មគ្គទេសក៍ទេសចរណ៍តំបន់ប្រាសាទអង្គរជាច្រើននាក់បានលើកឡើងថា វានឹងផ្តល់ផលលំបាក និងបណ្តាលឱ្យភ្ញៀវទេសចរកកស្ទះ ខណៈអាជ្ញាធរអប្សរាគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បង ដោយកំណត់រយៈពេលក្នុងការដើរទស្សនាតាមកន្លែងផ្សេងៗនៃតំបន់អង្គរ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២០ ខែកក្កដា ដល់ក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ និងអង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងសាធារណជន ដើម្បីឱ្យបានជ្រាបទាក់ទងនឹងការរៀបចំ ដាក់ឱ្យដំណើរការសាកល្បងខ្សែទស្សនាថ្មីចំនួនពីរ នៅប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងដដែលបន្តថា ហេដ្ឋារចនាសម្ព័ន និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើររនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំងថែវ…។ល។ ត្រូវបានរៀបចំថ្មីបន្ថែមរួចរាល់ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ។
ខ្សែសាកល្បងនៅប្រាសាទអង្គរវត្តមានបីជម្រើសដូចជា៖ «ខ្សែទស្សនារយៈពេលខ្លី ទិសដៅទស្សនាបែបទេសចរ រយៈពេល២ម៉ោង។ ខ្សែទស្សនារយៈពេលមធ្យម ទិសដៅទស្សនាបែបជំនឿ-សាសនា រយៈពេល២ម៉ោង៣០នាទី និងខ្សែទស្សនារយៈពេលវែង ទិសដៅបែបប្រវត្តិសាស្រ្ត រយៈពេល៣ម៉ោង»។
រីឯប្រាសាទបន្ទាយស្រីមានពីរជម្រើសដូចជា៖ «ជម្រើសរយៈពេលខ្លីមានរយៈពេល១ម៉ោង២០នាទី និងជម្រើសរយៈពេលវែងមានរយៈពេល១ម៉ោង៤០នាទី»។
អាជ្ញាធរជាតិអប្សរាបានបន្ថែមក្នុងសេចក្តីជូនដំណឹងថា ការរៀបចំខ្សែទស្សនាថ្មីនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍អាចឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំងចម្លាក់សាច់រឿង និងចំណុចសំខាន់ដែលអាចទស្សនាបានទូលំទូលាយជាងមុន ហើយការដាក់ឱ្យដំណើរការសាកល្បងនេះ អាជ្ញាធរជាតិអប្សរា ក៏នឹងប្រើប្រាស់នូវវិធីសាស្រ្តក្នុងការស្ទង់មតិ ការរាប់ចំនួនភ្ញៀវ និងការដើរតាមភ្ញៀវ។
មគ្គទេសក៍ទេសចរណ៍ដំបន់ប្រាសាទអង្គរ លោក អែម ខេមរា ឱ្យដឹងថា ការរៀបចំបែបនេះនឹងធ្វើឱ្យមានការកកស្ទះ ព្រោះភ្ញៀវទេសចរណ៍ត្រូវតម្រង់ជួររង់ចាំដើម្បីបានចូលទស្សនាប្រាសាទ។ លោកបន្តថា ភ្ញៀវទេសចរណ៍ខ្លះចូលចិត្តទស្សនាតាមចំណង់ចំណូលចិត្តរបស់ពួកគេ ហើយបើមានការកំណត់ពេលវេលាសម្រាប់ចូលទស្សនា អាចនឹងមានភាពប្រសើរផង និងមិនល្អខ្លះ។ លោកបន្តថា ទោះយ៉ាងណា ណលោកមិនប្រឆាំងជាមួយអាជ្ញាធរជាតិអប្សរាទេ តែលោកក៏មិនគាំទ្រ១០០%ត្រង់ចំណុចនេះដែរ។
លោក ខេមរា ថ្លែងថា៖ «ប្រសិនបើអាចគួរតែឱ្យ(ភ្ញៀវទេសចរណ៍ចូល)មើលតាមធម្មតាទៅ ដូចសព្វថ្ងៃហ្នឹង យើងកំណត់តាមអ្វីដែលយើងបានធ្វើចឹងទៅ»។
លោក ខេមរា លើកឡើងថា លោកចង់ឱ្យអាជ្ញាធរជាតិអប្សរាបន្តរក្សាគំនូសដើរតាមធម្មតា និងកុំទាន់អនុវត្តគម្រោងថ្មីនេះ ហើយប្រសិនបើចង់អនុវត្តអាជ្ញាធរគួរពិភាក្សាជាមួយក្រុមហ៊ុនទេសចរណ៍ ឬសមាគមមគ្គទេសក៍ទេសចរណ៍ ដើម្បីអាចរកដំណោះស្រាយមួយដែលសមស្រប។
លោក វ៉ាន់ សីលា ជាមគ្គទេសក៍ទេសចរណ៍ម្នាក់ទៀត យល់ឃើញស្រដៀងនឹងលោក ខេមរា ដែរថា នឹងមិនមានលទ្ធផលល្អសម្រាប់ការអនុវត្ត ព្រោះគម្រោងនេះលោកគិតថាមិនសូវល្អសម្រាប់ភ្ញៀវទេសចរណ៍។
លោក សីលា បញ្ជាក់ថា៖ «បើតាមខ្ញុំគិតទៅវាហាក់ដូចជាមិនផ្តល់សិទ្ធិដល់អ្នកទស្សនា ព្រោះគាត់[ភ្ញៀវទេសចរណ៍]គ្រាន់តែចង់ដើរមើល ហើយគាត់បញ្ជាឱ្យដើរ ហើយកំណត់ពេលវេលាចឹងវាមិនល្អ»។
លោក ទេស ឆាយា ជាមគ្គទេសក៍ទេសចរណ៍ក្នុងដំបន់រមណីយដ្ឋានអង្គរដែរនោះ ថ្លែងថា ភ្ញៀវទេសចរណ៍នឹងមានភាពស្មុគស្មាញ មិនមានសេរីភាព និងឯករាជ្យ ប្រសិនបើមានការកំណត់ពេលវេលាសម្រាប់ពួកគេ។
លោក ឆាយា បន្តថា៖ «ភ្ញៀវមកមានពេលតិច [ភ្ញៀវខ្លះ]មានពេលច្រើន ចឹងវាដូចថាអត់មានឯករាជ្យ អត់សេរីភាព»។
លោកឱ្យដឹងទៀតថា ការរៀបចំរបស់អាជ្ញាធរជាតិអប្សរា គឺដើម្បីឱ្យមានភាពល្អប្រសើរជាងមុន ប៉ុន្តែការអនុវត្តនឹងមិនអាចដូចជាការរៀបចំទាំងស្រុងទេ។
លោក ឆាយា បានលើកឡើងថា៖ «ខ្ញុំគិតថាការរៀបចំគឺចង់ឱ្យល្អ ប៉ុន្តែអ្នកដែលអនុវត្តគឺអត់អាចដូចអ្នករៀបចំទេ វាខុសគ្នា ចឹងបើសិនកំណត់ឱ្យគាត់ដើរតាមអ្វីដែលអាជ្ញាធរចង់បាន គឺមានផលលំបាកច្រើន»។
មគ្គទេសក៍ទេសចរណ៍ម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានប្រាប់ ខេមបូចា ថា លោកនឹងប្រឆាំងនិងមិនដើរតាមការរៀបចំរបស់អាជ្ញាធរជាតិអប្សរាទេ ដោយលោកគិតថា ការរៀបចំនេះនឹងមិនល្អជាងពេលដែលលោកធ្លាប់នាំភ្ញៀវដើរទេ។
លោកបានថ្លែងថា៖ «ខ្ញុំនឹងមិនដើរ ខ្ញុំនឹងដើរមើលទៅតាមជញ្ជាំងប្រវត្តិសាស្រ្ត និងនិយាយរឿងទូទៅដើរតាំងពីខាងក្រៅចូលទៅក្នុងហើយ ទូទៅហើយ ខ្ញុំនឹងរៀបរាប់អំពីរឿងតាមជញ្ជាំង រឿងនេះមានន័យបែបនេះ រឿងនោះមានន័យបែបនោះ ហើយខ្ញុំផ្តោតទៅលើជញ្ជាំងរឿងប្រវត្តិសាស្រ្ត ហើយខ្ញុំនឹងចូលពីខាងត្បូងឡើងទៅខាងលើ»។
លោកមិនខ្លាចនឹងនិយាយទេ ព្រោះអ្វីដែលលោកធ្វើគឺដើម្បីតម្រូវចិត្តភ្ញៀវ ជាពិសេសអាចឱ្យភ្ញៀវបានទស្សនាបានគ្រប់ទីកន្លែងនិងមានរយៈពេលបានយូរ ហើយទង្វើនេះមិនមែនជាបទព្រហ្មទណ្ឌ វាគ្រាន់តែជាសិទ្ធិដើម្បីធ្វើឱ្យភ្ញៀវទេសចរណ៍ពួកគេបានសប្បាយចិត្តតែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ខ្ញុំអត់ខ្លាចទេព្រោះនេះមិនមែនជាការទាក់ទងបទព្រហ្មទណ្ឌអីទេ ជាសិទ្ធិសេរីភាពក្នុងការធ្វើម៉េចអាចឱ្យភ្ញៀវសប្បាយចិត្ត យើងទៅធ្វើម៉េចទៅតាមតម្រូវចិត្តភ្ញៀវ»។
លោកទទួលស្គាល់ថាការងាររបស់អាជ្ញាធរជាតិអប្សរាមានចំណុចល្អជាច្រើន តែត្រង់ការរៀបចំនេះមានមគ្គទេសក៍ជាច្រើនពួកគេមិនគាំទ្រឡើយ ព្រោះលោក និងមគ្គទេសក៍ដ៏ទៃទៀតអាចយល់ពីចិត្តរបស់ភ្ញៀវថាពួកគេនឹងមិនសប្បាយជាមួយគម្រោងដែលនឹងរៀបចំថ្មីនេះ។
ដោយឡែក លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា គោលបំណងចម្បងនៃការរៀបចំខ្សែទស្សនាតាមប្រាសាទទាំងអស់នៅតំបន់រមណីយដ្ឋានអង្គរវត្ត គឺដើម្បីរៀបចំលំហូរចូលនៃភ្ញៀវទេសចរណ៍ឱ្យបានត្រឹមត្រូវ និងបញ្ជៀសការកកស្ទះ ជាពិសេសដើម្បីឱ្យភ្ញៀវទេសចរណ៍អាចទស្សនាពេញលេញតាមដំបន់ប្រាសាទ។ លោកបន្តថា ការរៀបចំរបស់អាជ្ញាធរជាតិអប្សរានិងកាន់ធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិមានការកើនឡើង។
លោកមានប្រសាសន៍ថា៖ «យើងធ្វើដើម្បីពង្រឹងប្រសិទ្ធភាព បទពិសោធន៍សម្រាប់ពួកគាត់(ភ្ញៀវទេសចរណ៍)ឱ្យកាន់តែល្អ អត់មានទៅធ្វើដើម្បីឱ្យកាន់តែខ្សោយឯណា»។
លោក កុសល បន្តទៀតថា មិនមានអ្វីដើម្បីឆ្លើយតបទៅកាន់មតិរបស់ប្រជាពលរដ្ឋមួយចំនួនដែលមិនគាំទ្រការរៀបចំរបស់អាជ្ញាធរអប្សរាទេ តែលោកថាដោយសារប្រជាពលរដ្ឋមិនទាន់យល់ច្បាស់អំពីកិច្ចការដែលរៀបចំដោយអាជ្ញាធរអប្សរា ទើបពួកគេមានមតិមិនគាំទ្រ។
លោកមានប្រសាសន៍ថា៖ «គាត់(ប្រជាពលរដ្ឋ)មិនទាន់យល់ចឹងគាត់មានយោបល់ចឹង ព្រោះអ្វីៗទាំងអស់វាត្រូវតែមានពេលវេលាសម្រាប់ធ្វើកិច្ចការងារ ហើយគាត់មិនទាន់បានយល់ទាំងស្វែងផង ហើយគាត់មានមតិ ខ្ញុំក៏អត់មានមតិអីពាក់ព័ន្ធនឹងរឿងនឹងដែរ»។
លោក កុសល បន្តថា ភ្ញៀវទេសចរណ៍អាចចូលទស្សនាតាមតំបន់ប្រាសាទដោយមិនមានកំណត់ពេលវេលាទេ ប្រសិនបើភ្ញៀវទេសចរណ៍មានពេលវេលាច្រើនពួកគេអាចនៅទស្សនាបន្តដោយមិនមានបញ្ហាអ្វីឡើយ ហើយការដាក់កំណត់ក្នុងសេចក្តីជូនដំណឹងគឺគ្រាន់តែជាឧទាហរណ៍។ លោកបន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលប្រកបមុខបរបរតាមតំបន់ប្រាសាទនឹងមិនមានផលប៉ះពាល់អ្វីឡើយ។
លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជាមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាតែងតែស្តាប់មតិរបស់មហាជន ហើយការចេញសេចក្តីជូនដំណឹងនេះគឺដើម្បីលើកទឹកចិត្ត ឱ្យមហាជនជួយជម្រុញទៅកាន់ភ្ញៀវទេសចរណ៍ដើម្បីឱ្យពួកគេបានស្វែងយល់ពីសក្ដានុពលនៃទេសចរណ៍ និងវប្បធម៌តាមរយៈការដើរតាមខ្សែទស្សនកិច្ចថ្មីនេះ។
លោកបន្តថា អាជ្ញាធរជាតិអប្សរាក៏មិនគួរមើលរំលងពីផលប៉ះពាល់មួយចំនួនដែលអាចនឹងកើតទៅលើភ្ញៀវទេសចរណ៍ នៅពេលអនុវត្តកិច្ចការនេះ។
លោកមានប្រសាសន៍ថា៖ «ផលប៉ះពាល់វាតែងតែមានតិចតួចហើយ ជាពិសេសការចំណាយពេលទៅដល់ភ្ញៀវទេសចរណ៍ជាមួយនឹងការចំណាយថវិការបស់ពួកគាត់ នេះគឺជារឿងមួយដែលយើងមិនគួរមើលរំលង»។
យ៉ាងណាលោក ហូ វណ្ឌី មិនជំទាស់ជាមួយការរៀបចំរបស់អាជ្ញាធរជាតិអប្សរាទេ តែលោកថា អាជ្ញាធរត្រូវពន្យល់ឱ្យបានច្បាស់ និងសម្របសម្រួលជាមួយភ្ញៀវសិន ដើម្បីជៀសវាងការបង្ខិតបង្ខំ និងធ្វើឱ្យភ្ញៀវខកចិត្ត។
លោកបានបញ្ជាក់ថា៖ «គាត់[អាជ្ញាធរជាតិអប្សរា]ត្រូវពន្យល់ភ្ញៀវឱ្យបានយល់មុន ដើម្បីធ្វើការសម្របសម្រួលគ្នា បើសិនជាក្នុងករណីធ្វើអ្វីមួយដែលខកចិត្តភ្ញៀវ ដោយមានការបង្ខិតបង្ខំ នោះ គឺជារឿងមួយដែលមិនសមល្អទេ»។
ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពីលោក ទៀ សីហា អភិបាលខេត្តសៀមរាបបានទេ ខណៈអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី សំរិទ្ធ បដិសេធមិនអត្ថាធិប្បាយ ដោយសារគាត់សុំច្បាប់សម្រាកកាលថ្ងៃសុក្រសប្តាហ៍មុន។
តាមរបាយការណ៍លក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រចាំខែមិថុនា ឆ្នាំ២០២៣ របស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ប្រភេទបណ្ណ ៣៧ដុល្លារ លក់បានសរុប ២៩ ៤៣១បណ្ណ។ ប្រភេទបណ្ណ ៦២ដុល្លារ លក់បានសរុប ១១ ១១៩បណ្ណ និងប្រភេទបណ្ណ៧២ដុល្លារ លក់បានសរុប ៤៦២បណ្ណ។ ចំនួនភ្ញៀវសរុប ៤១ ០១២នាក់ បើប្រៀបធៀបខែមិថុនា ឆ្នាំ២០២២ កើនឡើង ១៨៨,៧៤ភាគរយ។ ចំនួនទឹកប្រាក់សរុប ១ ៨១១ ៥៨៩ដុល្លារ ប្រៀបធៀប ខែមិថុនា ឆ្នាំ២០២២ កើនឡើង ២២១,៤០ភាគរយ ។
ក្នុងរបាយការណ៍បន្ថែមថា រយៈពេល៦ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរ បរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ចំនួនភ្ញៀវដែលទិញបណ្ណចូលទស្សនាសរុប ៣៨៥ ៧៦៩នាក់ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ កើនឡើង ៥៤៣,១៣ភាគរយ។ ចំណូលសរុប ១៧ ៨៧៧ ៤១៨ ដុល្លារ ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កើនឡើង ៦៣៨, ៧១ភាគរយ៕