មានចម្ងាយមិនដល់កន្លះគីឡូម៉ែត្រពីផ្ទះអ្នកភូមិ ក្នុងឃុំបឹងខ្យាង គឺទៅដល់គម្រោងទីតាំងផ្លូវយន្តហោះរត់ដែលមានប្រវែង ៤ ០០០ម៉ែត្រ មានទង់ជាច្រើនត្រូវបានដោតនៅវាលស្រែ ដែលបង្ហាញពីខ្សែបន្ទាត់នៃគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
ប៉ុន្តែក៏មានស្លាក ដោយសរសេរថា «ដីកម្មសិទ្ធឯកជន» ដែលដាក់ដោយអ្នកភូមិតនៅទីនោះផងដែរ ដើម្បីការពារការប៉ុនប៉ងពីការឈូសឆាយចូលដីរបស់គាត់ពីសំណាក់ក្រុមហ៊ុនទាំងមិនទាន់មានដំណោះស្រាយ។
អភិវឌ្ឍន៍លើទំហំដី ២ ៦០០ហិកតា នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រហែល២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តជាតិភ្នំពេញថ្មីនេះជាការវិនិយោគរួមដែលមានតម្លៃជាង១,៥ពាន់លានដុល្លាររវាង ក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃៀវសែ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាដែលគ្រប់គ្រងដោយរដ្ឋ។
ការសាងសង់ដំណាក់កាលទីមួយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ និងទីពីរនៅឆ្នាំ២០៣០ ដោយរំពឹងថានឹងមានអ្នកដំណើរមកដល់ចំនួន៣០លាននាក់ក្នុងមួយឆ្នាំ។
ទោះបីយ៉ាងនេះក្តី អ្នកដែលរងផលប៉ះពាល់រាប់រយគ្រួសារដោយសារគម្រោងអភិវឌ្ឍន៍នេះនៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ ខណៈក្រុមហ៊ុនកំពុងបង្កើនល្បឿននៃការសាងសង់
ពីរឆ្នាំបន្ទាប់ពីគម្រោងនេះបានចាប់ផ្ដើម អ្នកភូមិជាង៣៥០គ្រួសាររងផលប៉ះពាល់មកពីឃុំចំនួនបីក្នុងស្រុកកណ្ដាលស្ទឹង និងមួយឃុំមកពីស្រុកបាទី ខេត្តតាកែវ នៅតែបន្តទាមទាររកដំណោះស្រាយនៅឡើយ។
លោក ទួន វណ្ណៈ វ័យ៤៨ឆ្នាំ រស់នៅភូមិកំពង់ តាឡុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានឲ្យដឹងថា ចាប់តាំងពីលោកមិនអាចធ្វើស្រែលើដីនោះទេ លោកបានក្លាយខ្លួនជាកម្មករសំណង់ និងមិនអាចរកចំណួលសម្រាប់ផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់នោះទេ។
លោកបន្ថែមថា៖ «ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ពួកគេបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្រួសារខ្ញុំ ដោយខ្ញុំមិនអាចធ្វើស្រែលើដីរបស់ខ្ញុំបានដូចមុន។ បើសិនជាការវិនិយោគធ្វើឲ្យពលរដ្ឋឈឺចាប់ ខ្ញុំគិតថាបើអត់មានការវិនិយោគបែបនេះល្អជាង។ ការអភិវឌ្ឍនេះធ្វើឲ្យជីវភាពរបស់ខ្ញុំកាន់តែពិបាកជាងមុន»។
លោកបន្តថា៖ «ខ្ញុំយល់ ថានេះជាគម្រោងអភិវឌ្ឍន៍លំដាប់អន្តរជាតិ ប៉ុន្តែយើងត្រូវតែធ្វើឲ្យពលរដ្ឋសប្បាយចិត្ត និងរស់នៅបានស្រួល»។
លោក ឃាង សុខមាន អ្នកភូមិម្នាក់ផ្សេងទៀតដែលមានដីសរុបទាំងដីស្រែ និងលំនៅឋានសរុប ០,៨ហិកតា ក្នុងភូមិកំពង់ តាឡុង បានឲ្យដឹងថា ក្រុមហ៊ុនបានផ្តល់សំណងដល់អ្នកភូមិ ៧ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ដីស្រែ និង៨ដុល្លារសម្រាប់ដីលំនៅឋាន ទោះបីជាតម្លៃដីលើទីផ្សារនៅតំបន់នេះបច្ចុប្បន្នខ្ពស់ជាងនេះ១០ដងក៏ដោយ។
លោកបន្ថែមថា៖ «យើងមិនអាចទទួលយកតម្លៃនេះបានទេ បើយើងព្រមទទួលយកតម្លៃនេះយើងមិនអាចយកលុយនេះទៅរកទិញដីកន្លែងផ្សេងសម្រាប់ធ្វើស្រែ និងរស់នៅបានទេ»។
លោកឲ្យដឹងថា ព្រែកទឹកហូរពីទន្លេបាទី ក្នុងខេត្តតាកែវ ដែលត្រូវបានប្រើប្រាស់សម្រាប់ស្រោចស្របកសិកម្មរាប់រយហិកតាក្នុងស្រុកបាទី និងស្រុកកណ្ដាលស្ទឹង ពិសេសនៅរដូវប្រាំងត្រូវបានបិទ។
លោកបញ្ជាក់ថា៖ «នៅទីនេះយើងធ្លាប់តែធ្វើស្រែពីរដងក្នុងមួយឆ្នាំ ឥឡូវមិនអាចទេ វាពិតជាប៉ះពាល់ជីវភាពប្រចាំថ្ងៃណាស់ ព្រោះតែអ្នកភូមិមិនអាចធ្វើអ្វីផ្សេងបាននៅលើដីនេះ ព្រោះតែ ក្រុមហ៊ុនបានបិទផ្លូវទឹកមិនឲ្យហូរចូលទៅតំបន់នេះទៀត»។
លោកឲ្យដឹងទៀតថា ខណៈដែលដំណោះស្រាយមិនទាន់មាន ប៉ុន្តែក្រុមហ៊ុនតែងតែព្យាយាមរានចូលដីរបស់ពួកគាត់។
លោកបន្ថែមថា៖ «ពេលខ្ញុំកំពុងធ្វើការ អ្នកភូមិបានទូរសព្ទប្រាប់ថា ក្រុមហ៊ុនបានមកឈូសឆាយដីហើយ ខ្ញុំប្រញាប់ទៅមើលដីខ្ញុំ ខ្ញុំឆ្ងល់បើដីមិនទាន់ដោះស្រាយផងហេតុអីមកចង់ឈូសឆាយ?»។
លោក គង់ ឃន អាយុ ៦៨ឆ្នាំ រស់នៅភូមិពត់សរ ឃុំពត់សរ ស្រុកបាទី បាននិយាយថា មានភូមិចំនួន៤ ក្នុងឃុំពត់សរ បានរងផលប៉ះពាល់ពីគ្រោងអភិវឌ្ឍន៍នេះ ដែលមានផ្ទៃដីសរុបជាង៥០ហិកតា។
លោកបន្ថែមថា៖ «យើងមិនមានទឹកសម្រាប់ធ្វើស្រែប្រាំងទេ ព្រោះក្រុមហ៊ុនបានបិទផ្លូវទឹក។ យើងចង់ឲ្យរដ្ឋាភិបាលជួយដោះស្រាយពលរដ្ឋរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍មួយនេះ។ យើងមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍ទេ ប៉ុន្តែយើងត្រូវការដំណោះស្រាយសមស្របមួយ»។
ខេមបូចា បានទទួល ញ្ញតិដែលព្រាងដោយអ្នកភូមិ ហើយគ្រោនឹងដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចុងខែនេះ ដោយបានអំពាវនាវសុំឲ្យមានសំណងតាមតម្លៃទីផ្សារ ពន្លឿនការដោះស្រាយ និងស្នើឲ្យមានការស៊ើបអង្កេតលើមន្ត្រីថ្នាក់ក្រោមជាតិ ដែលអ្នកភូមិចោទថាបានបំពានសិទ្ធិជាម្ចាស់របស់អ្នកភូមិ។ បើតាមញ្ញតិនោះ មានផ្ទៃដីចំនួន៤០០ហិកតា រងផលប៉ះពាល់ពីគម្រោងនេះ។
ពេលអ្នកសារព័ត៌មានខេមបូចា ជួបសម្ភាសន៍ជាមួយអ្នកភូមិរងផលប៉ះពាល់ មន្ត្រីនគរបាលប៉ុស្ដិ៍បានមកដល់ និងបានស្នើសុំអត្តសញ្ញាណអ្នកសារព័ត៌មាន។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង មានប្រសាសន៍ថា អ្នកភូមិបានធ្វើការតវ៉ាចំនួន១៣ដងរួចហើយ តែថាមន្ត្រីមូលដ្ឋានគ្មានអំណាចដោះស្រាយបញ្ហានេះទេ។
លោកបន្ថែមថា៖ «យើងមិនដែលព្រងើយកន្ទើយនឹងកង្វល់របស់ពលរដ្ឋទេ។ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន យើងមិនចង់ឃើញពលរដ្ឋខាតបង់ដែរ ប៉ុន្តែនេះជាការអនុវត្តរបស់រដ្ឋាភិបាល»។
បើតាម លោក សៅវឿន តម្លៃសិក្សាដីនៅតំបន់នេះបានធ្វើឡើងមុនគម្រោងចាប់ផ្ដើមក្នុងឆ្នាំ២០១៧ ហើយប្រជាពលរដ្ឋកំពុងទាមទារយកតម្លៃទីផ្សារបច្ចុប្បន្ន។
លោក សៅវឿន ឲ្យដឹងទៀតថា ប្រហែល៣០ភាគរយនៃដីរងផលប៉ះពាល់ត្រូវបានដោះស្រាយជាមួយម្ចាស់ដីរួចរាល់ហើយ ហើយផ្លូវយន្តហោះរត់ និងចំណតអ្នកដំណើរក៏កំពុងសាងសង់នៅទីនោះដែរ។ លោកបន្តថា នៅក្បាលដីចំនួន ២ ១៩៧ ទៀតក្នុងស្រុកកណ្ដាលស្ទឹងនៅមិនទាន់ដោះស្រាយបាន ដោយម្ចាស់ដីទាមទារតម្លៃខ្ពស់។
លោក បញ្ជាក់ថា៖ «យើងបានចុះកិច្ចសន្យាជាមួយខាងក្រុមហ៊ុន មិនឲ្យឈូសឆាយដីពលរដ្ឋដែលមិនទាន់ដោះស្រាយ ហើយជាក់ស្តែងមិនមានការឈូសឆាយដីពលរដ្ឋនោះទេ»។ ការលើកឡើងរបស់លោកអភិបាលស្រុករួបនេះហាក់ផ្ទុយគ្នាខ្លះ លើការលើកឡើងរបស់ពលរដ្ឋ។
ការទិញលក់ដី នៅតំបន់នេះត្រូវបានហាមឃាត់ជាបណ្ដោះអាសន្ន តាំងពីដើមឆ្នាំ២០១៩ ក្នុងកិច្ចខិតខំស៊ើបអង្កេតលើសិទ្ធិស្របច្បាប់លើប្លង់ដី និងការពារតម្លៃដីមិនឲ្យហក់ឡើងខ្ពស់។ ប៉ុន្តែតម្លៃដីនៅតែហក់ឡើង ទោះបីជាមានការជជែកថាតម្លៃលក់ប៉ុន្មានក៏ដោយ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ( CVEA) បាននិយាយថាមុនមានគម្រោងព្រលានយន្តហោះ តម្លៃដីនៅទីនោះប្រហែល១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកឲ្យដឹងដែរថាតម្លៃដីនៅក្រៅគម្រោងព្រលានយន្តហោះ ថ្មីៗនេះមានតម្លៃចន្លោះពី៤០ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីធំៗ និងដីទំហំតូចៗអាចមានចន្លោះពី៦០ទៅ៧០ដុល្លារ រហូតដល់១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។
លោកបន្ថែមថា៖ «មុនមានគម្រោងអភិវឌ្ឍន៍ តម្លៃដីគឺទាប ហើយគ្មានអ្នកណាចង់ទិញទេ ប៉ុន្តែឥឡូវនេះវាខុសគ្នា តម្លៃដែលក្រុមហ៊ុនផ្ដល់ឲ្យផ្អែកលើការចរចាផ្ទៃក្នុង វាមិនពាក់ព័ន្ធនឹងតម្លៃទីផ្សារទូទៅទេ»។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បដិសេធធ្វើអត្ថាធិប្បាយ ដោយអះអាងថាលោកមិនបានទទួលខុសត្រូវពាក់ព័ន្ធនឹងគម្រោងនេះ។
លោក ស៊ិន ច័ន្ទសេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា បើតាមច្បាប់ អស្សាមិករណ៍ និងច្បាប់ស្តីពីការគ្រប់គ្រងដីធ្លី តម្លៃដែលផ្ដល់ឲ្យគឺសមរម្យហើយ។
លោកបន្ថែមថា៖ «វាមិនអាចទៅរួចទេ ដែលទាមទារតម្លៃទីផ្សារ ហើយ [រដ្ឋាភិបាល] នឹងព្យាយាមសម្របសម្រួលពលរដ្ឋដែលរងផលប៉ះពាល់ដោយការចរចា ហើយបើសិននិតិវិធីនេះមិនអាចទៅរួច យើងនឹងអនុវត្តច្បាប់»។
លោកបន្តថា នៅពេលរដ្ឋត្រូវការដីសម្រាប់អភិវឌ្ឍន៍ តម្លៃដែលផ្ដល់ឲ្យពលរដ្ឋគឺផ្អែកតាមគោលនយោបាយដីធ្លីរបស់រដ្ឋ។ លោកថា៖ «ពីមុនរដ្ឋាភិបាលផ្ដល់ឲ្យខ្ពស់បំផុតតម្លៃ៧ដុល្លារ ឥលូវ [ផ្ដល់]ឲ្យ ៨ដុល្លារ វាជាតម្លៃល្អសម្រាប់ពលរដ្ឋ»។
លោក វណ្ណ សុផាត មន្ត្រីសម្របស្រួលគម្រោងសិទ្ធិមនុស្ស និងអាជីវកម្ម របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា រដ្ឋមានសិទ្ធយកដីឯកជនសម្រាប់អភិវឌ្ឈន៍បម្រើប្រយោជន៍សាធារណៈ ប៉ុន្តែថាក៏ត្រូវតែផ្ដល់សំណងសមរម្យដល់ម្ចាស់ដីដូចគ្នា។
លោក មានប្រសាសន៍ថា៖ «ខ្ញុំយល់ថាការទាមទាររបស់ពលរដ្ឋយកតម្លៃតាមទីផ្សារមិនអាចទៅរួចទេ ប៉ុន្តែថារដ្ឋ និងក្រុមហ៊ុនត្រូវតែពិចារណាធ្វើឲ្យមានការស្រុះស្រួលគ្នាមួយ និងផ្តល់តម្លៃអាចយកបាន»។
លោកបន្ថែមថា៖ «ពលរដ្ឋនឹងមិនយល់ព្រម [លើតម្លៃផ្ដល់ឲ្យ] ព្រោះតម្លៃឲ្យដោយរដ្ឋនិងក្រុមហ៊ុនខុសគ្នាឆ្ងាយពេកពីតម្លៃទីផ្សារ»។
លោក សុង ពេជ្ររ៉ា វ័យ២១ឆ្នាំ ជាម្ចាស់ដីកន្លះហិកតាក្នុងភូមិកំពង់ឡុង បាននយាយថាកាលពីខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនបានព្យាយាមឈូសឆាយដីរបស់លោក និងបានឲ្យតម្លៃ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ តែគ្រួសារលោកមិនទទួលយក។
លោកបន្ថែមថា៖ «យើងរីករាយនឹងការអភិវឌ្ឍន៍ ប៉ុន្តែយើងមិនសប្បាយចិត្តនឹងរឿងនេះ។ វាគឺរំលោភសិទ្ធិពលរដ្ឋ ហើយអាជ្ញាធរមូលដ្ឋានមិនបានជួយទេ ពេលដែលក្រុមហ៊ុនព្យាយាមឈូសឆាយដីពួកយើង។ យើងនឹងបន្តតវ៉ា រហូតទទួលបានដំណោះស្រាយសមរម្យមួយ»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Mega airport project leaves hundreds of affected families struggling livelihood