ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ បានខាតបង់ប្រាក់ចន្លោះ៧០ទៅ១៣០ដុល្លារក្នុងម្នាក់ទៅឲ្យមេខ្យល់ ដើម្បីជាថ្នូរនឹងការចូលធ្វើការនៅរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋស្រីប្រុសជិត១០០នាក់ រស់នៅខេត្តស្វាយរៀង បានបង់ប្រាក់ទៅឲ្យបុគ្គលជាមេខ្យល់ក្នុងម្នាក់ៗចន្លោះពី៧០ដុល្លារទៅ១៣០ដុល្លារ ដើម្បីទទួលបានឱកាសចូលធ្វើការនៅរោងចក្រសេនយី យៅ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខណៈពួកគេរំពឹងថាបន្ទាប់ពីបង់ប្រាក់នោះទៅមេខ្យល់ នឹងបានចូលធ្វើការនៅរោងចក្រដើម្បីទ្រទ្រង់ជីវភាពគ្រួសារពួកគេ។
ជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះផ្សេងទៀត អ្នកស្រី លឹម ស្រីមុំ អាយុ២៦ឆ្នាំ នៅក្នងឃុំចន្ទ្រី ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា រូបគាត់បានផ្តល់លុយចំនួន៣២ម៉ឺនរៀលក្នុងកំឡុងខែកញ្ញា ទៅឲ្យមេខ្យល់ស្ត្រីម្នាក់ដែលជាអ្នកធានារត់ការឱ្យចូលធ្វើការងារនៅក្នុងរោងចក្រ សេនយី យៅ អ៊ិនធើណេសិនណល(ខេមបូឌា)ហ្គាម៉ិន ឯ.ក ជារោងចក្រទើបបង្កើតថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ជារោងចក្រកាត់ដេរសំលៀកបំពាក់។ អ្នកស្រីបន្តថា មិត្តភក្តិ៥នាក់ទៀតរបស់អ្នកស្រី បានខ្ចីលុយគេបង់ឲ្យមេខ្យល់នោះដោយសង្ឃឹមថាអាចចូលធ្វើការងារបាន តែចុងក្រោយត្រូវបានគេបោកប្រាស់។
អ្នកស្រី ស្រីមុំ និយាយថា៖ «គាត់ថាឱ្យចូលធ្វើការនៅថ្ងៃទី១៥ ខែ៩ ដល់ពេលខ្ញុំទៅនៅថ្ងៃទី១៥ ខែ៩ហ្នឹងគាត់ឡើង មនុស្សស្រីដែលថានាំខ្ញុំចូលហ្នឹង គាត់ឡើងថាថ្ងៃទី២១ ដល់ថ្ងៃទី២១ខ្ញុំទៅទៀត គាត់ថាថ្ងៃទី២៥ ដល់ថ្ងៃទី២៥ខ្ញុំទៅ ទទួលគេថាម្នាក់ស្ត្រីហ្នឹង គេចាប់»។
អ្នកស្រី ស្រីមុំ បន្តថា កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋរាប់រយនាក់ ដែលជាជនរងគ្រោះពីការបោកប្រាស់ពីមេខ្យល់ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រ សេនយី យៅ អ៊ិនធើណេសិនណល(ខេមបូឌា)ហ្គាម៉ិន ឯ.ក នៃសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
តាមរយៈសេចក្ដីជូនដំណឹងរបស់រោងចក្រ បញ្ជាក់ថា ចាប់ផ្ដើមជ្រើសរើសបុគ្គលិកចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ រោងចក្រនេះ ជារោងចក្រទើបតែបង្កើតថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ត្រូវការជ្រើសរើសកម្មករជាច្រើននាក់ ផ្នែកដេរ ផ្នែកឃ្លាំងក្រណាត់ ឃ្លាំងសម្ភារៈ ផ្នែកតុកាត់ ផ្នែកQC និងផ្នែកវេចខ្ចប់ ជាដើម។ នៅក្នុងដំណឹងជ្រើសរើសកម្មករនោះ បានបញ្ជាក់ថា រាល់ការមកធ្វើតេស្ត គឺមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។
ស្ត្រីមួយរូបទៀត កញ្ញា គីម ស្រីទី អាយុ១៩ឆ្នាំ នៅក្នុងឃុំត្នោត ស្រុកកំពង់រោទិ៍ បានលើកឡើងថា គាត់ទទួលបានដំណឹងពីការបង់លុយឱ្យមេខ្យល់ ដើម្បីធានាចូលធ្វើការងារនេះពីក្មួយរបស់នាង ដែលម្នាក់ជាអ្នកធានា និងមកយកលុយកំពុងធ្វើការងារជាមួយក្មួយរបស់កញ្ញា។ ដែលជាហេតុធ្វើឱ្យកញ្ញាទុកចិត្ត និងផ្តល់លុយឱ្យចំនួន១០០ដុល្លារ ដោយមេខ្យល់នោះសន្យាថា បើមិនបានការងារធ្វើទេ នឹងសងលុយនោះមកវិញ។
កញ្ញា ស្រីទី អះអាងថា៖ «ឮថាគេបង់លុយឱ្យចូលធ្វើការចឹង! ហើយម៉ែខ្ញុំក៏បង់ឱ្យគេតែម្តងទៅ ទាំងក្មួយ ទាំងបង ទាំងបងប្អូនជីដូនមួយ ម្នាក់ៗ១០០ដុល្លារ»។
ជាមួយគ្នានេះ កញ្ញាឱ្យដឹងថា ទទួលបានដំណឹងនេះតៗពីគ្នា ហើយក៏សម្រេចចិត្តបង់លុយតាមគេតាមឯង តាមរយៈមេខ្យល់អស់រយៈពេលជាង១ខែមក តែក្រោយមកចាំបាត់ៗ ហើយក៏មិននឹកស្មានថាគេបោកដែរ។ ទាំងមិនបានការងារហើយ ថែមទាំងអស់លុយបន្ថែមទៀត កញ្ញាពិតជាសោយស្តាយ និងហួសចិត្តមែនទែន។
កញ្ញា ស្រីទី បន្ថែមថា៖ «សុំតែឱ្យជួយរកយុត្តិធម៌ឱ្យពួកខ្ញុំវិញ សុំតែយកលុយមកវិញទៅបានហើយ មិនបានការងារហីទៅ!»។
អ្នកស្រី ព្រំ សុភា រស់នៅភូមិត្រពាំងជ័រ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក បានឲ្យដឹងថា ដោយសារតែជីវភាពខ្វះខាតទើបអ្នកស្រីចង់ស្វែងរកការងារធ្វើដើម្បីរកចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសារ តែអ្នកស្រីមិននឹកស្មានថាត្រូវចាញ់បោកមេខ្យល់ដូច្នេះឡើយ។ ទាក់ទងនឹងចំនួនពលរដ្ឋដែលចាញ់បោក តាមអ្នកស្រីដឹងតៗគ្នាប្រមាណ២៥០នាក់។
អ្នកស្រី សុភា បន្ថែមថា៖ «ខ្ញុំដើរធ្វើតេស្តវាអត់ជាប់ព្រោះឥឡូវវាអត់មានការងារធ្វើចឹងភាគច្រើនគេជម្រុះមនុស្សច្រើន អ៊ីចឹងទើបបង់លុយទៅវាស្រួលបើតាមខ្ញុំស្ដាប់តែគេថាខ្ទង់២៥០នាក់។ ខ្ញុំរំពឹងថាសហជីព ខាងក្រុមហ៊ុនជួយរកយុត្តិធម៌ឲ្យ បើមិនបានលុយវិញ បានការងារធ្វើក៏អរដែរ»។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បញ្ជាក់ថា ដើមហេតុនាំឱ្យប្រជាពលរដ្ឋផ្ទុះការតវ៉ា និងស្នើមកសម្ព័ន្ធសហជីពចលនាកម្មករ ឲ្យជួយអន្តរាគមន៍ ដោយសារបុគ្គលឈ្មោះ វណ្ណ ចាន់រី ជាប្រធានផ្នែកQC ប្រចាំរោងចក្រ សេន យី យៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ដែលបុគ្គលរូបនេះ ប្រើប្រជាពលរដ្ឋពីរនាក់ផ្សេងទៀត ដើរកៀរគរពលរដ្ឋឱ្យចូលធ្វើការក្នុងរោងចក្ររបស់គាត់ ដោយតម្រូវឱ្យពលរដ្ឋម្នាក់ៗបង់លុយឱ្យគាត់ចាប់ពី៥០ដុល្លារដល់១៥០ដុល្លារក្នុងម្នាក់ៗ តាំងពីខែ៧ ឆ្នាំ២០២៣មក។ តែជាក់ស្តែងរហូតមកដល់ពេលនេះ មិនមានពលរដ្ឋណាម្នាក់មានការងារធ្វើនោះទេ ដូច្នេះហើយពួកគាត់មិនសុខចិត្តក៏ផ្ទុះការតវ៉ា និងស្នើឱ្យសម្ព័ន្ធសហជីពចលនាកម្មករជួយដោះស្រាយ។
លោក ស៊ីណា ថ្លែងថា៖ «ឥឡូវខ្ញុំកំពុងរៀបចំឯកសារដាក់ពាក្យប្តឹងទៅស្នងការនគរខេត្តស្វាយរៀង ក៏ដូចជាដាក់ទៅក្រសួងការងារ ដើម្បីឱ្យពិនិត្យរឿងនេះ។ ដំណោះស្រាយ គឺទី១ ឱ្យក្រសួងការងារ ឬក៏ស្នងការនគរបាលខេត្តចាប់ពីវិធានការទៅលើបុគ្គលឈ្មោះ វណ្ណ ចាន់រី ហ្នឹង ឱ្យគាត់ប្រគល់លុយជូនពលរដ្ឋវិញ ហើយទទួលយកពលរដ្ឋទាំងអស់ហ្នឹងចូលធ្វើការងារ តាមអ្វីដែលការអះអាងរបស់គាត់»។
ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា អះអាងថាយោងតាមច្បាប់ស្តីពីការងារ ហាមប្រាមដាច់ខាតមិនឱ្យនិយោជក ឬក៏អ្នកគ្រប់គ្រងទទួលយក និងទាញលុយកាក់ពីកម្មករមុនពេល ឬអំឡុងពេលជ្រើសរើសចូលធ្វើការងារក្នុងរោងចក្ររបស់ខ្លួនឡើយ។ កាលណាមានសកម្មភាពទាញលុយជាថ្នូរ និងការធានារត់ការចូលធ្វើការងារក្នុងរោងចក្រ នោះហើយជាអំពើខុសច្បាប់។
លោក ស៊ីណា បានស្នើថា៖ «ក្រសួងការងារគឺឱ្យគាត់អន្តរាគមន៍ទៅលើការជជែកជាមួយក្រុមហ៊ុនខាងលើហ្នឹង ឱ្យក្រុមហ៊ុនហ្នឹង ទទួលយកពលរដ្ឋទាំងអស់ដែលរងគ្រោះហ្នឹង ចូលទៅបម្រើការងារ»។
លោក អ៊ូ សុខឿន ប្រធានមន្ទីការងារខេត្តស្វាយរៀង បានឲ្យដឹងថា ការសម្ភាសរកការងារធ្វើមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ ហើយករណីឆបោកនេះគឺជាបទល្មើសឆបោក និងរំលោភសេចក្ដីទុកចិត្ត ដោយមិនជាប់ពាក់ព័ន្ធនឹងរោងចក្រឡើយ។ លោកបន្តថា ខាងមន្ទីរបានចាត់ចែងក្រុមការងារចុះស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ និងកំណត់ចំនួនជនរងគ្រោះដែលចាញ់បោក។
លោក សុខឿន បានថ្លែងថា៖ «យើងបានរកឃើញថាប្រជាពលរដ្ឋ និងជនល្មើសក៏នៅភូមិស្វាយទាបហ្នឹងដែរ ហើយរោងចក្រគឺមិនមានការពាក់ព័ន្ធទេ ព្រោះរោងចក្របញ្ជាក់ហើយថាការសម្ភាសការងារមិនតម្រូវឲ្យបង់ប្រាក់ឡើយ»។
ប្រធានមន្ទីរការងាររូបនេះ បញ្ជាក់ថា ក្រុមការងារមន្ទីរនឹងជួយផ្សព្វផ្សាយទៅដល់ពលរដ្ឋអំពីទីផ្សារការងារ ដើម្បីបញ្ចៀសការចាញ់បោកក្រោមរូបភាពមេខ្យល់យកប្រាក់ ដើម្បីបានការងារធ្វើដូច្នេះ។
តំណាងផ្នែករដ្ឋបាលប្រចាំរោងចក្រ សេនយី យៅ សុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ ខេមបូចា ថា ករណីនេះខាងរោងចក្របានទទួលដំណឹង និងកំពុងស្រាវជ្រាវរកមេខ្យល់ដែលបោកប្រាស់យកប្រាក់ប្រជាពលរដ្ឋ ត្បិតករណីនេះបានធ្វើឲ្យមានការយល់ច្រឡំមកលើរោងចក្រ ខណៈជនដែលឆបោកនោះមិនមែនជាបុគ្គលិករោងចក្រឡើយ។
តំណាងរដ្ឋបាលបញ្ជាក់ថា៖ «យើងមិនទាន់ដឹងច្បាស់ទេថាជនឆបោកមានប៉ុន្មាននាក់ ដោយសារតែឥឡូវគេកំពុងស៊ើប ប៉ុន្តែមានមេខ្យល់មែន។ ខាងរោងកច្រយើងមិនមានតម្រូវឲ្យបង់ប្រាក់ឡើយ ប៉ុន្តែមានបងប្អូនមួយចំនួនចាញ់បោកគេដោយសារតែមានមេខ្យល់ដើរបោក និយាយទៅគាត់មិនមែនអ្នកធ្វើការនៅទីនេះទេ»។
អ្នកតំណាងរូបនេះ បន្ថែមថា មេខ្យល់ដែលឆបោកនេះ គឺមិនមែនដើរឆបោកតែនៅតំបន់ស្វាយរៀងឡើយ គឺបោកនៅកន្លែងផ្សេងៗទៀតដែរ ហើយទាក់ទងនឹងចំនួនជនរងគ្រោះគឺមានច្រើននាក់។
បទល្មើស «ឆបោក» គឺជាប្រភេទបទល្មើសមជ្ឈិម ដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៣៧៧។ ជនដែលរកឃើញថាមានទោស ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០(មួយលាន)រៀលទៅ៦.០០០.000(ប្រាំមួយ)លានរៀល។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្លើយប្រាប់ ខេមបូចា តាមសារអេឡិចត្រូនិកតេឡេក្រាមថា មន្ទីរការងារខេត្តស្វាយរៀងបានចាត់មន្រ្តីចុះអង្កេតស្រាវជ្រាវករណីនេះភ្លាមឃើញថា មេខ្យល់ដែលបោកប្រាស់ប្រាក់របស់ប្រជាពលរដ្ឋនោះ គឺមិនមែនជាបុគ្គលិក ឬកម្មករនៅក្នុងរោងចក្រនោះទេ។ ឯជនរងគ្រោះដែលត្រូវមេខ្យល់បោកនោះក៍មិនមែនជាកម្មករ និយោជិតក្នុងរោងចក្រណាមួយដែរ។
លោកថ្លែងថា៖ «ករណីនេះជនរងគ្រោះត្រូវសហការជាមួយអាជ្ញាធរសមត្ថកិច្ចដើម្បីប្តឹងទៅតុលាការ និងស្វែងរកចាំខ្លួនជនល្មើសផ្តន្ទាទោសតាមច្បាប់»៕