឹងអំពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងចាប់ផ្តើម​ទទួលស្គាល់​ពួកគេយ៉ាងពេញលេញដូចពលរដ្ឋទូទៅដែរ។

មួយវិញទៀតអ្នកស្រីថា យុទ្ធនាការមួយនេះ នឹងជំរុញឱ្យមន្រ្តីរដ្ឋាភិបាល អ្នកនយោបាយ និង​អង្គការពាក់ព័ន្ធទាំងអស់នៅកម្ពុជា ពិចារណាតាក់តែងច្បាប់ឱ្យអ្នកស្រលាញ់​ភេទ​ដូចគ្នា​បាន​ចុះសំបុត្ររៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ដូចទៅនឹងអ្នកស្រលាញ់ភេទផ្ទុយគ្នាដែរ។

អ្នកស្រី ពិសី បន្ថែមថា៖ «បញ្ហាគឺការើសអើងហ្នឹងឯង! ហើយគ្រួសារយើងកើតកូនពូនជាចៅ ប៉ុន្តែ​ខ្វះឯកសារផ្លូវច្បាប់ ក្នុងនាមជាគ្រួសារពិតប្រាកដ។ ការដែលរើសអើងហ្នឹង គឺដោយសារ​តែកង្វះច្បាប់ការពារដែរ យើងអត់ដឹងថា យកអីទៅពន្យល់គេ។ឧទាហរណ៍ ជាប្តីប្រពន្ធមាន​កូន ស្មុំកូន អត់ដឹងយកអីទៅបង្ហាញគេ។ ការខ្វះការគាំពារដោយច្បាប់វាកាន់តែរុញឱ្យអ្នក​ស្រលាញ់​ភេទដូចគ្នាប្រឈមនឹងការរើសអើង»

ច្បាប់រៀបអាពាហ៍ពិពាហ៍មាត្រា៦ បានចែងថា ពលរដ្ឋកម្ពុជាមិនអាចរៀបអាពាហ៍ពិពាហ៍បាន​នោះទេក្នុងករណី បុគ្គលនោះមានភេទដូចគ្នា បុគ្គលគ្មានពលានុភាពនៃលិង្គ បុគ្គលមាន​ជំងឺ​ឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់ ជនវិកលចរិត ជនមិនដឹង​ខុសត្រូវ និងបុគ្គលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ។

យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងក្នុងអង្គពិធីនោះ​ថា ស្ថានភាពអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា​មានភាពល្អប្រសើរច្រើនបើប្រៀបធៀប​ជាមួយ​ប្រទេសផ្សេងៗទៀតនៅលើសកល។ លោកថា ការទទួលស្គាល់អត្តសញ្ញាណពេញ​លេញ​ចំពោះអ្នកស្រលាញ់ភេទដូចគ្នា គឺអាស្រ័យលើ ការបង្ហាញភាពជាគំរូល្អរបស់ពួកគេ​ដើម្បីធានាឱ្យមានការទទួលយកពួកគេពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល។

លោកបន្តថា៖ «ថ្វីថ្បិតតែបច្ចុប្បន្នក្រខណ្ឌច្បាប់យើងមិនទាន់មានទទួលស្គាល់ ហើយមិន​ទាន់មានគោលនយោបាយក្នុងការទទួលស្គាល់អត្តសញ្ញាណអ្នកស្រលាញ់ភេទដូចគ្នា ក៏ប៉ុន្តែ​ជាក់ស្តែងមានភាពប្រសើរជាងបណ្តាប្រទេសមួយចំនួនឆ្ងាយណាស់ យើងអាចរស់នៅជាមួយ​គ្នា​ដោយសេរី ដោយបើកចំហរ អាចធ្វើសកម្មភាពបំពេញការងារ មុខរបររកស៊ីរបស់យើង​ដោយ​សេរី មិនមានការធ្វើទុក្ខបុកម្និញអ្វីនោះទេ»

បើតាមលោក ម៉ាលីន ថា រដ្ឋាភិបាលកំពុងតែស្ថិតនៅក្នុងការពិចារណានៅឡើយ​ដើម្បី​អនុញ្ញាត​ឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចចុះសំបុត្រអាពាហ៍ពិពាហ៍បាន ដោយថាត្រូវការ​ពេល​វេលា​ដើម្បីផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋឱ្យទទួលស្គាល់ពួកគេបន្ថែមទៀត។

 លោក ម៉ាលីន ថ្លែងថា៖ «ការរៀបចំក្របខណ្ឌច្បាប់ ឬគោលនយោបាយគឺ វាត្រូវវិវត្តន៍​ទៅតាមបរិបទសង្គម។ នៅពេលណាមួយដែលសង្គមមានការផ្លាស់ប្តូរ ការទទួលយកមាន​លក្ខណៈទូលំទូលាយពីសំណាក់ក្រុមគ្រួសារ ពីសំណាក់សហគមន៍ទាំងមូល ពេលនោះ​អ្នកនយោបាយ អ្នកធ្វើច្បាប់គេនឹងគិតគូរទៅតាមហ្នឹង»។

ចំណែកអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន ដែលមានវត្តមានក្នុង​ការ​ជួបជុំ​របស់​ក្រុមអ្នកស្រលាញ់ភេទដូចគ្នាដែរនោះមានប្រសាសន៍ថា ក្នុងនាម​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កំពុងតែធ្វើការងារយ៉ាងជិតស្និទជាមួយស្ថាប័ន​ពាក់ព័ន្ធ ដើម្បីកាត់បន្ថយការរើងអើង និងឈានទៅដល់ការបង្កើតច្បាប់រៀបការសម្រាប់ពួកគេ។

លោកបន្ថែមថា៖ «អង្គការរ៉ក និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា គណៈកម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងរួមចំណែកគ្នា កៀកស្មាគ្នា ចាប់ដៃគ្នា ធ្វើយ៉ាងណា យើងធ្វើឱ្យកាន់បន្ថយការរើសអើងក្នុងសង្គម ឱ្យមានក្របខណ្ឌច្បាប់ទៅថ្ងៃមុខឱ្យបងប្អូន​រស់​នៅ​ស្មើភាពគ្នា[មានច្បាប់]អាពាហ៍ពិពាហ៍ ការចិញ្ជឹមកូន និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ​ទៀត»។

សហគមន៍ឥន្ទធនូកម្ពុជា ចាប់ផ្ដើមរូបរាងឡើងក្នុងឆ្នាំ២០០៩ ដោយមានការគាំទ្រ​មូល​និធិ​ពីក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា ថៃ បារាំង អូស្ត្រាលី សហរដ្ឋអាមេរិក ជាដើម។

ក្នុងឆ្នាំ២០១៤ សហគមន៍មួយនេះ បានក្លាយជាអង្គការក្រៅរដ្ឋាភិបាល​របស់អ្នកស្រឡាញ់ភេទ​ដូចគ្នា​ដំបូងបំផុតនៅកម្ពុជាដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ។ បច្ចុប្បន្នអង្គការនេះ​មាន​សមាជិកសរុបជាង ២​ ០០០នាក់។

ទោះជាយ៉ាងណាក្តី ត្រឡប់ទៅកាន់ អ្នកស្រី សៀន ភិន វ័យ៣១ ដែលជាសមាជិកមួយរូបក្នុង​សហគមន៍ឥន្ទធនូកម្ពុជា ក្នុងចំណោមសមាជិករាប់រយនាក់ទៀត នៅតែមានក្តីរំពឹងថា​ច្បាប់​រៀបអាពាហ៍ពិពាហ៍នឹងកើតមានសម្រាប់គូស្នេហ៍ភេទដូចគ្នានៅថ្ងៃណាមួយមិនខាន។

អ្នកស្រី សៀន ភិន បន្ថែមថា៖ «ខ្ញុំចង់បានច្បាប់ការឱ្យបានការដូចគេប្រុស និងស្រី រាល់ថ្ងៃ​យើងកាត់សក់[ខ្លី]បាននៅជាមួយគ្នាបាន គ្រាន់តែច្បាប់ការយើងអត់មានទេ។ គ្រាន់ថា​រៀប​[សែន]អីបន្តិចបន្តួច គ្រាន់តែរៀបបានជាជប់លៀង។ ខ្ញុំគ្រាន់តែចង់បានច្បាប់ការ [ចុះសំបុត្រ​អាពាហ៍ពីពាហ៍] »

651 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម