សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្រួសារជនរងគ្រោះបានច្រានចោលការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតដោយស្នើឱ្យរដ្ឋាភិបាលជួយរកយុត្ដិធម៌

ពលរដ្ឋ និងព្រះសង្ឃ ទៅរកសេវាសុខភាពនៅមន្ទីរពេទ្យខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ពលរដ្ឋ និងព្រះសង្ឃ ទៅរកសេវាសុខភាពនៅមន្ទីរពេទ្យខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

គ្រួសារជនរងគ្រោះបានច្រានចោលការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ដោយស្នើឱ្យ​រដ្ឋាភិបាលជួយ​រកយុត្ដិធម៌ដោយលើកឡើង​ថា ការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតមិន​អាចទទួលយកបាន និងស្នើឱ្យក្រសួងសុខាភិបាល​ពិនិត្យឱ្យបានត្រឹម​ត្រូវ​ដើម្បីកុំឱ្យកើត​មាន​​ដល់ពលរដ្ឋផ្សេងទៀត ខណៈពលរដ្ឋជាច្រើន​បាន​រិៈគន់​​លើករណីនេះតាមបណ្តាញ​សង្គម​​។

ក្រោយពីមានការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតដែលពលរដ្ឋទូទៅស្គាល់ឈ្មោះថា​«ពេទ្យរុស្សី»កូនស្រីរបស់ជនរងគ្រោះដែលស្លាប់គឺ កញ្ញា ធួ ស្រីពេជ្រ បានសរសេរបង្ហោះ​លើបណ្ដាញ​សង្គម​ថា ក្នុងនាមកញ្ញាជាក្រុមគ្រួសារសព និងជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ​រាប់ម៉ឺននាក់​ដែលបានជួបរឿងនេះ ពិតជាមានការឈឺចាប់។

ក្នុងសារដដែលបន្ដថា៖ «ស្ថាប័ននៅតែគាំទ្របុគ្គលិក និងកិត្ដិយសស្ថាប័នខ្លួន​ជាជាងទទួល​យក​ការពិត មិនឃើញទទួលស្គាល់ហើយ​យក​មកកែតម្រូវ។ ការមានៈនេះហើយ​ទើបបងប្អូន​អស់ជំនឿចិត្ដ និងមានជនរងគ្រោះច្រើនបែបនេះ(បើទោះបីមានការសង្រ្គោះច្រើនក៏​ប្រជាជន​ដែលត្រូវរងគ្រោះមិនតិចដែរ)»

កញ្ញា ស្រីពេជ្រ បានលើកឡើងពីករណីដែលធ្វើឱ្យឪពុកកញ្ញាស្លាប់ថា ពេលកញ្ញានាំឱ្យឪពុក​របស់​កញ្ញា​ទៅដល់ គ្មានអ្នកប្រចាំការគ្រប់គ្រាន់ និងមានការយឺតយ៉ាវ​ក្នុងបញ្ជូន​អ្នកជំងឺ​ទៅ​សង្គ្រោះ​បន្ទាន់។ ត្រូវរង់ចាំពេទ្យតេដាស់គ្នា និងត្រូវបង់លុយមុន ទើបអាចយកទៅស្កែនបាន។ កញ្ញាបន្ដថា មិនមានការសង្រ្គោះបឋមត្រឹមត្រូវ និងមិនយកចិត្ដទុកដាក់ដោយទុកឪពុករបស់​កញ្ញា​ចោលជាច្រើនម៉ោង។

កញ្ញាបន្ដថា រឿងឡានសាមុយទារលុយ និងស្កាក់មិនឱ្យយកអ្នកជំងឺទៅក្រៅ និងបានប្រើ​ពាក្យ​សម្ដី​ខ្វះ​ក្រមសីលធម៌(រួមទាំងមានវីឌីអូភស្ដុតាង) ដើម្បីបញ្ជាក់លើករណីមុននឹងឪពុក​របស់កញ្ញា​ស្លាប់។

បើតាមកញ្ញា ធួ ស្រីពេជ្រ​ អាយុ២៥ឆ្នាំ​ ត្រូវជាកូននៃគ្រួសារសពបានរៀបរាប់ឱ្យ ខេមបូចា ដឹង​នៅ​ថ្ងៃទី៣០ ខែមករា ថា ការ​បំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតនេះ គឺកញ្ញាបាន​ច្រាន​ចោល និងមិនអាចទទួល​យក​បាន។ កញ្ញាបានបញ្ជាក់បន្ថែមថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ឪពុក​ស្លាប់​ដោយសារតែ​មិន​ទទួល​ខុស​​ត្រូវរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតដោយ​បានទុកឪពុក​កញ្ញារាប់ម៉ោង ខណៈឪពុក​កញ្ញា​ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ប៉ុន្ដែបែរជាពេទ្យមិនអើពើ។ កញ្ញាថា ករណីរបស់ឪពុក​កញ្ញា​វាជាករណីមួយ ប៉ុន្ដែតាមកញ្ញាបានដឹងថា​មានពលរដ្ឋរងគ្រោះ​ដូចករណីឪពុកកញ្ញា​គឺ​ច្រើន។

កញ្ញាថា៖ «វាអាក្រក់ណាស់បង។ ពេលយើងទៅដល់គេតម្រូវឱ្យបង់លុយមុន​ទើបគេអាច​យក​ប៉ា​ខ្ញុំទៅពិនិត្យបាន គ្រាន់តែទុកប៉ាខ្ញុំចោលជិត២ម៉ោង​ទាំងប៉ាត្រូវសង្រ្គោះ​បន្ទាន់។ គេពិនិត្យ​ទៅ ​គេថា​ប៉ាខ្ញុំដាច់សរសៃឈាម គេមិនអាចសង្គ្រោះបានទេ ខ្ញុំចង់យកទៅវៀតណាម​គេមក​កាក់​ឡានខ្ញុំមិនឱ្យយកចេញរហូតដល់ម៉ោងជាង៨ព្រឹកទើបគេឱ្យចេញ ប៉ាខ្ញុំស្លាប់បាត់។ ខ្ញុំ​ឈឺ​ចាប់ណាស់បង»

កញ្ញាបន្ថែមថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាលរកយុត្ដិធម៌​ឱ្យខ្ញុំព្រោះវា​អយុត្ដិធម៌​ណាស់ មួយទៀតខ្ញុំចង់​ឱ្យក្រសួងសុខាភិបាលមើលឡើងវិញ​កុំឱ្យពលរដ្ឋផ្សេង​ទៀតរងគ្រោះ​ដូចករណីប៉ាខ្ញុំ វាឈឺ​ចាប់​​ណាស់បង»

យ៉ាងណាកញ្ញា ស្រីពេជ្រ បានបញ្ជាក់បន្ថែមនៅថ្ងៃទី៣១ ខែមករា ថា ក្រុមគ្រួសាររបស់កញ្ញា​មិនទាន់មានចំណាត់ការបន្ដនោះទេ ដោយកញ្ញាថា ខាងក្រសួងសុខាភិបាល និង​ខាង​មន្ទីរពេទ្យខ្មែរ-សូវៀត​បាននាំគ្នាមកចូលរួមនឹងបានអុចធូបដើម្បីសុំខមាទោស​លើសព​ឪពុក​កញ្ញាកាលពីថ្ងៃទី៣០​ ខែមករា។ កញ្ញាបន្ដថា ខាងមន្ទីរពេទ្យនឹងបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បី​ដាក់វិន័យលើបុគ្គលិកដែលបានប្រព្រឹត្ដខុសតាមច្បាប់សហលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិល។

កញ្ញាបញ្ជាក់ថា៖ «ខ្ញុំទុកពេលឱ្យខាងក្រសួង និងមន្ទីរពេទ្យគាត់មានវិធានការសិនបង ខ្ញុំសុំ​មិន​បន្ថែម​ទេ​បង»

កាលពីថ្ងៃទី២៩ ខែមករា មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតបានចេញលិខិត​បំភ្លឺ​ជុំវិញ​ករណី​អាខោន​​ហ្វេសប៊ុកមានថា SreyPich Thou(Laboon) និងសារព័ត៌មានRFI ដែល​បាន​ចុះ​ផ្សាយ​ខ្លឹម​សារព័ត៌មានមិនពិតលើករណីអ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ជូនមកផ្នែក​សង្គ្រោះ​បន្ទាន់​នៃមន្ទីរពេទ្យមិត្ដភាព​ខ្មែរសូវៀតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលា​ម៉ោង​២​និង​៣៧​នាទី​​រំលងអាធ្រាត្រ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង។

ក្នុងលិខិតដដែលបន្ដថា ក្រុមគ្រូពេទ្យ​បាន​ព្យាយាមជួយសង្គ្រោះអស់ពី​លទ្ធភាពក្រោយ​ពីបាន​ធ្វើការពិនិត្យ និងវិភាគអមវេជ្ជសាស្រ្ដទៅលក្ខណៈបច្ចេកទេសដើម្បី​រកមូលហេតុឱ្យ​បាន​ច្បាស់​លាស់រួចមក។ លទ្ធផលបានបង្ហាញថា «អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាល​បណ្ដាល​ហូរ​ឈាម​ក្នុងខួរក្បាលធ្ងន់ធ្ងរ»

យ៉ាងណាក្ដីក្នុងលិខិតបំភ្លឺបានច្រានចោលទាំងស្រុងជុំវិញគ្រួសារសព និងការចុះផ្សាយរបស់​វិទ្យុ​បារាំង​ថា មិនមែនជាការពិត។

ពលរដ្ឋម្នាក់គឺលោក ជា ធីរិទ្ធ ដែលធ្លាប់មានសាច់ញាតិបានរងគ្រោះដូចករណីខាងលើនេះឱ្យ ខេមបូចា ដឹងថា  វាជាការឈឺចាប់របស់ប្រជាជនរងគ្រោះ ព្រោះលោកក៏មានសាច់ញាតិធ្លាប់​ជួប​រឿង​ស្រដៀងគ្នានេះដែរកន្លងទៅ។ លោកបន្ដថា វាល្មមដល់ពេលដែលមន្ទីរពេទ្យមួយនេះ ល្មមកែទម្រង់ហើយ។ ការឈឺចាប់ និងទឹកភ្នែកនៃប្រជាជនមិនតិចទេ ដែលស្រក់ដោយសារ​កង្វះ​ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ និងបុគ្គលិកមួយចំនួននៅទីនេះ។ តែយ៉ាងណា លោក​ក៏សូមអរគុណគ្រូពេទ្យខ្លះដែលបំពេញតួនាទីបានល្អ។

លោកបន្ដថា៖ «ខ្ញុំសង្ឃឹមថា នឹងមានការកែទម្រង់ ដើម្បីប្រជាជន និងឆ្លើយតបតាមការចង់​បាន​​របស់រាជរដ្ឋាភិបាល។ ខ្ញុំក៏មានសាច់ញាតិ ធ្លាប់ជួបរឿងស្រដៀងគ្នានេះដែរកន្លងទៅ»

លោកវេជ្ជបណ្ឌិត គឹម សំសាន ប្រធានផ្នែកព្យាបាល នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានថ្លែងប្រាប់ខេមបូចាព្រឹកនេះថា  លោកមិនបានដឹងរឿងនៃការស្លាប់អ្នកជំងឺនោះទេ។ យ៉ាងណាលោកសុំមិនអត្ថាធិប្បាយនោះទេជុំវិញរឿងនេះ។

លោកថ្លែងថា៖«ខ្ញុំអត់បានដឹងទេ ព្រោះខ្ញុំចេញក្រៅ។ខ្ញុំមិនអាចនិយាយបានទេ អរគុណ»

លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មិនអាចទាក់ទងសុំការបំភ្លឺជុំវិញបញ្ហា​នេះបានទេ កាលពីថ្ងៃទី៣០ និងទី៣១ ខែមករា។

ខេមបូចា មិនអាចសុំការបំភ្លឺពីលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយទូរសព្ទចូល និងផ្ញើសារតាមប្រព័ន្ធតេឡេក្រាមគ្មានការឆ្លើយតប ខណៈ លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតបានទេដោយទូរសព្ទចូលច្រើនដង ប៉ុន្ដែគ្មានអ្នកលើក មុននឹងចេញផ្សាយនេះ។

បើតាមលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និង​សុខភាព បាន​ថ្លែងថា ករណីនេះគឺខាងមន្ទីរពេទ្យជាធ្វើផ្ទាល់ជាក្រុមគ្រួសារ​ជនរងគ្រោះ​ផ្ទាល់ លោកថាក្រសួងមានតួនាទីពិនិត្យលើវិន័យ និងអ្វីដែលត្រូវកែលម្អ​ប៉ុណ្ណោះ។

លោកថ្លែងបន្ដ៖ «ខាងមន្ទីរពេទ្យគាត់ធ្វើការជាមួយជនរងគ្រោះហើយ។រឿងបង្កើតក្រុមវិន័យ​នេះ​ក្រសួងកំពុងប្រជុំពិភាក្សាហើយ ប៉ុន្ដែកន្លងមកខាងយើងតែងតែធ្វើស្រាប់ហើយ»

បើតាមលោក សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជាបានថ្លែងថា ការ​ចោទ​ប្រកាន់ និងលិខិតស្រាយបំភ្លឺ គឺភាគច្រើនគឺចង់ការពារខ្លួន ឬហៅម្យ៉ាងថា ដណ្តើមគ្នា​យក​ត្រូវរៀងខ្លួន។ លោកថា ដើម្បីបញ្ចប់ចម្ងល់គួរតែមានការស៊ើបអង្កេតបែបឯករាជ្យ ជា​យន្តការ​មិនអាចខ្វះបាន ដោយវាពាក់ព័ន្ធនឹងអាយុជីវិតមនុស្ស និងវិជ្ជាជីវៈពេទ្យ។

លោកថ្លែងថា៖ «គួរតែមានការស៊ើបអង្កេតបែបឯករាជ្យ ជាយន្តការមិនអាចខ្វះបាន។ ការបំភ្លឺ​នេះ​គ្រាន់តែយកត្រូវខ្លួនឯង ប៉ុន្ដែអ្នករងគ្រោះពិតប្រាកដ គឺពលរដ្ឋក្រីក្រ»

ជុំវិញរឿងនេះលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានឱ្យដឹងថា នៅ​កម្ពុជា​មានសម្ភារៈពេទ្យគ្រប់គ្រាន់ដែលវាអាចធានាបានថា វិស័យសុខាភិបាល​មានការ​រីក​ចម្រើន។ លោកបន្ដថា អ្វីដែលខ្វះខាតនោះ គឺសមត្ថភាពពេទ្យ និងវិជ្ជាជីវៈ និងការទទួល​ខុស​ត្រូវ។ លោកថា ករណីដែលបានកើតឡើងនេះត្រូវមានការស៊ើបអង្កេត​ដើម្បីឱ្យក្រុមគ្រួសារ​ជន​រងគ្រោះ​ទទួលបាននូវយុត្ដិធម៌។

លោកបន្ដថា ករណីជាច្រើនដែលកើតឡើងដដែលជាដដែលដូចជារដ្ឋាភិបាល និង​ក្រសួង​សុខាភិបាលមិនមានចំណាត់ការច្បាស់លាស់ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ដ។

លោកថ្លែងថា៖ «ខ្ញុំយល់ថាការបំភ្លឺរបស់មន្ទីរពេទ្យ និងជនរងគ្រោះគឺយកត្រូវរៀងៗខ្លួន ជាហេតុក្រសួងសុខាភិបាលគួរតែបើកការស៊ើបអង្កេតដើម្បីធានាថាបញ្ហាអីឱ្យប្រាកដ បើមិនដូច្នេះទេពលរដ្ឋនឹងកាន់តែលែងមានទំនុកចិត្ដកាន់តែខ្លាំង ហើយវាមិនមានផល​ចំណេញដល់រដ្ឋាភិបាលឡើយ»

537 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម