សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការលីកាដូ​ប្ដឹង​ UNDP អំពីកង្វះការពិនិត្យវាយតម្លៃហ្មត់ចត់​លើ​គម្រោង SDG ខណៈ​ការស៊ើបអង្កេត​ចាប់ផ្ដើម

ការិយាល័យកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅរាជធានីភ្នំពេញ ។ (ខេមបូចា / ព្រីង សំរាំង)
ការិយាល័យកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅរាជធានីភ្នំពេញ ។ (ខេមបូចា / ព្រីង សំរាំង)

ពាក្យបណ្ដឹង​របស់​អង្គការសិទ្ធិមនុស្ស លីកាដូ ប្រឆាំងនឹងគម្រោងមួយ​របស់​កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) គឺមានលក្ខខណ្ឌគ្រប់គ្រាន់​​សម្រាប់​ការត្រួតពិនិត្យ​អនុលោមភាពផ្នែក​បរិស្ថាននិង​សង្គម ពីសំណាក់​អង្គភាព​អនុលោមភាពផ្ទៃក្នុង​របស់ UNDP ។ ករណីនេះ​ពាក់ព័ន្ធនឹង​ប្រជាជន​ទទួលរង​ការរំលោភសិទ្ធិមនុស្ស​ពី​ក្រុមហ៊ុន​ឯកជន​ដែលជាដៃគូ​របស់អង្គការ UNDP  នេះ​បើ​យោង​តាម​សេចក្ដីថ្លែង​ការណ៍មួយ​របស់អង្គការ លីកាដូ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ ។

ក្រុមការងារ​អនុលោមភាពផ្ទៃក្នុង​របស់ UNDP បានកំណត់ថា បណ្ដឹងរបស់​អង្គការ​លីកាដូ​មាន​លក្ខខណ្ឌ​សមស្រប​សម្រាប់​ការត្រួតពិនិត្យ​ បន្ទាប់ពី លីកាដូ បានដាក់ពាក្យបណ្ដឹង​មួយ​កាលពីខែ​មីនា ទៅកាន់​អង្គភាព​អនុលោមភាពផ្នែកសង្គមនិងបរិស្ថាន (SECU) ។

អង្គការលីកាដូ​បានដាក់ពាក្យបណ្ដឹងជំនួសមុខ​ឱ្យ​ប្រជាជន ដែល​បានសុំ​ឱ្យ​រក្សាការសម្ងាត់​ពាក់ព័ន្ធនឹង​ព័ត៌មានផ្ទាល់ខ្លួននិង​ការអត្ថាធិប្បាយរបស់ពួកគេដោយព្រួយបារម្ភពីការសងសឹកនិងឯកជនភាព ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានប្រាប់ ខេមបូចា ថា លីកាដូ បានដាក់ពាក្យបណ្ដឹង​ទៅកាន់ អង្គភាព​អនុលោមភាពផ្នែកសង្គមនិងបរិស្ថាន ដើម្បី​ឱ្យ​ពិនិត្យឡើងវិញ​ថា​តើ​ដំណើរការ​ដែល UNDP ធ្វើ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ស្របទៅតាមគោលនយោបាយរបស់ពួកគេ ដែរ ឬអត់ ។

លោក សំអាត បាននិយាយថា៖ «ពាក្យបណ្ដឹងរបស់យើងមិនទាក់ទងនឹង​ក្រុមហ៊ុន ឬ​មនុស្ស​ទេ ប៉ុន្តែ ទាក់ទងទៅនឹង​ដំណើរការរបស់ UNDP ដែលធ្វើការវាយតម្លៃយ៉ាងម៉េចបានជា​ទៅផ្ដល់ការ​វិនិយោគទុន​ទៅដល់​ក្រុមហ៊ុន​ទាំងនោះ» ។ ដោយលោកបានបន្ថែមថា៖ «[យើង]បានស្នើ​ឱ្យ​អង្គភាពនេះ​[SECU]ពិនិត្យឡើងវិញ​ទៅលើ​អ្វីដែល UNDP ផ្ដល់ទៅឱ្យ​ក្រុមហ៊ុននោះ​ថាតើ​វា​ស្របទៅតាម​គោលនយោបាយវិនិយោគ SDG ឬអត់» ។

លោកបានលើកឡើងថា លីកាដូបានផ្ដោត​ទៅលើ​ដំណើរការនៃការទទួលស្គាល់​និង​ការផ្ដល់​ការវិនិយោគ​ពី​ UNDP ទៅឱ្យ​ក្រុមហ៊ុននានា ដូច្នេះ UNDP ក៏បានរួមចំណែក​នៅក្នុងការរំលោភ​សិទ្ធិមនុស្ស​ដែរ ។

ពាក្យបណ្ដឹងបានចោទប្រកាន់ថា UNDP មិនបាន​អនុវត្ត​ការតាមដានទៅលើ​គោលនយោបាយ​បរិស្ថាន​និងសង្គមរបស់ខ្លួនទេនៅក្នុងអំឡុងពេលនៃការបង្កើត​«ផែនទីវិនិយោគិន SDG សម្រាប់កម្ពុជា» ។UNDP បានជ្រើសរើស​តួអង្គ​វិស័យ​ឯកជន និងបានចាត់ទុកពួកគេជា«ដៃគូ»សម្រាប់គម្រោងនេះ ។ ប៉ុន្តែ ក្រុមហ៊ុនឯកជនទាំងនោះ​ត្រូវបានចោទប្រកាន់ថា​មានពាក់ព័ន្ធ​នៅក្នុង​ការលក់ដីធ្លីដោយ​បង្ខំ ការបណ្ដេញចេញដោយបង្ខិតបង្ខំ ការកាប់បំផ្លាញព្រៃឈើនៅតំបន់​ការពារ និង​ដីជនជាតិដើមភាគតិច ពលកម្មកុមារ ការជួញដូរមនុស្ស និង​គ្រោះថ្នាក់ផ្សេងៗទៀត ។

ក្រុមហ៊ុន​ឯកជន​កំពុងត្រូវបាន​​​ផែនការវិនិយោគ​របស់​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិជួយ​ផ្សព្វផ្សាយ​ជាសាធារណៈ​នៅលើ​ផែនទីវិនិយោគិន SDG សម្រាប់​កម្ពុជា ។

សេចក្តីថ្លែងការណ៍ លីកាដូ បាននិយាយថា តាមរយៈ​ការជ្រើសរើស​«ដៃគូ»របស់ UNDP នៅលើ​កម្មវិធី​វិនិយោគិន​ SDG ទីភ្នាក់ងារនេះ​បានបរាជ័យ​ក្នុងការអនុលោមតាម​បទដ្ឋាននានា​ដែល​បង្កើតឡើងដើម្បី​ការពារ«សុខភាព សុវត្ថិភាព និងសន្តិសុខរបស់សហគមន៍» «ការរុះរើនិងផ្លាស់ទីលំនៅ» និង​«ប្រជាជនជនជាតិដើម​ភាគតិច» ។

សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា៖ «ការ​ព្រួយបារម្ភ​ជាច្រើន​ ​ពាក់ព័ន្ធ​នឹង​គម្រោង​ ​ត្រូវ​បាន​លើកឡើង​ដោយ​ផ្ទាល់​ជាមួយ​ការិយាល័យ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UN​D​P​) ​ប្រចាំ​នៅ​កម្ពុជា​ ​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​ប៉ុន្តែ​ស្ថាប័ន​នេះ​ ​បាន​បរាជ័យ​ក្នុង​ការដោះស្រាយបញ្ហា​ទាំងនេះ​ ​អស់​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ​មុន​ពេល​ដែល​ពាក្យបណ្តឹង​ត្រូវ​បាន​ធ្វើឡើង​» ​។​

ចំពោះបញ្ហានេះ SECU បាននិយាយថា ពួកគេ​ទើបតែបានរកឃើញថាបណ្ដឹងនេះ​មាន​លក្ខខណ្ឌ​សមស្រប​សម្រាប់ការធ្វើការពិនិត្យ​កាលពីដើមខែនេះ និងថា ខ្លួន​នឹង​បន្តនីតិវិធីជាមួយនឹងការស៊ើបអង្កេត​ទៅលើ​ការចោទប្រកាន់នានា​ដែល​បាន​លើកឡើង​នៅក្នុង​បណ្ដឹង ។

នាយិកា​ទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការ លីកាដូ អ្នកនាង ណាលី ពីឡូក បាននិយាយថា ពួកគេចង់​ឃើញ​ការស៊ើបអង្កេត​ទៅលើករណីនេះ​ឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយ​រាល់បញ្ហាធ្ងន់ធ្ងរទាំងឡាយ​ពាក់ព័ន្ធនឹងកម្មវិធីនេះត្រូវបានដោះស្រាយ ។ អ្នកនាងបាននិយាយថា៖ «ការទទួលយក​ពាក្យបណ្ដឹង​នេះ​ គឺជាជំហានមួយដ៏សំខាន់​ឆ្ពោះទៅរក​ការធានាថា សកម្មភាពរបស់ UNDP នៅកម្ពុជា​អនុលោមទៅតាម​គោលនយោបាយផ្ទាល់ខ្លួនរបស់ទីភ្នាក់ងារនេះ ។ ការវិនិយោគវិស័យ​ឯកជន​មិនអាច​ធ្វើឡើង​ដោយ​រំលោភ​សិទ្ធិ​មនុស្ស​បានទេ» ។

អ្នកនាង ណាលី បានប្រាប់ ខេមបូចា តាមរយៈប្រព័ន្ធ Signal ថា កង្វះការពិនិត្យវាយតម្លៃហ្មត់ចត់​របស់​ UNDP នៅក្នុងការជ្រើសរើស​ដៃគូរបស់ខ្លួនសម្រាប់​កម្មវិធីវិនិយោគ SDG និង​ការអះអាងថា «ប្រសិនបើពុំមានភាព​ចាំបាច់​ក្នុងការធ្វើការពិនិត្យវាយតម្លៃហ្មត់ចត់បែបនេះទេ»នោះ នឹងបង្ក​ជាហានិភ័យដ៏ធ្ងន់ធ្ងរមួយ​ចំពោះ​សិទ្ធិមនុស្ស​របស់​ប្រជាជន​កម្ពុជា ។

អ្នកនាងបានបន្ថែមថា ជាជំហានបន្ទាប់ SECU នឹង​ធ្វើ​សេចក្ដីព្រាង​លក្ខខណ្ឌ​សម្រាប់ការស៊ើបអង្កេត​ និង​ដំណើរការ​ការស៊ើបអង្កេត​ទៅលើ​ការចោទប្រកាន់នាន​ដែលបាន​លើកឡើង​នៅក្នុងពាក្យ​បណ្ដឹង​ ។

អ្នកនាងបាននិយាថា៖ «យើង​សង្ឃឹមថា ការស៊ើបអង្កេត​ស៊ីជម្រៅ​និង​មិនលម្អៀង​របស់​ SECU នឹង​ជួយ​ដោះស្រាយ​បញ្ហាទាំងនេះ និង​ធ្វើ​ឱ្យ​គម្រោង​របស់ UNDP មានភាពអនុលោមទៅតាម​គោលនយោបាយ​របស់ខ្លួនផ្ទាល់» ។

​UNDP ពុំបានឆ្លើយតបភ្លាមៗចំពោះសំណួពីអ្នកសារព័ត៌មាន​ ខេមបូចា នៅឡើយទេ ប៉ុន្តែ បានកត់សម្គាល់ថា ខ្លួននឹង​ឆ្លើយតបក្នុងរយៈពេល​ប្រាំមួយថ្ងៃនៃថ្ងៃធ្វើការ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Licadho Files Complaint Against UNDP’s Lack of Due Diligence on SDG Project, Investigation Begins

878 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម